៤. ការស្ដារឡើងវិញ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០១៨ )
៤. ការស្ដារឡើងវិញ
៤.១. ព្រះបានស្ដារដំណឹងល្អរបស់ទ្រង់ឡើងវិញនៅថ្ងៃចុងក្រោយទាំងនេះ ដោយការស្ថាបនាឡើងវិញនូវសេចក្ដីពិតរបស់ទ្រង់ សិទ្ធិអំណាចបព្វជិតភាព និងសាសនាចក្រនៅលើផែនដីនេះ ។ ពួកព្យាការីពីបុរាណទាំងឡាយបានព្យាករអំពីការស្ដារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ ( សូមមើលអេសាយ ២៩:១៣-១៤,កិច្ចការ ៣:១៩-២១ ) ។
៤.២. ការស្ដារឡើងវិញបានចាប់ផ្ដើមនៅឆ្នាំ ១៨២០ ។ ព្រះជាព្រះបិតា និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ បានបង្ហាញព្រះកាយដល់យ៉ូសែប ស្ម៊ីធ ជាការឆ្លើយតបចំពោះការអធិស្ឋានរបស់យ៉ូសែប ហើយពួកទ្រង់បានហៅលោកឲ្យធ្វើជាព្យាការីនៃការស្ដារឡើងវិញ ( សូមមើលយ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:១៥-២០ ) ។
៤.៣. ព្រះបានហៅយ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាសាក្សីថ្ងៃចុងក្រោយអំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ។ ក្នុងនាមជាព្យាការីនៃការស្ដារឡើងវិញ យ៉ូសែប ស្ម៊ីធ បានបកប្រែព្រះគម្ពីរមរមនដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ( សូមមើលគ. និង ស. ១៣៥:៣ ) ។ ព្រះគម្ពីរមរមនអមជាមួយនឹងព្រះគម្ពីរប៊ីប បានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយមាននូវភាពពេញលេញនៃដំណឹងល្អ ( សូមមើលអេសេគាល ៣៧:១៥-១៧ ) ។ ព្រះគម្ពីរមរមនក៏ជាសាក្សីអំពីការហៅជាព្យាការីរបស់យ៉ូសែប ស្ម៊ីធ និងភាពពេញលេញនៃការស្ដារឡើងវិញផងដែរ ។
៤.៤. ជាចំណែកនៃការស្ដារឡើងវិញ ព្រះបានបញ្ជូនសារទូតទេវតាឲ្យមកស្ដារបព្វជិតភាពអើរ៉ុន និងបព្វជិតភាពមិលគីស្សាដែកឡើងវិញ ។ បន្ទាប់មក ទ្រង់បានបង្គាប់ថា សាសនាចក្ររបស់ ទ្រង់ត្រូវរៀបចំឡើងជាថ្មីនៅលើផែនដីនៅ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ ដោយសារសាសនាចក្រត្រូវបានស្ថាបនាឡើងពីព្រះផ្ទាល់ នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជា « សាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល » ( គ. និង ស. ១:៣០ ) ។
សេចក្ដីយោងដែលទាក់ទង ៖ អេម៉ុស ៣:៧, អេភេសូរ ២:១៩–២០, អេភេសូរ ៤:១១–១៤, គ. និង ស. ១៣:១, គ. និង ស. ៧៦:២២–២៤, គ. និង ស. ១០៧:៨
ប្រធានបទដែលទាក់ទង ៖ ក្រុមព្រះ ពួកព្យាការី និងវិវរណៈ
ការក្បត់សាសនា
៤.៥. តម្រូវការដើម្បីមានការស្ដារឡើងវិញនៃសេចក្ដីពិតរបស់ព្រះនៅក្នុងថ្ងៃចុងក្រោយនោះគឺ សិទ្ធិអំណាចបព្វជិតភាព ហើយសាសនាចក្របានកើតឡើងវិញដោយសារតែការក្បត់សាសនា ។ ការក្បត់សាសនាកើតឡើងនៅពេលដែលបុគ្គលម្នាក់ ឬច្រើននាក់បានងាកចេញពីសេចក្ដីពិតនៃដំណឹងល្អ ។
៤.៦. បន្ទាប់ពីការឆ្កាងរបស់ព្រះអង្គសង្គ្រោះ និងការស្លាប់របស់ពួកសាវករបស់ទ្រង់ នោះមានមនុស្សជាច្រើនបានងាកចេញពីសេចក្ដីពិត ដែលព្រះអង្គសង្គ្រោះបានស្ថាបនាឡើង ( សូមមើលថែស្សាឡូនិចទី ២ ២:១-៣ ) ។ គោលការណ៍ទាំងឡាយនៃដំណឹងល្អ និងផ្នែកជាច្រើននៃបទគម្ពីរបរិសុទ្ធត្រូវបានបាត់បង់ ឬបំផ្លាញចោល ។ ការផ្លាស់ប្ដូរដោយគ្មានសិទ្ធិអំណាចបានធ្វើឡើងនៅក្នុងការរៀបចំសាសនាចក្រ និងពិធីបរិសុទ្ធបព្វជិតភាពនានា ។ ដោយសារការរីករាលដាលនៃភាពទុច្ចរិតនោះ ព្រះអម្ចាស់បានដកយកសិទ្ធិអំណាច និង កូនសោទាំងឡាយនៃបព្វជិតភាពចេញពីផែនដី ។ ទោះជាមានមនុស្សល្អ និងស្មោះត្រង់ជាច្រើនដែលបានថ្វាយបង្គំព្រះស្របតាមពន្លឺដែលពួកគេមាន និងបានទទួលចម្លើយចំពោះការអធិស្ឋានរបស់ពួកគេក្ដី ក៏ពិភពលោកត្រូវបានទុកចោល ដោយគ្មានវិវរណៈពីព្រះតាមរយៈព្យាការីដែលនៅរស់ដែរ ។ គ្រានេះគឺត្រូវបានស្គាល់ថាជាការក្បត់សាសនាដ៏ធំ ។
៤.៧. អំឡុងពេលផ្សេងទៀតនៃការក្បត់សាសនា បានកើតឡើងពេញក្នុងប្រវត្តិសាស្ត្រនៃពិភពលោក ។
ប្រធានបទដែលទាក់ទង ៖ ពួកព្យាការី និងវិវរណៈ បព្វជិតភាព និងកូនសោបព្វជិតភាព ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយ
គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អ
៤.៨. នៅពេលកូនចៅរបស់ព្រះបានធ្លាក់ទៅក្នុងស្ថានភាពនៃការក្បត់សាសនា នោះទ្រង់បានឈោងព្រះហស្តដោយក្ដីស្រឡាញ់ទៅជួយពួកគេ តាមរយៈការហៅពួកព្យាការី និងការប្រទានពរជ័យនៃដំណឹងល្អជាថ្មីតាមរយៈពួកព្យាការីរបស់ទ្រង់ទៅដល់ប្រជាជន ។ អំឡុងពេលដែលព្រះអម្ចាស់បើកសម្ដែងសេចក្ដីពិតរបស់ទ្រង់ នោះសិទ្ធិអំណាចបព្វជិតភាព និងពិធី បរិសុទ្ធនានាត្រូវបានហៅថាគ្រាកាន់កាប់ត្រួតត្រាមួយ ។ វាគឺជាអំឡុងពេលមួយដែលយ៉ាងហោចណាស់ ព្រះអម្ចាស់មានអ្នកបម្រើដែលបានទទួលសិទ្ធិអំណាចម្នាក់នៅលើផែនដី ដែលកាន់បព្វជិតភាពបរិសុទ្ធ និង ជាអ្នកដែលមាននូវការអនុញ្ញាតពីព្រះដើម្បីចែកចាយដំណឹងល្អ និង ដើម្បីចាត់ចែងពិធីបរិសុទ្ធដែលមានក្នុងដំណឹងល្អនោះ ។
៤.៩. គ្រាកាន់កាប់ត្រួតត្រាត្រូវបានស្គាល់តាមរយៈ អ័ដាម អេណុក ណូអេ អ័ប្រាហាំ ម៉ូសេ ព្រះយេស៊ូវគ្រីស្ទ និងអ្នកដទៃទៀត ។ ការស្ដារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ ដែលព្រះអម្ចាស់បានចាប់ផ្ដើមតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ គឺជាចំណែកនៃលំនាំនៃគ្រាកាន់កាប់ត្រួតត្រានេះ ។
៤.១០. នៅគ្រប់គ្រាកាន់កាប់ត្រួតត្រា ព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់បានព្យាយាមស្ថាបនាស៊ីយ៉ូនឡើង ។ ស៊ីយ៉ូនសំដៅទៅលើរាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះ ដែលមានភាពបរិសុទ្ធនៅក្នុងដួងចិត្ត មាន សាមគ្គីភាពនៅក្នុងសេចក្ដីសុចរិត ហើយមើលថែគ្នាទៅវិញទៅមក ( សូមមើលម៉ូសេ ៧:១៨ ) ។ ស៊ីយ៉ូនក៏សំដៅទៅលើកន្លែងមួយដែលមានភាពបរិសុទ្ធនៅក្នុងចិត្តផងដែរ ។
៤.១១. សព្វថ្ងៃនេះ យើងកំពុងរស់នៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយ—ជាគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ ។ វាគឺជាគ្រាកាន់កាប់ត្រួតត្រាតែមួយគត់ ដែលនឹងពុំបញ្ចប់ដោយការក្បត់សាសនាឡើយ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នឹងមានពេញនៅលើផែនដីទាំងមូល ហើយនឹងឈរនៅជារៀងរហូតដល់ទីបំផុត ( សូមមើលដានីយ៉ែល ២:៤៤ ) ។
ប្រធានបទដែលទាក់ទង ៖ ពួកព្យាការី និងវិវរណៈ បព្វជិតភាព និងកូនសោបព្វជិតភាព ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយ