៥. ពួកព្យាការី និង វិវរណៈ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០១៨ )
៥. ពួកព្យាការី និង វិវរណៈ
៥.១. ព្យាការីគឺជាមនុស្សម្នាក់ដែលត្រូវបានហៅដោយ ព្រះដើម្បីថ្លែងជំនួសទ្រង់ ( សូមមើលយេរេមា ១:៤-៥,អេម៉ុស ៣:៧,យ៉ូហាន ១៥:១៦,គ. និងស. ១:៣៧-៣៨ ) ។ ពួកព្យាការីទាំងឡាយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ពួកលោកបង្ហាញឲ្យស្គាល់នូវព្រះហឫទ័យ និង ចរិតលក្ខណៈពិតរបស់ព្រះ ។ ពួកលោកថ្កោលទោសចំពោះអំពើបាប ព្រមានពី លទ្ធផលរបស់វា ហើយជួយយើងឲ្យចៀសវាងពីការបោកបញ្ឆោត ( សូមមើលអេសេគាល ៣:១៦-១៧,អេភេសូរ ៤:១១-១៤ ) ។ ជួនកាល ពួកលោកព្យាករ អំពីព្រឹត្តិការណ៍នានានៃ ពេលអនាគត ។ ពួកព្យាការីអាចធ្វើនូវការទទួលខុសត្រូវទាំងនេះ ដោយសារពួកលោកទទួលបាននូវសិទ្ធិអំណាច និង វិវរណៈមកពីព្រះ ។
៥.២. វិវរណៈគឺជាទំនាក់ទំនងរវាងព្រះទៅកាន់កូនចៅរបស់ទ្រង់ ។ វិវរណៈភាគច្រើនកើតមានតាមរយៈចំណាប់ អារម្មណ៍ គំនិត និងអារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ។ វិវរណៈអាចកើតមានតាមរយៈការនិមិត្តការយល់សុបិន និង ការយាងមកជួបពីពួកទេវតាផងដែរ ។
៥.៣. អំឡុងការបម្រើនៃជីវិតរមែងស្លាប់របស់ទ្រង់ និងនៅក្នុងជំនាន់របស់យើងជាថ្មីម្ដងទៀត ព្រះអម្ចាស់បានរៀបចំសាសនាចក្ររបស់ទ្រង់នៅលើគ្រឹះនៃពួកព្យាការី និងពួកសាវក ( សូមមើលអេភេសូរ ២:១៩-២០ ) ។ ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាព្យាការីរបស់ព្រះ សម្រាប់មនុស្សគ្រប់រូបនៅលើផែនដីនាពេលសព្វថ្ងៃនេះ ។ យើងគាំទ្រប្រធាននៃសាសនាចក្រជា ព្យាការី អ្នកមើលឆុត និង ជាអ្នកទទួលវិវរណៈ និងជាបុរសតែម្នាក់គត់នៅលើផែនដី ដែលទទួលវិវរណៈដើម្បីដឹកនាំសាសនាចក្រទាំងមូល ។ ប្រសិនបើយើងទទួល និងគោរពតាមការបង្រៀនរបស់ប្រធានសាសនាចក្រដោយស្មោះត្រង់ នោះព្រះនឹងប្រទានពរដល់យើងឲ្យយកឈ្នះលើការបោកបញ្ឆោត និងសេចក្ដីអាក្រក់ ( សូមមើលគ. និង ស. ២១:៤-៦ ) ។ យើងក៏គាំទ្រដល់ទីប្រឹក្សាទាំងឡាយនៅក្នុងគណៈប្រធានទីមួយ និង សមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាព្យាការី អ្នកមើលឆុត និង ជាអ្នកទទួលវិវរណៈផងដែរ ។
៥.៤. ព្រះគម្ពីរនានា—ព្រះគម្ពីរបរិសុទ្ធ ព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្តីសញ្ញា និង មុក្តាដ៏មានតម្លៃមហិមា—មាននូវវិវរណៈទាំងឡាយ ដែលបានផ្តល់តាមរយៈព្យាការីពីបុរាណ និង ព្យាការីថ្ងៃចុងក្រោយ ។ នៅពេលយើងសិក្សាប្រសាសន៍របស់ព្យាការី នោះយើងអាចរៀនពីសេចក្តីពិត និងទទួលបាននូវការណែនាំ ។
៥.៥. ខណៈដែល ព្រះ ប្រទាន វិវរណៈតាមរយៈពួកព្យាការីដើម្បី ដឹកនាំកូនចៅរបស់ ទ្រង់ទាំងអស់ នោះបុគ្គលម្នាក់ៗអាចទទួលវិវរណៈដើម្បី ជួយ ពួកគេតាម តម្រូវការ ការទទួលខុសត្រូវ និងសំណួរជាក់លាក់ទាំងឡាយរបស់ពួកគេ ហើយជួយពង្រឹងដល់ទីបន្ទាល់របស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ ការបំផុសគំនិតផ្ទាល់ ខ្លួនដែលបានមកពីព្រះអម្ចាស់ នឹងមិនដែលផ្ទុយនឹងវិវរណៈដែលព្រះបានប្រទានតាមរយៈពួកព្យាការីរបស់ទ្រង់នោះឡើយ ។
សេចក្ដីយោងដែលទាក់ទង ៖ អ័ប្រាហាំ ៣:២២–២៣, ម៉ាថាយ ១៦:១៥–១៩, ធីម៉ូថេទី ២ ៣:១៥–១៧, នីហ្វៃទី ២ ៣២:៣, គ. និង ស. ៨:២–៣, គ. និង ស. ៧៦:២២–២៤
ប្រធានបទដែលទាក់ទង ៖ ការទទួលបានចំណេះដឹងខាងវិញ្ញាណ បព្វជិតភាព និង កូនសោទាំងឡាយនៃបព្វជិតភាព