ថ្នាក់​សិក្ខាសាលា
២. ផែនការ​នៃ​សេចក្ដីសង្គ្រោះ


២. ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

២. ផែនការ​នៃ​សេចក្ដីសង្គ្រោះ

ព្រះ​យេស៊ូវ គ្រីស្ទ​បង្កើត​ផែនដី

២.១. នៅ​ក្នុង​ជីវិត​មុន​ផែន​ដី​នេះ ព្រះវរបិតាសួគ៌​​បានបង្ហាញ​​ផែនការ​មួយ​ ដើម្បី​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ទៅ​​ដូចជា​ទ្រង់ និង ទទួល​បាន​ជីវិត​អមតៈ និង ជីវិតដ៏​នៅ​អស់កល្ប​ជានិច្ច ( សូមមើល ម៉ូសេ ១:៣៩ ) ។ ដើម្បី​បំពេញ​ផែនការ​នេះ ហើយ​ប្រែក្លាយ​ដូចជា​​ព្រះវរបិតាសួគ៌​របស់​យើង នោះ​យើង​ត្រូវ​តែមក​​ស្គាល់​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​យល់​ដឹង​បាន​ត្រឹមត្រូវ​អំពី​លក្ខណៈ​សម្បត្តិ និង​អាកប្បកិរិយា​របស់ពួក​ទ្រង់ ( សូមមើល​យ៉ូហាន ១៧:៣) ។

២.២. ព្រះគម្ពីរ​ជា​ច្រើន​បាន​និយាយ​អំពី​ផែន​ការរបស់​ព្រះវរបិតាសួគ៌​ថា​​ជាផែន​ការ​នៃ​សេចក្តី​សង្រ្គោះ ផែនការ​នៃ​សុភមង្គល​​ដ៏​មហិមា ផែនការ​នៃ​ការ​ប្រោសលោះ និង ផែនការ​នៃ​ក្តី​មេត្តាករុណា ។ ផែនការ​នេះ​រួម​មាន ​ការ​បង្កបង្កើត ការធ្លាក់ ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ក្រឹត្យ​វិន័យ​ទាំង​អស់ ពិធីបរិសុទ្ធទាំងឡាយ និង គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌—ដែល​ជា​​លទ្ធភាព​ដើម្បី​ជ្រើសរើស​ និង ប្រព្រឹត្ត​ដោយ​ខ្លួន​យើង​ផ្ទាល់— គឺជា​ផ្នែក​ដ៏​សំខាន់​នៅ​ក្នុង​ផែនការ​នៃព្រះវរបិតា​សួគ៌​ផង​ដែរ ។ ការ​រីកចម្រើន​ដ៏អស់កល្បជានិច្ច​របស់​យើង​អាស្រ័យ​ទៅលើ​របៀប​ដែល​យើង​ប្រើ​អំណោយនេះ ( សូមមើលយ៉ូស្វេ ២៤:១៥នីហ្វៃទី ២ ២:២៧ ) ។

២.៣. ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ចំនុច​សំខាន់​នៅក្នុង​ផែនការ​នៃ​ព្រះវរបិតាសួគ៌ ។ ផែនការ​នៃ​សេចក្ដីសង្គ្រោះ អាច​ជួយ​ឲ្យ​យើង​​បាន​ប្រែក្លាយជា​ល្អ​ឥតខ្ចោះ ទទួល​បាន​​អំណរពេញលេញ រីករាយ​ក្នុង​ទំនាក់​ទំនង​គ្រួសារ​របស់​យើង​ដល់​ភាព​អស់កល្ប​ជានិច្ច ហើយ​រស់នៅ​ជា​រៀងរហូត​ក្នុង​វត្តមាន​​របស់ព្រះ ។

សេចក្ដីយោង​ដែលទាក់ទង ៖​ម៉ាឡាគី ៤:៥–៦,នីហ្វៃទី ៣ ១២:៤៨,គ. និងស. ១៣១:១–៤

ជីវិត​មុន​ឆាក​ជីវិត​នេះ

២.៤. ពីមុន​យើង​បាន​កើត​មក​លើ​ផែនដី​នេះ យើង​បាន​រស់​នៅ​ក្នុង​វត្តមាន​នៃ​ព្រះវរបិតា​សួគ៌រ​បស់​​យើង ​ក្នុង​នាម​ជា​កូន​ចៅ​​វិញ្ញាណ​របស់​ទ្រង់ ( សូមមើល អ័ប្រាហាំ ៣:២២–២៣ ) ។ នៅ​ក្នុង​ជីវិត​មុន​ផែនដី យើង​បាន​ចូល​រួម​នៅ​ក្នុង​ក្រុម​ប្រឹក្សា​មួយ​ជាមួយ​នឹង​កូន​ចៅ​វិញ្ញាណ​ផ្សេង​ទៀត​​របស់​ព្រះវរបិតា​សួគ៌ ។ ក្នុង​អំឡុង​ពេល​ប្រជុំ​ក្រុមប្រឹក្សា​នោះ ព្រះវរបិតា​សួគ៌​បាន​បង្ហាញ​ដល់​យើង​នូវ​ផែនការ​របស់​ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ​ពី​មុន​ជីវិត​លើ​ផែន​ដី​នេះ​បាន​ធ្វើ​សេចក្តី​សញ្ញា​​ដើម្បី​ធ្វើ​ជា​អង្គ​សង្រ្គោះ ។

២.៥. យើង​បាន​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​យើង ដើម្បី​ធ្វើ​តាម​ផែនការ​ព្រះវរបិតា​សួគ៌ ។ អស់​អ្នក​ណា​ដែល​បាន​ធ្វើ​តាម​ព្រះវរបិតា​សួគ៌ និង​ ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​កាន់​ផែន​ដី​នេះ​ ដើម្បី​ទទួលបាន​​បទពិសោធន៍​​នៃ​ជីវិត​រមែង​ស្លាប់ និង ​រីកចម្រើន​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ លូស៊ីហ្វើរ​ ជា​កូន​វិញ្ញាណ​នៃ​ព្រះ​ម្នាក់​ទៀត ​ដែល​បាន​ជំទាស់​ប្រឆាំង​នឹង​ផែនការ​នេះ ។ វា​បាន​ក្លាយ​ទៅ​ជា​សាតាំង ហើយ​វា និង​ពួកពលបរិវារ​ទាំងឡាយ​របស់​វា​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ស្ថានសួគ៌ ហើយ​មិន​បាន​ទទួល​ឯកសិទ្ធិ​នៃ​ការ​ទទួល​បាន​រូបកាយ​ និង បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​ឡើយ ។

សេចក្ដីយោង​ដែលទាក់ទង ៖​យេរេមា ១:៤–៥,ហេព្រើរ ១២:៩,នីហ្វៃទី ២ ២:២៧នីហ្វៃទី ៣ ១១:១០–១១

ការបង្ក​បង្កើត

២.៦. ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ស្ថានសួគ៌ និង ផែនដី​ក្រោម​ការ​ដឹកនាំ​របស់​ព្រះវរបិតា ( សូមមើល គ. និង ស. ៧៦:២២–២៤) ។ ការ​បង្កើត​ផែនដី​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែន​ការ​របស់​ព្រះ ។ ផែនដី​ផ្តល់​ឲ្យ​យើង​នូវ​កន្លែង​ដែល​យើង​អាច​ទទួល​បាន​​រូបកាយ ត្រូវ​បាន​សាកល្បង និង ទទួលបទពិសោធន៍ ព្រមទាំងអភិវឌ្ឍ​នូវ​ឥរិយាបថ​ដ៏​ទេវភាព ។

២.៧. អ័ដាម​គឺជា​មនុស្ស​ដំបូង​គេ ដែល​ត្រូវ​បាន​បង្កើត​នៅ​លើផែន​ដី​នេះ ។ ព្រះ​បាន​បង្កើត អ័ដាម និង អេវ៉ា តាម​រូបរាង​របស់​អង្គ​ទ្រង់​ផ្ទាល់ ។ គ្រប់​មនុស្ស​លោក​ទាំង​អស់—ប្រុស និង ស្រី—ត្រូវ​បាន​បង្កើត​តាម​រូបរាង​របស់​ព្រះ ( សូមមើល ​ លោកុប្បត្តិ ១:២៦–២៧ ) ។ ភេទ​ប្រុស​ស្រី គឺជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង គោលបំណង​របស់​មនុស្ស​​ម្នាក់ៗ​នៅ​ក្នុង​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។

ការ​ធ្លាក់

២.៨. នៅក្នុង​សួនច្បារ​អេដែន ព្រះ​បាន​រៀបការ​អ័ដាម និង​នាង​អេវ៉ា ។ ខណៈ​ដែល​អ័ដាម និងនាង​អេវ៉ា​ស្ថិត​នៅ​ក្នុង​​សួន​ច្បារ​នៅឡើយ នោះ​ពួកគេ​នៅ​តែ​ស្ថិត​នៅក្នុងវត្តមាន​របស់ព្រះ ហើយ​អាច​រស់​នៅជា​រៀងរហូត​បាន ។ ពួកគេ​រស់នៅ​ក្នុង​ភាព​ស្លូតត្រង់ ហើយ​ព្រះបាន​ប្រទាន​គ្រប់​តម្រូវការ​របស់​ពួកគេ ។

២.៩. ព្រះបាន​ប្រទាន​ដល់​អ័ដាម និង​នាង​អេវ៉ា​នូវ​សិទ្ធិ​ជ្រើសរើស​ ខណៈ​ដែល​ពួកគេ​ស្ថិត​នៅក្នុង​សួន​ច្បារអេដែន ។ ទ្រង់​បាន​បញ្ជា​ពួកគេ​មិន​ឲ្យ​បរិភោគ​ផ្លែ​ឈើ​ហាមឃាត់—ជាផ្លែឈើ​នៃ​ដើម​ឈើ​សម្រាប់​​ដឹងខុស​ត្រូវ​ឡើយ ។ ការ​គោរព​តាម​បទបញ្ញត្តិ​នេះ មានន័យ​ថា​ពួកគេ​អាច​បន្ដ​រស់នៅ​ក្នុង​សួនច្បារ ។ ទោះជាយ៉ាងណា​ក៏ដោយ អ័ដាម និងនាង​អេវ៉ា​ពុំ​ទាន់​បាន​យល់​នៅឡើយ​ទេថា ប្រសិន​បើ​ពួកគេ​បន្ដ​នៅ​ក្នុង​សួនច្បារ នោះពួកគេ​ពុំ​អាច​រីកចម្រើន​តាមរយៈ​ការ​ទទួលបទពិសោធន៍​នូវការ​ផ្ទុយ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ឡើយ ។ ពួកគេ​មិន​អាច​ស្គាល់​ភាពរីករាយ ​ព្រោះ​តែ​ពួកគេ​មិន​អាច​មាន​បទពិសោធន៍​នៃ​ការ​សោកសៅ និង​ការ​ឈឺចាប់ ។ លើស​ពីនោះ​ទៅទៀត ពួកគេ​ពុំ​អាច​មាន​កូនចៅ​បានឡើយ ។

២.១០. សាតាំង​បាន​ល្បួង​អ័ដាម និងនាង​អេវ៉ា​ឲ្យ​ទទួលទាន​ផ្លែឈើ​ហាមឃាត់ ហើយពួកគេ​បាន​ជ្រើសរើស​ធ្វើ​ដូច្នោះ ។ ដោយសារ​តែ​ការ​ជ្រើសរើស​នេះ នោះពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីវត្តមាន​របស់ព្រះ ហើយ​បាន​​ធ្លាក់ចុះ និង​មានជីវិត​រមែង​ស្លាប់ ។ ការ​រំលង​របស់​អ័ដាម និង នាង​អេវ៉ា ព្រម​ទាំង​លទ្ធផល​នៃ​ការ​ផ្លាស់​ប្តូរ​ដែល​ពួក​គេ​បាន​ដកពិសោធន៍​ រួម​ទាំង​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ និង សេចក្តី​ស្លាប់​ខាង​រូបកាយ ​គឺ​ត្រូវ​បាន​ហៅ​ថា​ការធ្លាក់ ។ សេចក្តីស្លាប់​ខាង​វិញ្ញាណ​គឺ​ជា​ការ​បែក​ចេញ​ពី​ព្រះ ។ សេចក្តី​ស្លាប់​ខាង​រូបកាយ​គឺ​ជា​ការបែក​ចេញ​រវាង​វិញ្ញាណ និង​រូបកាយ​រមែង​ស្លាប់ ។

២.១១. ការធ្លាក់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​នៃ​សេចក្ដី​​សង្រ្គោះ​របស់​ព្រះវរបិតា​សួគ៌ ។ ជាលទ្ធផល​នៃការធ្លាក់ នោះ​អ័ដាម និង​នាង​អេវ៉ា​អាច​បង្កើត​កូនចៅ​បាន ។ ពួកគេ​ និង​កូនចៅរបស់ពួកគេ អាច​ទទួល​បទពិសោធន៍​នៃ​សេចក្ដីអំណរ និង​ទុក្ខព្រួយ ដឹង​ល្អ ដឹងអាក្រក់ ហើយ​រីកចម្រើន ( សូមមើលនីហ្វៃទី ២ ២:២២-២៥ ) ។

២.១២. ក្នុង​នាម​ជា​កូន​ចៅ​របស់​អ័ដាម និង នាងអេវ៉ា នោះ​យើង​ទទួល​បាន​នូវ​លក្ខខណ្ឌ​នៃ​ការ​ធ្លាក់​ក្នុង​​អំឡុង​ពេល​ជីវិត​រមែង​ស្លាប់​នេះ ។ យើង​ត្រូវ​បាន​បំបែក​ចេញ​ពី​វត្តមាន​របស់​ព្រះ ហើយ​ស្ថិត​នៅក្រោម​ឥទ្ធិពល​នៃ​សេចក្ដី​ស្លាប់ខាង​រូបកាយ ។ យើង​ក៏​ត្រូវ​បាន​សាកល្បង​ដោយ​ភាព​លំបាក​​នៃ​ជីវិត និង ការ​ល្បួង​ពី​​មារ​សត្រូវផងដែរ ។ ខណៈ​ដែល​យើង​មិន​ទទួលខុសត្រូវ​ចំពោះ​អំពើ​រំលង​របស់​អ័ដាម និងនាង​អេវ៉ា នោះ​យើង​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​អំពើ​បាប​​ផ្ទាល់​ខ្លួន​របស់​យើង ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​យកឈ្នះ​លើ​ឥទ្ធិពល​អវិជ្ជមាន​នៃការ​ធ្លាក់ ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើបាប​របស់​យើង ហើយ​ទីបំផុត​ទទួល​បាន​បទពិសោធន៍​នៃអំណរ​ដ៏​ពេញលេញ ។

សេចក្ដីយោង​ដែល​ទាក់ទង ៖​លោកុប្បត្តិ ១:២៨,ម៉ូសាយ ៣:១៩,អាលម៉ា ៣៤:៩-១០

ប្រធានបទ​ដែល​ទាក់ទង ៖ ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

ជីវិត​រមែង​ស្លាប់

២.១៣. ជីវិត​រមែង​ស្លាប់​គឺជា​ពេលវេលា​មួយ​នៃការ​រៀនសូត្រ ដែល​​អំឡុង​ពេល​នេះ​​យើង​បង្ហាញ​ថា​យើង​នឹង​ប្រើ​សិទ្ធិ​សេរីភាព​របស់​យើង​ដើម្បី​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ ហើយ​រៀបចំ​ខ្លួន​សម្រាប់​ជីវិត​ដ៏​អស់កល្បជានិច្ច​ដោយ​ការ​អភិវឌ្ឍ​លក្ខណៈ​ដូច​ព្រះ ។ យើង​ធ្វើ​ដូចនេះ ​នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ ទ្រង់ ប្រែចិត្ត ទទួល​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​​នៃការ​សង្គ្រោះ ដូចជា​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ ហើយ​ប្រកាន់​ខ្ជាប់​ដោយ​ស្មោះត្រង់​ដល់​ចុង​បំផុត​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​ដើម្បី​ដើរ​តាម​គំរូ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

២.១៤. នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ វិញ្ញាណ​របស់​យើង​ត្រូវ​បាន​រួមគ្នា​ជាមួយ​នឹង​រូបកាយ​របស់​យើង ដែល​ការណ៍​នេះ​​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​រីកចម្រើន និង​អភិវឌ្ឍ​តាម​វិធី​ជា​ច្រើន​ដែល​មិន​អាច​កើត​មាន​បាន​នៅ​ក្នុង​ជីវិត​មុន​ផែនដី ។ ដោយ​សារ​តែ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​​របស់​យើង មាន​រូបកាយ​សាច់ និង​ឆ្អឹង នោះ​រូបកាយ​របស់​យើង​គឺ​ចាំបាច់​សម្រាប់​ឲ្យ​យើង​រីក​ចម្រើន ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ រូបកាយ​របស់​យើង​គឺ​ពិសិដ្ឋ ហើយ​គួរ​តែ​​ត្រូវ​បានគោរពថា​ជា​អំណោយ​មួយ​មក​ពី​ព្រះ​វរបិតា​សួគ៌​របស់​យើង ​( សូមមើល កូរិនថូសទី ១ ៦:១៩–២០

សេចក្ដី​យោង​ដែល​ទាក់ទង ៖ យ៉ូស្វេ ២៤:១៥, ម៉ាថាយ ២២:៣៦–៣៩, យ៉ូហាន ១៤:១៥, នីហ្វៃទី ២ ២:២៧, នីហ្វៃទី ៣ ១២:៤៨, មរ៉ូណៃ ៧:៤៥, ៤៧–៤៨, គ. និង ស. ១៣០:២២–២៣

ប្រធាន​បទដែល​ទាក់ទង ៖ ក្រុមព្រះដ ង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា បទបញ្ញត្តិ​ទាំងឡាយ

ជីវិត​ក្រោយ​សេចក្តី​ស្លាប់

២.១៥. នៅ​ពេល​យើង​ស្លាប់ វិញ្ញាណ​របស់​យើង​ចូល​ទៅ​ក្នុង​ពិភព​វិញ្ញាណ ហើយរង់ចាំ​ការ​រស់​ឡើង​វិញ ។ វិញ្ញាណ​នៃ​ពួក​សុចរិត​ត្រូវ​បាន​ទទួល​ស្ថាន​ភាព​នៃ​សុភមង្គល ដែល​ត្រូវ​បាន​ហៅ​ថា​ស្ថាន​បរម​សុខ ។ អស់​អ្នក​ទាំងឡាយ​ដែល​បាន​ស្លាប់​ទៅ​ដោយ​​មិន បាន​ទទួល​ចំណេះដឹង​នៃ​សេចក្ដីពិត និង​អស់​អ្នក​ដែល​មិន​បាន​គោរព​ប្រតិបត្តិ​តាម​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នឹង​ចូល​ទៅ​កន្លែង​បណ្ដោះ​អាសន្ន​មួយ​ក្នុង​ពិភព​វិញ្ញាណ​ក្រោយ​ពី​ជីវិត​រមែង​ស្លាប់ ដែល​ហៅ​ថា​ស្ថាន​ឃុំ​ព្រលឹង ។

២.១៦. ទីបំផុត​មនុស្ស​គ្រប់រូប​នឹង​មាន​ឱកាស​រៀន​ពី​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​ទទួល​បាន​ពិធី​បរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ។ មាន​ពួក​អ្នក​ស្មោះ​ត្រង់​ជា​ច្រើន​នឹង​ផ្សាយ​ដំណឹង​ល្អ​ទៅ​កាន់​អ្នក​ទាំង​នោះ​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង ។ អស់​អ្នក​ដែល​បាន​ជ្រើសរើស​ទទួល​យក​ដំណឹងល្អ ប្រែចិត្ត ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ពួកគេ​នៅក្នុង​ព្រះវិហារបរិសុទ្ធ នឹង​រស់នៅ​ក្នុង​ស្ថាន​បរមសុខ​រហូត​ដល់​ការ​រស់ឡើងវិញ ( សូមមើល​ពេត្រុសទី  ១ ៤:៦ ) ។

២.១៧. ការ​រស់​ឡើង​វិញ​គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​វិញ​នៃ​រូបកាយ​ជា​វិញ្ញាណ​របស់​យើង​ជាមួយ​នឹង​រូប​កាយ​ជា​សាច់ និង ឆ្អឹង​របស់​យើង ។ បន្ទាប់ពីការ​រស់ឡើងវិញ​ នោះ​យើង​នឹង​មាន​រូបកាយ​អមត—វិញ្ញាណ​ និង​រូបកាយ​​របស់​យើង​នឹង​ពុំ​បែក​ចេញ​ពី​គ្នា​ទៀត​ឡើយ ។ មនុស្ស​គ្រប់​រូប​​ដែល​កើត​មក​លើ​ផែន​ដី​នឹងត្រូវ​បាន​រស់​ឡើង​វិញ ពីព្រោះ​ព្រះ​យេស៊ូវគ្រីស្ទ​បាន​យក​ឈ្នះ​លើ​សេចក្តី​ស្លាប់ខាង​រូបកាយ ( សូមមើល កូរិនថូសទី ១ ១៥:២០–២២ ) ។ ពួក​សុចរិត​នឹង​រស់​ឡើង​វិញ​មុន​ពួក​ទុច្ចរិត ហើយ​ពួកគេ​រស់​ឡើង​វិញ​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ទីមួយ ។

២.១៨. សេចក្ដីជំនុំជម្រះ​ចុងក្រោយ​នឹង​កើត​ឡើង​បន្ទាប់​ពី​ការរស់ឡើងវិញ ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​កាត់​សេចក្តី​មនុស្ស​គ្រប់​រូប​ ដើម្បី​កំណត់​នូវ​សេចក្តី​រុងរឿង​ដ៏​អស់កល្ប​ដែល​បុគ្គល​នោះ​នឹង​ទទួលបាន ។ ការ​កាត់​សេចក្តី​នេះ​នឹង​ផ្អែក​ទៅ​លើ​បំណង​ប្រាថ្នា និង​ការ​គោរព​ប្រតិបត្តិ​​តាម​​ព្រះ​បញ្ញត្តិ​​របស់​ព្រះរបស់​បុគ្គល​ម្នាក់​ៗ ( សូមមើល វិវរណៈ ២០:១២ ) ។

២.១៩. មាន​នគរ​នៃ​សិរីល្អ​ចំនួន​បីគឺ ៖ នគរ​សេឡេស្ទាល នគរ​ទេរេ​ស្ទ្រាល និង​នគរ​ទេឡេស្ទាល ( សូមមើលកូរិនថូសទី ១ ១៥:៤០-៤២ ) ។ អ្នក​ទាំងឡាយ​ណា​ដែល​មាន​សេចក្តី​ក្លាហាននៅ​ក្នុង​ការ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង គោរព​ប្រតិបត្តិតាម​​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ​​នឹង​រស់​នៅ​ក្នុង​នគរ​សេឡេស្ទាល​ក្នុង​វត្តមាន​នៃ​ព្រះ​វរបិតា និង ព្រះរាជ​បុត្រា​ទ្រង់ គឺ ព្រះយេស៊ូវគ្រីស្ទ និង​នៅជាមួយ​សមាជិក​គ្រួសារ​ដ៏​សុចរិត​របស់ពួកគេ​ទាំងឡាយ ។

សេចក្ដី​យោង​ដែល​ទាក់ទង ៖ លូកា ២៤:៣៦–៣៩, យ៉ូហាន ១៧:៣, គ. និង ស. ១៣១:១–៤

ប្រធាន​បទដែល​ទាក់ទង ៖ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ