ថ្នាក់​សិក្ខាសាលា
៣. ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ


៣. ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

៣. ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ

៣.១. ព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បាន​តែងតាំង​ពីមុន​កំណើត​លោកិយ​នៅ​ក្នុង​ក្រុមប្រឹក្សា​ពី​មុន​ជីវិត​នេះ ដើម្បី​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ទ្រង់​បាន​យាង​មក​លើ​ផែនដី ហើយ​ស្ម័គ្រ​ព្រះទ័យ​រងទុក្ខ​ និង​សុគត​ដើម្បី​ប្រោស​លោះ​​មនុស្ស​លោក​ទាំងអស់​គ្នា​ឲ្យ​ផុត​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ធ្លាក់ និង​ដើម្បី​បង់​ថ្លៃ​អំពើ​បាប​ទាំងឡាយ​របស់​យើង ។ ជោគជ័យ​របស់​ព្រះយេស៊ូវ​គ្រីស្ទក្នុង​ការ​យក​ឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​ដោយ​ការ​រងទុក្ខ ការសុគត និង​ការ​រស់ឡើងវិញ​របស់​ទ្រង់ គឺ​ត្រូវ​បាន​ហៅ​ថា​ដង្វាយធួន ។ ពលិកម្ម​របស់​ទ្រង់​មាន​ប្រយោជន៍​ដល់​យើង​ម្នាក់ៗ ហើយ​បង្ហាញ​នូវតម្លៃ​ដ៏គ្មាន​ទី​បំផុត​របស់​កូន​ម្នាក់ៗ​របស់ព្រះវរបិតាសួគ៌ ( សូមមើលគ. និង ស. ១៨:១០-១១ ) ។

៣.២. វា​មានតែ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​ត្រូវ​បាន​សង្គ្រោះ ដោយ​សារ​ទ្រង់​គឺជា​អង្គ​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ដង្វាយធួន​ដ៏និរន្ដរ៍ និង​អស់កល្បជានិច្ច​នេះ​​សម្រាប់​មនុស្ស​លោក​បាន ( សូមមើល​អាលម៉ា ៣៤:៩-១០ ) ។ មានតែ​ទ្រង់​មួយ​អង្គ​គត់​ដែល​មាន​ព្រះចេស្ដា​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​រូបកាយ ។ ចេញពី​មាតា​ខាង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នោះ​​ទ្រង់ទទួល​បាន​នូវ​លទ្ធភាព​ដើម្បី​សុគត ។ ចេញ​​ពី​ព្រះ ជា​ព្រះបិតា​អមត​របស់​ទ្រង់ នោះ​ទ្រង់​បាន​ទទួល​មរតក​នូវ​អំណាច​​ដើម្បី​រស់នៅ​ជា​រៀងរហូត ឬ​ដាក់​ជីវិត​ទ្រង់​ចុះ ហើយ​អាច​យកវា​​មកវិញ​បាន ។ ទ្រង់​តែ​មួយ​អង្គ​ឯង អាច​ប្រោសលោះ​យើង​ចេញពី​អំពើបាប​របស់​យើង​បាន ។ ដោយសារ​ទ្រង់​បាន​រស់នៅ​ជីវិត​ដ៏​ឥតខ្ចោះ និង​​គ្មាន​អំពើបាប នោះ​ទ្រង់​មាន​សេរីភាព​ពី​ការ​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ហើយ​អាច​បង់​ថ្លៃ​បំណុល​សម្រាប់​អ្នកទាំងឡាយ​ដែល​ប្រែចិត្ត ។

៣.៣. ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​រួម​ទាំង​ការ​រងទុក្ខ​របស់​ទ្រង់​សម្រាប់​អំពើបាប​នៃ​មនុស្ស​លោក​នៅ​ក្នុង​សួនច្បារ​គេតសេម៉ានី ការ​បង្ហូរ​លោហិត​របស់​ទ្រង់ ការ​រងទុក្ខ និង​ការសុគត​នៅ​លើ​ឈើឆ្កាង​របស់​ទ្រង់ ហើយ​នឹង​ការ​រស់ឡើងវិញ​របស់​ទ្រង់ ។ ទ្រង់​​គឺជា​ផល​​ដំបូង​ដែល​បាន​រស់​ឡើង​វិញ ។ ទ្រង់​បាន​រស់ឡើងវិញ​ចេញ​ពីផ្នូរ​ដោយ​សិរីរុងរឿង មានរូបកាយជា​សាច់ និង​ឆ្អឹង​ដ៏​អមត ( សូមមើលលូកា ២៤:៣៦-៣៩ ) ។ ដោយ​សារ​តែ​ដង្វាយធួន​របស់ទ្រង់ នោះ​មនុស្ស​លោក​គ្រប់រូប​នឹង​បាន​រស់ឡើង​វិញ​ដោយ​មាន​រូបកាយ​ឥតខ្ចោះ អមត ហើយ​អាច​ត្រូវ​បាន​នាំ​ត្រឡប់​ទៅកាន់​វត្តមាន​របស់ព្រះ​ដើម្បី​ជំនុំជំរះ ។ ពលិកម្ម​ដ៏ធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ បាន​ផ្ដល់​​​​ជា​មធ្យោបាយ​តែមួយ​គត់​សម្រាប់​យើង​ ដើម្បី​​អាច​ត្រូវ​បានសម្អាត និង​អភ័យទោស​ពី​អំពើបាប​របស់​យើង ដើម្បី​យើង​អាច​រស់នៅ​ក្នុង​វត្តមាន​របស់ព្រះ​ដ៏​នៅអស់កល្បជានិច្ច​បាន ( សូមមើល​អេសាយ ១:១៨,គ. និង ស. ១៩:១៦-១៩ ) ។

៣.៤. ជាចំណែក​​​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ​ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹមតែ​រង​ទុក្ខ​សម្រាប់​អំពើ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​​ទ្រង់​ថែម​ទាំងបាន​​លើក​មក​ដាក់​លើ​ព្រះអង្គ​ទ្រង់​​​​នូវ​ការ​ឈឺ​ចាប់ ការល្បួង ជំងឺ និង រោគា​ទាំងឡាយ​របស់​មនុស្ស​ទៀត​ផង ( សូមមើលអេសាយ ៥៣:៣–៥,អាលម៉ា ៧:១១–១៣ ) ។ ទ្រង់​យល់​អំពី​ការ​ឈឺចាប់​របស់​យើង ពី​ព្រោះ​​ទ្រង់​បាន​ទទួល​នូវ​បទពិសោធន៍​នៃ​ការឈឺចាប់​នោះ ។ នៅពេល​យើង​មក​រក​ទ្រង់​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះអង្គសង្គ្រោះ​នឹង​ពង្រឹង​យើង​ដើម្បី​រែក​បន្ទុក ហើយ​សម្រេច​កិច្ចការ​ដែល​យើង​មិនអាច​ធ្វើ​ដោយ​ខ្លួន​យើង​បាន ( សូមមើលម៉ាថាយ ១១:២៨-៣០,អេធើរ ១២:២៧ ) ។

៣.៥. ការ​ទទួល​ទោស​ជំនួស​អំពើបាប​របស់​យើង ពុំ​មែន​មាន​ន័យ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ដក​យក​ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​របស់​យើង​នោះទេ ។ ដើម្បី​ទទួលបាន​ពលិកម្ម​របស់ទ្រង់ ដើម្បី​ត្រូវ​បាន​សម្អាត​ចេញ​ពី​អំពើបាប​របស់​យើង ហើយ​ទទួល​គ្រង​ជីវិត​អស់កល្ប​ជានិច្ច នោះ​យើង​ត្រូវ​តែ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ប្រកាន់ខ្ជាប់​ដោយ​ស្មោះត្រង់​ដល់​ចុង​បំផុត​នៃ​ជីវិត​របស់​យើង ។

សេចក្ដី​យោង​ដែល​ទាក់ទង ៖ យ៉ូហាន ៣:៥, កូរិនថូសទី ១ ១៥:២០–២២, ម៉ូសាយ ៣:១៩, នីហ្វៃទី ៣ ១១:១០–១១, នីហ្វៃទី ៣ ២៧:២០, គ. និង ស. ៧៦:២២–២៤

ប្រធានបទ​ដែលទាក់ទង ៖ ក្រុម​ព្រះ ៖ ព្រះយេស៊ូវគ្រីស្ទ ផែនការ​នៃ​សេចក្ដីសង្គ្រោះ ៖ ការ​ធ្លាក់ ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

៣.៦. គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដីជំនឿ​របស់​យើង​អាច​ដឹកនាំ​ទៅ​រក​សេចក្ដីសង្គ្រោះ​ តែ​នៅពេល​ដែល​វា​ផ្ដោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ( សូមមើលហេលេមិន ៥:១២ ) ។

៣.៧. ការ​មាន​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ រួមបញ្ចូល​នូវ​​ការ​មានជំនឿ​រឹងមាំ​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​សំណព្វ​តែមួយ​គត់​របស់ព្រះ និង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ យើង​ទទួលស្គាល់​ថា​ មធ្យោបាយ​តែមួយ​គត់​​ដែល​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ​បាន គឺ​តាមរយៈ​ការ​ពឹងផ្អែក​ទៅ​លើ​ដង្វាយធួន​ជា​និរន្ដរ៍​របស់ព្រះរាជបុត្រា​ទ្រង់ និង​តាមរយៈ​ការ​ទុកចិត្ត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​ធ្វើតាម​ការ​បង្រៀន​ទាំងឡាយ​​របស់ទ្រង់ ។ លើស​ពី​ការ​ទទួល​យក​នូវការ​ជឿ​អកម្ម សេចក្ដីជំនឿ​ពិត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​ទៅ​រក​សកម្មភាព ហើយ​ត្រូវ​បាន​បង្ហាញ​តាម​របៀប​ដែល​យើង​រស់នៅ​ ( សូមមើល​យ៉ាកុប ២:១៧-១៨ ) ។ សេចក្តី​ជំនឿ​របស់​យើង​អាច​រីកចម្រើន​ឡើង នៅពេល​យើង​អធិស្ឋាន សិក្សា​ព្រះគម្ពីរ និង​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

សេចក្ដីយោង​ដែលទាក់ទង ៖ សុភាសិត ៣:៥–៦, អេធើរ ១២:៦, គ. និង ស. ៦:៣៦

ប្រធាន​បទ​ដែល​ទាក់ទង ៖ ការ​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ

ការប្រែចិត្ត

៣.៨. សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ និងព្រះវរបិតាសួគ៌ ដឹកនាំ​យើ​ងឲ្យ​ប្រែចិត្ត ។ ការ​ប្រែចិត្ត​គឺជាចំណែក​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ចំពោះ​កូនចៅ​ទាំងអស់​របស់ទ្រង់ ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ជ្រើសរើស​របស់ពួកគេ ។ អំណោយទាន​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​កើត​មានឡើង តាមរយៈដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​ប្រែចិត្តគឺ​ជា​ការផ្លាស់ប្តូរ​​មួយ​ក្នុង​គំនិត និង ដួងចិត្ត ។ វា​រួមមាន​ទាំង​ការ​ងាកចេញ​ពី​អំពើបាប និង​ការ​បែរ​គំនិត សកម្មភាព និង​បំណង​ប្រាថ្នា​របស់​យើង​ទៅរក​ព្រះ ហើយ​សម្រប​ឆន្ទៈ​របស់​យើង​ទៅ​តាម​ព្រះឆន្ទៈ​របស់​​ទ្រង់ ( សូមមើលម៉ូសាយ ៣:១៩ ) ។

៣.៩. ការប្រែ​ចិត្ត​ រួម​មាននូវ​​ការ​ទទួល​ស្គាល់​​អំពើ​បាប​របស់​យើង ការមានអារម្មណ៍​សោកស្ដាយ ឬ ​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ចំពោះ​ការ​ប្រព្រឹត្ត​អំពើបាប ការ​សារភាព​អំពើបាប​របស់​យើង​ទៅ​កាន់​ព្រះវរបិតា​សួគ៌​ ហើយ​បើ​ចាំបាច់​ សារភាព​ទៅ​កាន់​អ្នក​ដទៃ​ទៀត ការលះបង់​ចោល​អំពើ​បាប ការស្វែង​រកការ​ស្តារ​ឡើង​វិញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​អ្វី​ៗ ដែល​បាន​ខូចខាត​ដោយ​សារលទ្ធផល​នៃ​អំពើ​បាប​របស់យើង និង ការរស់​នៅ​ដោយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​​របស់​ព្រះ ( សូមមើល គ. និង ស. ៥៨:៤២–៤៣ ) ។ ព្រះអម្ចាស់​សន្យា​ថា​នឹង​អភ័យទោស​ដល់​អំពើបាប​របស់​យើង​នៅ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​យើង​រំឮក​សេចក្ដីសញ្ញានោះ​នៅ​​គ្រប់ពេល​ដែល​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​ស្មោះ ដោយបំណង​ចិត្ត​ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ និង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ។

៣.១០. តាមរយៈ​ការ​ប្រែចិត្ត​ដោយស្មោះ និង​ព្រះគុណ​ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើងអាច​ទទួលបាន​ការ​អភ័យ​ទោស​របស់ព្រះ ហើយ​មានអារម្មណ៍​សុខសាន្ដ ។ យើងនឹង​​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​​យ៉ាង​ច្រើន​សន្ធឹក ហើយ​យើង​កាន់តែ​ត្រៀម​ខ្លួន​ដើម្បី​រស់នៅ​អស់កល្ប​ជានិច្ច​​ជាមួយ​​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ។

សេចក្ដី​យោង​ដែល​ទាក់ទង ៖ អេសាយ ១:១៨, យ៉ូហាន ១៤:១៥, នីហ្វៃទី ៣ ២៧:២០, គ. និង ស. ១៩:១៦–១៩

ប្រធានបទដែល​ទាក់ទង ៖ ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ