« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៣ ៖ ច្បាប់របស់ព្រះ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៣ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៣
ច្បាប់របស់ព្រះ
សូមគិតអំពីឥរិយាបថចំពោះច្បាប់ និងព្រះបញ្ញត្តិរបស់ព្រះ ដែលបងប្អូនឃើញនៅក្នុងពិភពលោកជុំវិញខ្លួនបងប្អូននេះ ។ តើឥរិយាបថទាំងនេះវិជ្ជមាន អវិជ្ជមាន ឬមិនខុសគ្នាទេ ? កាលបងប្អូនសិក្សាពីច្បាប់ និងព្រះបញ្ញត្តិដែលបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ សូមរកមើលរបៀបដែលច្បាប់ទាំងនោះអាចនាំមកនូវសេចក្ដីសុខសាន្ដ និងការការពារដល់បងប្អូន ហើយជួយបងប្អូនឲ្យក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
ផ្នែកទី ១
តើការគោរពតាមច្បាប់របស់ព្រះអាចផ្ដល់ពរជ័យដល់ជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
ក្នុងខែ ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យពួកបរិសុទ្ធដែលរស់នៅទីក្រុងញូវយ៉ក ទៅជួបជុំជាមួយពួកបរិសុទ្ធនៅឯរដ្ឋអូហៃអូ ។ ព្រះអម្ចាស់បានសន្យាថា ប្រសិនបើពួកគេគោរពតាម នោះទ្រង់នឹងបើកបង្ហាញច្បាប់របស់ទ្រង់ដល់ពួកគេ ហើយប្រទានដល់ពួកគេនូវ « ព្រះចេស្ដាមកពីស្ថានលើ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣២ ) ។ ក្រោយពីបានមកដល់រដ្ឋអូហៃអូមិនយូរប៉ុន្មាននៅខែ កុម្ភៈ ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធបានទទួលវិវរណៈមួយដែលព្រះអម្ចាស់បានបើកសម្ដែងពីច្បាប់របស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២ ) ។ នៅក្នុងវិវរណៈនោះ ព្រះអម្ចាស់បានបញ្ជាក់សារជាថ្មីពីភាពចាំបាច់ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ដែលទ្រង់បានប្រទានដល់រាស្ដ្ររបស់ទ្រង់ពីបុរាណ រួមទាំងច្បាប់ព្រហ្មចារីភាពផងដែរ ។
ព្រះអម្ចាស់ក៏បានណែនាំពួកបរិសុទ្ធឲ្យថែទាំដល់ពួកអ្នកក្រីក្រ និងកសាងនគររបស់ទ្រង់តាមរយៈការរស់នៅតាមក្រិត្យវិន័យនៃការថ្វាយ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០–៣៥ ) ។ គឺដូចជាទ្រង់បានបង្រៀនពួកសាវករបស់ទ្រង់កាលពីបុរាណដែរ ព្រះអម្ចាស់បានពន្យល់ថា នៅពេលពួកបរិសុទ្ធបម្រើដល់ទ្រង់ និងកាន់តាមព្រះបញ្ញតិ្តរបស់ទ្រង់ នោះពួកគេកំពុងបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់ ( សូមមើល យ៉ូហាន ១៤:១៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២៩ ) ។
ជាច្រើនឆ្នាំបន្ទាប់ពីនោះមក ព្រះអម្ចាស់បានស្ដារឡើងវិញនូវច្បាប់ពីបុរាណរបស់ទ្រង់ជាច្រើនថែមទៀត តាមរយៈយ៉ូសែប ស្ម៊ីធ រួមទាំងច្បាប់នៃថ្ងៃឈប់សម្រាកផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩; ៦៨:២៩ ) និងច្បាប់នៃដង្វាយមួយភាគក្នុងដប់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២៣; ១១៩ ) ។ ទ្រង់ក៏បានបើកសម្ដែងពីច្បាប់សុខភាព ដែលយើងស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩ ) ។
ដើម្បីរៀបចំខ្លួនសម្រាប់ថ្នាក់រៀន សូមសិក្សាច្បាប់ខាងក្រោមនេះមួយ ឬច្រើន ជាច្បាប់ដែលព្រះអម្ចាស់បានបញ្ជាក់ជាថ្មី ឬបើកបង្ហាញនៅជំនាន់របស់យើង ៖ ( ១ ) ច្បាប់ព្រហ្មចារីភាព ( ២ ) ច្បាប់នៃការថ្វាយ ( ៣ ) ច្បាប់នៃថ្ងៃឈប់សម្រាក ឬ ( ៤ ) ច្បាប់សុខភាព ដែលគេស្គាល់ថាជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ សូមប្រើធនធានទាំងឡាយខាងក្រោម ពេលបងប្អូនសិក្សាពីច្បាប់ ឬច្បាប់ទាំងឡាយដែលបងប្អូនបានជ្រើសរើស ។ បងប្អូនក៏អាចស្រាវជ្រាវរកធនធានបន្ថែមនៅលើគេហទំព័រ ChurchofJesusChrist.org បានដែរ ។ សូមមកកាន់ថ្នាក់រៀនដោយបានរៀបចំខ្លួនដើម្បីពិភាក្សាពីសំណួរខាងក្រោមនេះ ៖
-
តើបងប្អូនបានរៀនសេចក្ដីពិតអ្វីខ្លះមកពីការសិក្សារបស់បងប្អូន ?
-
តើមានឧបសគ្គអ្វីខ្លះដែលមកជាប់ជាមួយនឹងការគោរពតាមច្បាប់នេះនាពេលសព្វថ្ងៃ ហើយតើពួកគេអាចយកឈ្នះឧបសគ្គនោះដោយរបៀបណា ?
-
តើបងប្អូនផ្ទាល់ខ្លួនបានទទួលពរជ័យអ្វីខ្លះតាមរយៈការកាន់តាមច្បាប់នេះ ?
-
តើការកាន់តាមច្បាប់នេះអាចជួយបងប្អូនឲ្យក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
ផ្នែកទី ២
ច្បាប់ព្រហ្មចារីភាព
-
សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២–២៥ ហើយរកមើលគោលលទ្ធិ និងគោលការណ៍នានា ដែលព្រះអម្ចាស់បង្រៀនអំពីភាពបរិសុទ្ធខាងផ្លូវភេទ ។
-
សូមពិចារណាពីអ្វីដែលអែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីភាពធ្ងន់ធ្ងរនៃការបំពានច្បាប់ព្រហ្មចារីភាពរបស់ព្រះ និងភាពពិសិដ្ឋនៃភាពស្និទ្ធស្នាលខាងផ្លូវភេទ ។ សូមសិក្សាកថាខណ្ឌទី ៩–១៦ នៃសុន្ទរកថារបស់គាត់ « Personal Purity » ( Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៥–៧៩ ) ហើយរកមើលមូលហេតុ ដែលយើងគួរតែការពារភាពបរិសុទ្ធខាងផ្លូវភេទរបស់យើងដោយប្រុងប្រយ័ត្ន ។
-
សូមមើលវីដេអូ « ច្បាប់ព្រហ្មចារីភាព » ( ២:០៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយរកមើលសារសំខាន់ និងពរជ័យមកពីការគោរពតាមច្បាប់ព្រហ្មចារីភាព ។
ផ្នែកទី ៣
ក្រិត្យវិន័យនៃការថ្វាយ
សូមរៀនបន្ថែមទៀតអំពីក្រិត្យវិន័យនៃការថ្វាយតាមរយៈការធ្វើអ្វីខាងក្រោម ៖
-
សូមអានអ្វីដែល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ បង្រៀនអំពីក្រិត្យវិន័យនៃការថ្វាយ ។
-
សូមរំឭកពីរបៀបដែលពួកបរិសុទ្ធពីដើមមួយចំនួនបានព្យាយាមរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយនេះ ។ ពីមុនការមកដល់របស់ យ៉ូសែប ស៊្មីធនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ នៅខែ កុម្ភៈ ឆ្នាំ ១៨៣១ ពួកបរិសុទ្ធនៅទីក្រុងខឺតឡង់ជាច្រើនបានខិតខំធ្វើតាមគំរូរបស់ពួកបរិសុទ្ធនៅជំនាន់ព្រះគម្ពីរសញ្ញាថ្មីដែល « គ្រប់របស់ទាំងប៉ុន្មានជារបស់សំរាប់ប្រើជាមួយគ្នាទាំងអស់ » ( សូមមើល កិច្ចការ ៤:៣២ ) តាមរយៈការចង់ចែកចាយរបស់របរ និងដីធ្លីរបស់ពួកគេជាមួយគ្នាទៅជាគ្រួសារធំមួយ ។ សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០–៣៥ ហើយរកមើលការណែនាំរបស់ព្រះអម្ចាស់ ដែលបានបញ្ជាក់ពីរបៀបដែលពួកបរិសុទ្ធត្រូវថែទាំដល់គ្នាទៅវិញទៅមកនៅក្រោមក្រិត្យវិន័យនៃការថ្វាយ ។
-
សូមធ្វើសកម្មភាពដូចខាងក្រោមនេះមួយ ៖
-
សូមមើល « ក្រិត្យវិន័យនៃការថ្វាយ » ( ៥:០២ ) នៅលើគេហទំព័រ ChurchofJesusChrist.org ហើយស្ដាប់រកការពិពណ៌នាអំពីរបៀបដែលពួកបរិសុទ្ធថ្ងៃចុងក្រោយពីដើមបានរស់នៅតាមក្រិត្យវិន័យនៃការថ្វាយ ។
-
សូមសិក្សាអត្ថបទ « Consecration and Stewardship » នៅលើគេហទំព័រ ChurchofJesusChrist.org ហើយសូមពិចារណាពីរបៀបដែលពួកបរិសុទ្ធថ្ងៃចុងក្រោយនៅតែរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយនេះ ។
-
ផ្នែកទី ៤
ច្បាប់នៃថ្ងៃឈប់សម្រាក
-
កាលសមាជិកសាសនាចក្របានចាប់រស់នៅស្រុកចាកសុន រដ្ឋមិសសួរីនៅរដូវក្ដៅក្នុងឆ្នាំ ១៨៣១ ពួកគេបានជួបប្រទះនឹងសហគមន៍ជួរមុខមួយ ដែលលេងល្បែង ផឹកស្រា ប្រើហិង្សា និងមិនរក្សាថ្ងៃឈប់សម្រាកឡើយ ។ សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩–១៩ ហើយរកមើលការណែនាំរបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធឲ្យធ្វើអ្វីដើម្បីជួយពួកគេឲ្យប្រឆាំងនឹងឥទ្ធិពលនៃភាពទុច្ចរិតនៃពិភពលោកនេះ ។
-
ប្រធាន រ័សុល អិម ណិលសុនបានបង្រៀនអំពីសារសំខាន់នៃថ្ងៃឈប់សម្រាក ។ សូមអានកថាខណ្ឌទី ៣–១៦ នៃសុន្ទរកថារបស់លោកអំពី « ថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏សប្បាយ » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–១៣០ ) ។ សូមរកមើលការប្រឹក្សាដែលអាចជួយបងប្អូនឲ្យរក្សាថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏សប្បាយ ។
-
សូមមើលវីដេអូ « Upon My Holy Day—Honoring the Sabbath » ( ១:៣០ ) ជាកន្លែងដែលអែលឌើរ ជែហ្វ្រី អ័រ ហូឡិនពន្យល់ពីពរជ័យមួយចំនួនក្នុងការគោរពតាមថ្ងៃឈប់សម្រាក ។
ផ្នែកទី ៥
ច្បាប់សុខភាព
-
សាលារបស់ពួកព្យាការី ដែលត្រូវបានរៀបចំនៅខែ មករា ឆ្នាំ ១៨៣៣ បានចាប់ផ្ដើមការប្រជុំជាទៀងទាត់នៅបន្ទប់ខាងលើក្នុងហាងរបស់ នូវល ខេ វិតនីនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ អំឡុងការប្រជុំទាំងនេះ បងប្អូនប្រុសបានប្រើថ្នាំជក់ជាញឹកញាប់ ។ ក្រោយពីភរិយារបស់លោក អិមម៉ា បានថ្លែងពីកង្វល់របស់នាង នោះយ៉ូសែប ស៊្មីធបានទូលសូមដល់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈដែលយើងស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( សូមមើល ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១៦៧–៦៨ ) ។ សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១–១៤, ១៨–២១ ហើយពិចារណាគូសចំណាំការណែនាំ និងសេចក្ដីសន្យារបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធ ។
-
ពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃមិនហាមឃាត់សារធាតុគ្រោះថ្នាក់ដទៃទៀតឲ្យបានជាក់លាក់ទៅ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានឆ្លើយនឹងសំណួរនេះ ហើយបានបញ្ជាក់ពីពរជ័យដែលបានសន្យាមកពីការកាន់តាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ សូមអានកថាខណ្ឌ ១០–១២ និង ២៣–៣៤ ក្នុងសុន្ទរកថារបស់លោកអំពី « The Word of Wisdom: The Principle and the Promises » ( Ensign ខែឧសភា ឆ្នាំ១៩៩៦ ទំព័រ ១៧–១៩ ) ។