« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៤ ៖ គោលលទ្ធិនៃវិវរណៈ » សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទីរឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៤ » សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទីរឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៤
គោលលទ្ធិនៃវិវរណៈ
សូមសញ្ជឹងគិតពីការអញ្ជើញរបស់ព្យាការីដោយប្រធាន រ័សុល អិម ណិលសុន ៖ « នៅគ្រាខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ ។ … ខ្ញុំសូមអង្វរជាមួយបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលវិវរណៈ » ( « វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) ។
នៅពេលបងប្អូនសិក្សាសៀវភៅសិក្សានេះ សូមស្វែងរកសេចក្ដីពិតនានាដែលអាចជួយបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណខ្លួនដើម្បីទទួលបាន និងស្គាល់វិវរណៈ ។
ផ្នែកទី ១
តើខ្ញុំអាចដឹងបានយ៉ាងដូចម្ដេចថា ពេលណាព្រះមានបន្ទូលមកកាន់ខ្ញុំ ?
នៅរដូវត្រជាក់ឆ្នាំ ១៨២៨–២៩ គ្រូបង្រៀនអាយុ ២២ ឆ្នាំម្នាក់ឈ្មោះថា អូលីវើរ ខៅឌើរីបានដឹងអំពីព្យាការី យ៉ូសែប ស៊្មីធ និងផ្ទាំងចំណារមាស ខណៈឡើងទូកទៅភូមិប៉ាល់ម៉ៃរ៉ា រដ្ឋនូវយ៉ោកជាមួយឪពុកម្ដាយរបស់យ៉ូសែប ។ ក្រោយពីការអធិស្ឋានផ្ទាល់ខ្លួនដើម្បីដឹងថា តើអ្វីដែលគាត់បានឮនោះពិតឬអត់ អូលីវើរមានអារម្មណ៍ការធានាដ៏រឹងមាំនៃសេចក្ដីសុខសាន្ដ ។ គាត់បានធ្វើដំណើរទៅភូមិហាម៉ូនី រដ្ឋផែនស៉ីលវេញ៉ា ជាកន្លែងដែលលោកបានជួបនឹងព្យាការី ។ ដោយបានជឿថា សារលិខិតដែលយ៉ូសែបបានចែកចាយអំពីដំណឹងល្អដែលបានស្ដារឡើងវិញនោះគឺពិត អូលីវើរបានបម្រើជាស្មៀនរបស់យ៉ូសែបក្នុងការបកប្រែព្រះគម្ពីរមរមន ។ មិនយូរប៉ុន្មានក្រោយពីអូលីវើរបានចាប់ផ្ដើមជួយក្នុងការបកប្រែ ព្យាការីបានទទួលវិវរណៈដែលផ្ដល់ការណែនាំដល់អូលីវើរ ហើយបានថ្លែងពីបំណងប្រាថ្នារបស់គាត់ដើម្បីជួយបកប្រែ ។ បន្ទូលមកពីព្រះអម្ចាស់ចំពោះអូលីវើរ ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៤–១៥, ២២–២៣ ជួយយើងឲ្យយល់កាន់តែច្បាស់ពីរបៀប ដែលទ្រង់អាចមានបន្ទូលមកកាន់យើង ។
នៅពេលយ៉ូសែបបានទទួលវិវរណៈនេះ « អូលីវើរបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ គាត់បានប្រាប់យ៉ូសែបភ្លាមអំពីការអធិស្ឋាន [ ពីពេលមុន ] របស់គាត់ និងសាក្សីដ៏ទេវភាពដែលគាត់បានទទួល ។ គ្មាននរណាម្នាក់អាចបានដឹងពីការណ៍នេះឡើយ លើកលែងតែព្រះប៉ុណ្ណោះ » ( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៦២ ) ។
នៅពេលអូលីវើរបានប្រាថ្នាចង់បកប្រែចំណែកខ្លះនៃផ្ទាំងចំណារ ព្រះអម្ចាស់បានបង្រៀនគាត់បន្ថែមទៀតអំពីការទទួលវិវរណៈ ។
ដោយថ្លែងពីរបៀបដែលព្រះអម្ចាស់ប្រាស្រ័យទាក់ទងដល់គំនិត និងដួងចិត្តរបស់យើងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបមួយ ដែលការណ៍នេះអាចកើតឡើងបាន ៖
ទំនាក់ទំនងទៅកាន់ចិត្តគឺកាន់តែទូទៅជាង ។ ជាញឹកញាប់ ព្រះអម្ចាស់ ចាប់ផ្ដើមដោយការផ្ដល់នូវចំណាប់អារម្មណ៍ ។ ពេលដែលមាននូវការទទួលស្គាល់ពីសារៈសំខាន់របស់វា ហើយពួកគេបានគោរពតាម នោះអ្នកទទួលបានសមត្ថភាពកាន់តែច្រើន ដើម្បីទទួលការណែនាំលម្អិតកាន់តែច្រើននៅក្នុងគំនិត ។ ( រីឆាដ ជី ស្កត « Helping Others to Be Spiritually Led » [ សុន្ទរកថាទៅកាន់គ្រូបង្រៀនសាសនា ស៉ី.អ៉ី.អេស នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៩៩៨ ទំព័រ ៤ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
អែលឌើរ ក្រេហ្គ ស៉ី គ្រីស្ទីនសិន ក្នុងពួកចិតសិបនាក់ក៏បានបង្រៀន ៖
យើងទាំងអស់គ្នាមានបទពិសោធន៍នឹងព្រះវិញ្ញាណបរិសុទ្ធ ទោះជាយើងពុំបានស្គាល់ជានិច្ចក្ដី ។ នៅពេលគំនិតបំផុសក្នុងចិត្តយើង នោះយើងដឹងថា វាជាការពិតតាមរយៈអារម្មណ៍ខាងវិញ្ញាណ ដែលចូលក្នុងចិត្តយើង ។ ( ក្រេហ្គ ស៉ី គ្រីស្ទីនសិន « អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធដែលពុំអាចប្រាប់បាន » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១៤ )
ពេលខ្លះបងប្អូនអាចឆ្ងល់ថា តើគំនិត ឬអារម្មណ៍មួយពិតជាមកពីព្រះមែនឬអត់ ។ អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិភាក្សាពីរបៀប ដែលយើងអាចប្រាប់ពីភាពខុសគ្នារវាងព្រះវិញ្ញាណបរិសុទ្ធ និងគំនិតផ្ទាល់របស់យើងនៅក្នុងវីដេអូនេះ ( « Patterns of Light, Part 2: Discerning Light » ( ២:១២ ) ។
ផ្នែកទី ២
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីយាងអញ្ជើញព្រះវិញ្ញាណចូលមកក្នុងជីវិតរបស់ខ្ញុំ ?
ពេលខ្លះ បងប្អូនអាចមានអារម្មណ៍ថាអន្ទះសា ពេលវាហាក់ថា វិវរណៈដែលបងប្អូនស្វែងរកនោះមិនបានទទួល ។ នៅពេលការណ៍នេះកើតឡើង បងប្អូនអាចពិចារណាពីការណែនាំរបស់ព្រះអម្ចាស់ដល់ អូលីវើរ ខៅឌើរី ពេលគាត់មានអារម្មណ៍អន្ទះសាពេលមិនអាចទទួលបានវិវរណៈ ដែលចាំបាច់សម្រាប់ការបកប្រែផ្ទាំងចំណារ ( សូមមើល ពួកបរិសុទ្ធ ១:៦២–៦៤ ) ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានពន្យល់ពីគោលការណ៍មួយ ដែលយើងអាចរៀនមកពីការបង្រៀនរបស់ព្រះអម្ចាស់ដល់ អូលីវើរ ខៅឌើរី ៖
យើងនឹងទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណ នៅពេលយើងបានធ្វើអ្វីៗដែលយើងអាចធ្វើបាន នៅពេលយើងចេញទៅធ្វើការនៅក្រោមពន្លឺព្រះអាទិត្យជាជាងអង្គុយនៅក្រោមម្លប់អធិស្ឋានសូមការដឹកនាំលើជំហានដំបូងដែលត្រូវឈាន ។…
ដូច្នេះ យើងអាចធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបាន ។ រួចហើយ យើងរង់ចាំព្រះអម្ចាស់សម្រាប់វិវរណៈរបស់ទ្រង់ ។ ទ្រង់មានកាលវិភាគរបស់ទ្រង់ផ្ទាល់ ។
…ការទទួលការបង្រៀនពីព្រះវិញ្ញាណមិនមែនជារឿងអកម្មនោះទេ ។ ជាញឹកញាប់ ទំនាក់ទំនងរបស់ព្រះអម្ចាស់មិនកើតមានឡើយ រហូតដល់យើងបានសិក្សាពីបញ្ហានោះក្នុងគំនិតរបស់យើងផ្ទាល់សិន ។ បន្ទាប់មក យើងទទួលបានការបញ្ជាក់មួយ ។ ( ដាល្លិន អេក អូក « In His Own Time, in His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២៤, ២៦ )
ទោះបីជាពេលបងប្អូនបានត្រៀមខ្លួនដើម្បីទទួលវិវរណៈតាមរយៈសកម្មភាពដ៏ស័ក្ដិសម និងស្មោះត្រង់របស់បងប្អូន ក៏ចម្លើយរបស់ព្រះអម្ចាស់មិនអាចមកភ្លាមៗដែរ ។
អែលឌើរ ស្កត បានប្រឹក្សាថា ៖
តើអ្នកធ្វើអ្វីខ្លះ ពេលអ្នកបានរៀបចំដោយប្រុងប្រយ័ត្ន អធិស្ឋានដ៏ក្លៀវក្លា រង់ចាំពេលសមហេតុផលមួយដើម្បីទទួលចម្លើយ ហើយនៅតែពុំមានចម្លើយនោះ ? អ្នកអាចថ្លែងអំណរគុណ ពេលជួបរឿងដូចនោះ ដ្បិតវាជាភស្ដុតាងមួយនៃការទុកចិត្តរបស់ទ្រង់ ។ ពេលអ្នករស់នៅដោយស័ក្ដិសម ហើយជម្រើសរបស់អ្នក សមស្របនឹងការបង្រៀននៃព្រះអង្គសង្គ្រោះ នោះអ្នកចាំបាច់ត្រូវធ្វើតាម បន្ដទៅមុខដោយមានទំនុកចិត្ត ។… នៅពេលអ្នករស់នៅដោយសុចរិត ហើយធ្វើសកម្មភាពដោយមានទំនុកចិត្ត នោះព្រះនឹងពុំបណ្ដោយឲ្យអ្នកទៅឆ្ងាយដោយគ្មានការព្រមាន ប្រសិនបើអ្នកបានធ្វើការសម្រេចចិត្តខុសនោះ ។ ( រីឆាដ ជី ស្កត « Using the Supernal Gift of Prayer » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០ )
ផ្នែកទី ៣
តើជាធម្មតាវិវរណៈមកដោយរបៀបណា ?
សូមមើលវីដេអូ « Patterns of Light: Spirit of Revelation » ( ៣:០៤ ) ឬសិក្សាសេចក្ដីថ្លែងការណ៍របស់អែលឌើរ បែដណា ដូចខាងក្រោមនេះ ៖
វិវរណៈមួយចំនួនត្រូវបានទទួលភ្លាមៗ និងខ្លាំងក្លា ខ្លះទៀតត្រូវបានស្គាល់បន្តិចម្ដងៗ និងល្អិតល្អន់ ។ …
អំពូលភ្លើងបើកនៅក្នុងបន្ទប់ងងឹត គឺដូចជាការទទួលសារលិខិតមកពីព្រះយ៉ាងឆាប់ ទាំងស្រុង ហើយកើតឡើងម្ដងក្នុងពេលតែមួយ ។ យើងរាល់គ្នាភាគច្រើន មានបទពិសោធន៍តាមគំរូនៃវិវរណៈនេះ ពេលយើងត្រូវបានប្រទានចម្លើយចំពោះ ការអធិស្ឋានដោយស្មោះ ឬត្រូវបានផ្ដល់នូវការដឹកនាំឬការការពារដែលចាំបាច់ ស្របតាមព្រះឆន្ទៈ និងពេលវេលារបស់ទ្រង់ ។ … ទោះជាយ៉ាងណាក៏ដោយ គំរូនៃវិវរណៈនេះមានភាពកម្រជាងធម្មតា ។
ការបង្កើនពន្លឺបន្ដិចម្ដងៗ មកពីពន្លឺព្រះអាទិត្យរះ គឺដូចជាការទទួលសារលិខិតមួយមកពីព្រះ « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។ ជានិច្ចកាល វិវរណៈកើតឡើងនៅក្នុងចំនួនដ៏តូចបន្តិចម្ដងៗ ហើយត្រូវបានផ្ដល់ឲ្យស្របតាមបំណងប្រាថ្នា ភាពស័ក្ដិសម និងការរៀបចំខ្លួនរបស់យើង ។ … គំរូនៃវិវរណៈនេះហាក់មានទូទៅជាងកម្រ ។ …
បទពិសោធន៍ទូទៅមួយទៀតជាមួយពន្លឺជួយយើងឲ្យរៀនពីសេចក្ដីពិតបន្ថែមទៀតអំពីគំរូនៃវិវរណៈ « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ ពេលខ្លះ ព្រះអាទិត្យរះនៅពេលព្រឹកមួយ ដែលមានពពកច្រើន ឬចុះអ័ព្ទ ។ ដោយសារតែអាកាសធាតុមិនល្អ ការទទួលបានពន្លឺគឺមានភាពលំបាកជាង ហើយការប្រាប់ដោយត្រឹមត្រូវអំពីពេលដែលព្រះអាទិត្យរះលើមេឃ គឺពុំអាចធ្វើទៅបានទេ ។ ប៉ុន្ដែនៅព្រឹកមួយបែបនោះ មិនថាយ៉ាងណា យើងមានពន្លឺគ្រប់គ្រាន់ដើម្បីដឹងពីថ្ងៃថ្មីមួយ ហើយធ្វើការងាររបស់យើង ។
តាមរបៀបស្រដៀងគ្នាមួយ យើងទទួលបានវិវរណៈជាច្រើនដងដោយពុំបានដឹងដោយត្រឹមត្រូវអំពីរបៀប ឬពេលណា ដែលយើងកំពុងទទួលវិវរណៈនោះទេ ។ ( ដេវីឌ អេ បែដណា « The Spirit of Revelation » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨–៨៩ )