ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៩ ៖ ការប្រោសលោះ​មរណជន


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៩ ៖ ការប្រោសលោះ​មរណជន » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៩ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៩

ការប្រោស​លោះ​មរណជន

ក្មេងស្រី​មើល​រូបថត​បុព្វបុរស

សូម​គិត​អំពី​គ្រា​មួយ​ពេល​នរណាម្នាក់​បាន​ធ្វើ​អ្វី​មួយ​សម្រាប់​បងប្អូន ដែល​បងប្អូន​មិន​អាច​ធ្វើ​តែ​ឯង​បាន ។ តើ​បងប្អូន​មាន​អារម្មណ៍​ដូចម្ដេច​ចំពោះ​បុគ្គល​នេះ ? កាល​បងប្អូន​សិក្សា សូម​ពិចារណា​ពី​របៀប​ដែល​សមាជិក​គ្រួសារ​របស់​បងប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ អាច​មាន​អារម្មណ៍​យ៉ាង​ណា​ទៅកាន់​បងប្អូន នៅពេល​បងប្អូន​ធ្វើ​ឲ្យ​ពួកគាត់​នូវ​អ្វី​ដែល​ពួកគាត់​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​ពួកគាត់​បាន—​ធ្វើ​ពិធីបរិសុទ្ធ​ដ៏​សំខាន់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួកគាត់ ។

ផ្នែក​ទី ១

តើ​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​អ្នកដែល​ស្លាប់​ដោយ​មិន​ដឹង​អំពី​ដំណឹងល្អ ?

កំណត់​ចំណាំ ៖ ជំនួស​ឲ្យ​ការអាន​ផ្នែក​ដំបូង​នៃ​មេរៀន​នេះ បងប្អូន​អាច​ជ្រើសរើស​មើល​វីដេអូ​នេះ រួច​ហើយ​សញ្ជឹង​គិត​អំពី​សំណួរ​នេះ​នៅ​ចុងបញ្ចប់​នៃ​ផ្នែក​នេះ ។

នៅ​អាយុ ១៧ ឆ្នាំ យ៉ូសែប ស៊្មីធ​បាន​ខូច​ចិត្ត​ដោយសារ​ការស្លាប់​ភ្លាមៗ​របស់​បងប្រុស​របស់​លោក​ឈ្មោះ អាលវិន ដែល​លោក​បាន​ស្រឡាញ់ និង​កោត​សរសើរ​យ៉ាង​ខ្លាំង ។ គ្រួសារ ស្ម៊ីធ « បាន​សុំ​ឲ្យ​គ្រូ​គង្វាល​ប្រែសប៊ីធារាន​នៅ​ទីក្រុង​ផាលម៉ៃរ៉ា រដ្ឋ​នូវ​យ៉ោក​ធ្វើ​ពិធី​បុណ្យសព​ដល់​លោក ។ ដោយសារ​អាលវិន​មិនមែន​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​របស់​គ្រូ​គង្វាល​នោះ លោក​អាចារ្យ​នោះ​បាន​ពោល​អះអាង​នៅក្នុង​ទេសនកថា​របស់​គាត់​ថា អាលវិន​មិន​អាច​បាន​សង្គ្រោះ​ឡើយ ។ វិល្លាម ស្ម៊ីធ ដែល​ជា​ប្អូនប្រុស​របស់​យ៉ូសែប​បាន​ចាំ​ថា ៖ ‘[ គ្រូ​គង្វាល​នោះ ] … បាន​ប្រកាស​យ៉ាង​រឹងមាំ​ខ្លាំង​ថា [ អាលវិន ] បាន​ចុះ​ទៅ​ស្ថាន​នរក​ហើយ » ដោយសារ​អាលវិន​មិន​បាន​ជ្រមុជ​ទឹក ( ការបង្រៀន​ទាំងឡាយ​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤០១ ) ។

ចម្លើយ​របស់​អាចារ្យ​នោះ​ចំពោះ​ការស្លាប់​របស់​អាលវិន​អាច​ស្ដាប់​ទៅ​គ្រោតគ្រាត ។ ប៉ុន្ដែ​ការបង្រៀន​របស់​គាត់​បាន​ផ្អែក​ទៅលើ​សេចក្ដីពិត​ថា មនុស្ស​ទាំងអស់​ត្រូវតែ​ទទួល​យក​ព្រះគ្រីស្ទ ហើយ​ជ្រមុជ​ទឹក​ដើម្បី​បាន​សង្គ្រោះ ( សូមមើល យ៉ូហាន ៣:៥ ) ។

នៅ​ខែ មករា ឆ្នាំ ១៨៣៦ ជាង ១២ ឆ្នាំ​ក្រោយពី​ការស្លាប់​របស់​អាលវិន នោះ​ព្យាការី យ៉ូសែប ស៊្មីធ​បាន​ជួបជុំ​ជាមួយ​នឹង​ឪពុក​របស់​លោក និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​នៅ​បន្ទប់​ខាង​លើ​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ដែល​ជិត​បញ្ចប់​ហើយ ។ អំឡុង​ការប្រជុំ​នេះ ព្យាការី​បាន​ទទួល​ការនិមិត្ត​អំពី​អនាគតកាល ដែល​ឥឡូវ​នេះ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ ។

រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១, ៥–៨ ។

យ៉ូសែប « បាន​ឆ្ងល់​យ៉ាង​អស្ចារ្យ » ពេល​ឃើញ​បងប្រុស​របស់​លោក អាលវិន នៅ​ឯ​នគរ​សេឡេស្ទាល ដោយសារ​អាលវិន​មិន​បាន​ជ្រមុជ​ទឹក ។ បួន​ឆ្នាំ​ក្រោយមក នៅ​ខែ សីហា ឆ្នាំ ១៨៤០ ព្យាការី​បាន​ចាប់ផ្ដើម​បង្រៀន​ពួកបរិសុទ្ធ​អំពី​គោលលទ្ធិ​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ។ សាវក​ប៉ុល​បាន​បង្រៀន​ពី​គោលលទ្ធិ​នេះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ពីមុន​ព្រះអម្ចាស់​បាន​ស្ដារ​វា​ឡើង​វិញ​នៅ​ជំនាន់​របស់​យើង ( សូមមើល កូរិនថូស​ទី​១ ១៥:២៩ ) ។

នៅក្នុង​សំបុត្រ​មួយ​ទៅកាន់​ស្វាមី​របស់​នាង វីលេត ឃឹមបឹល បាន​សរសេរ​អំពី​ចិត្ត​រីករាយ​របស់​ពួកបរិសុទ្ធ​ដោយ​បាន​ឮ​ពី​គោលលទ្ធិ​ដែល​បាន​ស្ដារ​ឡើង​វិញ​នា​ពេល​ថ្មីៗ​នេះ ៖

ប្រធាន ស្ម៊ីធ បាន​បើក​ប្រធានបទ​ដ៏​ថ្មី និង​រុងរឿង​មួយ ។ … លោក​ពោល​ថា វា​គឺជា​ឯកសិទ្ធិ​នៃ​សាសនាចក្រ​នេះ​ដើម្បី​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ទាំងអស់ ដែល​បាន​ស្លាប់​ពីមុន​ដំណឹងល្អ​នេះ​បាន​លេច​ចេញ​មក ។ … តាមរយៈ​ការធ្វើ​ដូច្នោះ យើង​ធ្វើ​ជា​ភ្នាក់ងារ​សម្រាប់​ពួកគេ ហើយ​ផ្ដល់​ឯកសិទ្ធិ​ដល់​ពួកគេ​ឲ្យ​លេច​ចេញ​មក​ក្នុង​ការរស់​ឡើង​វិញ​លើក​ទីមួយ ។ លោក​ពោល​ថា ពួកគេ​នឹង​មាន​ដំណឹងល្អ​ផ្សាយ​ដល់​ពួកគេ​នៅ​ក្នុង​គុក ។ … ដោយសារ​ការបញ្ជា​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ទីនេះ នោះ​ទឹក​តែង​រវល់​ឥត​ដាច់ ។ អំឡុង​សន្និសីទ​ពេល​ខ្លះ មាន​អែលឌើរ​ពី​ប្រាំបី​ទៅ​ដប់​នាក់​នៅក្នុង​ទឹក​ជ្រមុជ​ទឹក​ក្នុង​ពេល​តែមួយ ។ … តើ​នេះ​ពុំ​មែន​គោលលទ្ធិ​ដ៏​រុងរឿង​ទេ​ឬអី ? ( Vilate Kimball, in Janiece Johnson and Jennifer Reeder, The Witness of Women: Firsthand Experiences and Testimonies from the Restoration [ ឆ្នាំ ២០១៦ ] ទំព័រ ១៨១ )

គ្រួសារ​ស្ម៊ីធ​បាន​មាន​អារម្មណ៍​អំណរ​ដ៏​អស្ចារ្យ​ដោយ​ឥត​សង្ស័យ នៅពេល​ហៃរុម​បាន​ជ្រមុជ​ទឹក​ឲ្យ​បងប្រុស​របស់​លោក​អាលវិន​នោះ ។

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​បងប្អូន​គិត​ថា​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ការប្រោសលោះ​ដល់​មរណជន​គឺជា « គោលលទ្ធិ​ដ៏​រុងរឿង » បែប​នេះ ? តើ​គោលលទ្ធិ​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​លក្ខណៈ និង​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ?

នៅ​ឆ្នាំ​បន្ទាប់ គឺ​ក្នុង​ឆ្នាំ ១៨៤១ ព្រះអម្ចាស់​បាន​ប្រកាស​ថា « ពិធី​នេះ​ត្រូវ​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់​យើង » ហើយ​ថា​ក្រោយពី​អាង​ទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​សង់​រួច នោះ​ពួកបរិសុទ្ធ​ត្រូវ​ឈប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន​នៅក្នុង​ទន្លេ​ទៀត ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២៩–៣៤ ) ។ យ៉ូសែប ស៊្មីធ​បាន​ផ្ដល់​ការណែនាំ​បន្ថែម​ទៀត​អំពី​ការប្រោសលោះ​ដល់​មរណជន​នៅក្នុង​សំបុត្រ​ពីរ​ទៀត ដែល​លោក​បាន​សរសេរ​ទៅកាន់​ពួកបរិសុទ្ធ ខណៈ​លោក​បាន​លាក់​ខ្លួន​ដោយសារ​ការចោទ​ប្រកាន់​ខុសឆ្គង ។ អត្ថន័យ​នៃ​សំបុត្រ​ទាំងនេះ​ឥឡូវ​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៧ និង ១២៨ ។ ព្យាការី​បាន​បង្រៀន​ថា មាន​តែ​ពេល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ហើយ​មាន​កំណត់ត្រា​ត្រឹមត្រូវ​មួយ​បាន​រក្សា​ទុក​ប៉ុណ្ណោះ ទើប​ពិធីបរិសុទ្ធ​នោះ​នឹង​ត្រូវ​ចង​ភ្ជាប់​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៧:៥–៧; ១២៨:១–៩ ) ។

ផ្នែក​ទី ២

តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​បន្ថែម​អ្វីខ្លះ​ទៀត​អំពី​ការប្រោសលោះ​មរណជន​នៅក្នុង​ការនិមិត្ត ដែល​ទ្រង់​បាន​ប្រទាន​ដល់​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ?

ក្រោយពី​ការស្លាប់​របស់​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​បន្ដ​បើក​សម្ដែង​សេចក្ដីពិត​អំពី​ផែនការ​របស់​ទ្រង់​ដើម្បី​ប្រោសលោះ​មរណជន « មួយ​បន្ទាត់​ម្ដងៗ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១២ ) ។ នៅក្នុង​ឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ទទួល​ការនិមិត្ត​មួយ ដែល​បាន​បើក​សម្ដែង​សេចក្ដីពិត​បន្ថែម​ទៀត​អំពី​ការប្រោសលោះ​មរណជន ។ វិវរណៈ​នេះ​របស់​លោក​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨ ។

ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់​ពី​របៀប ដែល​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​រៀបចំ​ខ្លួន​ទទួល​ការនិមិត្ត​ដ៏​អស្ចារ្យ​នេះ ៖

អំឡុងពេល​ក្នុង​ជីវិត​លោក ប្រធាន​ស៊្មីធ​បាន​បាត់បង់​ឪពុក​របស់​លោក [ នៅ​អាយុ ៥ ឆ្នាំ ] ម្តាយ​របស់​លោក [ នៅ​អាយុ ១៣ ឆ្នាំ ] ប្អូន​ប្រុស​ម្នាក់ ប្អូន​ស្រី​ពីរ​នាក់ ប្រពន្ធ​ពីរ និង​កូន​ដប់​បី​នាក់ ។ គាត់​ស្គាល់​យ៉ាង​ជាក់ច្បាស់​ពី​ក្តី​ទុក្ខ និង​ការបាត់បង់​មនុស្ស​ជា​ស្រឡាញ់ ។ …

[ នៅ​ឆ្នាំ ១៩១៨ ] គឺជា​គ្រា​ដ៏​ឈឺចាប់​ខ្លាំង​បំផុត​សម្រាប់​លោក ។ លោក​បាន​កើត​ទុក្ខ​ដោយសារ​មនុស្ស​ជាច្រើន​បាន​ស្លាប់​នៅក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ ដែល​ចំនួន​មនុស្ស​ស្លាប់​នោះ​បន្ត​ឡើង​ដល់ ២០ លាន​នាក់ ។ បន្ថែម​ពីលើ​នោះ​ទៀត ការផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្តាសាយ​បាន​ឆ្លង​រាលដាល​នៅជុំ​វិញ​ពិភពលោក ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​១០០ លាន​នាក់ ។

នៅអំឡុង​ឆ្នាំ​នោះ​ប្រធាន​ស្ម៊ីធ​ក៏​បាត់បង់​សមាជិក​គ្រួសារ​ដ៏​មាន​តម្លៃ … ចំនួន​បី​នាក់​ផងដែរ ។ អែលឌើរ ហៃរុម ម៉ាក ស្ម៊ីធ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​ជា​កូន​ច្បង​របស់​លោក និង​ជា​ជីតា​របស់​ខ្ញុំ បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ការធ្លាយ​ខ្នែង​ពោះវៀន ។

ប្រធាន​ស្ម៊ីធ​បាន​សរសេរ​ថា « ខ្ញុំ​និយាយ​លែង​ចេញ—[ ស្ពឹក​មុខ​អស់​ហើយ ] ដោយ​ក្តី​ទុក្ខព្រួយ ! ខ្ញុំ​ខូច​ចិត្ត ហើយ​ដូចជា​គ្មាន​ព្រលឹង​នៅក្នុង​ខ្លួន​ទេ !… ឱ ! ខ្ញុំ​ស្រឡាញ់​គាត់ ! … ដោយ​អស់​ពី​ដួង​ព្រលឹង​របស់​ខ្ញុំ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ព្រះ​សម្រាប់​គាត់ ! ប៉ុន្តែ … មែនហើយ ! ខ្ញុំ​ត្រូវការ​គាត់ ! យើង​ទាំងអស់​គ្នា​ត្រូវការ​គាត់ ! គាត់​មាន​ប្រយោជន៍​បំផុត​សម្រាប់​សាសនាចក្រ ។… ហើយ​ឥឡូវ​នេះ…ឱ ! តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន ! ឱ ! ព្រះ​អើយ​សូម​ជួយ​ទូលបង្គំ​ផង ! … »

ហើយ​នៅ​ថ្ងៃ​ទី ៣ ខែ តុលា ឆ្នាំ ១៩១៨ ដោយ​មាន​បទពិសោធន៍​នៃ​ទុក្ខ​ព្រួ​យ​ដ៏​ខ្លាំង​ទៅលើ​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ពិភពលោក​ដោយសារ​សង្គ្រាម និង​ជំងឺ ព្រមទាំង​មរណភាព​របស់​សមាជិក​គ្រួសារ​លោក​ផ្ទាល់ នោះ​ប្រធាន​ស្ម៊ីធ​បាន​ទទួល​វិវរណៈ​ពី​សួគ៌ា​ដែល​ត្រូវបាន​ស្គាល់ថា « ការ​និមិត្ត​អំពី​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់ » ។ ( អិម រ័សុល បាឡឺត « The Joy of Redeeming the Dead » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧២ )

យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ទទួល​ការនិមិត្ត​ដ៏​ទេវភាព​របស់​លោក​ខណៈ​កំពុង​សញ្ជឹងគិត​អំពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ពេល​អាន​ការរៀបរាប់​របស់​សាវក​ពេត្រុស​អំពី​ការងារ​បម្រើ​របស់​ព្រះយេស៊ូវ​នៅ​ភព​វិញ្ញាណ ក្រោយពី​ការឆ្កាង​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១–១១ ) ។

រូបភាព​របស់ យ៉ូសែប ហ្វីលឌីង ស្ម៊ីធ, ហៃរុម ម៉ាក ស្ម៊ីធ និង យ៉ូសែប អេហ្វ ស្ម៊ីធ

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ជាមួយ​កូនប្រុស​របស់​លោក ហៃរុម និង​ចៅប្រុស យ៉ូសែប ។

រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣០, ៣៣–៣៤, ៥៧ ហើយ​ពិចារណា​គូស​ចំណាំ​សេចក្ដី ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ប្រធាន​ស្ម៊ីធ​អំពី​របៀប​ដែល​ដំណឹងល្អ​បាន​ផ្សាយ​នៅក្នុង​ពិភព​វិញ្ញាណ ។

នៅក្នុង​មជ្ឈដ្ឋាន​មួយទៀត ប្រធាន​ស្ម៊ីធ​បាន​បង្រៀន​ថា ស្ដ្រី​ដ៏​ស្មោះត្រង់​ក៏​ត្រូវបាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ​នៅ​ពិភព​វិញ្ញាណ​ផងដែរ ( សូមមើល Gospel Doctrine ការបោះពុម្ព​លើក​ទី ៥ [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤៦១ ) ។

ផ្នែក​ទី ៣

តើ​ការចូលរួម​ក្នុង​កិច្ចការ​ប្រោសលោះ​មរណជន​នេះ អាច​ជួយ​ខ្ញុំ​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ីងឃ្លី បាន​បង្ហាញ​ថា ៖ « ខ្ញុំ​គិត​ថា កិច្ចការ​ជំនួស​មរណជន​ឈាន​ចូល​ស្ទើរតែ​ដល់​ខ្លាំង​នឹង​ពលិកម្ម​ជំនួស​របស់​ព្រះអង្គ​សង្គ្រោះ​ទ្រង់​ផ្ទាល់ ជាង​កិច្ចការ​ផ្សេងៗ​ទៀត​ទាំងអស់​ដែល​ខ្ញុំ​ស្គាល់ ។ … » [ « Excerpts from Recent Addresses of President Gordon B. Hinckley » Ensign ខែ មករា ឆ្នាំ ១៩៩៨ ទំព័រ ៧៣ ]

ការ​ថប់​បារម្ភ​របស់​យើង​ដើម្បី​ប្រោសលោះ​មរណជន ព្រមទាំង​ពេលវេលា និង​ធនធាន​ដែល​យើង​បាន​ប្រើ​សម្រាប់​ការ​តាំង​ចិត្ត​នោះ គឺជា​ការ​បង្ហាញ​មួយ​អំពី​សាក្សី​របស់​យើង​ទាក់​ទង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ លើស​អ្វីៗ​ទាំងអស់ ។ វា​បង្កើត​ជា​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដ៏​មាន​អនុភាព​ដែល​យើង​អាច​ធ្វើ​ស្ដីពី​ចរឹត​លក្ខណៈ និង​បេសកកម្ម​ជា​ព្រះ​របស់​ទ្រង់ ។ …

តាមរយៈ​ការស្វែងរក​នូវ​ប្រវតិ្ត​ជីដូន​ជីតា​របស់​យើង និង​តាមរយៈ​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ ដែល​ពួកគាត់​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន នោះ​យើង​កំពុងតែ​ថ្លែង​ទីបន្ទាល់​អំពី​ដង្វាយធួន​ដ៏​គ្មាន​ទីបញ្ចប់​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » Ensign ខែ​វិច្ឆិកា ឆ្នាំ​២០០០ ទំព័រ ១០ )

រូបតំណាង​ការពិភាក្សា

សញ្ជឹងគិត និង​ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការចូលរួម​ក្នុង​កិច្ចការ​ប្រោសលោះ​មរណជន​នេះ គឺជា​ការបង្ហាញ​មួយ​អំពី​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​តាម​របៀបណា ?

ប្រសិនបើ​បងប្អូន​អាច សូម​ឲ្យ​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់​ចែកចាយ​បទពិសោធន៍​របស់​គាត់​អំពី​ការធ្វើ​ពង្សប្រវត្តិ ។ សូម​សួរ​សំណួរ​អំពី​របៀប​ចាប់ផ្ដើម ឬ​របៀប​ធ្វើ​ពង្សប្រវត្តិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​អ្វី​មួយ​ចំនួន​ដែល​បងប្អូន​បាន​រៀន ។