« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២៣ ៖ បេសកកម្មរបស់ព្យាការី និងទុក្ករកម្មព្យាការី យ៉ូសែប ស្ម៊ីធ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២៣ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២៣
បេសកកម្មរបស់ព្យាការី និងទុក្ករកម្មព្យាការី យ៉ូសែប ស្ម៊ីធ
សូមគិតអំពីមនុស្សនៅក្នុងព្រះគម្ពីរ ដែលស្ម័គ្រចិត្តពលីជីវិតរបស់ពួកគេដើម្បីធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់ ។ តើពលិកម្មបែបនេះបង្រៀនបងប្អូនអ្វីខ្លះអំពីទីបន្ទាល់ និងការជឿស៊ប់របស់មនុស្សទាំងនេះ ? នៅពេលបងប្អូនសិក្សាពីបេសកកម្ម និងទុក្ករកម្មរបស់ព្យាការី យ៉ូសែប ស៊្មីធ សូមគិតអំពីរបៀបដែលការរួមចំណែក និងកេរ្ដិ៍តំណែលរបស់លោកបានមានឥទ្ធិពលលើជីវិតរបស់បងប្អូន ។
ផ្នែកទី ១
តើមានព្រឹត្តិការណ៍អ្វីខ្លះដែលបាននាំទៅរកការដាក់គុកព្យាការី យ៉ូសែប ស៊្មីធនៅគុកកាតធេច ?
« យ៉ូសែប និង ហៃរុម ស៊្មីធបានស្លាប់ ។ [ យ៉ូហាន ] ថេលើរបានរងរបួស ។ … ខ្ញុំមិនអីទេ » ។ ពាក្យទាំងនេះគឺជាផ្នែកមួយនៃសារដែល វិលឡឺឌ រីឆាតបានផ្ញើទៅ អិមម៉ា ស៊្មីធ និងពួកបរិសុទ្ធដទៃទៀតនៅទីក្រុងណៅវូប៉ុន្មានម៉ោងក្រោយពី យ៉ូសែប និង ហៃរុម ស៊្មីធត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃនៅគុកកាតធេចនៅល្ងាចថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ( Willard Richards letter, Carthage Jail, June 27, 1844, Church History Library, Salt Lake City ) ។ សូមស្រមៃពីគំនិត និងអារម្មណ៍ដែលអិមម៉ា និងពួកបរិសុទ្ធអាចមាន ពេលពួកគេបានអានពាក្យទាំងនេះហើយ ។
ឥទ្ធិពលខាងនយោបាយ និងសេដ្ឋកិច្ចដ៏កើនឡើងរបស់ពួកបរិសុទ្ធត្រូវបានសហគមន៍ជិតខាងឃើញថាជាការគម្រាមកំហែងមួយ ។ នៅត្រឹមរដូវក្ដៅឆ្នាំ ១៨៤៤ ការប្រឆាំងនឹង យ៉ូសែប ស៊្មីធ និងសាសនាចក្របានកើនឡើងតានតឹងយ៉ាងខ្លាំង ។ មនុស្សមួយចំនួនដែលបានចាកចេញពីសាសនាចក្របានរួមគំនិតអុចអាលទស្សនៈសាធារណៈឲ្យមកប្រឆាំងនឹងព្យាការី ។ ប្រជាជនខ្លះនៅក្នុងរដ្ឋអិលលីណោយបានពិភាក្សាពីការបណ្ដេញពួកបរិសុទ្ធចេញពីរដ្ឋ ខណៈអ្នកផ្សេងទៀតបានគ្រោងសម្លាប់ព្យាការី ។
នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប ស៊្មីធដែលជាអភិបាលក្រុងណៅវូ និងក្រុមប្រឹក្សាក្រុងណៅវូបានបញ្ជាឲ្យបំផ្លាញកាសែត Nauvoo Expositor និងសារព័ត៌មានដែលវាបានបោះពុម្ពផ្សាយ ។ Nauvoo Expositor គឺជាកាសែតប្រឆាំងនឹងពួកមរមន ដែលបាននិយាយបង្ខូចព្យាការី និងពួកបរិសុទ្ធផ្សេងទៀត ហើយបានអំពាវនាវទៅប្ដឹងឧទ្ធរណ៍នៅធម្មនុញ្ញក្រុងណៅវូ ។ មន្ដ្រីក្រុងបានភ័យខ្លាចថា ការបោះពុម្ពនេះនឹងនាំទៅរកសកម្មភាពឧក្រិដ្ឋកម្ម ។ ជាលទ្ធផលនៃសកម្មភាពរបស់អភិបាលក្រុង និងក្រុមប្រឹក្សាក្រុង អ្នកមានសិទ្ធិអំណាចរដ្ឋអិលលីណយបានធ្វើឲ្យមានការចោទប្រកាន់ដែលមិនមានភាពពិតអំពីកុប្បកម្មប្រឆាំងនឹងព្យាការី បងប្រុសរបស់លោក ហៃរ៉ុម និងមន្ដ្រីរាជការក្រុងណៅវូផ្សេងទៀត ។ អភិបាលរដ្ឋអិលលីណយ ថូម៉ាស ហ្វត បានបញ្ជាឲ្យពួកបុរសនោះទៅតុលាការនៅទីក្រុងកាតធេច រដ្ឋអិលលីណយ ជាទីតាំងស្រុក និងបានសន្យាថានឹងការពារពួកគេ ។ យ៉ូសែប បានដឹងថា ប្រសិនបើលោកទៅទីក្រុងកាតធេច នោះជីវិតលោកនឹងស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏ធំដែលមកពីពួកមនុស្សកំណាច ដែលបានគំរាមកំហែងលោក ។ …
…នៅថ្ងៃទី ២៤ ខែ មិថុនា យ៉ូសែប និង ហៃរុម ស៊្មីធបានលាក្រុមគ្រួសាររបស់ពួកគាត់ ហើយបានជិះទៅជាមួយនឹងមន្ដ្រីរាជការក្រុងណៅវូផ្សេងទៀតទៅកាន់ក្រុងកាតធេច ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៥២៩–៥៣០ )
សូមធ្វើសកម្មភាពខាងក្រោមនេះមួយ ឬទាំងពីរ ៖
-
សូមមើលវីដេអូ « ការងារបម្រើរបស់យ៉ូសែប ស្ម៊ីធ ៖ បិទត្រាទីបន្ទាល់របស់លោកដោយឈាមរបស់លោក ( Ministry of Joseph Smith: Sealed His Testimony with His Blood ) » ( ១:១៤ ) ។
-
សូមសិក្សាផ្នែកទី ១ សេសសល់ទាំងប៉ុន្មានទៀត ។
នៅពេលព្យាការីបានធ្វើដំណើរជាមួយមនុស្សដទៃទៅក្រុងកាតធេច លោកបានព្យាករអំពីទុក្ករកម្មរបស់លោក ។
យ៉ូសែប និងហៃរុម « បានចុះចាញ់ដោយស្ម័គ្រចិត្តតាមមន្ដ្រីរាជការស្រុកនៅក្រុងកាតធេចនៅថ្ងៃបន្ទាប់ ។ បន្ទាប់ពីបងប្អូនប្រុសត្រូវបានគេដោះលែងដោយដាក់តម្កល់ប្រាក់សម្រាប់ការចោទប្រកាន់លើកទីមួយ នោះពួកគេត្រូវបានចោទប្រកាន់ដោយខុសឆ្គងពីបទក្បត់នឹងរដ្ឋអិលលីណយ ត្រូវបានគេចាប់ ហើយដាក់គុកនៅក្នុងទីក្រុងកាតធេចដើម្បីរង់ចាំដល់ការកាត់ក្ដី ។ អែលឌើរ យ៉ូហាន ថេលើរ និងវិលឡឺឌ រីឆាដ ជាសមាជិកនៃពួកដប់ពីរនាក់ដែលពេលនោះមិនបានបម្រើបេសកកម្ម ស័្មគ្រចិត្តទៅតាមពួកលោក » ( Teachings of Presidents of the Church: Joseph Smith ទំព័រ ៥៣០ ) ។
ផ្នែកទី ២
តើមានអ្វីបានកើតឡើងនៅគុកកាតធេច ?
សូមធ្វើសកម្មភាពខាងក្រោមនេះមួយ ឬទាំងពីរ ៖
-
សូមមើលវីដេអូ « យ៉ូសែប ស៊្មីធ—ព្យាការីនៃការស្ដារឡើងវិញ » ដែលបង្ហាញពីទិដ្ឋភាពនៃការស្លាប់របស់យ៉ូសែប និងហៃរុម ចេញពីកូដពេល ០:០០ ដល់ ៣:២០ ។
-
សូមអានដំណើររឿងដូចតទៅនេះមកពីក្នុង ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖
ពេលវេលាកន្លងទៅយ៉ាងយឺតនៅក្នុងគុកកាតធេថនារសៀលនោះ ។ នៅក្រោមកម្ដៅថ្ងៃនារដូវក្ដៅ ពួកបុរសបានដោះអាវធំរបស់ពួកគាត់ចេញ ហើយបានបើកបង្អួចដើម្បីឲ្យខ្យល់ចូល ។ នៅខាងក្រៅ បុរសប្រាំបីនាក់ …បានយាមគុក ខណៈពួកជីវពលទាំងឡាយនៅបោះជំរំក្បែរនោះ ។ អ្នកយាមម្នាក់ទៀតបានអង្គុយនៅម្ខាងទៀតនៃទ្វារ ។
ស្ទីហ្វិន ម៉ាកហាំ, ឌែន ចូនស៍ និងមនុស្សដទៃទៀតបានគាំទ្រដល់យ៉ូសែប ។ ក្នុងចំណោមពួកបុរសដែលបាននៅទីនោះនៅយប់មុន មានតែវិលឡឺឌ រីឆាត និង យ៉ូហាន ថេលើរប៉ុណ្ណោះដែលបន្ដនៅជាមួយនឹងយ៉ូសែប និងហៃរុម ។ នៅព្រឹកនាថ្ងៃនោះ អ្នកមកលេងបានយកកាំភ្លើងពីរដើមមកឲ្យអ្នកទោស—គឺកាំភ្លើងខ្លីបង់ប្រាំមួយគ្រាប់ និងកាំភ្លើងខ្លីមួយគ្រាប់—ទុកក្នុងករណីមានការវាយប្រហារ ។ ស្ទីហ្វិនក៏បានទុកដងឈើច្រត់ដ៏មាំមួយផងដែរ ដែលលោកហៅថា « ដងទុច្ចរិត » ។
ដើម្បីបញ្ឈប់អារម្មណ៍នេះ និងពន្លឿនពេលវេលា យ៉ូហានបានច្រៀងចម្រៀងពួកអង់គ្លេសមួយ ។ …
[ ភ្លាមៗក្រោយពីយ៉ូហាន ថេលើរបានច្រៀងចម្រៀងនោះជាលើកទីពីរ ] អ្នកទោសបានឮសំឡេងក្រិចក្រុកនៅឯទ្វារ និងបាញ់កាំភ្លើងបី ឬបួនគ្រាប់ ។ វិលឡឺឌបានមើលទៅក្រៅបង្អួចដែលបើក ហើយបានឃើញមនុស្សរាប់សិបនាក់នៅខាងក្រោម លាបមុខរបស់ពួកវាពណ៌ខ្មៅដោយភក់ និងម្សៅកាំភ្លើង ហើយនាំគ្នាសម្រុកមកកាន់ច្រកទ្វារគុក ។ យ៉ូសែបបានចាប់កាំភ្លើងមួយ ខណៈហៃរុមបានចាប់កាំភ្លើងមួយទៀត ។ … បុរសទាំងបួននាក់បានទប់ខ្លួនជាប់នឹងទ្វារ កាលពួកឧក្រិដ្ឋជនបានសម្រុកឡើងពីជណ្ដើរ ហើយព្យាយាមបុកចូលមកខាងក្នុង ។
សំឡេងកាំភ្លើងបានបន្លឺឡើងនៅតាមកាំជណ្ដើរ កាលពួកឧក្រិដ្ឋបានបាញ់សំដៅមកទ្វារ ។ … គ្រាប់ [ មួយ ] បានបាញ់ធ្លុះឈើ ។ វាត្រូវចំមុខហៃរុម ហើយលោកបានងាកដួលចេញពីទ្វារ ។ គ្រាប់មួយទៀតបានបាញ់ចំផ្នែកខាងក្រោមខ្នងលោក ។ …
« បងប្រុសហៃរុម ! » យ៉ូសែប ស៊្មីធបានស្រែក ។ ដោយកាន់ក្ដាប់កាំភ្លើងខ្លីបង់ប្រាំមួយក្នុងដៃលោក លោកបានបើកទ្វារពីរបីសង់ទីម៉ែត្រ ហើយបានបាញ់តបម្ដង ។ គ្រាប់ដែកមូលជាច្រើនទៀតបានបាញ់ទៅបន្ទប់នោះ ហើយយ៉ូសែបបានបាញ់ទៅពួកឧក្រិដ្ឋជនយ៉ាងសម្បើម ខណៈ យ៉ូហាន [ ថេលើរ ] បានប្រើឈើច្រត់ដើម្បីវាយរំលំធុងកាំភ្លើង និងចំពុះទុងតាមផ្លូវ ។
ក្រោយពីយ៉ូសែបបាញ់កាំភ្លើងខុសពីរ ឬបីគ្រាប់ហើយ យ៉ូហានបានរត់ទៅឯមាត់បង្អួច ហើយព្យាយាមឡើងតាមមាត់បង្អួចនោះ ។ គ្រាប់ដែកមូលមួយបានហោះកាត់បន្ទប់ ហើយបាញ់ត្រូវជើងលើក ធ្វើឲ្យលោកបាត់លំនឹង ។ រាងកាយរបស់គាត់បានស្ពឹក ហើយលោកបានធ្លាក់បុកនឹងមាត់បង្អួច ធ្វើឲ្យបុកនាឡិកាក្នុងហោប៉ៅលោកនៅត្រង់ម៉ោងប្រាំ និងដប់ប្រាំមួយនាទី ។
លោកបានស្រែកថា « ខ្ញុំត្រូវរបួសហើយ ! »
យ៉ូហានបានវារកាត់ឥដ្ឋ ហើយរមៀលចូលក្រោមគ្រែ កាលពួកឧក្រិដ្ឋជនបានបាញ់កាំភ្លើងម្ដងហើយម្ដងទៀត ។ គ្រាប់នោះបានបាញ់ទម្លុះត្រគៀករបស់លោក ធ្វើឲ្យដាច់សាច់ទាំងផ្ទាំង ។ ពីរគ្រាប់ទៀតបានបាញ់ចំខ្មងដៃរបស់លោក និងចំឆ្អឹងលើជង្គង់របស់លោកបន្ដិច ។
នៅម្ខាងទៀតនៃបន្ទប់នោះ យ៉ូសែប និងវិលឡឺដបានខំប្រឹងអស់ពីកម្លាំងរបស់ពួកលោកដើម្បីទប់ទ្វារ កាលវីលឡឺឌបានរុញបន្ដួលធុងគ្រាប់ដែកមូល និងចំពុះទុងនៅពីមុខលោក ។ ភ្លាមៗនោះ យ៉ូសែបបានទម្លាក់កាំភ្លើងរបស់លោកទៅលើឥដ្ឋ ហើយបោះពួយយ៉ាងលឿនទៅរកបង្អួច ។ នៅពេលលោកឈរជ្រែងជើងនៅមាត់បង្អួច គ្រាប់ដែកមូលពីរបានបាញ់ចំខ្នងលោក ។ មួយគ្រាប់ទៀតបានបោះពួយតាមបង្អួច ហើយបានទម្លុះខ្លួនលោកនៅក្រោមបេះដូង ។
លោកបានស្រែកថា « ឱ ព្រះអម្ចាស់ ជាព្រះនៃខ្ញុំអើយ » ។ រាងកាយរបស់លោកបានទ្រេតទៅមុខ ហើយលោកបានធ្លាក់ចេញពីបង្អួចក្បាលទៅមុន ។
វីលឡឺឌបានរត់កាត់បន្ទប់ ហើយអើតក្បាលចេញក្រៅ កាលគ្រាប់សំណមូលបាញ់កាត់គាត់ ។ នៅខាងក្រោម គាត់បានឃើញពួកឧក្រិដ្ឋជនពពាក់ពពួនគ្នានៅជុំវិញរាងកាយរបស់យ៉ូសែប ដែលប្រឡាក់ដោយឈាម ។ …
យ៉ូសែប ស៊្មីធ ដែលជាព្យាការី និងអ្នកមើលឆុតរបស់ព្រះអម្ចាស់បានស្លាប់ ។ ( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយវ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៥៤៨–៥៥២, សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១–២ )
ផ្នែកទី ៣
តើបេសកកម្មជាព្យាការីរបស់យ៉ូសែប ស៊្មីធបានផ្ដល់ពរជ័យដល់ជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
នៅក្រោមការដឹកនាំពីកូរ៉ុមនៃពួកដប់ពីរនាក់ សេចក្ដីប្រកាសជាលាយលក្ខណ៍អក្សរនៃទុក្ករកម្មនេះត្រូវបានរៀបចំឡើងដោយផ្អែកលើ ដំណើររឿងសាក្សីផ្ទាល់ភ្នែករបស់អែលឌើរ យ៉ូហាន ថេលើរ និង វីលឡឺឌ រីឆាត ។ ឥឡូវនេះសេចក្ដីប្រកាសនេះបានកត់ត្រាជា គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥ ។