« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១១ ៖ ការប្រមូលផ្ដុំអ៊ីស្រាអែល » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១១ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១១
ការប្រមូលផ្ដុំអ៊ីស្រាអែល
ពេលថ្លែងទៅកាន់យុវវ័យនៃសាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បានសួរថា ៖ « តើប្អូនៗចង់ចូលរួមចំណែកដ៏ធំមួយនៅក្នុងឧបសគ្គដ៏ធំបំផុត បុព្វហេតុដ៏ធំបំផុត និងកិច្ចការដ៏ធំបំផុតនៅលើផែនដីសព្វថ្ងៃនេះឬទេ ? តើប្អូនៗចង់ជួយប្រមូលវង្សអ៊ីស្រាអែល អំឡុងថ្ងៃចុងក្រោយដ៏មានតម្លៃនេះឬទេ ? »( « ក្តីសង្ឃឹមនៃអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] បន្ថែមទៅនឹង New Era និង Ensignទំព័រ ៨ នៅលើគេហទំព័រ ChurchofJesusChrist.org, អក្សរទ្រេតដើម ) ។
នៅពេលបងប្អូនសិក្សាមេរៀននេះ សូមរកមើលមូលហេតុដែលព្រះអម្ចាស់កំពុងប្រមូលផ្ដុំរាស្ដ្ររបស់ទ្រង់មកពីគ្រប់ជ្រុងនៃពិភពលោកនេះ ហើយពិចារណាពីរបៀបដែលបងប្អូនអាចជួយទ្រង់ឲ្យសម្រេចបានកិច្ចការដ៏ធំអស្ចារ្យនេះ ។
ផ្នែកទី ១
តើអ្វីជាការប្រមូលផ្ដុំអ៊ីស្រាអែល ?
កូនចៅអ៊ីស្រាអែលគឺជាកូនចៅជំនាន់ក្រោយរបស់ព្យាការីយ៉ាកុបក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលឈ្មោះយ៉ាកុបនេះបានផ្លាស់ទៅជាឈ្មោះអ៊ីស្រាអែលវិញ ។ ពួកគេគឺជាអ្នកទទួលបានសេចក្ដីសញ្ញាដូចគ្នានឹងសេចក្ដីសញ្ញា ដែលព្រះបានប្រទានដល់ឪពុករបស់យ៉ាកុប គឺអ៊ីសាក និងដល់ជីតារបស់លោកគឺ អ័ប្រាហាំ ( សូមមើល លោកុប្បត្តិ ២៦:៣–៤, ២៤; អ័ប្រាហាំ ២:៦–១១ ) ។ កូនប្រុសទាំង ១២ របស់យ៉ាកុប និងកូនចៅជំនាន់របស់ពួកគេគឺជា « វង្សអ៊ីស្រាអែល » ឬ « កុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ » ។ ពេលខ្លះ « ព្រះអម្ចាស់ទ្រង់បានកម្ចាត់កម្ចាយ ហើយធ្វើទុក្ខដល់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ពីព្រោះតែអំពើទុច្ចរិត និងការបះបោររបស់ពួកគេ ។ ក៏ប៉ុន្តែព្រះអម្ចាស់ទ្រង់ក៏ប្រើការខ្ចាត់ខ្ចាយនៃរាស្ត្រជម្រើសរបស់ទ្រង់ ក្នុងចំណោមសាសន៍ទាំងឡាយក្នុងលោកិយ ដើម្បីប្រទានពរដល់សាសន៍ទាំងនេះដែរ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ៊ីស្រាអែល » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
សូមពិចារណាគូសចំណាំការព្យាករខាងក្រោមនេះមួយចំនួនអំពីការប្រមូលផ្ដុំអ៊ីស្រាអែល ។
ព្រះគម្ពីរមរមនបង្រៀនថា ព្រះអង្គសង្គ្រោះនឹងប្រមូលផ្ដុំកូនចៅជំនាន់ក្រោយរបស់យ៉ាកុបដោយព្រះអង្គផ្ទាល់ ។
នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង សមាជិកសាសនាចក្រពីដើមមួយចំនួនបានចាប់អារម្មណ៍យ៉ាងខ្លាំងលើការព្យាករណ៍ក្នុងព្រះគម្ពីរមរមន អំពីការប្រមូលផ្ដុំរាស្ដ្ររបស់ព្រះនៅថ្ងៃចុងក្រោយដើម្បីកសាងក្រុងស៊ីយ៉ូន ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ( សូមមើល នីហ្វៃទី៣ ២១:២៣–២៦ ) ។ ជាច្រើនថ្ងៃពីមុនសន្និសីទសាសនាចក្រមួយនៅខែ កញ្ញា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និងមនុស្សដទៃទៀតបានទូលសួរព្រះអម្ចាស់ទាក់ទងទៅនឹងការព្យាករណ៍នេះ ហើយទទួលបានវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩ ។
មួយខែក្រោយពីវិវរណៈនេះត្រូវបានប្រទានមក អូលីវើរ ខៅឌើរី និងមនុស្សដទៃបីនាក់ទៀតបានចាប់ផ្ដើមដំណើរផ្សព្វផ្សាយសាសនា ដើម្បីជួយប្រមូលផ្ដុំអ្នកជម្រើសរបស់ព្រះអម្ចាស់ ។
ជោគជ័យដ៏អស្ចារ្យបំផុតរបស់អ្នកផ្សព្វផ្សាយសាសនាទាំងនេះដែលបានទទួល នៅពេលពួកគេបានឈប់នៅក្នុងតំបន់នៃទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ នៅទីនោះពួកគេបានជ្រមុជទឹកអ្នកប្រែចិត្តជឿថ្មីចំនួន ១៣០ នាក់ ភាគច្រើនមកពីក្រុមជំនុំពួកបាទីស្ទកែទម្រង់របស់ស៊ីដនី រិកដុន ដែលនាំឲ្យក្លាយជាកន្លែងបើកមុខមួយនៃការប្រមូលផ្តុំសម្រាប់សមាជិកសាសនាចក្ររាប់រយនាក់ទៀតនៅឆ្នាំក្រោយៗមកទៀត។( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៥០ )
ក្រោយពីកិច្ចខំប្រឹងផ្សព្វផ្សាយសាសនាលើកដំបូងនេះ ព្រះអម្ចាស់បានបន្ដហៅពួកអ្នកផ្សព្វផ្សាយសាសនាឲ្យមកធ្វើការប្រមូលផ្ដុំអស់អ្នកដែលនឹងស្ដាប់តាមសំឡេងរបស់ទ្រង់ ។
នៅចុងខែ ធ្នូ ឆ្នាំ ១៨៣០ តាមរយៈយ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានបើកសម្ដែងព្រះទ័យរបស់ទ្រង់សម្រាប់សាសនាចក្រទាក់ទងទៅនឹងកន្លែងប្រមូលផ្ដុំមួយនៅរដ្ឋអូហៃអូ ៖
ទ្រង់បានប្រកាសថា « បទបញ្ញត្តិមួយដែលយើងប្រកាសដល់សាសនាចក្រនេះថា ពួកគេគួរតែជួបជុំគ្នានៅរដ្ឋអូហៃអូ » ។ ពួកគេត្រូវជួបជុំជាមួយអ្នកប្រែចិត្តជឿថ្មីនៅតំបន់ខឺតឡង់ ហើយរង់ចាំឲ្យពួកអ្នកផ្សព្វផ្សាយសាសនាត្រឡប់មកពីភាគខាងលិចវិញ ។ …
ការហៅឲ្យប្ដូរទៅរដ្ឋអូហៃអូហាក់នាំពួកបរិសុទ្ធឲ្យខិតជិតទៅការបំពេញតាមការព្យាករណ៍ពីបុរាណស្ដីពីការប្រមូលផ្ដុំរាស្ដ្ររបស់ព្រះ ។ ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនទាំងពីរបានសន្យាថា ព្រះអម្ចាស់នឹងប្រមូលរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ឲ្យជុំគ្នា ដើម្បីការពារពួកគេពីហានិភ័យនៃថ្ងៃចុងក្រោយនេះ ។( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១០៩ )
តាមរយៈវិវរណៈនេះ និងវិវរណៈផ្សេងទៀត ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យជួបជុំគ្នាលើកដំបូងនៅរដ្ឋអូហៃអូ និងមិសសួរី រួចហើយទៅរដ្ឋអិលលីណោយ ហើយបន្ទាប់មកទៅជ្រលងភ្នំសលត៍ លេក ។ នៅតាមកន្លែងជួបជុំគ្នាទាំងនេះនីមួយៗ ព្រះអម្ចាស់បានត្រាស់បង្គាប់ពួកបរិសុទ្ធឲ្យសាងសង់ព្រះវិហារបរិសុទ្ធ ។
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះអម្ចាស់ប្រមូលរាស្ត្ររបស់ទ្រង់ដើម្បីថ្វាយបង្គំ ស្ថាបនាសាសនាចក្រ ទុកជាការការពារមួយ ហើយទទួលការប្រឹក្សា និងការណែនាំ ។ …
ព្យាការីយ៉ូសែប ស្ម៊ីធ បានប្រកាសថា នៅគ្រប់ជំនាន់ទាំងអស់ ព្រះរាជបំណងនៃការប្រមូលផ្ដុំ គឺជាការសង់ព្រះវិហារបរិសុទ្ធដើម្បីឲ្យកូនចៅរបស់ព្រះអម្ចាស់អាចទទួលពិធីបរិសុទ្ធដ៏ខ្ពស់បំផុត ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច [ សូមមើល ការបង្រៀនរបស់ប្រធាននៃសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤១៦–១៩ ] ។ ( ដេវីឌ អេ បែដណា « The Spirit and Purposes of Gathering » [ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យព្រិកហាំ យ៉ង់–អាយដាហូ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០០៦ ] នៅលើគេហទំព័រ byui.edu )
សព្វថ្ងៃនេះព្រះអម្ចាស់ប្រមូលផ្ដុំរាស្ដ្ររបស់ទ្រង់ខាងសាច់ឈាមឲ្យទៅស្ដេកនៃក្រុងស៊ីយ៉ូន និងព្រះវិហារបរិសុទ្ធនៅគ្រប់ជាតិសាសន៍ទូទាំងផែនដីនេះ ។
ទ្រង់ក៏ប្រមូលផ្ដុំពួកគេខាងវិញ្ញាណឲ្យដឹងពីដំណឹងល្អរបស់ទ្រង់ផងដែរ ( សូមមើល នីហ្វៃទី១ ១៥:១២–១៦ ) ។
ផ្នែកទី ២
តើខ្ញុំអាចជួយព្រះអម្ចាស់ប្រមូលផ្ដុំអ៊ីស្រាអែលនៅថ្ងៃចុងក្រោយដោយរបៀបណា ?
អ្នកប្រែចិត្តជឿពីដើមម្នាក់ទៅក្នុងសាសនាចក្រដែលទើបបានស្ដារឡើងវិញថ្មី ដែលមានឈ្មោះថា ហើប៊ើរ ស៊ី ឃឹមបឹល ត្រូវបានហៅឲ្យធ្វើជាសមាជិកមួយរូបក្នុងកូរ៉ុមនៃពួកដប់ពីរនាក់នៅពេលក្រោយមក ។ ហើប៊ើរបានមានអារម្មណ៍ភ័យញញើត ដោយសារសមត្ថភាពរបស់លោកក្នុងការចែកចាយដំណឹងល្អជាមួយនឹងមនុស្សដទៃ ។ លោកបាននឹកចាំថា ៖
« ប្រហែលជាថ្ងៃទី មួយ នៃខែ មិថុនា ឆ្នាំ ១៨៣៧ ព្យាការី យ៉ូសែប បានមកជួបខ្ញុំ ខណៈដែលខ្ញុំកំពុងអង្គុយ…នៅព្រះវិហារបរិសុទ្ធ នៅខឺតឡង់ ហើយខ្សឹបប្រាប់ខ្ញុំថា ‹ បងប្រុស ហើប៊ើរ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានខ្សឹបប្រាប់ខ្ញុំថា « ចូរឲ្យអ្នកបម្រើយើង ហើប៊ើរទៅប្រទេសអង់គ្លេស ហើយផ្សាយដំណឹងល្អរបស់យើង ហើយបើកទ្វារនៃសេចក្តីសង្គ្រោះដល់ជាតិសាសន៍នោះ » › » ។ អែលឌើរ ឃឹមបឹល ច្របូកច្របល់ក្នុងចិត្តដោយគំនិតដែលគិតថា ៖ « ខ្ញុំមានអារម្មណ៍ថាខ្ញុំជាអ្នកបម្រើព្រះដ៏ទន់ខ្សោយខ្លាំងបំផុត ។ ខ្ញុំបានសួរយ៉ូសែប ពីអ្វីដែលខ្ញុំគួរនិយាយនៅពេលខ្ញុំទៅដល់ទីនោះ លោកបានប្រាប់ខ្ញុំឲ្យអធិស្ឋានទៅព្រះអម្ចាស់ ហើយទ្រង់នឹងដឹកនាំខ្ញុំ ហើយមានបន្ទូលមកកាន់ខ្ញុំដោយព្រះវិញ្ញាណដដែលដែល [ បានដឹកនាំ ] លោក » ។( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣២៧ )
អែលឌើរ ឃឹមបឹល បានកត់ត្រាក្នុងសៀវភៅកំណត់ហេតុរបស់លោកដូចខាងក្រោមនេះ ៖
ដោយមានអារម្មណ៍ពីចំណុចខ្សោយរបស់ខ្លួនខ្ញុំផ្ទាល់ និងភាពមិនចុះសម្រុងសម្រាប់កិច្ចការមួយបែបនេះ ខ្ញុំបានស្រែកយំដ៏ខ្លាំងទៅព្រះអម្ចាស់ ទូលសូមប្រាជ្ញា និងការលួងលោម និងការគាំទ្រដែលខ្ញុំត្រូវការយ៉ាងខ្លាំងនោះ ។ …
ខ្ញុំបានខិតខំដាក់ទីទុកចិត្តរបស់ខ្ញុំលើព្រះដោយជឿថា ទ្រង់នឹងជួយខ្ញុំក្នុងការផ្សព្វផ្សាយសេចក្ដីពិត ផ្ដល់សំឡេងដល់ខ្ញុំ ហើយថា ទ្រង់នឹងគង់នៅជាមួយខ្ញុំ ផ្ដល់ជំនួយនៅក្នុងគ្រាដែលខ្ញុំត្រូវការទ្រង់ ។ ( Journal of Heber C. Kimball, ed. R. B. Thompson [ ឆ្នាំ ១៨៤០ ] ទំព័រ ១៥ )
ក្រោយមក ហើប៊ើរ ស៊ី ឃឹមបឹល បាននឹកចាំថា ៖
ខ្ញុំបានចេញទៅ ហើយបំពេញបេសកកម្មស្របតាមពាក្យរបស់ព្យាការីនៃព្រះដ៏មានព្រះជន្មរស់ ហើយបានចេញពីក្រុងខឺតឡង់អស់រយៈពេលដប់មួយខែ និងពីរថ្ងៃ…ដែលក្នុងអំឡុងពេលនេះ មានព្រលឹងប្រហែលពីរពាន់នាក់បានបន្ថែមមកក្នុងសាសនាចក្រ និងនគររបស់ព្រះ ។ ( Heber C. Kimball « Sermon » Deseret News ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៨៥៧ ទំព័រ ៣ )
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយក៏បានបង្រៀនផងដែរថា យើងអាចពឹងពាក់លើព្រះអម្ចាស់បាន ខណៈយើងជួយប្រមូលផ្ដុំអ៊ីស្រាអែលតាមរយៈការចែកចាយដំណឹងល្អរបស់ទ្រង់ ៖
យើងត្រូវតែអធិស្ឋានទូលសូមជំនួយ និងការដឹកនាំពីព្រះអម្ចាស់ដើម្បីឲ្យយើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់សម្រាប់មនុស្សម្នាក់ដែលត្រៀមខ្លួននៅពេលនេះ—ជាមនុស្សម្នាក់ដែលទ្រង់សព្វព្រះទ័យឲ្យយើងជួយនៅថ្ងៃនេះ ។ បន្ទាប់មកយើងត្រូវត្រងត្រាប់ស្ដាប់ ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណអំពីរបៀបដែលយើងត្រូវចាប់ផ្ដើម ។
ការបំផុសគំនិតទាំងនោះនឹងកើតមានឡើង ។ យើងដឹងមកពីទីបន្ទាល់ផ្ទាល់ខ្លួនជាច្រើនថា តាមរបៀបរបស់ទ្រង់ផ្ទាល់ និងតាមពេលវេលារបស់ទ្រង់ នោះព្រះអម្ចាស់កំពុងរៀបចំមនុស្សឲ្យទទួលយកដំណឹងល្អរបស់ទ្រង់ ។ មនុស្សទាំងនេះកំពុងស្វែងរកដំណឹងល្អ ហើយនៅពេលយើងខិតខំរកពួកគេ នោះព្រះអម្ចាស់នឹងឆ្លើយតបដល់ការអធិស្ឋានរបស់ពួកគេ តាមរយៈការឆ្លើយតបនឹងការអធិស្ឋានរបស់យើង ។ ទ្រង់នឹងបំផុស ហើយដឹកនាំមនុស្សដែលមានបំណងប្រាថ្នា និងមនុស្សដែលស្វែងរកការដឹកនាំដោយចិត្តស្មោះឲ្យដឹងពីរបៀប ទីកន្លែង ពេលវេលា និងនរណាដែលត្រូវចែកចាយដំណឹងល្អ ។ ( ដាល្លិន អេក អូក « Sharing the Restored Gospel » Ensign ខែ វិច្ឆិកា ឆ្នាំ២០០១ ទំព័រ ៨ )
ប្រធាន ណិលសុន បានបង្រៀនបន្ថែមទៀតថា ៖
ឥឡូវ ការចូលរួមនៅក្នុងការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែលនឹងតម្រូវឲ្យមានការលះបង់ខ្លះៗពីប្អូនៗ ។ វាអាចនឹងតម្រូវឲ្យមានការផ្លាស់ប្ដូរខ្លះៗនៅក្នុងជីវិតប្អូនៗ ។ វាច្បាស់ជាយកពេលវេលា និងថាមពល ព្រមទាំងទេពកោសល្យដែលព្រះបានប្រទានដល់ប្អូនៗខ្លះៗហើយ ។ ប្អូនចាប់អារម្មណ៍ទេ ? …
…ការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល មានន័យថា ការផ្ដល់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅឲ្យបុត្រាបុត្រីរបស់ព្រះនៅទាំងសង្ខាងនៃវាំងនន ដែលពុំទាន់បានធ្វើសេចក្ដីសញ្ញាសំខាន់ជាមួយព្រះ ឬពុំបានទទួលពិធីបរិសុទ្ធចាំបាច់របស់ពួកគេ ។ …
…ប្អូនៗត្រូវបានបញ្ជូនមកកាន់ផែនដីនៅគ្រាដ៏ជាក់នេះ គ្រាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃពិភពលោក ដើម្បីជួយប្រមូលវង្សអ៊ីស្រាអែល ! គ្មានអ្វី កើតឡើងនៅលើផែនដីនេះក្នុងពេលនេះ ដែលសំខាន់ជាងកិច្ចនេះទេ ។ គ្មានអ្វី ដែលមានសារៈសំខាន់ខ្លាំងជាងនោះទេ ។ គ្មានទាល់តែសោះ ។
…នេះគឺជាបេសកកម្មដែលប្អូនៗត្រូវបានបញ្ជូនមកផែនដី ។ ( រ័សុល អិម ណិលសុន « សង្ឃឹមនៃអ៊ីស្រាអែល » ទំព័រ ៨, អក្សរទ្រេតដើម )