ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៩ ៖ ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះប្រោសលោះ​ដ៏​ទេវភាព​របស់​យើង


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៩ ៖ ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះប្រោសលោះ​ដ៏​ទេវភាព​របស់​យើង » សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទីរឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៩ » សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទីរឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៩

ព្រះយេស៊ូវ​គ្រីស្ទ ៖ ព្រះប្រោសលោះ​ដ៏​ទេវភាព​របស់​យើង

សេចក្ដី​លម្អិត​មកពី​ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន ដោយ ហែនរិច ហូហ្វម៉ាន់

មនុស្ស​មួយ​ចំនួន​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា​គំរូ​ល្អ​ដ៏​សាមញ្ញ​មួយ​ដើម្បី​ធ្វើតាម អ្នកខ្លះ​មើល​ថា​ជា​ព្យាការី​ជំនាន់​ដើម​មួយ​អង្គ ហើយ​ខ្លះ​ទៀត​ថា​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ។ តើ​អ្វី​ជា​ជំនឿ និង​លក្ខណៈ​ទូទៅ​បំផុត​អំពី​ព្រះអម្ចាស់​នៅ​កន្លែង ដែល​បងប្អូន​រស់នៅ ? តើ​អ្វី​ជា​ជំនឿ និង​ការប្រែចិត្ត​ជឿ​របស់​បងប្អូន​អំពី​ទ្រង់ ? កាល​បងប្អូន​សិក្សា​ការនិមិត្ត វិវរណៈ និង​បទគម្ពីរ​ដែល​ព្យាការី យ៉ូសែប ស៊្មីធ​បាន​ទទួល​អំពី​ព្រះយេស៊ូវ​គ្រីស្ទ សូម​ពិចារណា​ពី​របៀប​ដែល​វា​អាច​ពង្រឹង​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ទ្រង់ ដែល​ជា​ព្រះប្រោសលោះ​ដ៏​ទេវភាព​របស់​បងប្អូន​ឲ្យ​កាន់តែ​ស៉ីជម្រៅ ។

ផ្នែក​ទី ១

តើ យ៉ូសែប ស៊្មីធ និង​ការស្ដារ​ឡើងវិញ​មាន​សារសំខាន់​យ៉ាង​ដូចម្ដេច ចំពោះ​ការយល់​ដឹង​របស់​ខ្ញុំ​អំពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ?

ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់ យ៉ូសែប ស៊្មីធ​ជាមួយ​ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​កាល​យ៉ូសែប​នៅ​ជា​យុវវ័យ ។ លោក​បាន​សរសេរ​អំពី​ការណ៍​នោះ​នៅ​អាយុ​ប្រហែល ១២ ឆ្នាំ « គំនិត​ខ្ញុំ​មាន​ទុក្ខ​ខ្លាំង​ទៅៗ ដោយសារ​ខ្ញុំ​ជាប់ទោស​នឹង​អំពើបាប​របស់​ខ្ញុំ ។… ខ្ញុំ​មាន​អារម្មណ៍​យំសោក​ចំពោះ​អំពើបាប​របស់​ខ្ញុំ​ផ្ទាល់ និង​ចំពោះ​អំពើបាប​នៃ​ពិភពលោក​នេះ » ។​…

យ៉ូសែប​អធិស្ឋាន ដោយ ប្រាយអិន ខល

ក្រោយមក យ៉ូសែប​វ័យ​ក្មេង « បាន​អំពាវនាវ​សូម​ព្រះអម្ចាស់​នូវ​សេចក្ដី​មេត្តា » ហើយ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ក្នុង​ការនិមិត្ត​ថា ៖ « យ៉ូសែប បុត្រ​យើង​អើយ អំពើបាប​បុត្រ​បាន​អភ័យទោស​ឲ្យ​បុត្រ​ហើយ ។ ចូរ​ដើរ​ទៅ​តាម​ផ្លូវ​បុត្រ ដើរ​តាម​ច្បាប់​របស់​យើង និង​កាន់តាម​បទបញ្ញត្តិ​របស់​យើង​ចុះ ។ មើលចុះ យើង​គឺជា​ព្រះអម្ចាស់​នៃ​សីរី​រុងរឿង ។ យើង​ត្រូវ​គេ​ឆ្កាង​ដើម្បី​លោកិយ ដើម្បី​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះនាម​យើង​អាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ។

តាមរយៈ​បទពិសោធន៍​នៃ​ការនិមិត្ត​ដំបូង​នេះ យ៉ូសែប​បាន​ដឹង​ដោយ​ខ្លួន​ឯង​ថា ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌​មាន​ក្ដី​មេត្តា និង​អភ័យ ។ ក្រោយពី​សន្ទនា​ជាមួយ​នឹង​ព្រះអម្ចាស់ ហើយ​ទទួល​បាន​ការអភ័យទោស​ដល់​អំពើបាប​របស់​លោក យ៉ូសែប​បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « ព្រលឹង​ខ្ញុំ​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ខ្ញុំ​អាច​អររីករាយ​នឹង​ក្ដី​អំណរ​ដ៏​អស្ចារ្យ ។ ព្រះអម្ចាស់​គង់​នៅ​ជាមួយ​ខ្ញុំ » ( « Joseph Smith’s Accounts of the First Vision » Circa Summer 1832 History នៅលើ​គេហទំព័រ josephsmithpapers.org ) ។

សូម​គិត​អំពី​គ្រា​នៅក្នុង​ជីវិត​របស់​បងប្អូន ពេល​បងប្អូន​មាន​អារម្មណ៍​ខ្វល់ខ្វាយ​ស្រដៀង​នឹង​យ៉ូសែប​ដែរ ។ បងប្អូន​អាច​យល់​ពី​បំណង​របស់​លោក​ដើម្បី​ទទួល​បាន​ការអភ័យ និង​ក្ដី​អំណរ​របស់​លោក​ក្នុង​ការដឹង​ថា ព្រះអម្ចាស់​គង់​នៅ​ជាមួយ​លោក​ផងដែរ ។

ការនិមិត្ត​ដ៏​ច្រើន​របស់ យ៉ូសែប ស៊្មីធ​អំពី​ព្រះអង្គ​សង្គ្រោះ​បាន​អនុញ្ញាត​ឲ្យលោក​បម្រើ​ជា​សាក្សី​ថ្ងៃ​ចុងក្រោយ​ដ៏​មាន​អនុភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ ខណៈ​ធ្វើការ​លើ​កំណែ​ព្រះគម្ពីរ​ប៊ីប​ថ្មី​ដ៏​បំផុស​គំនិត ( ដែល​ស្គាល់​ថា​ជា ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ) យ៉ូសែប ស៊្មីធ និង ស៉ីឌនី រីកដុន បាន​ឃើញ​ការនិមិត្ត​មួយ​ដែល​ពួកលោក « បាន​មើល​ឃើញ​សិរីល្អ​នៃ​ព្រះរាជបុត្រា គង់នៅ​ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះវរបិតា » ។ ដោយ​ថ្លែង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ពួកលោក​បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « ទ្រង់​មាន​ព្រះជន្ម​រស់នៅ ! »( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០, ២២–២៣ ) ។

សូម​កត់​ចំណាំ​អ្វី​ដែល​សេចក្ដីពិត​ផ្សេងទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ព្យាការី​បាន​ឃើញ​នៅក្នុង​ការនិមិត្ត​នេះ ។

រូបតំណាង ការសិក្សា

សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២៣–២៤ ។

ព្រះអម្ចាស់​បង្ហាញ​ព្រះកាយ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ឌេល ផាសិន

បួន​ឆ្នាំ​ក្រោយមក ព្យាការី​បាន​ថ្លែង​ទីបន្ទាល់​ម្ដងទៀត​អំពី​ការមើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ហើយ​បាន​ប្រកាស​ថា « ព្រះភក្ត្រ​របស់​ទ្រង់​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ ហើយ​សំឡេង​របស់​ទ្រង់​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:៣ ) ។

ព្រះអម្ចាស់​បាន​បង្រៀន​ពួកបរិសុទ្ធ​ថា នៅពេល​ពួកគេ​សិក្សា​វិវរណៈ​ដែល​បាន​ប្រទាន​តាមរយៈ​ព្រះវិញ្ញាណ​នោះ « អ្នក​រាល់​គ្នា​អាច​ធ្វើ​ទីបន្ទាល់​ថា អ្នក​បាន​ឮ​សំឡេង​របស់​យើង ហើយ​ស្គាល់​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨:៣៦ ) ។

ដោយ​ពិចារណា​ពី​ការរួម​ចំណែក​របស់ យ៉ូសែប ស៊្មីធ​ដល់​ការយល់ដឹង​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ប្រកាស​ថា ៖

តាមរយៈ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​លោក​ជាមួយ​ព្រះអម្ចាស់ ការបកប្រែ និង​ការបោះពុម្ព​ព្រះគម្ពីរ​មរមន​របស់លោក និង​ការបិទ​ទីបន្ទាល់​របស់លោក​ដោយ​លោហិត​ទុក្ករជន​របស់​លោក យ៉ូសែប បាន​ក្លាយជា​អ្នកទទួល​វិវរណៈ​ដ៏មហិមា​បំផុត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​លក្ខណៈ​ពិត​របស់ទ្រង់ ក្នុង​នាមជា​ព្រះប្រោសលោះ​ដ៏ទេវភាព ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Born Again » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៩ )

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ដោយសារតែ​ការនិមិត្ត វិវរណៈ និង​បទគម្ពីរ​ដែល​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ នោះ​យើង​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​មួយ​អំពី​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ចំណេះដឹង​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​នឹង​បាត់បង់ បើ​គ្មាន​ព្យាការី យ៉ូសែប ស្ម៉ីធ​ទេ​នោះ ? តើ​វា​នឹង​មាន​ឥទ្ធិពល​អ្វីខ្លះ​លើ​ជីវិត​របស់​បងប្អូន ប្រសិនបើ​ចំណេះដឹង​នោះ​បាន​បាត់បង់ ? ( សូម​គិត​ដល់​សំណួរ​ទាំងនេះ កាល​បងប្អូន​បន្ដ​ការសិក្សា ) ។

ផ្នែក​ទី ២

តើ​សេចក្ដីពិត​ដែល​បាន​ស្ដារ​ឡើងវិញ​អ្វីខ្លះ​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អាច​បង្កើន​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ទ្រង់ ?

កំណត់​ចំណាំ ៖ កាល​បងប្អូន​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម និង​ការបង្រៀន​ពី​ព្យាការី សូម​ពិចារណា​គូស​ចំណាំ​សេចក្ដីពិត ដែល​ទាក់ទង​នឹង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បងប្អូន​ចាប់​អារម្មណ៍ ។

សេចក្ដីពិត​ដ៏​ច្បាស់លាស់ និង​ដ៏​មាន​តម្លៃ​ជាច្រើន​អំពី​ដំណឹងល្អ និង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​ស្ដារ​ឡើងវិញ តាមរយៈ​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ​នៃ​ព្រះគម្ពីរ​មរមន ( សូមមើល នីហ្វៃ​ទី ១ ១៣:៣៤, ៤០ ) ។

រូបតំណាង ការសិក្សា

សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ៣៤:១០, ១២ ហើយ​រកមើល​អ្វី​ដែល​ព្យាការី​អាម៉ូលេក​ក្នុង​ព្រះគម្ពីរ​មរមន​បាន​បង្រៀន​សាសន៍​សូរ៉ាំ​មួយ​ក្រុម អំពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ពី​អ្វី​ដែល​ធ្វើឲ្យ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​និរន្ដរ៍ ៖

ដង្វាយធួន​របស់​ទ្រង់​គឺ​និរន្ដរ៍​—​ដោយ​គ្មាន​ទីបញ្ចប់ [ សូមមើល នីហ្វៃទី​២ ៩:៧; ២៥:១៦; អាលម៉ា ៣៤:១០, ១២, ១៤ ] ។ វា​ក៏ជា​និរន្ដរ​ដែល​មនុស្ស​ជាតិ​ទាំងអស់​នឹង​ត្រូវបាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ដែល​មិន​ចេះ​ចប់ ។ វា​ជានិរន្ដរ​ក្នុង​ន័យ​ការរងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ វា​មាន​ទំហំ​និរន្ដរ​ក្នុង​ពេលវេលា ដោយ​ការបញ្ចប់​គំរូ​ដើម​ពីមុន​នៃ​យញ្ញបូជា​សត្វ ។ វា​មានទំហំ​អនន្ដ —វា​ត្រូវ​ធ្វើ​តែ​ម្ដង​សម្រាប់​មនុស្ស​ទាំងអស់ [ សូមមើល ហេព្រើរ ១០:១០ ] ។ ហើយ​សេចក្ដីមេត្តា​ករុណា​នៃ​ដង្វាយធួន​ពង្រីក​មិនត្រឹម​តែ​ដល់​ចំនួន​មនុស្ស​ដ៏​ច្រើន​មហិមា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ដល់​ចំនួន​ដ៏​អនន្ដ​នៃ​ពិភពលោក​ទាំងឡាយ​ដែល​ទ្រង់​បាន​បង្កើត​ផង​ដែរ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:២៤; ម៉ូសេ ១:៣៣ ] ។ វា​មាន​ចំនួន​អនន្ដ​លើស​ពី​ទំហំ​នៃ​រង្វាស់ ឬ​ការ​យល់ដឹង​ខាង​សាច់​ឈាម​ណា​មួយ​របស់​មនុស្ស​ទៅ​ទៀត ។

ព្រះយេស៊ូវ​គឺជា​អង្គ​តែ​មួយ​គត់ ដែល​អាច​ផ្ដល់​នូវ​ដង្វាយធួន​ជានិរន្ដរ​មួយ​បែប​នោះ​បាន ដោយសារ​ទ្រង់​បាន​ប្រសូត​ពី​ម្ដាយ​ជា​សាច់​ឈាម​ម្នាក់ និង ពី​ព្រះវរបិតា​ដ៏​អមត​មួយអង្គ ។ ដោយសារ​តែ​សិទ្ធិ​ខាង​កំណើត​ដ៏​វិសេស​នោះ​ហើយ ទើប​ព្រះយេស៊ូវ​គឺជា​អង្គ​ដ៏​និរន្ដរ៍ ។ ( រ័សុល អិម ណិលសុន « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ )

រូបតំណាង ការសិក្សា

សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ព្យាការី​អាលម៉ា​ក៏​បាន​បង្រៀន​សេចក្ដីពិត​ដ៏​សំខាន់​ដល់​ប្រជាជន​គេឌាន អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ដែរ ។ សូម​អាន អាលម៉ា ៧:១១–១៣ ។

ក្រោយពី​ដកស្រង់​ចេញពី អាលម៉ា ៧ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

គ្មាន​ការឈឺចាប់​ខាង​សាច់ឈាម ការរង​របួស​ខាងវិញ្ញាណ និង​ការឈឺចិត្ត​ក្នុង​ព្រលឹង ការចុក​ចាប់ ជំងឺ ឬ​ភាពកំសោយ​ណា​ដែល​អ្នក ឬ​ខ្ញុំ​ជួប​ក្នុងជីវិត​នេះ ដែល​ព្រះអង្គ​សង្គ្រោះ​មិន​ធ្លាប់​បាន​មាន​បទពិសោធន៍​ជាមុន​នោះទេ ។ នៅក្នុង​គ្រា​នៃ​ភាពទន់ខ្សោយ​មួយ យើង​អាច​នឹង​ស្រែក​ឡើង​ថា « គ្មាន​នរណា​ម្នាក់​ស្គាល់​ពី​អារម្មណ៍​នេះ​ទេ ។ គ្មាន​នរណា​ម្នាក់ដឹង​ទេ » ។ ប៉ុន្តែ​ព្រះ​រាជបុត្រានៃ​ព្រះ​ត្រាស់​ដឹង និង​យល់​ដ៏​ឥត​ខ្ចោះ ដ្បិត​ទ្រង់​បានដឹង និងរែក​បន្ទុក​របស់​យើង​ម្នាក់ៗ ។ ហើយ​ព្រោះតែ​ពលិកម្ម​ដ៏គ្មាន​ទីបញ្ចប់ និង​ដ៏​អស់កល្ប​ជានិច្ច​របស់ទ្រង់ ( សូម​មើល អាលម៉ា ៣៤:១៤ ) នោះ​ទើប​ទ្រង់​មាន​ការយល់​ដឹង​ដ៏​ឥតខ្ចោះ ហើយ​អាច​លាត​ព្រះហស្ដ​នៃ​សេចក្តី​មេត្តា​កុរណា​របស់​ទ្រង់​មក​រកយើង ។ ទ្រង់​អាច​ឈោង ពាល់ ព្យាបាល និង​ពង្រឹង​យើង​បាន ។ ( ដេវីឌ អេ បែដណា « រែក​បន្ទុក​របស់​ពួកគេ​យ៉ាង​ងាយ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩០ )

យ៉ូសែប ស៊្មីធ​បាន​ទទួល​វិវរណៈ​មួយ ដែល​ភ្ជាប់​ការរងទុក្ខ​ដ៏​មិន​អាច​ប្រៀបធៀប​បាន​របស់​ព្រះអម្ចាស់​ទៅនឹង​តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ ។ ក្រោយពី​ហៅ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ​ឲ្យ​ផ្សាយ​ពី​ការប្រែចិត្ត​ហើយ ព្រះអម្ចាស់​បាន​ណែនាំ​ពួកលោក ។

រូបតំណាង ការសិក្សា

សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១១, ១៣ ។

ព្រះគ្រីស្ទ​លុត​ជង្គង់​នៅ​សួនច្បារ​គែតសេម៉ានី

ព្រះអម្ចាស់​បាន​មាន​បន្ទូល​បន្ដ​ទៀត​អំពី​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ក្នុង​វិវរណៈ​មួយ ដែល​បាន​ប្រទាន​ដល់​ម៉ាទិន ហារីស ។ ម៉ាទិន​បាន​ពុះពារ​នឹង​ការអាច​បាត់បង់​ចម្ការ​របស់​គាត់ ដើម្បី​បង់​ថ្លៃ​សម្រាប់​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ម៉ាទិន​ឲ្យ​ប្រែចិត្ត រួច​ហើយ​បាន​បើក​សម្ដែង​ដំណើររឿង​ការរងទុក្ខ​ដ៏​ឯក​របស់​ទ្រង់ ។

រូបតំណាង ការសិក្សា

សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ។

កាល​បងប្អូន​សញ្ជឹងគិត​អំពី​ការរងទុក្ខ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​ជំនួស​បងប្អូន​នោះ សូម​ពិចារណា​អាន ឬ​ស្ដាប់​ពាក្យ​នៃ​ទំនុក​តម្កើង​នេះ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ( ទំនុក​តម្កើង ល.រ. ១១៥ ) ។

រូបតំណាង​ការកត់ត្រា

តើ​ខ្ញុំ​អាច​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្បាស់​ដោយ​របៀបណា ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ឬ​នៅ​ចន្លោះ​ដែល​ផ្ដល់​មក សូម​សរសេរ​សេចក្ដីពិត​ពីរ​បី​ដែល​បងប្អូន​ចាប់​អារម្មណ៍​ចេញពី​វគ្គ​បទគម្ពីរ និង​ការបង្រៀន​នានា​នៅក្នុង​ផ្នែក​នេះ ក៏​ដូចជា​គំនិត និង​សំណួរ​ផ្សេងៗ​ទៀត ដែល​បងប្អូន​មាន​អំពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​សេចក្ដីពិត ដែល​បងប្អូន​បាន​រកឃើញ និង​ការយល់ដឹង​នានា ។