« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១២ ៖ ការស្ថាបនាបុព្វហេតុនៃក្រុងស៊ីយ៉ូន » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១២ » ឯកសារសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១២
ការស្ថាបនាបុព្វហេតុនៃក្រុងស៊ីយ៉ូន
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា « យើងគួរតែមានការបង្កើតក្រុងស៊ីយ៉ូនជាគោលដៅដ៏ធំបំផុតរបស់យើង » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៨៦ ) ។ នៅពេលបងប្អូនសិក្សាឯកសារនេះ សូមស្វែងរកសេចក្ដីពិតនានាដែលនឹងជួយបងប្អូនឲ្យយល់ពីអត្ថន័យនៃក្រុងស៊ីយ៉ូន មូលហេតុដែលយើងត្រូវកសាងក្រុងស៊ីយ៉ូន និងអ្វីដែលបងប្អូនអាចធ្វើបានដើម្បីជួយក្នុងកិច្ចខិតខំនេះ ។
ផ្នែកទី ១
តើការស្ថាបនាក្រុងស៊ីយ៉ូនមានន័យដូចម្ដេច ?
នៅខែ ធ្នូ ឆ្នាំ ១៨៣០ ខណៈ យ៉ូសែប ស៊្មីធបានធ្វើការបកប្រែព្រះគម្ពីរប៊ីប នោះព្រះអម្ចាស់បានបើកសម្ដែងដូចបានកត់ត្រានៅក្នុង ម៉ូសេ ៧ នាពេលនេះថា ព្យាការីព្រះគម្ពីរសញ្ញាចាស់អេណុកបានកសាងទីក្រុងមួយឈ្មោះថាស៊ីយ៉ូន ។
សូមមើលវីដេអូ « Teachings of Joseph Smith: Preparing for Zion » ( ១:៤២ ) ឬសិក្សាសេចក្ដីថ្លែងការណ៍របស់ព្យាការី យ៉ូសែប ស៊្មីធ ដូចខាងក្រោមនេះ ៖
ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាស ៖
ការកសាងក្រុងស៊ីយ៉ូនគឺជាបុព្វហេតុដែលបានទាក់ទាញចិត្តរបស់រាស្ដ្រនៃព្រះទាំងអស់ … ពួកគេទន្ទឹងរង់ចាំដោយចិត្តអំណរដល់ថ្ងៃដែលយើងនឹងរស់នៅ ហើយដោយបញ្ឆេះទឹកចិត្តរង់ចាំពីស្ថានសួគ៌ពេញដោយអំណរ នោះ ពួកគេបានច្រៀង និងសរសេរ និងព្យាករអំពីជំនាន់របស់យើងនេះ … យើងជារាស្ដ្រដែលព្រះបានសព្វព្រះទ័យជ្រើសរើស ដើម្បីនាំមកនូវសិរីល្អថ្ងៃចុងក្រោយ ហើយវាអនុញ្ញាតឲ្យយើងមើលឃើញ ចូលរួម និងជួយជម្រុញទៅរកសិរីល្អថ្ងៃចុងក្រោយនោះ ។
កន្លែងណាក៏ដោយដែលពួកបរិសុទ្ធជួបជុំគ្នាគឺជាក្រុងស៊ីយ៉ូន ដែលបុរស [ និង ស្ដ្រី ] សុចរិតគ្រប់រូបនឹងកសាងកន្លែងដែលមានសុវត្ថិភាពមួយសម្រាប់កូនចៅ [ របស់ពួកគេ ] ។ …
…ពេលវេលានឹងមកដល់ក្នុងពេលឆាប់ៗ ពេលមនុស្សនឹងគ្មានសេចក្ដីសុខសាន្ដសោះឡើយ ប៉ុន្ដែមានតែក្នុងក្រុងស៊ីយ៉ូន និងស្ដេកទាំងឡាយប៉ុណ្ណោះ ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៨៦ )
នៅក្នុងវិវរណៈមួយដល់ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានប្រកាសថា ក្រុងស៊ីយ៉ូនដ៏សំដៅទៅលើ « អ្នកដែលមានចិត្តល្អសុទ្ធសាធ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២១ ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
ស៊ីយ៉ូនគឺជាទីតាំងផង និង ជាមនុស្សផង ។ …
ស៊ីយ៉ូន គឺជាក្រុងស៊ីយ៉ូនដោយសារតែចរិត លក្ខណៈ និងភាពស្មោះត្រង់របស់ពលរដ្ឋនៃក្រុងនោះ ។ … ប្រសិនបើយើងស្ថាបនាក្រុងស៊ីយ៉ូននៅក្នុងគេហដ្ឋានរបស់យើង សាខា វួដ និងស្ដេករបស់យើង … [ វា ] នឹងចាំបាច់ (១) ដើម្បីមានសាមគ្គីភាពក្នុងដួងចិត្ត ហើយគំនិតតែមួយ (២) ដើម្បីប្រែក្លាយជារាស្ត្រដ៏បរិសុទ្ធទាំងជាបុគ្គល និង ជារួមព្រមទាំង (៣) ដើម្បីមើលថែដល់អ្នកទ័លក្រ និង ទុគ៌តជន ដោយមានប្រសិទ្ធភាពដូច្នេះ ដើម្បីយើងលុបបំបាត់ភាពក្រីក្រនៅក្នុងចំណោមពួកយើង ។ យើងពុំអាចរង់ចាំរហូតដល់ស៊ីយ៉ូនមកដល់ ទើបហេតុការណ៍ទាំងនេះកើតឡើងនោះទេ––ស៊ីយ៉ូន នឹងមកដល់តែពេលដែលការណ៏ទាំងនេះកើតឡើងប៉ុណ្ណោះ ។ …
យើងនឹងមានចិត្តតែមួយ និងគំនិតតែមួយ នៅពេលយើងម្នាក់ៗដាក់ព្រះអង្គសង្គ្រោះជាស្នូលនៃជីវិតរបស់យើង ហើយធ្វើតាមអស់អ្នកដែលទ្រង់បានបញ្ជាឲ្យដឹកនាំយើង ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Come to Zion » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៧–៣៨ )
សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខណៈនៃរាស្ដ្រក្រុងស៊ីយ៉ូន សូមមើល នីហ្វៃ ទី៤ ១:១–៤, ១៥–១៨ ។
ផ្នែកទី ២
តើមានអ្វីបានកើតឡើងដល់ពួកបរិសុទ្ធនៅរដ្ឋមិសសួរី ដែលបានព្យាយាមកសាងក្រុងស៊ីយ៉ូន ?
មួយឆ្នាំក្រោយពីការបង្កើតសាសនាចក្រ ព្រះអម្ចាស់បានរៀបចំក្រុងអ៊ិនឌីប៉ែនដែនស៍ ស្រុកចាកសុន រដ្ឋមិសសួរី ថាជា « កន្លែងកណ្ដាល » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:៣ ) នៃក្រុងស៊ីយ៉ូន ជាកន្លែងដែលពួកបរិសុទ្ធនឹងប្រជុំគ្នា ហើយកសាងទីក្រុងដ៏បរិសុទ្ធនៃស៊ីយ៉ូន ដែលសំដៅថាជាទីក្រុងយេរូសាឡិមថ្មីផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦៤–៦៦; ៥៧:១–៣ ) ។
នៅក្រោមការដឹកនាំរបស់ព្យាការី សមាជិកសាសនាចក្រពីដើមបានប៉ុនប៉ងដើម្បីស្ថាបនាទីក្រុងស៊ីយ៉ូននៅស្រុកចាកសុន ប៉ុន្ដែពិបាកនឹងបង្កើតឲ្យមានទំនាក់ទំនងល្អមួយជាមួយនឹងប្រជាជននៅទីនោះ ។ ការខ្វែងគំនិតគ្នាលើបញ្ហាខាងសាសនា ទាសភាព នយោបាយ និងចំនួនប្រជាជននៃពួកបរិសុទ្ធដ៏កើនឡើងនេះបានញុះញង់ឲ្យប្រជាជនផ្សេងទៀតជាច្រើននៃស្រុកចាកសុន ឲ្យបណ្ដេញពួកបរិសុទ្ធចេញពីស្រុកនេះ ។
នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ ក្រុមឧក្រិដ្ឋជននៅក្នុងស្រុកចាកសុនបានប្រឈមនឹងថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាននៅក្នុងការប្រជុំមួយនៅឯសាលាក្ដី ហើយបានទាមទារថា ពួកបរិសុទ្ធត្រូវបិទការិយាល័យបោះពុម្ពរបស់ពួកគេ និងហាងគេ ហើយចាកចេញពីស្រុកនេះ ។ ថ្នាក់ដឹកនាំសាសនាចក្របានបដិសេធ ដូច្នេះពួកឧក្រិដ្ឋជនបានបំផ្លាញការិយាល័យបោះពុម្ពរបស់សាសនាចក្រ និងចាក់ទឹកកៅស៊ូខ្មៅ និងបាចរោមសត្វលើប៊ីស្សព អែតវឺត ប៉ាទ្រិច និងសមាជិកសាសនាចក្រឈ្មោះ ឆាលស៍ អាលេន ។ បីថ្ងៃក្រោយមក ពួកឧក្រិដ្ឋជនបានគម្រាមថានឹងបន្ដហិង្សាទៀត ។ ដោយស្ថិតនៅក្រោមការបង្ខិតបង្ខំ ថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានបានយល់ព្រមចាកចេញពីស្រុកនេះនៅរដូវផ្ការីកឆ្នាំក្រោយ ។ ប៉ុន្ដែ នៅពេលថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្របានសម្រេចក្រោយមកថានឹងបន្ដនៅ ហើយប្រយុទ្ធដើម្បីសិទ្ធិរបស់ពួកគេនៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ១៨៣៣ នោះអំពើហិង្សារបស់ក្រុមឧក្រិដ្ឋជនបានបន្ដ ។
ប៉ាលី ភី ប្រាត្ត បានរំឭកថា ៖
ក្រុមពួកកាប់ចាក់ជាច្រើនបានត្រៀមចាំមើលស្រុកនេះនៅគ្រប់ទិសទី វាយទម្លាយចូលផ្ទះទាំងឡាយដោយគ្មានខ្លាច …បំភ័យស្ដ្រី និងកុមារ ហើយគម្រាមថានឹងសម្លាប់ពួកគេ បើពួកគេមិនរត់គេចខ្លួនភ្លាមទេនោះ ។ …
…ស្ដ្រី និងកុមារបានរត់គេចទៅគ្រប់ច្រកល្ហក ។ ក្រុមមួយដែលមានគ្នាប្រហែលមួយរយហាសិបនាក់បានរត់គេចខ្លួនទៅវាលស្រែធំមួយ ជាកន្លែងដែលពួកគេបានដើរអស់រយៈពេលបីបួនថ្ងៃដោយភាគច្រើនគ្មានអាហារ ហើយគ្មានអ្វីសោះឡើយ ក្រៅពី [ ផ្ទៃមេឃ ] ដ៏ល្ហល្ហេវដើររកជម្រក ។ ក្រុមផ្សេងទៀតបានរត់គេចទៅទន្លេមិសសួរី ។ អំឡុងពេលស្ដ្រី និងកុមាររត់ខ្ចាត់ខ្ចាយ នោះពួកជនពាលបានដើរបាញ់ពួកបុរស សម្លាប់ពួកគេ ចង និងវាយអ្នកដទៃ ហើយដេញតាមអ្នកខ្លះរាប់គីឡូម៉ែត្រដី ។ …
មនុស្សប្រុសស្រី និងកុមារបានចាប់ផ្ដើមឈរជាជួរនៅមាត់កំពង់-ដទាំងពីរនៅមាត់ [ ទន្លេមិសសួរិ ] ពេញដោយទំនិញ រទេះ ប្រអប់ អាហារស្ដុក ជាដើម ខណៈកំពង់ដនៅតែបន្ដរវល់ឥតដាច់ ។ … មានមនុស្សរាប់រយនាក់នៅគ្រប់ទីកន្លែង ខ្លះជ្រកនៅក្នុងតង់ ហើយខ្លះនៅកណ្ដាលវាលអង្គុយជុំវិញភ្នក់ភ្លើង កាលមេឃកំពុងភ្លៀង ។ ស្វាមីជាច្រើនកំពុងមើលថែដល់ភរិយាខ្លួន ភរិយាជាច្រើនកំពុងមើលថែស្វាមីខ្លួន ឪពុកម្ដាយជាច្រើនកំពុងមើលថែកូនៗខ្លួន និង កូនៗជាច្រើនកំពុងមើលថែឪពុកម្ដាយខ្លួន ។ ខ្លះមានសំណាងល្អបានរត់គេចជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ របស់របរប្រើប្រាស់ និងអាហារស្ដុកមួយចំនួន ខណៈអ្នកផ្សេងទៀតមិនដឹងថាមិត្តរបស់ខ្លួនមានភព្វវាសនាយ៉ាងណា ហើយបានបាត់បង់ឥវ៉ាន់របស់ខ្លួនទាំងអស់ ។ …
…សមាជិកគ្រប់រូបក្នុងសង្គម [ របស់យើង ] ត្រូវបានបណ្ដេញចេញពីស្រុកនេះ ហើយវាលពោតទាំងប៉ុន្មានត្រូវបានរាតត្បាត និងបំផ្លាញចោល ស្រូវសាលីទាំងជង្រុកត្រូវបានគេដុតចោល របស់របរប្រើប្រាស់ទាំងឡាយត្រូវបានគេលួច ហើយគ្រឿងកែលម្អ និងទ្រព្យធនគ្រប់ប្រភេទត្រូវបានគេបំផ្លាញចោល ។ ( Autobiography of Parley Parker Pratt, ed. Parley P. Pratt Jr. [ ឆ្នាំ ១៩៣៨ ] ទំព័រ ១០១–១០៣ )
ពួកបរិសុទ្ធជាង ១០០០ នាក់ត្រូវបានគេបណ្ដេញចេញពីស្រុកចាកសុន ហើយគេហដ្ឋានជាង ២០០ ត្រូវបានគេដុតបំផ្លាញ ។
ផ្នែកទី ៣
តើមានអ្វីដែលបានរារាំងពួកបរិសុទ្ធពីការស្ថាបនាបុព្វហេតុនៃក្រុងស៊ីយ៉ូននៅស្រុកចាកសុន រដ្ឋមិសសួរី ?
ប៉ុន្មានខែក្រោយពីការបណ្ដេញពួកបរិសុទ្ធចេញពីស្រុកចាកសុនដោយហិង្សា ព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស៊្មីធពីមូលហេតុ ដែលទ្រង់បានអនុញ្ញាតឲ្យពួកបរិសុទ្ធរបស់ទ្រង់ត្រូវបានគេបៀតបៀន និងបណ្ដេញចេញពីដី និងគេហដ្ឋានរបស់ពួកគេ ។ នៅពេលបងប្អូនសិក្សាវគ្គបទគម្ពីរខាងក្រោមនេះមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១ និង ១០៥ សូមរកមើលសកម្មភាព និងឥរិយាបថដែលបានរារាំងពួកបរិសុទ្ធពីការស្ថាបនាក្រុងស៊ីយ៉ូននៅស្រុកចាកសុន រដ្ឋមិសសួរី ។
ផ្នែកទី ៤
តើអនាគតនៃស៊ីយ៉ូនទៅជាយ៉ាងណា ?
អែលឌើរ គ្រីស្ដូហ្វឺសិនបានបង្រៀនថា នៅពេលយើងស្ថាបនាក្រុងស៊ីយ៉ូន នោះយើងរៀបចំត្រៀមខ្លួនយើង និងពិភពលោកនេះជាស្រេចឲ្យទទួលព្រះអង្គសង្គ្រោះនៅឯការយាងមកជាលើកទីពីររបស់ទ្រង់ ៖
ហើយជារឿងដ៏សំខាន់សម្រាប់ការយាងត្រឡប់មករបស់ព្រះអម្ចាស់គឺជាវត្តមាននៃមនុស្សដែលបានត្រៀមខ្លួនដើម្បីទទួលទ្រង់នៅឯការយាងមករបស់ទ្រង់នៅលើផែនដី ។ …
កាលពីបុរាណ ព្រះបាននាំយកទីក្រុងសុចរិតនៃស៊ីយ៉ូនទៅឯទ្រង់ ។ ផ្ទុយទៅវិញ នៅថ្ងៃចុងក្រោយ ក្រុងស៊ីយ៉ូនថ្មីមួយនឹងទទួលព្រះអម្ចាស់ នៅពេលទ្រង់យាងត្រឡប់មកវិញ ។…
កាលយើងខិតខំដោយឧស្សាហ៍នៅក្នុងការបង្កើតក្រុងស៊ីយ៉ូន រួមទាំងផ្នែករបស់យើងដើម្បីប្រមូលផ្ដុំរាស្ត្រជម្រើសរបស់ព្រះអម្ចាស់ និងការប្រោសលោះមនុស្សស្លាប់ នោះយើងគួរឈប់ដើម្បីចងចាំថា វាគឺជាកិច្ចការរបស់ព្រះអម្ចាស់ ហើយទ្រង់កំពុងធ្វើកិច្ចការនេះ ។…
គ្រាកាន់កាប់ត្រួតត្រាចុងក្រោយដ៏ធំនេះកំពុងរីកចម្រើនជាបន្តបន្ទាប់រហូតដល់ទីបញ្ចប់—ជាក្រុងស៊ីយ៉ូននៅលើផែនដី ដោយចូលរួមដោយក្រុងស៊ីយ៉ូនពីស្ថានសួគ៌នៅឯការយាងត្រឡប់មកវិញដ៏រុងរឿងរបស់ព្រះអង្គសង្គ្រោះ ។… ចូរយើងខិតខំឆ្ពោះទៅរកការបង្កើតក្រុងស៊ីយ៉ូនដើម្បីពន្លឿនដល់ថ្ងៃនោះ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « ការត្រៀមខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨២–៨៤ )