« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២៨ ៖ ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២៨ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២៨
ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់
ប្រធាន រ័សុលអិម ណិលសុន បានបង្រៀនថា ៖ « ទាំងនេះគឺជាថ្ងៃជាទីរីករាយ ។ ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ចំពោះមុខយើង ។ វាជាទីរីករាយណាស់ ។ វាពិបាកណាស់ ។ មានតម្រូវការជាច្រើនដែលទាមទារពីយើង—ដែលមិនធ្លាប់មានពីមុនមក ។ ហើយក៏មានការផ្តល់ឲ្យជាច្រើនផងដែរ » ( « ការអញ្ជើញផ្ទាល់ខ្លួនឲ្យចូលរៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន » ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ChurchofJesusChrist.org ) ។ នៅពេលបងប្អូនសិក្សាឯកសារនេះ សូមស្វែងរកវិធីនានាដែលបងប្អូនអាចចូលរួម នៅពេលព្រះអម្ចាស់ពន្លឿនកិច្ចការរបស់ទ្រង់ ក្នុងការរៀបចំសម្រាប់ការយាងមកជាលើកទីពីរ ។
ផ្នែកទី ១
តើជោគវាសនារបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាអ្វី ?
នៅថ្ងៃអង្គារ ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ មានមនុស្សប្រហែលជា ៥០ នាក់ មូលមីគ្នានៅផ្ទះឈើរបស់ពេត្រុស វិតមើរ ក្នុងភូមិហ្វាយែត រដ្ឋនូយ៉ោក ។ នៅទីនោះ យ៉ូសែប ស្ម៊ីធ ក្រោមការដឹកនាំរបស់ព្រះយេស៊ូវគ្រីស្ទ បានរៀបចំសាសនាចក្ររបស់ព្រះអម្ចាស់ឡើងជាថ្មីទៀតនៅលើផែនដី ។ ទោះបីជាសាសនាចក្រចាប់ផ្តើមឡើងតូចក្តី តែជោគវាសនារបស់សាសនាចក្រគឺត្រូវបំពេញផែនដីទាំងមូល ។
នៅក្នុងសម័យគម្ពីរសញ្ញាចាស់ ស្ដេចក្រុងបាប៊ីឡូនព្រះនាមនេប៊ូក្នេសា បានសុបិនឃើញ « ថ្ម [ ដែល ] ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើឡើយ » ( ដានីយ៉ែល ២:៤៥ ) ។ ដុំថ្មនេះរីកធំឡើងៗរហូតដល់វា « ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល » ( ដានីយ៉ែល ២:៣៥ ) ។ នៅក្នុងការបកស្រាយរបស់លោកពីសុបិន្តរបស់ស្តេច នោះព្យាការីដានីយ៉ែលបានប្រាប់ជាមុនថា នៅក្នុងថ្ងៃចុងក្រោយ ព្រះនឹងបង្កើតនគរមួយឡើងដែលនឹងមិនអាចបំផ្លាញបានឡើយ ប៉ុន្តែនឹងឈរជារៀងរហូត ( សូមមើល ដានីយ៉ែល ២:២៨, ៤៤ ) ។
ព្រះអម្ចាស់បានបង្ហាញការព្យាកររបស់ ដានីយ៉ែល ទៅព្យាការីយ៉ូសែប ស្ម៊ីធ ម្តងទៀត នៅ ១៨ ខែបន្ទាប់ពីការបង្កើតសាសនាចក្រឡើង នៅគ្រាដែលមានពួកបរិសុទ្ធថ្ងៃចុងក្រោយមានតែ ៦០០ នាក់ប៉ុណ្ណោះនៅលើផែនដីទាំងមូល ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥:២ យើងអានថា « កូនសោទាំងឡាយនៃនគរព្រះ ត្រូវបានផ្ទុកផ្ដាក់ដល់មនុស្សនៅលើផែនដី ហើយពីពេលនេះតទៅ ដំណឹងល្អនឹងត្រូវរមៀលចេញទៅដល់ទីបំផុតផែនដី ដូចជាថ្មដែលដាប់ផ្ដាច់ចេញពីភ្នំឥតដៃណាធ្វើ នឹងរមៀលចេញទៅរហូតដល់បានពេញផែនដីទាំងមូល » ។
ពីរឆ្នាំកន្លះក្រោយមក នៅក្នុងខែ មេសា ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស៊្មីធ បានធ្វើការព្យាករដ៏អស្ចារ្យមួយអំពីជោគវាសនារបស់សាសនាចក្រទៅកាន់ក្រុមអ្នកកាន់បព្វជិតភាពមួយក្រុមនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ដែលបាននៅក្នុងការប្រជុំ បានថ្លែងថា ៖
ព្យាការីបានអំពាវនាវដល់អ្នកកាន់បព្វជិតភាពទាំងអស់ ឲ្យជួបជុំគ្នានៅក្នុងសាលាធ្វើពីឈើមួយដែលមាននៅទីនោះ ។ វាជាផ្ទះតូចមួយ ប្រហែលជា ១.៥ ម៉ែត្រការ៉េ ។ ប៉ុន្តែ វាដាក់ពួកបព្វជិតភាពទាំងអស់របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលនៅក្រុងខឺតឡង់ ។ … ព្យាការីបានមានប្រសាសន៍ថា « បងប្អូនប្រុស… ខ្ញុំចង់និយាយទៅកាន់បងប្អូនពីមុខព្រះអម្ចាស់ថា បងប្អូនពុំចាំបាច់ព្រួយបារម្ភពីជោគវាសនារបស់សាសនាចក្រ និងនគរនេះ ជាងទារកដែលនៅលើភ្លៅម្តាយឡើយ ។ បងប្អូនពុំយល់ពីរឿងនេះឡើយ » ។ ខ្ញុំមានការភ្ញាក់ផ្អើលជាង ។ លោកបានមានប្រសាសន៍ថា « បងប្អូនឃើញបព្វជិតភាពមានតែបន្តិចនាក់នៅយប់នេះ ប៉ុន្តែសាសនាចក្រនេះនឹងបំពេញនៅអាមេរិកខាងជើង និងខាងត្បូង—វានឹងមាននៅទូទាំងពិភពលោក » ។ ( វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៣៧ )
សូមមើលវីដេអូនេះ « The Gospel Shall Roll Forth » ( ២:៤៧ ) ហើយគិតពិចារណាអំពីការរីកលូតលាស់របស់សាសនាចក្រដែលបានស្តារឡើងវិញនេះ គឺជាភស្តុតាងនៃព្រះបំណងប្រាថ្នារបស់ព្រះវរបិតាសួគ៌ ក្នុងការប្រទានពរជ័យដល់ពិភពលោកទាំងមូល ។
ជាង ១៦០ ឆ្នាំក្រោយមក បន្ទាប់ពីសាសនាចក្របានរីកលូតលាស់ មានសមាជិកជាង ១១ លាននាក់ ហើយរីកដុះដាលក្នុងពិភពលោកភាគច្រើន ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា ៖
បងប្អូនប្រុសស្រីរបស់ខ្ញុំ តើអ្នកយល់ពីអ្វីដែលយើងមានដែរឬទេ ? តើអ្នកស្គាល់ពីកន្លែងយើងក្នុងព្រឹត្តិការណ៍ដ៏ធំនៃប្រវត្តិសាស្ដ្រមនុស្សដែរឬទេ ? នេះគឺជាចំណុចរួមសំខាន់បំផុតមួយ ដែលបានបាត់បង់ពីពេលមុន ។ នេះគឺជារដូវនៃការស្ថាបនាឡើងវិញ ។ នេះគឺជាថ្ងៃនៃការស្ដារឡើងវិញ ។… នេះគឺជាសេចក្តីសង្ខេបនៃសតវត្សរ៍ទាំងអស់ចាប់តាំងពីកំណើតនៃព្រះគ្រីស្ទ ដល់សម័យបច្ចុប្បន្ន និងអស្ចារ្យនេះ ។ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « At the Summit of the Ages » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៧៤ )
ហើយមិនដល់មួយទសវត្សរ៍ក្រោយមក ប្រធាន ហ៊ិងគ្លី បានប្រកាសថា ៖
អព្ភូតហេតុដ៏អស្ចារ្យមួយកំពុងកើតឡើងនៅចំពីមុខភ្នែករបស់យើង ។ …
ហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ។ កិច្ចការនេះនឹងបន្តរីកចម្រើន និងលូតលាស់ ហើយមាននៅពាសពេញផែនដី ។ ( ហ្គរដុន ប៊ី ហ៊ីងគ្លី « The Stone Cut Out of the Mountain » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨៣–៨៤ )
ផ្នែកទី ២
តើព្រះអម្ចាស់បានពន្លឿនកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេច ?
និយាយពីការពន្លឿនការលូតលាស់ និងឥទ្ធិពលនៃសាសនាចក្ររបស់ព្រះអម្ចាស់ ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនថា ៖
ហេតុផលដែលសាសនាចក្រកំពុងរីកលូតលាស់នៅសព្វថ្ងៃនេះ គឺព្រះអម្ចាស់បានបង្ហាញថាសាសនាចក្រនឹងរីកចម្រើន ។ នៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ទ្រង់បានមានបន្ទូលថា « យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់កើតនៅពេលកំណត់ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣ ] ។
ក្នុងនាមជាបុត្រាបុត្រីខាងវិញ្ញាណនៃព្រះវរបិតាសួគ៌របស់យើង យើងត្រូវបានបញ្ជូនឲ្យមកកាន់ផែនដីនៅពេលនេះ ដើម្បីយើងអាចចូលរួមនៅក្នុងការពន្លឿនកិច្ចការដ៏អស្ចារ្យនេះ ។ ( ថូម៉ាស អេស ម៉នសុន « The Spirit Giveth Life » Liahona ខែ មិថុនា ឆ្នាំ ២០១៤ ទំព័រ ៤ )
ឧទាហរណ៍ខាងក្រោមគឺជាវិធីសាស្រ្តពីរបីដែលព្រះអម្ចាស់ និងពួកអ្នកបម្រើរបស់ទ្រង់បានអញ្ជើញបងប្អូនឲ្យចូលរួមនៅក្នុងការពន្លឿនកិច្ចការនៃសេចក្តីសង្រ្គោះ ។ សូមពិចារណាគូសចំណាំគោលការណ៍ ឬគំនិតណាមួយដែលបងប្អូនចាប់អារម្មណ៍ ហើយត្រៀមខ្លួនដើម្បីចែកចាយគំនិតរបស់បងប្អូនអំពីវានៅក្នុងថ្នាក់ ។
ការប្រមូលផ្ដុំអ៊ីស្រាអែល
និយាយអំពីការប្រមូលផ្តុំនេះ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖
ប្អូនៗប្រុសស្រីវ័យក្មេងរបស់ខ្ញុំអើយ នេះគឺជាថ្ងៃចុងក្រោយ ហើយព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ដើម្បីប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។ ការប្រមូលផ្ដុំនោះគឺជាកិច្ចការដ៏សំខាន់បំផុតនៅលើផែនដីសព្វថ្ងៃនេះ ។ ពុំមានអ្វីផ្សេងទៀតអាចសម្បើមជាង មានសារៈសំខាន់ជាង និងមានឬទ្ធិជាងកិច្ចការនេះនោះទេ ។…
នៅពេលយើងនិយាយអំពីការប្រមូលផ្ដុំ យើងគ្រាន់តែនិយាយអំពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះនេះ ៖ គ្រប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌របស់យើង នៅទាំងសងខាងនៃវាំងនន សក្ដិសមនឹងស្ដាប់ឮសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេសម្រេចចិត្តដោយខ្លួនឯង បើពួកគេចង់ដឹងបន្ថែម ។ ( រ័សុល អិម ណិលសុន « សង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅលើ Ensign និង New Era ទំព័រ ៨ នៅលើគេហទំព័រ ChurchofJesusChrist.org; អក្សរទ្រេតតាមច្បាប់ដើម )
ការចែកចាយដំណឹងល្អ
សូមគិតអំពីការបង្រៀននេះនៅក្នុងខគម្ពីរនេះ នៅពេលបងប្អូនគិតអំពីការអញ្ជើញនេះដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលលើកទឹកចិត្តយើងឲ្យជួយនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះតាមរបៀបថ្មីទាំងឡាយ ៖
ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ ហើយវាមិនមែនជាការចៃដន្យទេដែល…ការច្នៃប្រឌិត និងការបង្កើតថ្មីដ៏មានឥទ្ធិពលទាំងឡាយកំពុងកើតឡើងនៅក្នុងគ្រាកាន់កាប់ត្រួតត្រានៃពេលវេលាពេញលេញនេះ ។ បណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាឧបករណ៍សាកល ដែលអាចជះឥទ្ធិពលវិជ្ជមានផ្ទាល់ខ្លួនដល់បុគ្គល និងក្រុមគ្រួសារដ៏ច្រើន ។ ហើយខ្ញុំជឿថា ពេលវេលាបានមកដល់ហើយសម្រាប់យើង ជាពួកសិស្សរបស់ព្រះគ្រីស្ទ ដើម្បីប្រើប្រាស់ឧបករណ៍ដ៏បំផុសគំនិតទាំងនេះដោយត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ដើម្បីថ្លែងទីបន្ទាល់អំពីព្រះ ជាព្រះវរបិតាដ៏អស់កល្បជានិច្ច ពីផែនការនៃសុភមង្គលរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ និងពីព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃពិភពលោក ដើម្បីប្រកាសពីការពិតនៃការស្ដារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ និងដើម្បីសម្រេចបានកិច្ចការរបស់ព្រះអម្ចាស់ ។ ( ដេវីឌ អេ បែដណា « To Sweep the Earth as with a Flood » [ Brigham Young University Education Week devotional ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៤ ] ChurchofJesusChrist.org )
ការងារបម្រើ
អំឡុងពេលកាបង្រៀននៅពេលទ្រង់មានព្រះជន្មរបស់ទ្រង់ ព្រះអង្គសង្រ្គោះបានបង្រៀនពួកសិស្សរបស់ទ្រង់ថា ទ្រង់ « បានមក មិនមែនឲ្យគេបំរើទ្រង់នោះទេ គឺនឹងបំរើគេវិញ » ( ម៉ាថាយ ២០:២៨ ) ។ ទ្រង់បានបម្រើ កាលទ្រង់ « បានយាងចុះឡើងធ្វើការល្អ » ( កិច្ចការ ១០:៣៨ ) ។ នៅក្នុងវិវរណៈទៅកាន់យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់ បានអញ្ជើញ ហ្វ្រែឌើរិក ជី វិលលាម្ស ឲ្យធ្វើការងារបម្រើដល់អ្នកដទៃ ។
យើងមានការហៅឲ្យធ្វើការងារបម្រើមួយស្រដៀងគ្នា ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំផ្ទាល់ថា ការកែសម្រួលនេះ [ ចេញពីការបង្រៀន និងការសួរសុខទុក្ខតាមផ្ទះទៅជាការងារបម្រើ ] គឺជា…ភស្តុតាងបន្ថែមដែលព្រះអម្ចាស់គឺកំពុងពន្លឿនកិច្ចការរបស់ទ្រង់នៅក្នុងសម័យនេះ ។…
សូមឲ្យយើងធ្វើការរួមគ្នាជាមួយព្រះអម្ចាស់នៃចម្ការទំពាំងបាយជូរ [ សូមមើល យ៉ាកុប ៥:៧០–៧២ ] ដើម្បីជួយដល់ព្រះ និងព្រះវរបិតារបស់យើងទាំងអស់គ្នាឲ្យឆ្លើយតបនឹងការអធិស្ឋាន ផ្ដល់ការលួងលោមចិត្ត ជូតទឹកភ្នែក និងពង្រឹងជង្គង់ដែលញ័រ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញ ៨១:៥ ] ។ បើយើងនឹងធ្វើដូចនោះ នោះយើងនឹងកាន់តែក្លាយជាសិស្សពិតរបស់ព្រះគ្រីស្ទ ដែលយើងគួរប្រែក្លាយ ។ ( ជែហ្វ្រី អ័រ ហូឡិន « Be With and Strengthen Them » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០១, ១០៣ )
ស៊ិស្ទើរ លីនដា ខេ ប៊ើតុន អតីតប្រធានសមាគមសង្គ្រោះទូទៅ ក៏បានចែកចាយដូចតទៅនេះ ៖
សូមស្រមៃជាមួយខ្ញុំអំពីទីសម្គាល់ « ត្រូវការជំនួយ » ខាងវិញ្ញាណដែលអាចកើតឡើងមួយចំនួន ដែលជាទីសម្គាល់ទាក់ទងនឹងកិច្ចការនៃសេចក្តីសង្រ្គោះ ៖
ត្រូវការជំនួយ ៖ ឪពុកម្ដាយមានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីបង្រៀនកូនចៅរបស់ពួកគេនៅក្នុងពន្លឺ និងសេចក្ដីពិត
ត្រូវការជំនួយ ៖ កូនស្រី និងកូនប្រុស បងប្អូនស្រី និងបងប្អូនប្រុស មីង និងពូ បងប្អូនជីដូនមួយ ជីដូនជីតា និងមិត្តភក្តិពិតប្រាកដដើម្បីបម្រើជាអ្នកណែនាំ និងផ្តល់ជំនួយនៅលើផ្លូវនៃសេចក្តីសញ្ញា
ត្រូវការជំនួយ ៖ អស់អ្នកដែលស្តាប់តាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើតាមចំណាប់អារម្មណ៍ដែលទទួលបាន
ត្រូវការជំនួយ ៖ អស់អ្នកដែលរស់នៅតាមដំណឹងល្អជារៀងរាល់ថ្ងៃ តាមរបៀបតូចតាច និងងាយៗ
ត្រូវការជំនួយ ៖ ពង្សប្រវត្តិ និងពួកអ្នកធ្វើការព្រះវិហារបរិសុទ្ធដើម្បីតភ្ជាប់ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច
ត្រូវការជំនួយ ៖ ពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកទាំងឡាយដើម្បីផ្សព្វផ្សាយពី « ដំណឹងល្អ » —ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ
ត្រូវការជំនួយ ៖ ពួកអ្នកសង្រ្គោះដើម្បីស្វែងរកអស់អ្នកដែលវង្វេងផ្លូវ
ត្រូវការជំនួយ ៖ ពួកអ្នករក្សាសេចក្តីសញ្ញាដើម្បីឈររឹងមាំសម្រាប់សេចក្តីពិត និងត្រឹមត្រូវ
ត្រូវការជំនួយ ៖ ពួកសិស្សពិតប្រាកដនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ…
…វាមិនសំខាន់ថាតើយើងល្អឥតខ្ចោះ និងពេញលេញហើយឬនៅនោះទេ ។… យើងអាចដើរជាមួយគ្នា ជាពួកសិស្ស ជាពួកអ្នកបម្រើដែលមានដួងចិត្ត និងដៃដែលស្មោះត្រង់ដើម្បីពន្លឿនកិច្ចការនៃសេចក្តីសង្រ្គោះ ។ នៅពេលដែលយើងធ្វើដូច្នោះ នោះយើងនឹងប្រែក្លាយដូចជាព្រះអង្គសង្រ្គោះ ។ ( លីនដា ខេ ប៊ឺតុន « Wanted: Hands and Hearts to Hasten the Work » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១២៤ )
ការគោរពថ្ងៃឈប់សម្រាក
ប្រធាន អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីអំណាចនៃការគោរពថ្ងៃឈប់សម្រាក ៖
ក្នុងចំណោមការផ្លាស់ប្តូររចនាសម្ព័ន្ធ ឬ គោលនយោបាយ ឬការបំពាក់បំប៉នគោលលទ្ធិទាំងអស់ដែលអាចពន្លឿនកិច្ចការនៃសេចក្តីសង្រ្គោះនៅពេលនេះ យើងបានរកឃើញថា ការតម្លើងវិញ្ញាណ និងអំណាចនៃថ្ងៃឈប់សម្រាកនឹងមានឥទ្ធិពលបំផុតក្នុងការទាញសមាជិក និងក្រុមគ្រួសារឲ្យមកជិតព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ( អិម រ័សុល បាឡឺដ នៅក្នុង ឆាត អេច វិប « The Sabbath Day » [ ការចាក់ផ្សាយពី [ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៥ ] នៅលើគេហទំព័រ ChurchofJesusChrist.org )