ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៦ ៖ ព្រះគម្ពីរ​មរមន—ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៦ ៖ ព្រះគម្ពីរ​មរមន—ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង » សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទីរឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៦ » សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទីរឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៦

ព្រះគម្ពីរ​មរមន—ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង

សេចក្ដីផ្ដើម​នៃ​ពាក្យ ដោយ ជែហ្វ្រី ហែន

តើ​អ្វី​ជា​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​មរមន ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បន្ដ​ពង្រឹង​វា ? កាល​បងប្អូន​សិក្សា​មេរៀន​ដូច​តទៅ​នេះ បងប្អូន​គួរតែ​អាច​ពន្យល់​ពី​មូលហេតុ​ដែល​ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង និង​ទីបន្ទាល់​របស់​យើង​បាន​កាន់តែ​ប្រសើរ ។

ផ្នែក​ទី ១

តើ​មាន​ភស្តុតាង​ណាខ្លះ​អំពី​ភាពពិត​ពេញលេញ និង​សារសំខាន់​នៃ​ព្រះគម្ពីរ​មរមន ?

មិន​យូរ​ប៉ុន្មាន​ក្រោយពី​ព្រះគម្ពីរ​មរមន​ត្រូវបាន​បោះពុម្ព​នៅ​ខែ មីនា ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​បញ្ជា​យ៉ូសែប​ឲ្យ​រៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ពួកអ្នកផ្សព្វផ្សាយ​សាសនា​បាន​ចាប់ផ្ដើម​លក់​ព្រះគម្ពីរ​មរមន នៅពេល​ពួកគេ​បាន​ធ្វើ​ដំណើរ ។ ព្រះគម្ពីរ​នេះ​បាន​ចាប់ផ្ដើម​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​លើ​ការប្រមូល​ផ្ដុំ​មនុស្ស​មកកាន់​សាសនាចក្រ ។

នៅ​ឆ្នាំ​ដដែល​ដែល​ព្រះគម្ពីរ​មរមន​បាន​បោះពុម្ព​នោះ យុវជន​ម្នាក់​ឈ្មោះ ប៉ាលី ភី ប្រាត្ត បាន​មាន​អារម្មណ៍​បំផុស​ឲ្យ​លក់​ចម្ការ​របស់​គាត់​ក្នុង​រដ្ឋ​អូហៃអូ ដើម្បី​គាត់​អាច​ប្រកាស​ពី​ព្រះគម្ពីរ​ប៊ីប ។ ក្រោយពី​លក់​ចម្ការ​ហើយ​ភា្លម ប៉ាលី និង​ភរិយា​របស់​គាត់​ឈ្មោះ សេងហ្វូល បាន​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាងកើត ។ នៅពេល​ពួកគេ​មក​ដល់​ភូមិ​ប៉ាល់ម៉ៃរ៉ា ទីក្រុង​នូវយ៉ោក ប៉ាលី​បាន​មាន​ការបំផុស​គំនិត​មួយ​ឲ្យ​ឡើងចេញ​ពី​ទូក ។ គាត់​បាន​ចាកចេញ​ទៅ ហើយ​សេងហ្វូល​បាន​បន្ដ​ដំណើរ​របស់​នាង ។ រួចហើយ​ប៉ាលី​បាន​ដើរ ១៦ គីឡូម៉ែត្រ​មក​ដល់​ផ្ទះ​របស់​ឌីកុន​ពួក​ជំនឿ​បាទីស្ទ​ម្នាក់ ។ ឌីកុន​នោះ​បាន​ប្រាប់​គាត់​អំពី​គម្ពីរ​មួយ ដែល​គាត់​បាន​ទិញ ដែល​បាន​បកប្រែ​ពី​ផ្ទាំង​ចំណារ​មាស ។ ក្រោយមក ប៉ាលី​បាន​កត់ត្រា​ដូច​តទៅ​នេះ ៖

ខ្ញុំ​បាន​បើក​មើល [ ព្រះ​គម្ពីរ​មរមន ] ដោយ​មាន​ចិត្ត​ចង់​ដឹង​ជា​ខ្លាំង ហើយ​បាន​អាន​ទំព័រ​ចំណងជើង​នៃ​សៀវភៅ​នេះ ។ ក្រោយ​មក ខ្ញុំ​បាន​អាន​ទីបន្ទាល់​របស់​សាក្សី​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​របៀប​ដែល​វា​ត្រូវបាន​ចងក្រង​ឡើង និង​បកប្រែ ។ បន្ទាប់មក ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​មាតិកា​មួយ​វគ្គ​ម្ដងៗ ។ ខ្ញុំ​បាន​អាន​ពេញ​មួយ​ថ្ងៃ ដោយ​មិន​ខ្វាយ​ខ្វល់​ពី​ការទទួលទាន​អាហារទៀត​ឡើយ ខ្ញុំ​ពុំ​ចង់​បរិភោគ​អាហារ​ទេ កាល​រាត្រី​ចូល​មក​ដល់ ការសម្រាន្ត ក៏​ពុំ​សូវ​សំខាន់​ដែរ ដ្បិត​ខ្ញុំ​ចង់​អាន​ជាង​ការសម្រាន្ត​ទៅ​ទៀត ។

ពេល​ខ្ញុំ​អាន ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង ថែម​ទាំង​យល់​ថា ព្រះគម្ពីរ​នេះ​ពិត ច្បាស់ និង​ជាក់ស្ដែង​ដូច​មនុស្ស​ម្នាក់​យល់ ហើយ​ដឹង​ថា​គាត់​មាន​ជីវិត​ដូច្នោះ​ដែរ ។ ( Autobiography of Parley P. Pratt ed. Parley P. Pratt Jr. [ ឆ្នាំ ១៩៣៨ ] ទំព័រ ៣៧ )

យុវនារី​កាន់​ព្រះគម្ពីរ

តាំង​ពី​ជំនាន់​ដើម​នៃ​សាសនាចក្រ មនុស្ស​រាប់លាន​នាក់​បាន​រកឃើញ​អ្វី​ដែល​ប៉ាលី​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នា​យប់​នោះ​—ថា​ព្រះគម្ពីរ​មរមន​គឺ​ពិត ។ វា​មាន​ព្រះបន្ទូល​របស់​ព្រះ ។

កាល យ៉ូសែប ស៊្មីធ​បាន​បញ្ចប់​ការបកប្រែ​ព្រះគម្ពីរ​មរមន​នៅ​ខែ មិថុនា ឆ្នាំ ១៨២៩ ព្រះអម្ចាស់​អង្គ​ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ពេញលេញ​របស់​វា ។

រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧:៦ ។

ក្រោយមក ព្រះអម្ចាស់​បាន​បញ្ជាក់​ពី​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ហើយ​ផ្ដល់​មូលហេតុ​ដែល​ទ្រង់​បាន​នាំ​វា​ចេញ​មក ។

រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៨–១២, ១៤ ។

ជាច្រើន​ឆ្នាំ​ក្រោយមក​នៅ​ថ្ងៃ​អាទិត្យ​មួយ​នា​ឆ្នាំ ១៨៤១ ព្យាការី យ៉ូសែប ស៊្មីធ​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​នៅក្នុង​ក្រុម​ប្រឹក្សា​ជាមួយ​ពួកសាវក​ដប់ពីរ​នាក់​នៅ​ផ្ទះ​របស់​ប្រធាន ព្រិកហាំ យ៉ង់ ដែល​បាន​បម្រើ​ជា​ប្រធាន​កូរ៉ុម​នៅ​ពេល​នោះ ។ ខណៈ​ជជែក​ជាមួយ​ពួកលោក​អំពី​ប្រធានបទ​ផ្សេងៗ យ៉ូសែប​បាន​បង្រៀន​ពី​សារសំខាន់​នៃ​ព្រះគម្ពីរ​មរមន ៖

ខ្ញុំ​បាន​ប្រាប់​បងប្អូន​ប្រុស​ថា ព្រះគម្ពីរ​មរមន​គឺជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ជា​មូលដា្ឋន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់​នឹង​ចូល​ទៅជិត​ព្រះ​បាន ដោយសារ​ការធ្វើ​តាម​សក្ខីយបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ​ជាជាង​គម្ពីរ​ណាៗ​ទាំងអស់ ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ​២០០៧ ] ទំព័រ ៦៤ ) ។

សូម​សិក្សា​ផ្នែក​ខាងក្រោម​នេះ​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​សេចក្ដី​ពិត​ទាំងនេះ ដែល​បាន​បង្រៀន​ដោយ​ព្យាការី​យ៉ូសែប ។

ផ្នែក​ទី ២

តើ​ឃ្លា​ថា ព្រះគម្ពីរ​មរមន​គឺជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ មាន​ន័យ​ដូចម្ដេច ?

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ព្រះគម្ពីរ​មរមន​គឺជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ ដោយសារ​វា​ផ្ដោតលើ​សេចក្ដីពិត ( សូមមើល យ៉ូហាន ១៤:៦; នីហ្វៃ​ទី​១ ១៣:៤០ ) និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​វា​ស្ដារ​ឡើងវិញ​នូវ​សេចក្ដី​ដែល​ច្បាស់​លាស់ និង​មាន​តម្លៃ ដែល​ត្រូវបាន​ដកចេញ​ពី​ដំណឹងល្អ​ដ៏​ពិត ( សូមមើល នីហ្វៃ​ទី​១ ១៣:២៦, ២៨–២៩, ៣២, ៣៤–៣៥, ៤០ ) ។ ការរួម​បញ្ចូល​គ្នា​ដ៏​វិសេស​នៃ​កត្តា​ទាំងពីរ​នេះ​—​ការផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដី​ច្បាស់លាស់​នៃ​ការបង្រៀន​ទាំងឡាយ​—​អញ្ជើញ​សាក្សី​បញ្ជាក់​ដ៏​មាន​អនុភាព​នៃ​សមាជិក​ទី​បី​នៃ​ក្រុមព្រះ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ជាលទ្ធផល ព្រះគម្ពីរ​មរមន​ថ្លែង​ទៅកាន់​វិញ្ញាណ និង​ដួងចិត្ត​របស់​អ្នកអាន មិន​ដូចជា​បទគម្ពីរ​ផ្សេងទៀត​ឡើយ ។ ( ដេវីឌ អេ បែដណា « Watching with All Perseverance » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤១ ) ។

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​សេចក្ដីពិត​ណា​ខ្លះ​ចេញ​ពី​ព្រះគម្ពីរ​មរមន ដែល​បាន​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ?

ផ្នែក​ទី ៣

តើ​ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង​យ៉ាងដូចម្តេច ?

នៅពេល​ដែល​កំណោង​ទ្វារ​មួយ​ត្រូវ​បាន​សង់​ឡើង នោះ​គែម​ជ្រុង​ទាំងពីរ​ត្រូវ​បាន​សង់​ឡើង​ដោយ​មាន​ប្រដាប់​ទ្រ​ដើម្បី​ទ្រ​វា ។ នោះ​នៅ​ចំនុច​ចន្លោះ​ប្រហោង​ខាង​លើ​នៃ​កំណោង​ទ្វារ​ត្រូវ​បាន​វាស់​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ផ្ទាំង​សិលា​មួយ​ត្រូវ​បាន​កាត់​ដើម្បី​ដាក់​បិទ​ឲ្យ​ចំ​ទីតាំង​ត្រឹមត្រូវ ។ នៅពេល​ដែល​ផ្ទាំង​សិលា​នោះ​ត្រូវបាន​ដាក់​នៅ​ចំ​កន្លែង ហើយ​សម្ពាធ​ពី​ថ្ម​ផ្សេងទៀត​គៀប​លើ​វា នោះ​កំណោង​ទ្វារ​ឈរ​យ៉ាង​រឹងមាំ​ដោយ​គ្មាន​ការគាំទ្រ ។

រូប​ផ្ទាំង​សិលា

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​បាន​ពន្យល់​អំពី​របៀប​ដែល​ព្រះ​គម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។

វា​មាន​របៀប​បី​យ៉ាង ដែល​ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។ វា​គឺជា​មូលដ្ឋាន​ក្នុង​សាក្សី​របស់​យើង​អំពី​ព្រះគ្រីស្ទ ។ វា​គឺជា​មូលដ្ឋាន​នៃ​គោលលទ្ធិ​របស់​យើង ។ វា​គឺជា​មូលដ្ឋាន​នៃ​ទីបន្ទាល់ ។

ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សក្ខីយភាព​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ … គ្រិស្តសាសនិក​ជាច្រើន​នៅក្នុង​ពិភព​លោក​សព្វថ្ងៃ​នេះ​បដិសេធ​ទេវភាព​នៃ​ព្រះអង្គ​សង្គ្រោះ ។ ពួកគេ​សង្ស័យ​ពី​កំណើត​ដ៏​មិនគួរ​ឲ្យ​ជឿ​របស់​ទ្រង់ ជីវិត​រស់នៅ​ដ៏​ល្អ​ឥតខ្ចោះ និង​ភាព​ពិត​ប្រាកដ​នៃ​ការមាន​ព្រះ​ជន្មរស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ ព្រះគម្ពីរ​មរមន​បង្រៀន​ក្នុង​លក្ខខណ្ទ​យ៉ាង​ច្បាស់​លាស់ និង​គ្មាន​កំហុស​អំពី​សេចក្តីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់​នោះ ។ វា​ក៏​បានផ្តល់​នូវ​ការពន្យល់​ដ៏​ពេញលេញ​បំផុត​ពី​គោលលទ្ធិ​នៃ​ដង្វាយធួន​ផងដែរ ។ …

ព្រះគម្ពីរ​មរមន​ក៏​ជា​មូលដ្ឋាន​នៃ​គោលលទ្ធិ​នៃ​ការរស់​ឡើង​វិញ​ផងដែរ ។ … ព្រះគម្ពីរ​មរមន​ពង្រីក​នូវ​ការចេះដឹង​របស់​យើង​យ៉ាងច្រើន​ពី​គោលលទ្ធិ​នៃ​សេចក្តី​សង្គ្រោះ ។ បើ​គ្មាន​គម្ពីរ​នេះ​ទេ អ្វី​ដែល​បាន​បង្រៀន​ដ៏ច្រើន​ក្នុង​ព្រះគម្ពីរ​ដទៃ​ផ្សេងទៀត នឹង​មិន​អាច​មាន​ភាពច្បាស់លាស់ និង​មាន​តម្លៃ​ដូច្នេះ​បាន​ឡើយ ។ …

…​ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់ ។ ក៏​ដូច​ជា​កំណោង​ទ្វារ​បាក់​ស្រុត​នៅ​ពេល​សិលាគន្លឹះ​ត្រូវ​បាន​ដក​ចេញ ក៏​ដូច​គ្នា​នឹង​ការ​ឈរ​ឡើង ឬ​ការ​ធ្លាក់​ចុះ​របស់​សាសនាចក្រ​ដែរ គឺវា​អាស្រ័យ​លើ​ភាពពេញ​លេញ​នៃ​ព្រះគម្ពីរ​មរមន​យ៉ាង​នោះ​ដែរ ។… បើសិន​ព្រះគម្ពីរ​មរមន​ពិត​…​នោះ​បុគ្គល​ម្នាក់​ត្រូវតែ​ទទួល​ការប្រកាស​អំពី​ការស្តារ​ឡើង​វិញ និង​អ្វីៗ​ទាំងអស់​ដែល​មាន​មក​ជាមួយ​វា​ផងដែរ ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៥–៦, បាន​បន្ថែម​អក្សរ​ទ្រេត ) ។

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​សាសនាចក្រ​ឈរ​ឡើង ឬ​ធ្លាក់​ចុះ​អាស្រ័យ​លើ​ភាពពេញ​លេញ​នៃ​ព្រះគម្ពីរ​មរមន​តាម​របៀប​ណា ? តើ​ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង​ដោយ​របៀប​ណា ?

ផ្នែក​ទី ៤

តើ​ព្រះគម្ពីរ​មរមន​ជួយ​យើង​ឲ្យ​ខិតទៅ​ជិត​ព្រះ​ដោយ​របៀប​ណា ?

សូម​ពិចារណា​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​បង្រៀន​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះ ហើយ​ប្រទាន​ពរ​ដល់​ជីវិត​របស់​យើង ។

យុវជន​អាន​ព្រះគម្ពីរ​មរមន

ប្រធាន​ប៊ែនសឹន​បានបង្រៀន​ថា ៖

មាន​អំណាច​មួយ​នៅក្នុង [ ព្រះគម្ពីរ​មរមន ] ដែល​នឹង​ចាប់ផ្ដើម​ហូរ​ចូលមក​ក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​ចាប់ផ្ដើម​សិក្សា​ដោយ​ហ្មត់ចត់​អំពី​ព្រះគម្ពីរ​នេះ ។ អ្នក​នឹង​រកឃើញ​អំណាច​កាន់តែ​មហិមា ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ អ្នក​នឹង​រកឃើញ​អំណាច ដើម្បី​ចៀស​ផុត​ពី​ការបោក​បញ្ឆោត ។ អ្នក​នឹង​រកឃើញ​អំណាច​ដើម្បី​ឈរ​នៅលើ​ផ្លូវ​តូច និង​ចង្អៀត ។ ខគម្ពីរ​ទាំងឡាយ​ត្រូវបាន​ហៅ​ថា « ព្រះ​បន្ទូល​ទាំងឡាយ​ខាង​ជីវិត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨៥ ) ហើយ​គ្មាន​ព្រះគម្ពីរ​ណា​ទៀត​ដែល​ពិត​ជាងព្រះគម្ពីរ​មរមន​ឡើយ ។ នៅពេល​អ្នក​ចាប់ផ្តើម​ស្រេក​ឃ្លាន​នូវ​ព្រះបន្ទូល​ទាំងនោះ អ្នក​នឹង​ឃើញ​ថា ជីវិត​នឹង​កាន់តែ​មាន​ភាពរីក​ចម្រើន​យ៉ាង​មហិមា ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » ទំព័រ ៧ ) ។

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទី​មួយ​ក៏​បាន​ថ្លែង​ទីបន្ទាល់​ផងដែរ ៖

អនុភាព​នៃ​ព្រះគម្ពីរ​មរមន​លើ​អត្តចរិត អំណាច និង​ទឹកចិត្ត​ក្លាហាន​របស់​អ្នក​ឲ្យ​ធ្វើជា​សាក្សី​ម្នាក់​សម្រាប់​ព្រះ​គឺ​មាន​ពិត ។ គោលលទ្ធិ និង​គំរូ​ដ៏​ស្មោះត្រង់​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​នោះ​នឹង​លើក​តម្កើង ដឹក​នាំ និង​ធ្វើ​ឲ្យ​អ្នក​ក្លាហាន ។​… ការសិក្សា​នៅក្នុង​ព្រះ​គម្ពីរ​មរមន​ប្រកប​ដោយ​ការអធិស្ឋាន នឹង​ស្ថាបនា​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះ​ជា​ព្រះវរបិតា ទៅលើ​ព្រះ​រាជបុត្រា​ជាទី​ស្រលាញ់​របស់​ទ្រង់ និង​ទៅលើ​ដំណឹង​ល្អ​របស់​ទ្រង់ ។ ព្រះគម្ពីរ​មរមន​នឹង​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្យាការីរបស់​ទាំង​ពីបុរាណ និង​សម័យ​ទំនើប ។ វា​អាច​នាំ​អ្នក​ខិតទៅ​ជិត​នឹង​ព្រះ ជាជាង​គម្ពីរ​ណាៗ​ទាំងអស់ ។ ព្រះគម្ពីរ​មរមន​អាច​ផ្លាស់​ប្តូរ​ជីវិត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ … ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​ផឹក​កាន់តែ​ជ្រៅ ហើយ​ជាញឹកញាប់​ចេញពី​ទំព័រ​នៃ​គម្ពីរ​នេះ ។ ( ហិនរី ប៊ី. អាវរិង « A Witness » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦៩–៧១ ) ។

ហើយ​ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា ៖

ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន រាល់​ថ្ងៃ​ប្រកប​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សញ្ជឹង​គិត​នូវ​អ្វី​ដែល​បងប្អូន​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​បងប្អូន​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការដឹកនាំ​សម្រាប់​ជីវិត​បងប្អូន​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ បងប្អូន​អាច​ត្រូវ​បាន​ការពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ ជំងឺ​ដ៏​ធំ​នៃ​រូប​អាស​គ្រាម និង​ការ​ញៀន​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គំនិត​ស្ពឹក ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ )

យុវជន​កំពុង​អាន
រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

តើ​ការសិក្សា និង​ការរស់នៅ​តាម​ការបង្រៀន​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន បាន​ជួយ​បងប្អូន​ឲ្យ​ខិតទៅ​ជិត​ព្រះ​ដោយ​របៀប​ណា ? តើ​វគ្គ​បទគម្ពីរ​ណាខ្លះ​ចេញ​មកពី​ព្រះគម្ពីរ​មរមន​ដែល​បាន​ជួយ​ពង្រឹង​បងប្អូន​ឲ្យ​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង ? សូម​កត់ត្រា​ចម្លើយ​របស់​បងប្អូន​ចំពោះ​សំណួរ​ទាំងនេះ​នៅក្នុង​ចន្លោះ​ដែល​ផ្ដល់​មក ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​គំនិត​របស់​បងប្អូន ។