២០១៩
បេសកកម្ម​ដ៏មហា​អស្ចារ្យ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ
ខែ មករា ឆ្នាំ ២០១៩


បេសកកម្ម​ដ៏មហា​អស្ចារ្យ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ

ដកស្រង់​ចេញ​ពី​សុន្ទរកថា « យ៉ូសែប ស៊្មីធ ៖ ព្យាការី និង​បុរស​ដ៏​អស្ចារ្យ » ដែល​បាន​ថ្លែង​នៅឯ​សិក្ខាសាលា​ថ្នាក់​ដឹកនាំ​បេសកកម្ម នៅ​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨ ។

យ៉ូសែប ស៊្មីធ សម្រេច​បាន​នូវ​សមិទ្ធិផល​ច្រើន​ជាង​មនុស្ស​រមែង​ស្លាប់​ណាៗ​ទាំងអស់​ដែល​អាច​សម្រេច​បាន​នៅក្នុង​រយៈ​ពេល​ដ៏​ខ្លី ។ ការពន្យល់​តែ​មួយ​ដែល​អាច​មាន​គឺ​ទទួល​ជំនួយ​ពី​ស្ថានសួគ៌ ។

Painting of Joseph Smith

Joseph Smith, ដោយ William Whitaker

ខ្ញុំ​បាន​ជ្រើសរើស​និយាយ​អំពី​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី និង​បុរស​ដ៏​អស្ចារ្យ ។ និយាយ​ដល់​លោក ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ចែក​រំលែក​ចំណេះដឹង​ដល់​បងប្អូន​អំពី​សមិទ្ធិផល​ដ៏​ពិសេស និង​មហា​អស្ចារ្យ​របស់​បុព្វព្យាការី​នៃ​គ្រាកាន់កាប់​ត្រួតត្រា​នេះ ។

ទំនាក់ទំនង​នៃ​ចំណេះដឹង និង​ទីបន្ទាល់​របស់​យ៉ូសែប ស៊្មីធ ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​សំខាន់​ខ្លាំងណាស់ ។ យើង​ទាំងអស់​គ្នា​ដឹង​ថា សាសនាគន់ការី​មួយ​ចំនួន​ទទួល​យក​គោលលទ្ធិ​គ្រឹះ​នៃ​ដំណឹងល្អ ប៉ុន្តែ​មិនអាច​ទទួល​យក​ការពិត​ដែល​ថា​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ត្រូវបាន​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​យាង​មក​ជួប ហើយ​ថា​លោក​បាន​បកប្រែ​ព្រះគម្ពីរ​មរមន និង​បាន​ក្លាយ​ជា​ព្យាការី​ដែល​យើង​បានស្គាល់​នោះ​ទេ ។ មនុស្ស​ទាំងឡាយ​ដែល​មាន​ការពិបាក​ក្នុង​ការជឿ​លើ​រឿង​របស់​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវ​រៀន​ពី​ការបង្រៀន​នេះ​របស់​ប្រធាន រ័សុល អិម ណិលសុន ៖

« បេសកកម្ម​របស់​យ៉ូសែប ស្ម៊ីធ នៅក្នុង​ជីវិត​រមែង​ស្លាប់​គឺ​ត្រូវបាន​តែងតាំង​ជា​មុន ។ គំនិត​ទទួល​យក​ដ៏​ល្អ​របស់​លោក​បាន​បើក​ផ្លូវ​ទទួល​ការណែនាំ​របស់​ព្រះអម្ចាស់ ។ ប៉ុន្តែ បើ​តាម​បទដ្ឋាន​របស់​លោកិយ យ៉ូសែប ស៊្មីធ ហាក់​ដូច​ជា​មិន​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​នោះ​ទេ ។ ហើយ​កិច្ចការ​របស់​លោក​ក្នុង​ការធ្វើ​ជា​ព្យាការី​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ​គឺ​ហាក់​ដូច​ជា​ពុំ​អាច​ធ្វើ​បាន​នោះ​ឡើយ ។ គំរូ​នេះ​បង្ហាញ​ពី​គោលការណ៍​មួយ ដែល​ជា​ញឹកញាប់​គឺពិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ ៖ ទ្រង់​ប្រើប្រាស់​ជន​ដែល​មិន​ទំនង​ជា​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ឲ្យ​សម្រេច​បាន​កិច្ចការ​ដែល​មិន​គួរ​ឲ្យ​ជឿ ! »

វា​សំខាន់​ណាស់​ថា អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង​មាន​ទីបន្ទាល់​អំពី​ការហៅ​ដ៏​ទេវភាព និង​កិច្ចការ​ដ៏​មហា​អស្ចារ្យ​នៃ​ព្យាការី យ៉ូសែប ស៊្មីធ ។

ខ្ញុំ​គឺ​ជា​កូនសិស្ស​អស់ ៦៥ ឆ្នាំ រៀន​អំពី​ជីវិត​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ខ្ញុំ​បានកើត​នៅក្នុង​ឆ្នាំ ១៩៣២ ពេល​សាសនាចក្រ​ទើបតែ​មាន​អាយុ​ជាង ១០០ ឆ្នាំ ។ ខ្ញុំ​ជឿ​ថា ខ្ញុំ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​សាមញ្ញ​ក្នុង​សតវត្ស​ទីពីរ​នៃ​សាសនាចក្រ​នេះ ។ យើង​ពុំ​បាន​ជួប​នឹង​យ៉ូសែប ស៊្មីធ​នោះ​ទេ តែ​យើង​មាន​អារម្មណ៍​ថា​ស្គាល់​លោក ហើយ​យើង​ស្រឡាញ់​លោក​តាម​រយៈ​អ្វី​ដែល​លោក​បាន​បង្ហាញ និង​បង្រៀន ។ យើង​ជា​សាក្សី​នៃ​សេចក្ដី​ពិត​នៃ​ការព្យាករ​ដូច​កំណាព្យ​មួយ​ពោល​ថា « រាប់​លាន​នឹង​ស្គាល់ ‹ បង​យ៉ូសែប › » ។

I. យ៉ូសែប ស៊្មីធ ជាព្យាការី

យើង​ទាំងអស់​គ្នា​ស្គាល់ យ៉ូសែប ស៊្មីធ ថា​ជា​ព្យាការី​ទីមួយ​នៃ​គ្រាកាន់កាប់​ត្រួតត្រា​នេះ ជា​ឧបករណ៍​នៃ​ព្រះអម្ចាស់​នៅក្នុង​ការស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់ ។ ប៉ុន្តែ តើ​ព្រះអម្ចាស់​បាន​ស្ដារ​អ្វី​ខ្លះ​តាម​រយៈ​ព្យាការី​រូបនេះ ? មិន​មែន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងអស់ ( និង​អ្នក​មិន​មែន​សមាជិក​មួយ​ចំនួន ) ដឹង​ថា​ព្រះអម្ចាស់​បាន​បំផុស​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យ​ធ្វើ​ការស្រាយបំភ្លឺ និង​ការបន្ថែម​ដ៏​ច្រើន​ក្រៃលែង​ទៅលើ​គោលលទ្ធិ​គ្រឹស្តសាសនា​ឡើយ ។ នេះ​ជា​បញ្ជី​សង្ខេប​មួយ ៖

  • លក្ខណៈ​នៃ​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • មុខងារ​ដែល​ទាក់ទង​គ្នា​របស់​សមាជិក​ទាំង​បី​នៃ​ក្រុម​ព្រះ និង​ទំនាក់​ទំនង​របស់​ពួក​ទ្រង់​ចំពោះ​តួ​អង្គ​រមែង​ស្លាប់ ។

  • លក្ខណៈ​នៃ​ការធ្លាក់​នៃ​មនុស្ស ។

  • គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​នៅក្នុង​ការ​ពន្លឿន​ទៅមុខ​នៃ​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​បុត្រ​របស់​ទ្រង់​ដើម្បី​ទទួល​បាន​នូវ​ជោគវាសនា​ដ៏​អស់កល្ប​របស់​ពួកគេ ។

  • មុខងារ​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ការធានា​បាន​នូវ​អមតភាព និង​នៅក្នុង​ការ​ផ្ដល់​ឱកាស​ឲ្យ​មាន​ជីវិត​អស់កល្ប ។

  • មុខងារ​នៃ​អាពាហ៍ពិពាហ៍​លើ​ផែនដី និង​អស់កល្ប​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា ។

  • មុខងារ​ដ៏​ចាំបាច់​នៃ​បព្វជិតភាព និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា ។

  • មុខងារ​ដ៏​ចាំបាច់​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពិធីការ​ជំនួស​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា ។

  • ចំណេះ​ដឹង​ដែល​ថា ព្រះ​មាន​ព្រះរាជ​បំណង​សង្គ្រោះ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ហើយ​ថា​មនុស្ស​គ្រប់​រូប​ដែល​បាន​រស់នៅលើ​ផែនដី​នេះ—មិន​ថា​ពួកគេ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ឬ​អត់—គឺ​មាន​លទ្ធភាព​ក្នុង​ការទទួល​បាន​នូវ​ស្ថានសួគ៌​កម្រិត​ដ៏​ខ្ពស់​បំផុត​នៅ​បរលោក ។

  • ទំនាក់ទំនង​នៃ​ប្រភព​បីផ្នែក​នៃ​សេចក្ដីពិត​អំពី​មនុស្ស និង​សាកលលោក ៖ វិទ្យាសាស្ត្រ ព្រះគម្ពីរ និង​វិវរណៈ​ដែល​មាន​ជា​បន្ត ។

images of the plan of salvation

Leaving Eden, Savior, និង Between Heaven and Earth, ដោយ Annie Henrie Nader

នរណា​ក៏​ដោយ​ដែល​សិក្សា​សូម្បី​តែ​ផ្នែក​ដ៏​តូច​មួយ​នៃ​បញ្ជី​នេះ—មិន​ថា​អ្នក​ជឿ ឬ​អ្នក​មិន​ជឿ—ត្រូវតែ​ទទួល​ស្គាល់​ថា យ៉ូសែប ស៊្មីធ ឈរ​នៅ​ឯ​ក្បាលទឹក​នៃ​អូរ​ដ៏​ធំ​សម្បើម​នៃ​គំនិត​សាសនា​ដ៏​រឹងមាំ ថ្មី និង​មាន​តម្លៃ ។ ដូច​យើង​អាន​នៅក្នុង ប្រកាស​ដំណឹងល្អ​យើង ភាពពេញលេញ​នៃ​ដំណឹងល្អ​ត្រូវបាន​ស្ដារ​ឡើងវិញ​ដល់​ផែនដី​នេះ​តាមរយៈ យ៉ូសែប ស៊្មីធ ។

អ្នក​អាច​នឹង​កត់សម្គាល់​ឃើញ​ថា បញ្ជី​របស់​ខ្ញុំ​ពុំ​បាន​លើក​ឡើង​ជាក់លាក់​នូវ​ការនាំមក​នៃ​ព្រះគម្ពីរ​មរមន​របស់​យ៉ូសែប ជា​ព្រះគម្ពីរ​វ៉ុល​ថ្មី ដែល​ពិត​ជា​ប្រភព​នៃ​គំនិត​សាសនា​ថ្មីៗ​ជា​ច្រើន​ទាំងនោះ ។ គម្ពីរ​នោះ​សម​នឹង​ទទួល​ការលើក​ឡើង​ជា​ពិសេស ។ ទំព័រ​បុព្វកថា​របស់​វា​ប្រកាស​ពី​មុខងារ​ដ៏​សំខាន់​បំផុត​របស់​វា​គឺ ៖ « សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ។ ប៉ុន្តែ​វា​មាន​ច្រើន​ជាង​មុខងារ​គ្រឹះ​នោះ​ទៅ​ទៀត ។ នេះ​ជា​អ្វី​ដែល​អ្នក​ប្រាជ្ញ​ម្នាក់​ដែល​សៀវភៅ​គាត់​លក់ដាច់​បំផុត បាន​មាន​ប្រសាសន៍​អំពី​គម្ពីរ​នេះ ៖

« ព្រះគម្ពីរ​មរមន ដាក់​បង្ហាញ​នូវ​គោលបំណង​ថ្មី​មួយ​សម្រាប់​ប្រទេស​អាមេរិក ៖ ក្លាយ​ជា​ប្រទេស​នៃ​សុចរិតភាព​មិន​ត្រឹមតែ​ជា​ប្រទេស​នៃ​សេរីភាព​នោះទេ ។ ផ្ទុយពី​ទ្រព្យសម្បត្តិ និង​វិសមភាព​ដែល​ចេះ​តែ​កើន​ឡើង នោះ​ព្រះគម្ពីរ​មរមន គាំទ្រ​ដល់​បុព្វហេតុ​នៃ​អ្នក​ក្រីក្រ ។ … ផ្ទុយ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ នោះ​វា​ស្នើ​ឲ្យ​មាន​ច្បាប់​សុចរិត​ដោយ​ចៅក្រម និង​ស្ដេច ដោយ​នៅក្រោម​ច្បាប់​របស់​ព្រះ ។ វា​ផ្ទុយ​ពី​គំរូ​ព្រះ​គម្ពីរ​បរិសុទ្ធ និង​សាសនា​ដែល​គ្មាន​អព្ភូតហេតុ ព្រះគម្ពីរ​មរមន​ឈរ​ជា​វិវរណៈ​ដែល​ចេះ​តែ​បន្ត​អព្ភូតហេតុ និង​វិវរណៈ​ដល់​គ្រប់​ជាតិសាសន៍​ទាំងអស់ ។ វា​ផ្ទុយ​នឹង​ការសង្ស័យ វា​លើក​ស្ទួយ​ជំនឿ វា​ផ្ទុយ​នឹង​ជាតិ​និយម វា​ជំរុញ​ឲ្យ​មាន​សាសន៍​អ៊ីស្រាអែល​ជា​សាកល ។ វា​ព្យាករ​ពី​មហន្តរាយ​នៃ​ជាតិសាសន៍ បើ​ពួកគេ​ស្រឡាញ់​ទ្រព្យសម្បត្តិ រឹងទទឹង​មិន​ទទួល​ស្គាល់​វិវរណៈ និង​អារ្យធម៌​សាសន៍​ដទៃ​ជាជាង​សុចរិតភាព វិវរណៈ និង​សាសន៍​អ៊ីស្រាអែល​នោះ » ។

សំខាន់​ជាង​នោះ​ទៀត គឺ​អ្វី​ដែល​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថ្មីៗ​នេះ​អំពី​ព្រះគម្ពីរ​មរមន​ថា ៖ វា « គឺ​ជា​ឧបករណ៍​ដែល​ធ្វើ​ឲ្យ​ការប្រមូល​ផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​បាន​សន្យា​នឹង​ត្រូវបាន​សម្រេច » ។

ដូច​យើង​បាន​អាន​នៅក្នុង ប្រកាស​ដំណឹងល្អ​យើង ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ព្រះគម្ពីរ​មរមន​គឺ​ជា « មូលដ្ឋាន​នៃ​សាសនា​របស់​យើង » ។

អ្នក​ដែល​មិនមែន​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ភាគច្រើន​ពុំ​ដឹង​ពី​ការរួម​ចំណែក​ដ៏​ធំធេង​របស់​យ៉ូសែប ស៊្មីធ ដល់​គំនិត​ខាង​សាសនា​នោះ​ទេ ។ នៅក្នុង​ការសិក្សា​ទូទាំង​ប្រទេស​ដ៏​គួ​ឲ្យ​កត់សម្គាល់​មួយ អ្នក​ស្ទង់​មតិ ហ្គែរី ឡរិនស៍ បាន​រកឃើញ​ថា ជិត​ពាក់​កណ្ដាល​នៃ​មនុស្ស​ដែល​គាត់​បាន​សិក្សា បាន​គិត​ថា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ដាច់​ពី​គេ ហើយ​អាថ៌កំបាំង និង​មាន « ជំនឿ​ដ៏​ចម្លែក » ។ ពេល​គាត់​បាន​សួរ​ដល់​អ្នក​សម្ភាស « តើ​អ្វី​ទៅ​ជា​ការប្រកាស​ដ៏​ចម្បង​នៃ​ជំនឿ​មរមន ? » មាន​តែ​ម្នាក់​ក្នុង​ចំណោម​ប្រាំពីរ​នាក់​ប៉ុណ្ណោះ​ដែល​ពិពណ៌នា​ជិត​ត្រូវ​ទៅ​ហ្នឹង​ការស្ដារ​ឡើង​វិញ ឬ​ការស្ថាបនា​ឡើង​វិញ​នៃ​ជំនឿ​គ្រីស្ទាន​ដើម ។ ស្រដៀង​គ្នា​នោះ​ដែរ ពេល​ដែល​ការស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ​ទៀត​បាន​សូម​ដល់​អ្នកឆ្លើយតប​ឲ្យ​ពិពណ៌នា​ពី​ចំណាប់​អារម្មណ៍​របស់​ពួកគេ​អំពី​សាសនា​របស់​យើង នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ផ្ដល់​យោបល់​ពី​គ្រិស្តសាសនា​ដើម ឬ​ការស្ដារ​ឡើង​វិញ​នោះ​ឡើយ ។​

ការរកឃើញ​ទាំងនេះ​រំឭក​យើង​ថា យើង​មិន​ត្រូវ​បណ្តោយ​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​របស់​យើង​ចេះ​តែ​ស្មានៗ​ច្រើន​ពេក​អំពី​ចំណេះ​ដឹង​ពី​ជំនឿ​របស់​យើង​នោះ​ទេ ។ ពួក​អ្នក​ទាំងឡាយ​ដែល​ពួកគេ​បង្រៀន​អាច​ធ្លាប់​ឮ​ពាក្យ​ថា មរមន ប៉ុន្តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មិន​ត្រូវ​ស្មាន​ថា មនុស្ស​ភាគ​ច្រើន​មាន​ការយល់​ដឹង​ពី​គោលការណ៍​ជា​គោលៗ​ពី​ជំនឿ​របស់​យើង​នោះទេ ។

II. យ៉ូសែប ស៊្មីធ បុរស​ដ៏​អស្ចារ្យ

នេះ​ជា​គំនិត​ផ្ទាល់​ខ្លួន​មួយ​ចំនួន​របស់​ខ្ញុំ​អំពី​ជីវិត​ដ៏​អស្ចារ្យ​របស់​យ៉ូសែប ស៊្មីធ ។ យ៉ូសែប ស៊្មីធ ដែល​ខ្ញុំ​បាន​ជួប​នៅ​ក្នុង​ការស្រាវជ្រាវ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ភាគច្រើន​បំផុត​គឺ​នៅ​រដ្ឋ​អិលលីណោយ ស.រ.អា. គឺ​ជា​បុរសនៅ​ព្រំដែន—មាន​វ័យ​ក្មេង មាន​មនោសញ្ចេតនា មានថាមពល ហើយ​គួរ​ឲ្យ​ស្រឡាញ់ និង​ងាយ​ប្រាស្រ័យ​ទាក់ទង​ដោយ​មនុស្ស​ជុំវិញ​លោក ដែល​ជា​ញឹកញាប់​ពួកគេ​ហៅ​លោក​ថា « បង/ប្អូនប្រុស យ៉ូសែប » ។ ភាពយុវវ័យ​ដ៏​សមគួរ​របស់​លោក​បានឈាន​ដល់​ការបម្រើ​របស់​លោក​ដែល​បាន​ព្យាករ​ទុក​ជាមុន​មក​នោះ ។ លោក​មាន​វ័យ ១៤ ឆ្នាំ នៅ​ពេល​មាន​ការនិមិត្ត​ដំបូង នៅ​វ័យ ២១ ឆ្នាំ ជាពេល​លោក​បាន​ទទួល​ផ្ទាំង​ចំណារ​មាស ហើយ​នៅ​វ័យ ២៣​ឆ្នាំ​ជា​ពេល​លោក​បញ្ចប់​ការ​បកប្រែ​ព្រះគម្ពីរ​មរមន ( ក្នុង​រយៈពេល​តិចជាង ៦០​ថ្ងៃ ) ។

នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​របស់​យើង មាន​វិវរណៈ​ច្រើន​ជាង​ពាក់​កណ្ដាល ត្រូវ​បាន​ប្រទាន​ឲ្យ​តាមរយៈ​ព្យាការី ខណៈ​លោក​មាន​វ័យ​២៥ ឆ្នាំ ឬ​ក្មេង​ជាង​នេះ ។ លោក​មាន​វ័យ ២៦ ឆ្នាំ​ពេល​គណៈប្រធាន​ទីមួយ​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​មាន​វ័យ​តែ ៣៣ ឆ្នាំ​ពេល​លោក​បាន​គេច​ពី​ការដាក់​គុក​នៅ​រដ្ឋ​មិសសួរី ហើយ​បន្ត​ភាពដឹកនាំ​ពួក​បរិសុទ្ធ​វិញ ។ លោក​មាន​វ័យ​តែ ៣៨ ឆ្នាំ​កន្លះ​ប៉ុណ្ណោះ ពេល​លោក​ត្រូវ​គេ​ធ្វើ​ឃាត ។

ក្នុង​ជីវិត​ដ៏​ខ្លី​របស់​លោក យ៉ូសែប ស៊្មីធ បាន​មាន​ការរង​ទុក្ខវេទនា​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ច្រើន​ណាស់ ។ ពេល​លោក​មាន​វ័យ​ប្រហែល​ប្រាំពីរ​ឆ្នាំ លោក​បាន​រង​ទុក្ខ​ជាមួយ​នឹង​ការវះកាត់​ជើង​ដែល​ឈឺចាប់​យ៉ាង​ខ្លាំង​ក្រៃលែង ។ ដោយសារ​តែ​ភាពក្រីក្រ​នៃ​គ្រួសារ​លោក លោក​ទទួល​ការអប់រំ​ជា​ផ្លូវការ​តិចតួច​ប៉ុណ្ណោះ ហើយ​ពេល​ជា​យុវជន លោក​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ជា​ច្រើន​ម៉ោង​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ ។ លោក​ត្រូវបាន​គេវាយ​ធ្វើបាប​រាងកាយ​ជា​ច្រើន​ដង ។ នៅ​កណ្ដាល​នៃ​ការព្យាយាម​បំពេញ​ទំនួល​ខុសត្រូវ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការហៅ​ដ៏​ពិសិដ្ឋ​របស់​លោក លោក​ត្រូវ​ធ្វើការជា​អ្នក​ចម្ការ ឬ​អ្នក​លក់ដូរ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ លោក​បាន​ធ្វើ​ការណ៍​នេះ​ដោយ​គ្មាន​អំណោយ​ទាន​ខាង​វិញ្ញាណ​ដែល​គាំទ្រ​ដល់​លោក​ក្នុង​ការហៅ​ជា​ព្យាការី​របស់​លោក​នោះ​ឡើយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​លោក​ថា « ចំពោះ​កិច្ចការ​ខាង​សាច់ឈាម នោះ​អ្នក​នឹង​ពុំ​មាន​កម្លាំង​ទេ ត្បិត​កិច្ចការ​នេះ​ពុំ​មែន​ជា​ការ​ហៅ​របស់​អ្នក​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៤:៩ ) ។

នៅក្នុង​រឿង​ខាង​វិញ្ញាណ យ៉ូសែប ស៊្មីធ ពុំ​មាន​អ្នក​ណា​ជា​គំរូ​ឲ្យ​លោក​រៀន​តាម​ពី​របៀប​ដើម្បី​ធ្វើ​ជា​ព្យាការី និង​អ្នក​ដឹកនាំ​មួយ​រូប​នោះ​ទេ ។ លោក​ត្រូវតែ​ពឹងផ្អែក​ទៅលើ​សហការី​ដែល​ពុំមាន​បទពិសោធន៍ ។ លោក និង​ពួកគេ​បាន​មាន​ការលំបាក ហើយ​បាន​រៀន​ជាមួយ​គ្នា ។ យ៉ូសែប​មាន​ភាពវៃរហ័ស​ខ្លាំងណាស់​ក្នុង​ការ​ទទួល​បាន​ចំណេះដឹង និង​មាន​ភាព​ចាស់ទុំ​ឆាប់​រហ័ស​ផង​ដែរ ។ គ្មាន​ការសង្ស័យ​ទេ​ថា លោក​ពិត​ជា​មាន​អំណោយ​ទាន​ដ៏​ពិសិដ្ឋ ។ ដូច​ដែល​យើង​នឹង​និយាយ​នៅ​សព្វថ្ងៃ​នេះ​ថា លោក « ជា​អ្នក​សិក្សា​បាន​លឿន » ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវបាន​បង្រៀន​ដោយ​សារទូត​ស្ថានសួគ៌ និង​ដោយ​វិវរណៈ​ផ្សេងៗ​ទៀត​មក​ពី​ព្រះ ហើយ​ខ្ញុំ​ជឿ​លោក ។

អំណោយទាន​ផ្ទាល់​ខ្លួន​មួយ​របស់​លោក​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដោយ​ក្ដី​ស្រឡាញ់ និង​ភក្ដីភាព​នៃ​មនុស្ស​ដ៏​អស្ចារ្យ​ទាំងឡាយ​ដែល​បាន​ដើរ​តាម​លោក ។ ពេល​យ៉ូសែប​បាន​អញ្ជើញ​អ្នក​ដើរ​តាម​លោក​ឲ្យ​យក​ឈ្នះ​លើ​ភាពមិន​ឥតខ្ចោះ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ លោក​ពុំ​បាន​លើក​ខ្លួន​លោក​ឲ្យ​ខ្ពស់​ជាង​ពួកគេ​ឡើយ ហើយ​ពួកគេ​ស្រឡាញ់​លោក​ដោយសារ​ចរិត​បែប​នោះ​ឯង ។ នៅក្នុង​ទេសនកថា​មួយ​ដែល​យ៉ូសែប​បាន​ប្រកាស​នៅ​មួយ​ខែ​ជាង​មុន​ពេល​លោក​ត្រូវ​គេ​ធ្វើឃាត លោក​បាន​ប្រកាស​ថា « ខ្ញុំ​ពុំ​ដែល​បាន​ប្រាប់​អ្នក​ថា ខ្ញុំ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​ពុំ​មាន​កំហុស​ណា​នៅក្នុង​វិវរណៈ​ទាំងឡាយ​ដែល​បាន​បង្រៀន​នោះ​ឡើយ » ។​១០ យ៉ូសែប ស៊្មីធ មាន « ចរិយា​រួសរាយ » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៨ ) ដែល​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​លោក​ស្ទើរតែ​គ្រប់ៗ​គ្នា​ដែល​បាន​ស្គាល់​លោក ។ មាន​អ្នក​ស្គាល់លោក​ម្នាក់​បាន​និយាយ​ថា «​ ក្ដី​ស្រឡាញ់​ដែល​ពួក​បរិសុទ្ធ​មាន​ចំពោះ​លោក​គឺ​ហួស​ពី​ការបង្ហាញ​ប្រាប់​បាន » ។១១ ភាពជា​ដៃគូ​នៃ​មិត្តភក្ដិ​របស់​លោក​គឺ​ជា​ក្ដីរីករាយ​ដល់​យ៉ូសែប ដែល​បាន​ឃើញ​ការកសាង​សង្គម និង​ស្ថាបនា​សហគមន៍​ជា​គោលបំណង​សំខាន់នៃ​ដំណឹងល្អ ។

Painting of Joseph Smith

Joseph Smith, ដោយ William Whitaker

មាន​ម្ដង​ខ្ញុំ​បាន​កត់​សម្គាល់​ថា ៖ « អស់​មួយ​ជីវិត​របស់​លោក យ៉ូសែប ស៊្មីធ បាន​រស់នៅ​ជិត​ព្រំដែន ជា​កន្លែង​ដែល​បុរស​ត្រូវ​មាន​កម្លាំង​លើ​ធម្មជាតិ ហើយ​ជួនកាល​ប្រឆាំង​គ្នា​ទៅវិញ​ទៅ​មក ។ លោក​គឺ​ជា​មនុស្ស​មាឌ​ធំ រឹងមាំ ហើយ​សកម្ម​ខាង​រាងកាយ ។ លោក​រីករាយ​នឹង​កីឡា​ប្រកួត​ប្រជែង រួម​ទាំងទាញ​ដំបង​ផង​ដែរ—ជា​ការសាកល្បង​កម្លាំង ( សូមមើល History of the Church ៥:៣០២ ) ។ បណ្ណាសារ​របស់​យើង​មាន​នូវ​ការចងក្រង​ទុក​អំពី​ល្បែង​បោក​ចំបាប់​របស់​លោក​ជាមួយ​មិត្តភក្ដិ និង​អ្នក​ស្គាល់​គ្នា​ផ្សេងៗ​ទៀត ។ នៅ​ថ្ងៃ​បរិសុទ្ធ​មួយ លោក និងព្រិកហាំ យ៉ង់ បាន​ផ្សព្វផ្សាយ​ដល់​ពួកបរិសុទ្ធ​នៅ​ទីក្រុង​រ៉ាមូស រដ្ឋអិលលីណោយ ដែល​មាន​ចំណាយ​ធ្វើ​ដំណើរ​ប្រហែល​ជា​ចំណាយ​ពេល​មួយ​ថ្ងៃ​ពី​ទីក្រុង​ណៅវូ ។ នៅ​ថ្ងៃ​ចន្ទ ពីមុន​ចាកចេញ​ពី​ទីក្រុង​រ៉ាមូស យ៉ូសែប​បាន​ប្រកួត​បោក​ចំបាប់​នឹង​បុរស​ម្នាក់​ដែល​គេ​ហៅ​ថា ​‹ បងធំ​នៅ​ទីក្រុង​រ៉ាមូស › ( សូមមើល ទិនានុប្បវត្តិ យ៉ូសែប ស៊្មីធ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ១៨៤៣ ដែល​បាន​កត់ត្រា​ដោយ វិលឡឺឌ រីឆាដ Joseph Smith Collection, LDS Church Archives ) ។ យ៉ូសែប​បាន​ផ្តួល​គាត់ ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​កាលវិភាគ​សន្និសីទ​បច្ចុប្បន្ន​របស់​យើង​មិន​ផ្ដល់​ឱកាស​ដល់​សមាជិក​ក្នុង​មូលដ្ឋាន​ឲ្យ​ប្រកួត​សាកល្បង​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ដែល​មក​ទស្សនកិច្ច​តាម​របៀប​នេះ » ។១២

បុរស​ពីរបី​នាក់​បាន​ក្លាយ​ជា​មុខព្រួញ​នៃ​ការវាយ​ប្រហារ​កាន់តែ​ច្រើន​លើ​បេសកកម្ម​របស់​ពួកគេ ឬ​ការចងចាំ​របស់​ពួកគេ​ជាង​យ៉ូសែប ស៊្មីធ ។ ខ្ញុំ​បាន​សង្កេត​លើ​ការចោទ​ប្រកាន់​ទាំងនេះ​ដោយ​ការស្រាវជ្រាវ​ផ្ទាល់​ខ្លួន​នៅក្នុង​កំណត់ត្រា​ដើម​នៅក្នុង​រដ្ឋ​អិលលីណោយ ជា​កន្លែង​ដែល​យ៉ូសែប​បាន​រស់​នៅ​ក្នុង​ពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក ។ ការចោទ​ប្រកាន់​មួយ​ដូច​នោះ​បាន​កើត​ឡើង ពេល​យ៉ូសែប ស៊្មីធ ចៅហ្វាយ​ក្រុង ហើយ​ក្រុម​ប្រឹក្សា​ទីក្រុង​ណៅវូ​បាន​ហាមប្រាម​ដល់ Nauvoo Expositor ជា​សារព័ត៌មាន​ប្រឆាំង​មួយ ។ ការហាមប្រាម​នេះ​ផ្ដោត​ទៅលើ​ប្រទូសភាព​ទាស់​នឹង​សាសនាចក្រ ហើយ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ធ្វើឃាត​យ៉ូសែប​តែម្តង ។

អ្នក​ប្រវត្តិសាស្ត្រ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជំនាន់​ដើម រួម​ទាំង​អែលឌើរ ប៊ី. អេច. រ៉ូប៊ើត បាន​ទទួល​ស្គាល់​ថា ទង្វើរ​នេះ​គឺ​ផ្ទុយ​ពី​ច្បាប់ ។ ទោះ​យ៉ាង​ណា ពេល​ខ្ញុំ​ធ្វើ​ការស្រាវជ្រាវ​លើ​ប្រធានបទ​នេះ​កាល​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​វ័យ​ក្មេង នោះ​ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ដែល​រកឃើញ​មូលដ្ឋាន​ច្បាប់​មួយ​សម្រាប់​ទង្វើ​បែប​នេះ​នៅក្នុង​ច្បាប់​នៃ​រដ្ឋ​អិលលីណោយ​ក្នុង​ឆ្នាំ ១៨៤៤ ។ មាន​ការហាមប្រាម​ជាច្រើន​ចំពោះ​សារព័ត៌មាន​លើ​ព្រំដែន​ក្នុង​គ្រា​ពីមុន​សង្គ្រាម​ស៊ីវិល ។ ការធានា​បាន​នូវ​សេរីភាព​សារព័ត៌មាន​នៅក្នុង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​មិន​ត្រូវបាន​ប្រកាស​ឲ្យ​អនុវត្ត​ចំពោះ​សកម្មភាព​នានា​ក្នុង​រដ្ឋាភិបាល​នៃ​ទីក្រុង និង​រដ្ឋ​ទេព រហូត​ទាល់​តែ​ឆ្នាំ ១៩៣១ ហើយ​ពេល​នោះ​មាន​តែ​ដោយ​ការបោះឆ្នោត​ប្រាំ​លើ​បួន​របស់​តុលាការ​កំពូល​សហរដ្ឋ​លើ​វិសោធនកម្ម​នៃ​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ ១៨៦៨ ប៉ុណ្ណោះ ។១៣ មនុស្ស​ម្នាក់​គួរ​វិនិច្ឆ័យ​លើ​សកម្មភាព​របស់​យ៉ូសែប ស៊្មីធ ដោយ​ផ្អែក​ទៅលើ​មូលដ្ឋាន​ច្បាប់ និង​កាលៈទេសៈ​នៅ​ជំនាន់​លោក មិន​មែន​នៅ​ជំនាន់​យើង​ទេ ។

ជា​និស្សិត​នៅ​មហាវិទ្យាល័យ​ឈីកាហ្គោ អ្នក​ប្រវត្តិសាស្ត្រ ម៉ាវិន អេស. ហីល និង​ខ្ញុំ​បាន​ចាប់​អារម្មណ៍​នឹង​ការពិត​ដែល​មាន​គេ​ដឹង​តែ​បន្តិច​បន្តួច​ថា​មាន​បុរស​ប្រាំ​នាក់​បាន​ទៅកាន់អង្គ​ជំនុំ​ជម្រះ​នៅ​រដ្ឋ​អិលលីណោយ​អំពី​ឃាតកម្ម​នៃ​យ៉ូសែប ស៊្មីធ ។ អស់​រយៈពេល​ជាង ១០ ឆ្នាំ យើង​បានស្រាវជ្រាវ​រុករក​តាម​បណ្ណាល័យ និង​បណ្ណាសារដ្ឋាន​នានា​ទូទាំង​ប្រទេស​ដើម្បី​ស្វែងរក​គ្រប់​ព័ត៌មាន​ដែល​នៅ​សេសសល់​អំពី​អង្គ​ជំនុំ​ជម្រះ​នៅ​ឆ្នាំ ១៨៤៥ នេះ និង​អស់​អ្នក​ដែល​ចូលរួម​ក្នុង​រឿង​នេះ ។ សៀវភៅ​របស់​យើង​បាន​រំឭក​ពី​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ប្រជាជន​រដ្ឋ​អិលលីណោយ​ដែល​បាន​ស្គាល់​យ៉ូសែប ស៊្មីធ ដោយ​ផ្ទាល់—អ្នក​ខ្លះ​បាន​ស្រឡាញ់​លោក និង​បាន​ប្រថុយ​ជីវិត​របស់​ពួកគេ​ជួយ​លោក ហើយ​អ្នក​ខ្លះ​ទៀត​ដែល​ស្អប់​លោក និងបាន​ចូលរួម​ដាក់​ផែនការ​សម្លាប់​លោក ។ គ្មាន​អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ការរកឃើញ​របស់​យើង​នៅក្នុង​កំណត់ត្រា​ដើម​របស់​តុលាការ ឬ​នៅក្នុង​សាក្សី​នៅ​ឯ​អង្គ​ជំនុំ​ជម្រះ​ឲ្យ​បាន​វែង​អន្លាយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទុយ៌ស​លើ​បុរស​ដែល​ត្រូវបាន​គេ​ធ្វើ​ឃាត​នោះ​ឡើយ ។​១៤

ការដែល​អាច​ចូល​ទៅ​មើល​កំណត់ត្រា​តុលាការ​រដ្ឋ​អិលលីណោយ​បាន វា​អាច​ដឹកនាំ​ទៅកាន់​តំបន់​ស្រាវជ្រាវ​អំពី​យ៉ូសែប ស៊្មីធ មួយ​ផ្សេង​ទៀត​ដែល​មិន​ធ្លាប់​មាន​នរណា​ប៉ះពាល់​ពីមុន​មក​នោះ ។ យ៉ូសែប អាយ. ប៊ិនលី ពេល​នោះ​ជា​និសិត្ស​ច្បាប់​នៅ​ឈីកាហ្គោ និង​ខ្ញុំ​បាន​រកឃើញ​កំណត់ត្រា​ជា​ច្រើន​អំពី​សកម្មភាព​ជំនួញ​របស់​យ៉ូសែប ស៊្មីធ ។ យើង​បាន​សហការ​និពន្ធ​អត្ថបទ​មួយ​លើ​ប្រធានបទ​នេះ​ដែល​មាន​ចំណង​ជើង​ថា Brigham Young University Law Review នៅ​ឆ្នាំ ១៩៧៦ ។១៥ នៅ​ទសវត្ស​រ៍​ឆ្នាំ ១៨៤០ បាន​កើត​មាន​នូវ​គ្រា​មួយ​ដែល​មាន​ការធ្លាក់​ចុះ និង​សម្ពាធ​ខាង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ប្រទេស ។ ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​រដ្ឋ​តាម​ព្រំដែន​ដូច​ជា​រដ្ឋ​អិលលីណោយ បាន​មាន​ការ​ខូចខាត​ជា​ដំណំ ។ ឧទាហរណ៍ អ្នកនិពន្ធ​ជីវប្រវត្តិ​របស់ អ័ប្រាហាំ លីងខុន បាន​រៀបរាប់​អំពី​រឿង​អាម៉ាស់​ផ្នែក​ហិរញ្ញវត្ថុ​របស់​លោក​អំឡុង​ពេល​ទសវត្ស​នេះ ពេល​ដែល​ជំនួញ​ជួប​គ្រោះថ្នាក់ កាតព្វកិច្ច​ជា​ច្រើន​មាន​ការយឺតយ៉ាវ ហើយ​បណ្ដឹង​កើត​មាន​ឡើង​ជា​ញឹកញាប់ ។១៦

សត្រូវ​របស់​យ៉ូសែប ស៊្មីធ បាន​ចោទ​លោក​ថា​ធ្វើ​ការក្លែង​បន្លំ​កាត់ឈ្មោះ​ទ្រព្យសម្បត្តិ​នានា ដែល​ភាគច្រើន​ធ្វើ​ឡើង​ក្នុង​នាម​ឲ្យ​សាសនាចក្រ ។ ដំណើរ​មាន​តៗ​គ្នា​នៃទម្រង់ការ​តុលាការ​ដែល​បាន​បន្ត​អស់​ជិត​មួយ​ទសវត្ស បាន​ពិនិត្យ​មើល​ការចោទ​ប្រកាន់​ទាំងនេះ​នៅក្នុង​ភាពពិស្ដារ​យ៉ាង​ផ្ចឹតផ្ចង់ ។ នៅ​ទីបំផុត ក្នុង​ឆ្នាំ ១៨៥២ ជាយូរ​ក្រោយ​មក​បន្ទាប់​ពី​ការចាកចេញ​របស់​ពួក​បរិសុទ្ធ​ពី​រដ្ឋ​អិលលីណោយ ( ដូច្នេះ​ពុំ​មាន​អ្នក​នយោបាយ ឬ​បុព្វហេតុ​ណា​ផ្សេង​ទៀត​ដែល​ជួយ​ដល់​ពួក​បរិសុទ្ធ ឬ​អ្នកដឹកនាំ​របស់​ពួកគេទៀត​ទេ ) ចៅក្រម​កណ្ដាល​ក៏​បាន​សម្រេច​ក្ដី​លើ​បណ្ដឹង​នេះ​ជាមួយ​នឹង​វិក្រឹត្យការ​ថា ពុំមាន​ការរកឃើញ​ការក្លែង​បន្លំ ឬ​អំពើ​ខុសឆ្គង​ខាង​សីលធម៌​ណា​ផ្សេង​ទៀត​ដែល​ធ្វើ​ឡើង​ដោយ​យ៉ូសែប ស៊្មីធ ឡើយ ។១៧

អ្នក​ប្រាជ្ញ​ទាំងឡាយ​ដែល​មាន​ចំណេះ​ដឹង​អំពី​បញ្ហា​សាធារណៈ​នៅក្នុង​គ្រា​នេះ បាន​សរសេរ​បែបនេះ​អំពី​យុទ្ធនាការ​របស់​យ៉ូសែប ស៊្មីធ សម្រាប់​បេក្ខភាព​ប្រធានាធិបតេយ្យ​សហរដ្ឋ ៖

« ខណៈ​ដែល​លោក​អាច​នឹង​ពុំ​មាន​ឱកាស​ប្រាកដ​ប្រជា​ក្នុង​ការឈ្នះ​ការបោះឆ្នោត​ជាតិ​ឆ្នាំ ១៨៤៤ ក្ដី ក៏​លោក​បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​វាងវៃ​ជា​បេក្ខភាព​របស់​គណបក្ស​ទី​បី ដែល​ពិត​ជា​មាន​ភាពប្រាកដ​ប្រជា​ខ្លាំង​ណាស់​ក្នុង​ការជំរុញ​ឲ្យ​មាន​ការ​កែទម្រង់​ច្បាប់​នៅក្នុង​សហរដ្ឋ ។ លោក​បាន​សង្ឃឹម ហើយ​បាន​ធ្វើ​កិច្ចការ​ដើម្បី​ធ្វើ​ឲ្យ​គំនិត​សាធារណៈ​មាន​ការប្រសើរ​ឡើង​លើ​បញ្ហា​សំខាន់ៗ​រួម​មាន ទាសភាព សេរីភាព​សាសនា ពន្ធនាគារ និង​ដីធ្លី​សាធារណៈ ។ លោក និង​រប៊ើត ហ្វេស. ឃិននិឌី ជនជាតិ​អាមេរិក​តែ​ពីរ​នាក់​គត់​ដែល​ត្រូវបាន​ធ្វើ​ឃាត​ខណៈ​ពេលដែល​ពួកលោក​នៅ​ជា​បេក្ខភាព​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក » ។១៨

លក្ខណៈ​សម្បត្តិ​របស់​យ៉ូសែប ស៊្មីធ ប្រហែល​ជា​អាច​យល់​បាន​ច្បាស់​បំផុត​ដោយ​បុរស​ទាំងឡាយ​ដែល​ស្គាល់​លោក​ច្បាស់​បំផុត និង​អ្នកដែល​បាន​ឈរ​ជិត​លោក​បំផុត​នៅក្នុង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ពួកគេ​គោរព​ស្រឡាញ់​លោក និង​គាំទ្រ​លោក​ជា​ព្យាការី​មួយ​រូប ។ « បងប្រុស​របស់​លោក ហៃរ៉ុម បាន​សុខចិត្ត​ស្លាប់​នៅក្បែរ​លោក ។ យ៉ូហាន ថេលើរ ក៏​នៅ​ជាមួយ​នឹង​លោក​ដែរ នៅពេល​លោក​ត្រូវបាន​គេ​សម្លាប់​នោះ បាន​មាន​ប្រសាសន៍ ៖ ‹ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ចំពោះ​មុខ​ព្រះ ទេវតា និង​មនុស្ស​ទាំងឡាយ​ថា លោក​គឺជា​បុរស​ដ៏​ល្អ មាន​កិត្តិយស​ប្រកប​ដោយ​គុណធម៌​ម្នាក់ …—ថា​លក្ខណៈ​ឯកជន និង​ទូទៅ​របស់​លោក​គ្មាន​មន្ទិលសង្ស័យ​នោះទេ—ហើយ​ថា​លោក​បាន​រស់នៅ និង ស្លាប់​ក្នុងនាម​ជា​បុរស​ម្នាក់​នៃ​ព្រះ › ( The Gospel Kingdom [ ឆ្នាំ ១៩៨៧ ] ទំព័រ ៣៥៥; សូមមើល​ផងដែរ គ និង ស ១៣៥:៣ ) ។ ព្រិកហាំ យ៉ង់ បាន​ប្រកាស​ថា ៖ ‹ ខ្ញុំ​មិន​គិត​ថា​មាន​បុរស​ណា​ម្នាក់​ដែល​រស់នៅ​លើ​ផែនដី​នេះ ដែល​បាន​ស្គាល់ [ យ៉ូសែប ស៊្មីធ ] ច្បាស់​ជាង​ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​និយាយ​ដោយ​មុតមាំ ដោយ​ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​យក ថា​គ្មាន​បុរស​ណា​ល្អ​ជាង​នេះ​ដែល​ធ្លាប់​បាន​រស់នៅ ឬ​រស់នៅ​លើ​ផែនដី​នេះ​ឡើយ › [ “Remarks,” Deseret News, ថ្ងៃ​ទី ២៧ ខែ សីហា ឆ្នាំ ១៨៦២ ទំព័រ ៦៥ ] » ។១៩

III. យ៉ូសែប ស៊្មីធ និង​ច្បាប់

ជា​ភស្ដុតាង​ច្បាស់​ណាស់​ចេញ​ពី​ឧទាហរណ៍​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ថ្លែង​រួច​មក​ហើយ​នេះ ចំណាប់​អារម្មណ៍​ដ៏​យូរ​អង្វែង​របស់​ខ្ញុំ​ទៅលើ​ប្រវត្តិច្បាប់ គឺ​រួម​មាន​ទាំង​ចំណាប់​អារម្មណ៍​ពិសេស​លើ​អន្តរកម្ម​របស់​យ៉ូសែប ស៊្មីធ ជាមួយ​នឹង​ប្រព័ន្ធ​ច្បាប់​នៃសហរដ្ឋអាមេរិកនៅ​ជំនាន់​លោក ។ អ្នក​ប្រវត្តិសាស្ត្រ​បាន​ថ្លែង​តាម​ទំនៀម​ថា យ៉ូសែប ស៊្មីធ ជា​បុគ្គល​មួយ​រូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹងសកម្មភាព​ផ្លូវច្បាប់​មិន​លើស​ពី ៤០ សកម្មភាព​នោះ​ទេ ។ សព្វថ្ងៃ​នេះ ជាមួយ​នឹង​អត្ថប្រយោជន៍​នៃ​កិច្ចការ​ដែល​បាន​ធ្វើ​ចំពោះ The Joseph Smith Papers យើង​ដឹង​ថា​តួលេខ​គឺ​ច្រើន​ជាង ២២០ ។ សកម្មភាព​ផ្លូវច្បាប់​ទាំងនេះ​រាប់ « ពីករណី​ប្រមូល​ផ្ដុំ​ធម្មតា​ទៅដល់​បញ្ហា​ស្មុគស្មាញ [ បណ្ដឹង​វិវាទ ] ដែល​រួម​មាន​ទ្រឹស្ដី​ច្បាប់​ស្មុគស្មាញ ។ … យ៉ូសែប​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​មេធាវី​ជា​ច្រើន​ដើម្បី … នាំ​ទៅ​ការពារ​សកម្មភាព [ បែប​នេះ ] … ទាំង​បញ្ហា​ស៊ីវិល និង​បទឧក្រិដ្ឋ » ។២០

ដោយ​ទាញ​យក​ពី​ចំណេះដឹង​ដ៏​អស្ចារ្យ​សម្បូរ​បែប​អំពី​ជីវិត​របស់​ព្យាការី នោះ​យើង​មាន​អ្នក​ប្រាជ្ញ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជេហ្វ្រី អិន. វ៉កឃើរ ដែល​បាន​សរសេរ​ថា ៖ « ដោយ​មិន​អាច​បដិសេធ​បាន យ៉ូសែប ស៊្មីធ បាន​ចូលរួម​ក្នុង​ប្រព័ន្ធ​ច្បាប់​របស់​អាមេរិក​យ៉ាង​ជិតស្និត យ៉ាង​សកម្ម និង​ដោយ​ជាប់លាប់ ។ ការមិន​អើពើ​នឹង​សកម្មភាព​ដ៏​សំខាន់​ទាំងនេះ គឺ​ជា​ការខកខាន​មិន​បាន​ដឹង​នូវ​របៀប​ជាច្រើន​ដែល​លោក​បាន​ចំណាយ​ពេល និង​ថាមពល​របស់​លោក​យ៉ាង​ចំណាន និង​មាន​ប្រសិទ្ធភាព—ច្រើន​ណាស់ ដែល ដានីយ៉ែល អេច. វែលស៍ ខ្លួន​លោក​ផ្ទាល់​ដែល​ជា​អ្នកច្បាប់ ចៅក្រម និង​ជា​មេធាវី​ទូទៅ​មួយ​រូប​ដែល​បាន​ស្គាល់​ស្ម៊ីធ​យ៉ាង​ច្បាស់ បាន​មាន​យោបល់​ថា ៖ ‹ ខ្ញុំ​បាន​ស្គាល់​អ្នក​ច្បាប់​ទាំងឡាយ​អស់​មួយ​ជីវិត​ខ្ញុំ ។ យ៉ូសែប ស៊្មីធ ជា​អ្នក​ច្បាប់​ដ៏​ល្អ​បំផុត​ដែលខ្ញុំ​ធ្លាប់​ស្គាល់​ក្នុង​ជីវិត​ខ្ញុំ › [ ដូច​ដែល​បាន​ដកស្រង់​នៅក្នុង The Journal of Jesse Nathaniel Smith: Six Decades in the Early West: Diaries and Papers of a Mormon Pioneer, ឆ្នាំ ១៨៣៤–១៩០៦ ( ឆ្នាំ ១៩៥៣ ) ទំព័រ ៤៥៦ ] » ។២១

អ្នក​និពន្ធ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បី​រូប​ធ្វើ​ការសង្ខេប​ដូច​តទៅ​នេះ ៖ « ជាមួយ​នឹង​ការចូលរួម​ដ៏​ខ្លាំងក្លា​របស់​លោក​ក្នុង​ប្រព័ន្ធ​ច្បាប់ លោក​ស្ម៊ីធ​បាន​រៀន​យ៉ាង​ឆាប់​រហ័ស​ពី​វិន័យ​របស់​ល្បែង​នេះ ហើយ​បាន​ប្រើប្រាស់​វិន័យ​ទាំងនោះ​ដោយ​ស្រប​ច្បាប់​ឲ្យ​ពេញ​ប្រយោជន៍​ដោយ​ស្របច្បាប់ ដោយ​ពុះពារ​ប្រើប្រាស់​យ៉ាង​ពេញលេញ​នូវ​ឱកាស និង​ការការពារ​ថ្មីៗ​ដែល​ផ្ដល់​ឲ្យ​ដោយ​ច្បាប់​ប្រទេស​ដ៏​ក្មេងខ្ចី​នេះ ។ ជម្រើស និង​ការប្រព្រឹត្ត​ខាង​ច្បាប់​របស់​លោក ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា​លោក​ទទួល​ព័ត៌មាន​បាន​យ៉ាង​ល្អ​អំពី​បញ្ហា​ផ្លូវ​ច្បាប់ ហើយ​ថា​លោក​បាន​បោះ​ជំហាន​យ៉ាង​ច្បាស់លាស់​ដើម្បី​ប្រើប្រាស់​របៀប​ដ៏​ត្រឹមត្រូវ​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់ មិនថា​ពេល​លោក​ព្យាយាម​ទទួល​បាន​នូវ​ការរក្សាសិទ្ធិ​សម្រាប់​ព្រះគម្ពីរ​មរមន​នៅក្រោម​ច្បាប់​រដ្ឋ, រៀបចំ​អាពាហ៍ពិពាហ៍​ក្រោម​ច្បាប់​រដ្ឋ​អូហៃអូ, រៀបចំ​ពិធី​បរិសុទ្ធ​នៅ​ណៅវូ, អំពាវនាវ​ឲ្យ​មាន​ការការពារ​ពេញលេញ​ដល់​សេរីភាព​សាសនា, ធ្វើ​ឲ្យ​មាន​ការប្រើប្រាស់​ច្បាប់​ថ្មីៗ​ដែល​គ្រប់គ្រង​ដីធ្លី​រដ្ឋ​ដោយ​មាន​ប្រសិទ្ធភាព, គាំទ្រ​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ត្រូវបាន​គេចាប់​ខ្លួន​ថា​មិន​គួរ​ត្រូវបាន​ដាក់គុកយូរ​ជាង​ពេល​វេលា​ជាក់លាក់​មួយ​លើកលែង​តែ​ចៅក្រម​បាន​កាត់ក្ដី​បែបនោះ, តម្រូវ​ឲ្យ​មាន​យុត្តាធិការ​សមរម្យ, ឬ​ដាក់​ស្នើ​យក​ការការពារ​នៅក្រោម​ច្បាប់ក្ស័យធនដែល​ទើប​នឹង​អនុម័ត​ថ្មីៗ​ក្ដី ។ នៅក្នុង​ពេល​ទំនេរ​របស់​លោក លោក​សិក្សា​សៀវភៅ​ច្បាប់ ។ លោក​បាន​ដឹង​ពាក្យពេចន៍​ច្បាស់លាស់​នៃ​រដ្ឋធម្មនុញ្ញ និង​ភាសា​ច្បាប់​ត្រឹមត្រូវ​នៃ​លក្ខន្តិកៈ​របស់​រដ្ឋ ។ គ្មាន​ការសង្ស័យ​ទេ​ថា​លោក​បាន​ដឹង​យ៉ាង​ច្បាស់​នូវ​ការអភិវឌ្ឍ​ខាង​ច្បាប់​ជា​ច្រើន​នៅ​កម្រិត​រដ្ឋ និង​សហព័ន្ធ​នៅ​ក្នុង​ជីវិត​លោក » ។២២

ពិតជា​សំខាន់​ដែល​អ្នកនិពន្ធ​ទាំងបី​នាក់​នោះ​បន្ថែម​សេចក្ដី​ថ្លែង​នេះ ៖ « ក្នុង​នាម​ជា​ចុងចោទ​ម្នាក់ លោក​មិនដែល​ត្រូវបាន​ផ្ដន្ទាទោស​ដោយសារ​បទល្មើស​ឧក្រិដ្ឋ​ណា​ឡើយ ។ ពេល​ណា​ដែល​លោក​ត្រូវបាន​ផ្ដល់​ឲ្យ​នូវ​សវនាការ​ដ៏​យុត្តិធម៌ នោះ​លោក​ត្រូវ​បាន​គេ​រកឃើញ​ថា​ជា​ពលរដ្ឋ​សុចរិត និង​ទៀងត្រង់​មួយ​រូប » ។២៣

ការសង្ខេប​ដ៏​ពិស្ដារ​នៃ​បណ្ដឹង​វិវាទ​របស់​ព្យាការី​ដែល​ត្រូវបាន​ជ្រើសរើស និង​វិភាគ​នៅក្នុង​សៀវភៅ​នោះ​ដែល​ខ្ញុំ​បាន​ដកស្រង់​គឺ​ផ្អែក​លើ​កិច្ចការ​ដ៏​សន្ធឹកសន្ធាប់​ដែល​និស្សិតច្បាប់ លោក ជេ. រូបឹន ក្លាក ដែល​បាន​សិក្សា​លើ​ប្រធានបទ​នោះ ហើយ​បាន​ធ្វើ​កិច្ចការ​យ៉ាង​ពិស្ដារ​ដែល​ដឹកនាំ​ទៅកាន់​សៀវភៅ​ដែល​និពន្ធ​ដោយ​អ្នក​និពន្ធ​បី​រូប​នេះ ។ ខ្ញុំ​មាន​ការទាក់ចិត្ត​ជា​ខ្លាំង​នឹង​ការពិពណ៌នា​នៃ​គំនិត​របស់​និស្សិត​ច្បាប់​ទាំងនេះ ៖

« និស្សិត​ច្បាប់​ដែល​បាន​ប្រើប្រាស់ច្បាប់​ថ្មី​ពី​មុន​នៃ​សៀវភៅ​នេះ​ជា​សៀវភៅ​សិក្សា​របស់​ពួកគេ បាន​មាន​គំនិត​មិន​ផ្លាស់​ប្ដូរ​ថា យ៉ូសែប​មាន​ការទទួល​ខុសត្រូវ, ស្មោះត្រង់, ប្រុងប្រយ័ត្ន, មាន​ក្ដី​មេត្តា, ល្អិតល្អន់, គោរព​ច្បាប់, អត់ធ្មត់, វិជ្ជមាន, ប្រកប​ដោយ​ធនធាន, វាងវៃ, យល់ដឹង, មាន​លក្ខណៈ​វិនិច្ឆ័យ​ល្អ, និងពូកែ​ផ្នែក​ច្បាប់ ( ប្រើ​ពាក្យ​សម្ដី​ផ្ទាល់​របស់​ពួកគេ ) ជាពិសេស​ពេល​វាទាក់ទង​នឹង​ការការពារ​សាសនា និង​សិទ្ធិ​ស៊ីវិល​របស់​អ្នក​ដទៃ​ទៀត ឬ​បំពេញ​ភារកិច្ច​ដែល​គាត់​ត្រូវ​បាន​ប្រគល់​ឱ្យ ។ … យ៉ូសែប ស៊្មីធ មិន​ដែល​បាត់បង់​សេចក្ដី​ជំនឿ​លើ​រដ្ឋធម្មនុញ្ញ​នោះ​ទេ ហើយ​បាន​ពុះពារ​ធ្វើ​កិច្ចការ​យ៉ាង​មាំ​មួន​នៅក្រោម​ការឧបត្ថម្ភ​គាំទ្រ​វា សូម្បី​លោក​មាន​ចិត្តធុញថប់ ខកចិត្ត និង​ការប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​ផ្ដល់​ការបម្រើ​សេវា​នេះ​ក្ដី » ។២៤

Drawing of Joseph Smith

Joseph Smith the Prophet, ដោយ Dan Weggelend, ទទួលបាន​សិទ្ធិ​អនុញ្ញាត​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

IV. សេចក្ដី​បញ្ចប់

នៅក្នុង​ជីវិត​លោក យ៉ូសែប ស៊្មីធ សម្រេច​បាន​ច្រើន​ជាង​មនុស្ស​រមែង​ស្លាប់​ណាៗ​ទាំងអស់​អាច​សម្រេច​បាន​នៅក្នុង​រយៈ​ពេល​ដ៏​ខ្លី ។ ការពន្យល់​តែ​មួយ​ដែល​អាច​មាន​គឺ​ទទួល​ជំនួយ​ពី​ស្ថានសួគ៌ ។ ខ្ញុំចូលចិត្ត​ការសង្ខេបនេះ ៖

« លោក​បាន​បកប្រែ និង​បោះពុម្ព​ព្រះគម្ពីរ​មរមន​នៅក្នុង​ទីក្រុង​នូវយ៉ោក, បាន​រៀបចំ​សាសនាចក្រ​នៅក្នុង​ទីក្រុង​នូវយ៉ោក, ហើយ​បន្ទាប់​មក​បាន​តាំង​ទីលំនៅ​នៅ​អូហៃអូ មិសសួរី និង​អិលលីណោយ​ម្ដង​ទៀត, បានស្ថាបនា​ទីក្រុង​ទាំងឡាយ រួមមាន ខឺឡង់ ហ្វារវែស្ទ និង​ណៅវូ, បាន​ហៅ និង​បង្ហាត់​បង្រៀន​ដល់​អ្នកដឹកនាំ​សាសនា​រាប់​រយ​នាក់, បាន​សិក្សា​ភាសា​ហេព្រើរ និង​គម្ពីរ​ប៊ីប, បាន​បង្កើត​សមាគម​សង្គ្រោះ​នៅ​ណៅវូ, បាន​ធ្វើ​ជំនួញ​ជា​លក្ខណៈ​ឯកជន និង​ជា​ដៃគូរ​ច្រើន, បាន​បង្កើត​អចលនទ្រព្យ និង​កសាង​ព្រះវិហារ​បរិសុទ្ធ, បាន​សរសេរ និង​បោះពុម្ព​អត្ថបទ និង​វិចារណកថា​នានា, មាន​ក្រុម​គ្រួសារ​ដ៏​ធំ ហើយ​បាន​ស្រឡាញ់​រាប់អាន​មិត្តភក្ដិ​ជា​ច្រើន ហើយ​បាន​បម្រើ​ក្នុង​សមាសភាព​ស៊ីវិល​មួយ​ចំនួន រួមមាន​កងមេបញ្ជាការ​នៃ​កង​ជីវពល​បុរស​មួយ​កង​ដ៏​ធំ, ក៏​ដូចជា​បាន​ធ្វើ​ជា​ចៅហ្វាយ​ក្រុង និង​មេចៅក្រម​នៃ​ទីក្រុង​ណៅវូ​ផងដែរ ។ លោក​បាន​ថ្លែង​ជា​ប្រចាំ​នៅក្នុង​ការថ្វាយ​បង្គំ, ការ​ឧទ្ទិស​ប្រចាំ​សប្ដាហ៍ និង​នៅ​ឯ​ពិធី​បុណ្យសព​ដែល​មាន​ជា​ញឹកញាប់, លោក​បាន​ទាក់ទាញ​ជន​ដែល​មាន​សេចក្តីជំនឿ​រាប់ពាន់​នាក់ បំផុស​ឲ្យ​មាន​កំណើន​អ្នក​ប្រែចិត្តជឿ​ឲ្យ​ធ្វើ​អន្តោប្រវេសន៍​មក​សហរដ្ឋ » ។​២៥

នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ​ដែល​បាន​ថ្លែង​កាល​ពី​ជាង ២០​ឆ្នាំ​មុន ខ្ញុំ​បាន​និយាយ​ថា ៖

« ដូច​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​ដទៃ​ទៀត​ដែរ ខ្ញុំ​បាន​ស្ថាបនា​ជីវិត​របស់​ខ្ញុំ​លើ​ទីបន្ទាល់ និង​បេសកកម្ម​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ នៅក្នុង​ការអាន និង​ការស្រាវជ្រាវ​ដើម​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​បាន​បដិសេធ​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ការហៅ​ជា​ព្យាការី​របស់​លោក និង​នៃ​ដំណឹងល្អ ព្រមទាំង​ការស្ដារ​ឡើង​វិញ​នៃ​បព្វជិតភាព​ដែល​ព្រះអម្ចាស់​បាន​ចាប់​ផ្ដើម​តាម​រយៈ​លោក​នោះ​ឡើយ ។ ខ្ញុំ​សូម​អះអាង​ដោយ​រឹងមាំ​ពី​ទីបន្ទាល់​ដែល​យ៉ូសែប ស៊្មីធ បាន​បង្ហាញ​នៅក្នុងសំបុត្រ​ជូន​លោក​វែន្តវើធ​ដ៏​ល្បីល្បាញ​នៅ​ឆ្នាំ ១៨៤២ ៖

« ‹ … បទដ្ឋាន​នៃ​សេចក្តីពិត​ត្រូវបាន​បង្កើត​ឡើង គ្មាន​ដៃ​ដែល​មិន​ស្អាតស្អំ​ណា អាច​បញ្ឈប់​កិច្ចការ​នេះ​ពី​ការរីកចម្រើន​ឡើយ ការបៀតបៀន​អាច​កញ្ជ្រោល​ឡើង ពួក​មនុស្ស​កំណាច​អាច​ប្រមូលផ្ដុំគ្នា ពួកទាហាន​អាច​ប្រជុំ​គ្នា ពួក​អ្នក​មួល​បង្កាច់​អាច​បង្ខូច​កេរ្តិ៍ឈ្មោះ តែ​សេចក្ដីពិត​នៃ​ព្រះ​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង ឯករាជ្យ​រហូត​ទាល់តែ​វា​បាន​ដល់​គ្រប់​ទាំងទ្វីប គ្រប់​តំបន់ គ្រប់​ប្រទេស និង បាន​ឮ​ដល់​គ្រប់​ត្រចៀក រហូតដល់​គោលបំណង​នៃ​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វគ្រប់​ហើយ › (Times and Seasons, ថ្ងៃទី ១ ខែ មីនា ឆ្នាំ ១៨៤២ ទំព័រ ៧០៩; ការដកស្រង់​នៅក្នុង Daniel H. Ludlow, ed., Encyclopedia of Mormonism, វ៉ុល ៥ [ ឆ្នាំ ១៩៩២ ], ៤:១៧៥៤ ) » ។២៦

Missionaries in Indonesia

បងប្អូន​ប្រុសស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គ​សង្គ្រោះ​របស់​យើង ដែល​បានយាង​មក​ជាមួយ​នឹង​ព្រះវរបិតា ដើម្បី​ជួប​នឹង​ព្យាការី​វ័យក្មេង ដែល​ព្រះវរបិតា​បាន​មាន​ព្រះបន្ទូល ៖ « នេះ​ជា​ព្រះ​រាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​ទ្រង់​ចុះ ! » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។ យើង​បាន​ឮ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​នៅក្នុង​វិវរណៈ​ចាប់​តាំងពី​ពេល​នោះ​មក ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ យើង​ជា​អ្នក​កាន់​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ យើង​ដើរ​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​បុព្វហេតុ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការហៅ​របស់​ព្យាការី​យ៉ូសែប ស៊្មីធ និង​អំពី​ការហៅ​របស់​ពួក​ព្យាការី​ទាំងឡាយ​ដែល​បាន​ស្នង​តំណែង​ពី​លោក​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ដែល​អ្នក​បាន​ចូលរួម ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន Accomplishing the Impossible ( ឆ្នាំ ២០១៥ ) ទំព័រ ១–២ ។

  2. « សរសើរដល់លោក » ទំនុកដំកើងព្រះ លេខ ១៦ ។

  3. សូម​មើល ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ៣៧ ។

  4. Richard Lyman Bushman, Joseph Smith: Rough Stone Rolling ( ឆ្នាំ ២០០៥ ) ទំព័រ ១០៥ ។

  5. រ័សុល អិម ណិលសុន នៅក្នុង Sarah Jane Weaver, « President Nelson Shares the ‹ Hopes of My Heart › with New Mission Leaders, » Church News, ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ news.lds.org ។

  6. ប្រកាស​ដំណឹងល្អ​យើង ទំព័រ ១០៣ សូម​មើលផងដែរ​បុព្វកថា​នៃ​ព្រះ​គម្ពីរ​មរមន ។

  7. Gary C. Lawrence, How Americans View Mormonism: Seven Steps to Improve Our Image ( ឆ្នាំ ២០០៨ ) ទំព័រ ៣២ ។

  8. សូមមើល Gary C. Lawrence How Americans View Mormonism ទំព័រ ៤២ ។

  9. ផ្នែកនេះនៅក្នុងអត្ថបទនៅកំណត់ចំណាំទី ១០ ត្រូវបានកែសម្រួលមកពី ដាល្លិន អេក អូក « Joseph Smith in a Personal World, » នៅក្នុងកំណែរបស់ John W. Welch, The Worlds of Joseph Smith: A Bicentennial Conference at the Library of Congress ( ឆ្នាំ ២០០៦ ) ទំព័រ ១៥៩ ។

  10. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៥២២ ។

  11. Mary Alice Cannon Lambert, នៅក្នុង « Joseph Smith, the Prophet, » Young Woman’s Journal, ខែ ធ្នូ ឆ្នាំ ១៩០៥ ទំព័រ ៥៥៤ ។

  12. ដាល្លិន អេក អូក «The Relief Society and the Church» Ensign, ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៧២ ។

  13. សូមមើល ដាល្លិន អេក អូក « The Suppression of the Nauvoo Expositor, » Utah Law Review, វ៉ុល ៩ លេខ ៤ ( ឆ្នាំ ១៩៦៥ ) ទំព័រ ៨៦២–៩០៣ ។

  14. សូមមើល Dallin H. Oaks and Marvin S. Hill, Carthage Conspiracy: The Trial of the Accused Assassins of Joseph Smith ( ឆ្នាំ ១៩៧៥ ) ។

  15. សូមមើល Dallin H. Oaks and Joseph I. Bentley, « Joseph Smith and Legal Process: In the Wake of the Steamboat Nauvoo, » BYU Law Review, វ៉ុល ១៩៧៦, លេខ ៣ ( ឆ្នាំ ១៩៧៦ ) ទំព័រ ៧៣៥–៨២ ។

  16. សូមមើល David Herbert Donald, Lincoln ( ឆ្នាំ ១៩៩៥ ) ទំព័រ ៩៤–១១៨ ។

  17. សូមមើល Dallin H. Oaks and Joseph I. Bentley, « Joseph Smith and Legal Process, » ទំព័រ ៧៨១ ។

  18. Gordon A. Madsen, Jeffrey N. Walker, and John W. Welch, eds., Sustaining the Law: Joseph Smith’s Legal Encounters ( ឆ្នាំ ២០១៤ ) ទំព័រ x–xi ។

  19. ដាល្លិន អេក អូក « Joseph, the Man and the Prophet » ទំព័រ ៧៣ ។

  20. Jeffrey N. Walker in Gordon A. Madsen and others, eds., Sustaining the Law, ទំព័រ vi ។

  21. Jeffrey N. Walker in Gordon A. Madsen and others, eds., Sustaining the Law, ទំព័រ vii ។

  22. Gordon A. Madsen and others, eds., Sustaining the Law, ទំព័រ xvii ។

  23. Gordon A. Madsen and others, eds., Sustaining the Law, ទំព័រ xvii–xviii ។

  24. Gordon A. Madsen and others, eds., Sustaining the Law, ទំព័រ xviii ។

  25. Gordon A. Madsen and others, eds., Sustaining the Law, ទំព័រ xi–xii ។

  26. ដាល្លិន អេក អូក « Joseph, the Man and the Prophet » ទំព័រ ៧៣ ។

អាយុ ៖

ព្រឹត្តិការណ៍ ៖

១៤

ការនិមិត្ត​ដំបូង

២១

ផ្ទាំង​ចំណារ​មាស

២៣

បាន​បកប្រែ​ព្រះ​គម្ពីរ​មរមន​បាន​ចប់​សព្វគ្រប់

២៥

ទទួល​បាន​វិវរណៈ​បាន​ពាក់​កណ្តាល​នៅ​ក្នុង​ព្រះ​គម្ពីរ គោលលទ្ធិ និង​សេចក្តី​សញ្ញា

២៦

បាន​រៀបចំ​គណៈប្រធាន​ទី​មួយ

៣៣

រត់​គេច​ចេញ​ពី​គុក​នៅ​រដ្ឋ​មិសសួរី បាន​បង្កើត​ថ្នាក់​ដឹកនាំ​ជា​ថ្មី

៣៨

ត្រូវបាន​គេ​ធ្វើ​ទុក្ករកម្ម