ឡកម្តៅផ្ទះយើងដំណើរការដោយសារសេចក្តីជំនឿ
ល្វីស មែនសៀស រដ្ឋតិចសាស ស.រ.អា
រចនារូបភាពដោយ កុប អ៊ីលូស្ត្រេសិន
នៅពេលស្វាមីរបស់ខ្ញុំម៉ាក និងខ្ញុំបានរស់នៅជាមួយកូនតូចប្រាំនាក់របស់យើងនៅឆ្នេរភាគខាងកើតនៃសហរដ្ឋអាមេរិក យើងបានរស់នៅក្នុងផ្ទះមួយដែលមានឡកម្តៅដែលប្រើប្រេង ។ ដើម្បីមើលកម្រិតប្រេង នោះយើងត្រូវដាក់កម្រិតវ៉ាស់មួយនៅក្នុងធុងប្រេង ។ ហើយប្រសិនបើប្រេងនោះវាជិតអស់ យើងនឹងទូរសព្ទទៅក្រុមហ៊ុនប្រេងសម្រាប់ឡកម្តៅនោះឲ្យមកចាក់បំពេញធុងប្រេងនោះ ។
នៅអំឡុងពេលរដូវរងាដ៏ខ្លាំងមួយនាខែមករា យើងមានបញ្ហាហិរញ្ញវត្ថុកើតឡើង ។ ខ្ញុំបានធ្វើការក្រៅម៉ោងនៅពេលល្ងាចនៅហាងមួយ ដើម្បីជួយដល់ចំណូលយើង ប៉ុន្តែយើងនៅតែពុំអាចបំពេញសេចក្តីត្រូវការរបស់យើងឡើយ ។ ទីបំផុត ខ្ញុំបានឈានដល់ការសម្រេចចិត្តថា តើត្រូវថ្វាយដង្វាយមួយភាគក្នុងដប់ ឬត្រូវបង់លុយថ្លៃប្រេង ។ យើងបានវ៉ាស់កម្រិតប្រេងនោះ ហើយវាបានចុះមកដល់កម្រិត ៥ សង់ទីម៉ែត្រ ។ ចំណុះនោះអាចប្រើបានតែមួយ ឬពីរថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែយើងសម្រេចចិត្តដាក់ទីទុកចិត្តរបស់យើងទៅលើព្រះអម្ចាស់ ហើយបានថ្វាយដង្វាយមួយភាគក្នុងដប់របស់យើង ។
នៅថ្ងៃបន្ទាប់មក ម៉ាកបានវ៉ាស់កម្រិតប្រេងម្តងទៀត ។ វានៅតែមានចំណុះប្រាំសង់ទីម៉ែត្រដដែល ។ ម៉ាកបានវាស់វាម្តងទៀតនៅថ្ងៃបន្ទាប់ទៀត ហើយវានៅតែមានចំណុះប្រាំសង់ទីម៉ែត្រដដែល ។ ការដុតកម្តៅនៅតែបន្ត ប៉ុន្តែកម្រិតប្រេងពុំបានចុះឡើយ ។ ពីរថ្ងៃបន្ទាប់មក កម្រិតប្រេងនោះនៅតែមានចំណុះប្រាំសង់ទីម៉ែត្រដដែល ។ ខ្ញុំចាំពីការយំដោយអំណរពេលយប់ កាលខ្ញុំបានឮសំឡេងម៉ាស៊ីនកម្តៅបានឆេះឡើង ។ ឡកម្តៅរបស់យើងពុំមែនដំណើរការដោយប្រេងឡើយ ប៉ុន្តែដំណើរការដោយសារសេចក្តីជំនឿវិញ ។
ខ្ញុំមានអារម្មណ៍ដូចជាស្ត្រីមេម៉ាយដែលបានផ្តល់អាហារដល់ព្យាការីអេលីយ៉ា ហើយបានឃើញថា « ម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ » ( ពង្សាវតារក្សត្រ ទី ១ ១៧:១៦ ) ។ ទីបំផុត នៅពេលដល់ថ្ងៃត្រូវបង់ប្រាក់ ម៉ាកបានវ៉ាស់កម្រិតប្រេងម្តងទៀត ។ លើកនេះវាមានចំណុះពីរសង់ទីម៉ែត្រកន្លះ ។ ឥឡូវប្រេងបានចុះ ប៉ុន្តែយើងមានប្រាក់ដើម្បីចាក់បំពេញធុងប្រេងនោះ ។
គ្រួសាររបស់យើងបានសាកល្បងការសន្យារបស់ព្រះដែលមាននៅក្នុងម៉ាឡាគី ៣:១០ ៖ « ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ » ។
ជូនចំពោះអស់អ្នកដែលមានចិត្តសង្ស័យចំពោះពរជ័យពីការថ្វាយដង្វាយមួយភាគក្នុងដប់ នោះខ្ញុំសូមលើកទឹកចិត្តពួកគេឲ្យទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ដើម្បី « ល្បងលយើងឥឡូវ » ។ ការថ្វាយដង្វាយមួយភាគក្នុងដប់ចាក់បើកបង្អួចស្ថានសួគ៌ ហើយតាមរយៈការគោរពប្រតិបត្តិ និងភាពស្មោះត្រង់ចំពោះក្រឹត្យវិន័យរបស់ព្រះអម្ចាស់ នោះយើងបានពរក្នុងរបៀបជាច្រើន ។
គ្រួសាររបស់យើងនឹងពុំភ្លេចឡើយ កាលប្រេងនៃឡកម្តៅរបស់យើងដំណើរការដោយសេចក្តីជំនឿជាជាងដោយប្រេង ។