សេចក្ដីជំនឿពីរកម្រិត
ដកស្រង់ចេញមកពីសុន្ទរកថាការប្រជុំធម្មនិដ្ឋាន « The Faith to Reap » បានថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៥ ។
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់គឺជាសេចក្តីជំនឿដើម្បីច្រូតកាត់ ។ វាជាសេចក្តីជំនឿនៅក្នុងព្រះចេស្តារបស់ទ្រង់ ពុំមែនក្នុងអំណាចរបស់អ្នកទេ ។
លីហៃ និងគ្រួសាររបស់លោកបាននៅក្នុងទីរហោស្ថានអស់រយៈពេលពីរបីថ្ងៃ នៅពេលព្រះអម្ចាស់បានប្រាប់លោកឲ្យបញ្ជូនពួកកូនប្រុសរបស់លោកត្រឡប់ទៅកាន់ទីក្រុងយេរូសាឡិម ដើម្បីទទួលយកផ្ទាំងលង្ហិនពីឡាបាន់ ។ ជារឿយៗ យើងពុំសរសើរកូនប្រុសពីរនាក់របស់លីហៃដែលបះបោរនោះទេ គឺលេមិន និងលេមយួល ប៉ុន្តែពួកគេពិតជាមានឆន្ទៈទៅ ។ ពួកគេមានសេចក្តីជំនឿគ្រប់គ្រាន់ដើម្បីសាកល្បង ។
លេមិន ហើយក្រោយមកលេមយួលជាមួយបងប្អូនរបស់គាត់បានសូមផ្ទាំងពីឡាបាន់ ។ ពួកបងប្អូនទាំងនេះបាត់បង់ទ្រព្យសម្បត្តិគ្រួសាររបស់ពួកគេ ហើយស្ទើរតែបាត់បង់ជីវិតនៅក្នុងការប៉ុនប៉ងនោះ ។ នៅត្រង់ចំណុចនេះ សេចក្តីជំនឿរបស់លេមិន និង លេមយួល បានធ្វើឲ្យពួកគេបរាជ័យ ហើយពួកគេបម្រុងនឹងឈប់ ។ ប៉ុន្ដែនីហ្វៃមានជំនឿឈ្នះលើគ្រោះថ្នាក់ និងការបាក់ទឹកចិត្តនោះ ៖
« ប្រាកដដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ ហើយប្រាកដដូចជាយើងនៅមានជីវិត នោះយើងនឹងមិនចុះទៅរកឪពុកយើងនៅក្នុងទីរហោស្ថានឡើយ ទាល់តែយើងបានសម្រេចនូវកិច្ចការ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជាយើងសិន ។
ហេតុដូច្នោះហើយ ចូរយើងមានចិត្តស្មោះត្រង់ ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ » ( នីហ្វៃទី ១ ៣:១៥–១៦ ) ។
ក្រោយមក នីហ្វៃបានអនុវត្តសេចក្តីជំនឿដ៏អស្ចារ្យរបស់លោក យកបានផ្ទាំងលង្ហិនពីឡាបាន់ ហើយបានត្រឡប់មករកបងៗរបស់លោកវិញ ហើយត្រឡប់ទៅកាន់ឪពុករបស់ពួកគេនៅក្នុងទីរហោស្ថានវិញ ។
វាហាក់បីដូចជាមានកម្រិតនៃសេចក្តីជំនឿពីរដាច់ពីគ្នា ។ កម្រិតទីមួយគឺសេចក្តីជំនឿដើម្បីសាកល្បង ជាជំនឿដើម្បីលូកកណ្តៀវរបស់យើង ។ កម្រិតទីពីរគឺសេចក្តីជំនឿដើម្បីធ្វើ ។ វាមានច្រើនជាងសេចក្តីជំនឿដើម្បីលូកកណ្ដៀវរបស់អ្នក—វាជាសេចក្តីជំនឿដើម្បីច្រូតកាត់ ។
លេមិន និង លេមយួលមានសេចក្តីជំនឿដើម្បីសាកល្បង ប៉ុន្តែនីហ្វៃមានសេចក្តីជំនឿដើម្បីធ្វើ ។ លេមិន និងលេមយួលមានសេចក្តីជំនឿគ្រប់គ្រាន់ដើម្បីសាកល្បងលូកកណ្តៀវរបស់ពួកគេ ប៉ុន្តែនីហ្វៃមានសេចក្តីជំនឿគ្រប់គ្រាន់ដើម្បីច្រូតកាត់ ។
ភាពប៉ិនប្រសប់ដាច់ដោយឡែកពីគ្នារវាងសេចក្តីជំនឿដើម្បីលូកកណ្ដៀវរបស់អ្នក និងសេចក្តីជំនឿដើម្បីច្រូតកាត់នឹងធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ។ ដើម្បីរស់នៅម្តងទៀតជាមួយព្រះវរបិតាសួគ៌យើង និងដើម្បីរស់នៅក្នុងជីវិតដ៏មានប្រយោជន៍ និងរីករាយនៅលើផែនដីនេះ យើងត្រូវតែអភិវឌ្ឍនូវជំនឿដើម្បីច្រូតកាត់ ។
យើងបានទទួលការសន្យាដ៏អស្ចារ្យមកពីព្រះអម្ចាស់—ការសន្យានៃសុភមង្គល និងអំណរនៅក្នុងជីវិតនេះ និងភាពតម្កើងឡើងនៅក្នុងជីវិតបន្ទាប់ ។ ប៉ុន្តែឧបសគ្គ និងបញ្ហានានានៃជីវិតប្រចាំថ្ងៃរបស់យើង ទំនងជាបំផ្លាញសេចក្តីសង្ឃឹមរបស់យើង ។ ដែនដីសន្យារបស់យើងហាក់ដូចជានៅសែនឆ្ងាយ ដែលមិនអាចទៅដល់ ហើយយើងចាប់ផ្តើមមានចិត្តសង្ស័យ ។
យើងគិតថា « ខ្ញុំពុំអាចទៅដល់គោលដៅនោះទេ ឬទទួលបានពរជ័យនោះទេ ។ ប្រាកដណាស់ ព្រះអម្ចាស់កំពុងព្រះតម្រិះអំពីមនុស្សម្នាក់ទៀត នៅពេលទ្រង់ចុះកិច្ចសន្យាទាំងនោះ » ។
អត់ទេ ទ្រង់ កំពុង ព្រះតម្រិះពីបងប្អូន និងខ្ញុំ ។ យើងត្រូវតែមានសេចក្តីជំនឿគ្រប់គ្រាន់ដើម្បីទទួលពរជ័យរបស់យើង—ជាជំនឿដ៏ខ្លាំងថា វាអាចផ្លាស់ប្តូរការសន្យានាពេលអនាគតរបស់យើងឲ្យទៅជាភាពពិតប្រាកដក្នុងពេលបច្ចុប្បន្ន ។ យើងត្រូវការសេចក្តីជំនឿដើម្បីច្រូតកាត់ ។
តើអ្វីជាសេចក្តីជំនឿនេះឲ្យពិតប្រាកដ ហើយតើយើងអាចអភិវឌ្ឍវាដោយរបៀបណា ?
ចូរមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
ទីមួយ មិនដូចជាសេចក្តីជំនឿដើម្បីលូកកណ្ដៀវរបស់អ្នកឡើយ សេចក្តីជំនឿដើម្បីច្រូតកាត់គឺពុំមែនជាសេចក្តីជំនឿលើខ្លួនអ្នកឡើយ ។ វាពុំដូចគ្នានឹងការមានទំនុកចិត្តលើខ្លួនឯង ឬមានឥរិយាបថផ្លូវចិត្តវិជ្ជមានឡើយ ។ វាក៏ពុំមែនជាសេចក្តីជំនឿលើគ្រួសារ ឬមិត្តភក្តិរបស់អ្នកទេ—ទាំងនេះគឺសុទ្ធតែល្អ ។ សេចក្តីជំនឿដើម្បីច្រូតកាត់គឺជាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ វាជាសេចក្តីជំនឿនៅក្នុងព្រះចេស្តារបស់ទ្រង់ ពុំមែនក្នុងអំណាចរបស់អ្នកទេ ។
កាលខ្ញុំត្រូវបានហៅឲ្យបម្រើជាប្រធានស្តេកនៅស្តេកមេសា អារីស្សូណា ម៉ារីកូប៉ា អែលឌើរ ដុបលយូ ម៉ាករ ឡរិន កាលនោះជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានអញ្ជើញខ្ញុំ និងភរិយាខ្ញុំឲ្យទៅការិយាល័យប្រធានស្តេក ហើយផ្តល់ការហៅបម្រើនោះ ។ ខ្ញុំបានទទួលយកវាដោយស្មោះស្ម័គ្រ ។ បន្ទាប់មក លោកបានអញ្ជើញយើងឲ្យចូលទៅក្នុងបន្ទប់ក្រុមប្រឹក្សាជាន់ខ្ពស់ ហើយពិចារណាប្រកបដោយការអធិស្ឋានអំពីបុរសដែលត្រូវផ្តល់អនុសាសន៍ធ្វើជាទីប្រឹក្សារបស់ខ្ញុំ ។ នៅពេលខ្ញុំចូលទៅក្នុងបន្ទប់នោះ ខ្ញុំបានឃើញរូបថតនៃប្រធានស្តេកទាំងអស់ ដែលបានបម្រើកាលពីមុននៅក្នុងស្តេក តាំងពីពេលដែលស្តេកបានបង្កើតឡើង ហើយខ្ញុំបានបាត់បង់ទំនុកចិត្ត ។ ពួកលោកគឺជាថ្នាក់ដឹកនាំដ៏អស្ចារ្យទាំងនៅក្នុងសាសនាចក្រ និងក្នុងសហគមន៍ ។
ខ្ញុំបានមើលទៅភរិយារបស់ខ្ញុំ ហើយនិយាយថា « ខាធ្លីន បងគិតថា បងមិនអាចបម្រើក្នុងមុខងារនេះបានទេ ។ បងមិនល្អដូចពួកលោកឡើយ » ។
ខាធ្លីនបាននិយាយថា « បងមិនបាច់ប្រាប់ខ្ញុំទេ ។ បងគួរតែនិយាយប្រាប់អែលឌើរឡរិនទៅ » ។
ដោយក្តីភ្ញាក់ផ្អើល នៅពេលខ្ញុំបានប្រាប់លោកថា ខ្ញុំគិតថា ខ្ញុំពុំអាចបំពេញការហៅបម្រើនេះទេ នោះអែលឌើរឡរិនបានតបថា « ខ្ញុំគិតថា ប្អូនគិតត្រូវហើយ » ។
ប៉ុន្តែក្រោយមកលោកមានប្រសាសន៍ថា « ប្អូនមិនអាចធ្វើវាបានទេ ប៉ុន្តែព្រះអម្ចាស់អាច ។ ទ្រង់មានព្រះចេស្តាដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយប្រសិនបើប្អូននឹងមានភាពសក្តិសម ហើយខិតខំធ្វើការ នោះទ្រង់នឹងធ្វើកិច្ចការនោះ ។ ប្អូននឹងឃើញរឿងនោះ » ។
ហើយទ្រង់ពិតជាបានធ្វើរឿងនោះមែន ។
សេចក្តីជំនឿដើម្បីលូកកណ្ដៀវរបស់អ្នកគឺជាសេចក្តីជំនឿដើម្បីសាកល្បង ។ វាជាសេចក្តីជំនឿលើខ្លួនឯង ហើយវានឹងរសាយបាត់ទៅ នៅពេលដែលស្ថានភាពនោះវាប្រែកាន់តែពិបាក ។ បន្ទាប់មក យើងចាប់ផ្តើមមានចិត្តសង្ស័យ ។ ប៉ុន្តែសេចក្តីជំនឿដើម្បីច្រូតកាត់គឺជាសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ វាពុំទោរទន់ឡើយ ។
សម្របឆន្ទៈរបស់អ្នកជាមួយនឹងព្រះទ័យរបស់ព្រះ
ដើម្បីអនុវត្តសេចក្តីជំនឿដើម្បីច្រូតកាត់ យើងត្រូវប្រាកដចិត្តថា បំណងប្រាថ្នា និងគោលបំណងរបស់យើងត្រូវគ្នានឹងព្រះទ័យរបស់ព្រះ ។ យើងពុំអាចអនុវត្តសេចក្ដីជំនឿដើម្បីច្រូតកាត់បានឡើយ ប្រសិនបើព្រះពុំយល់ស្របនឹងលទ្ធផលនោះ ។ ដើម្បីទទួលបានជំនួយរបស់ទ្រង់ យើងត្រូវតែសម្របឆន្ទៈរបស់យើងជាមួយព្រះទ័យរបស់ទ្រង់ ។
ដោយសារព្យាការីនីហ្វៃនៅក្នុងព្រះគម្ពីរហេលេមិនជាមនុស្សសុចរិត និងស្មោះត្រង់ ព្រះអម្ចាស់ប្រាប់លោកថា « យើងនឹងប្រទានពរឲ្យអ្នករហូតតទៅ ហើយយើងនឹងធ្វើឲ្យអ្នកខ្លាំងពូកែនៅក្នុងសម្ដី និងក្នុងចរិយា ក្នុងសេចក្ដីជំនឿ និងក្នុងកិច្ចការទាំងឡាយ មែនហើយ គឺដើម្បីឲ្យគ្រប់ការណ៍ទាំងអស់ ត្រូវបានសម្រេចដល់អ្នក ស្របតាមពាក្យរបស់អ្នក » ។ នោះគឺជាការសន្យាដ៏អស្ចារ្យ ។ បន្ទាប់មកព្រះអម្ចាស់បន្ថែមថា « ព្រោះអ្នកនឹងពុំប្រាថ្នាអ្វី ដែលផ្ទុយពីបំណងរបស់យើងឡើយ » ( ហេលេមិន ១០:៥ ) ។
ហើយមរ៉ូណៃប្រាប់យើងដូច្នេះ ៖ « បើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿជឿដល់យើង នោះអ្នករាល់គ្នានឹងមានអំណាច ប្រយោជន៍នឹងធ្វើនូវអ្វីៗដែលជាការចំបាច់ដល់យើង » ( មរ៉ូណៃ ៧:៣៣ ) ។
ការសម្របបំណងប្រាថ្នារបស់យើងទៅនឹងព្រះទ័យរបស់ព្រះគឺត្រូវកើតឡើងមុនសេចក្តីជំនឿដើម្បីច្រូតកាត់ ។
កាលពួកកូនប្រុសរបស់យើងនៅក្មេង ពួកគេបានលេងនៅក្នុងក្រុមកីឡាវាយកូនបាល់ នៅវិទ្យាល័យ ។ កាលនោះពួកគេធ្លាប់បានអធិស្ឋានជាក្រុមពីមុនចាប់ផ្តើមការប្រកួតនីមួយៗ ។ នៅពេលខ្ញុំបានមើលពីលើវេទិកា នោះខ្ញុំធ្លាប់ឆ្ងល់ថា តើពួកគេអធិស្ឋានទូលសូមអ្វី ។ ប្រសិនបើពួកគេអធិស្ឋានទូលសូមឲ្យឈ្នះការប្រកួត នោះការអធិស្ឋានរបស់ពួកគេគឺខ្វះសេចក្តីជំនឿដើម្បីច្រូតកាត់ហើយ ។ ការណ៍នេះត្រូវបានបង្ហាញយ៉ាងច្បាស់ដោយពួកគេបានចាញ់ការប្រកួតជាច្រើនដង ។ ព្រះអម្ចាស់ទំនងជាពុំចូលរួមនឹងបំណងប្រាថ្នារបស់ពួកគេថា ពួកគេចាំបាច់ត្រូវឈ្នះគ្រប់ការប្រកួតនោះទេ ។
ម្យ៉ាងទៀត ព្រះនឹងជួយពួកយើងឲ្យសម្រេចបាននូវគោលបំណងតែមួយគត់ដែលល្អសម្រាប់យើង ។ នោះគឺដោយសារទ្រង់ស្រឡាញ់យើង ហើយទ្រង់ស្គាល់ច្បាស់ជាងយើង នូវអ្វីដែលនឹងក្លាយជាសេចក្តីល្អសម្រាប់យើង ។ ហើយតើយើងពុំមានអំណរគុណចំពោះរឿងនេះទេឬ ។ យើងគួរតែអធិស្ឋានរៀងរាល់ថ្ងៃទូលសូមថាព្រះវរបិតាសួគ៌នឹងប្រទានពរដល់យើង ជាមួយនឹងបំណងប្រាថ្នាសុចរិតដើម្បីសម្របឆន្ទៈរបស់យើងទៅនឹងព្រះទ័យរបស់ទ្រង់ ។ យើងត្រូវតែរៀនអធិស្ឋាន ដូចព្រះអម្ចាស់បានអធិស្ឋាននៅក្នុងសួនច្បារគែតសេម៉ានីថា សូមតាមតែព្រះទ័យរបស់ព្រះចុះ កុំតាមចិត្តយើងឡើយ ( សូមមើល លូកា ២២:៤២ ) ។ បន្ទាប់ពីនោះ យើងអាចអនុវត្តសេចក្តីជំនឿដើម្បីច្រូតកាត់ ។
ចេញទៅធ្វើការ
ចំណុចទីបីដែលត្រូវធ្វើមុនសេចក្តីជំនឿដើម្បីច្រូតកាត់នោះគឺការធ្វើការ ។ សាវកយ៉ាកុបបានថ្លែងយ៉ាងច្បាស់ថា សេចក្តីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ។ សេចក្តីជំនឿដើម្បីលូកកណ្ដៀវរបស់យើងតម្រូវឲ្យមានជំនឿ ប៉ុន្តែសេចក្តីជំនឿដើម្បីច្រូតកាត់តម្រូវឲ្យមានលើសពីជំនឿ ។ សាវកយ៉ាកុបសរសេរថា ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ ( សូមមើល យ៉ាកុប ២:១៧, ១៩ ) ។
ខ្ញុំបានស្តាប់រឿងមួយអំពីឪពុកម្នាក់ដែលបានកត់សម្កាល់ឃើញកូនស្រីរបស់គាត់លុតជង្គង់អធិស្ឋាននៅក្បែរគ្រែរបស់នាង ដោយអធិស្ឋានទូលសូមឲ្យព្រះវរបិតាសួគ៌នឹងការពារកូនបក្សីពីការចូលក្នុងអន្ទាក់ ដែលបងប្រុសរបស់នាងបានធ្វើ ហើយដាក់វានៅរាលហាលខាងក្រោយផ្ទះ ។ ក្រោយមកទៀតនៅថ្ងៃនោះ ឪពុកនោះកាន់តែមានកង្វល់ឡើង ។ គាត់ដឹងថា អន្ទាក់នោះគឺជាអន្ទាក់ល្អមួយ ។ គាត់បានជួយកូនប្រុសរបស់គាត់ធ្វើអន្ទាក់នោះ ។
គាត់បាននិយាយទៅកាន់កូនស្រីរបស់គាត់ថា « ប៉ាឮកូនអធិស្ឋានព្រឹកមិញសូមឲ្យព្រះវរបិតាសួគ៌នឹងការពារកូនបក្សីពីការជាប់អន្ទាក់បងប្រុសរបស់កូន ។ ប៉ុន្តែជួនកាលរឿងដ៏សោកសៅកើតឡើង នៅពេលយើងអធិស្ឋានសូមកុំឲ្យវាកើតឡើងបែបនោះ » ។
នាងបានតបថា « ប៉ាកូនដឹងថា បងប្រុសនឹងពុំចាប់បានបក្សីណាមួយឡើយ » ។
ឪពុកនិយាយថា « ប៉ាសូមសរសើរដល់សេចក្តីជំនឿរបស់កូនសំឡាញ់ ។ ប៉ុន្តែប្រសិនបើបងប្រុសកូនចាប់បានបក្សីមួយចំនួននោះ ប៉ាសង្ឃឹមថា បងប្រុសកូននឹងពុំធ្វើឲ្យបះពាល់ដល់សេចក្តីជំនឿរបស់កូនទេ » ។
នាងបានពោលថា « បងប្រុសនឹងពុំចាប់បានបក្សីទេ ។ ខ្ញុំដឹងថា គាត់នឹងពុំចាប់បានឡើយ » ។
ឪពុកបានសួរថា « តើកូនអាចមានសេចក្តីជំនឿដ៏ខ្លាំងបែបនោះដោយរបៀបណា ? »
កូនស្រីរបស់គាត់បានតបថា « ដោយសារបន្ទាប់ពីកូនបានអធិស្ឋានរួច កូនបានដើរចេញទៅក្រោយផ្ទះ ហើយទាត់អន្ទាក់ដាក់សត្វបក្សីរបស់គាត់ឲ្យបែកអស់ » ។
វាជារឿងល្អដើម្បីអធិស្ឋានទូលសូមពរជ័យពីព្រះវរបិតាសួគ៌ ។ ប៉ុន្តែបន្ទាប់ពីយើងអធិស្ឋានរួច យើងត្រូវចេញទៅធ្វើការ ។ យើងមិនអាចរំពឹងថា ព្រះអម្ចាស់ដឹកនាំដំណើររបស់យើងឡើយ ប្រសិនបើអ្នកគ្មានឆន្ទៈរំកិលជើងរបស់យើងនោះ ។ ហើយយើងក៏មិនអាចសូមឲ្យទ្រង់ធ្វើកិច្ចការសម្រាប់យើងនូវអ្វីដែលយើងអាច និងគួរធ្វើសម្រាប់ខ្លួនយើងឡើយ ។
យើងត្រូវធ្វើការដើម្បីសម្រេចគោលដៅសុចរិតរបស់យើង ហើយយើងត្រូវតែខិតខំធ្វើការក្នុងការគោរពបទបញ្ញត្តិ ។ អំណាចដ៏ពិតនៅក្នុងសេចក្តីសញ្ញារបស់យើង និងអំណាចដ៏ពិតនៅក្នុងសេចក្តីជំនឿដើម្បីច្រូតកាត់ គឺពុំត្រូវបានទទួលស្គាល់នៅពេលយើងបញ្ចប់ដោយប្រាកដប្រជាថា ព្រះរក្សាការសន្យារបស់ទ្រង់ឡើយ ប៉ុន្តែផ្ទុយទៅវិញគឺនៅពេលយើងបញ្ចប់ដោយប្រាកដប្រជាដើម្បីរក្សាការសន្យារបស់យើង ។ សេចក្តីពិតដ៏អស្ចារ្យនោះគឺជាអ្វីដែលផ្លាស់ប្តូរការសន្យានាពេលខាងមុខរបស់យើងឲ្យទៅជាភាពពិតប្រាកដក្នុងពេលបច្ចុប្បន្ននេះ ។ យើងត្រូវតែធ្វើការ ។
សូមកុំបាក់ទឹកចិត្តចំពោះបរាជ័យ ឬកំហុសរបស់អ្នកឡើយ ប៉ុន្តែសូមមានភាពខ្ជាប់ខ្ជួននៅក្នុងកិច្ចខិតខំរបស់អ្នក ហើយមានការប្តេជ្ញាចិត្ត ។ សេចក្តីជំនឿដើម្បីច្រូតកាត់ពុំតម្រូវឲ្យមានភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែវាតម្រូវឲ្យមានភាពខ្ជាប់ខ្ជួន ។
ខ្ញុំសូមអញ្ជើញអ្នកឲ្យអភិវឌ្ឍសេចក្តីជំនឿដើម្បីច្រូតកាត់ ។ សូមដាក់សេចក្តីជំនឿរបស់អ្នកឲ្យរឹងមាំលើព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ សូមប្រាកដថា បំណងប្រាថ្នារបស់អ្នកស្រប ហើយធ្វើតាមព្រះទ័យរបស់ទ្រង់ ។ បន្ទាប់មកទៅធ្វើការដោយអស់ពីចិត្ត គំនិត កម្លាំង និងពលំរបស់អ្នក ដោយការប្តេជ្ញាចិត្តពុំចុះចាញ់ ហើយខ្ជាប់ខ្ជួន ។ គ្មានឧបសគ្គ គ្មានបញ្ហា គ្មានរនាំងណាដែលនឹងមិនតម្រូវឲ្យមានសេចក្តីជំនឿដើម្បីច្រូតកាត់នោះទេ ។