សេចក្តីណែនាំរបស់កីឡាករលើកទម្ងន់ដើម្បីឈរឲ្យរឹងមាំ
អ្នកនិពន្ធរស់នៅរដ្ឋកាលីហ្វូញ៉ា ស.រ.អា. ។
ខគម្ពីរមួយអាចធ្វើឲ្យមានការផ្លាស់ប្តូរមួយដ៏ធំ—សូម្បីតែនៅក្នុងការប្រកួតកីឡាលើកទម្ងន់ក្តី ។
កាលខ្ញុំរៀននៅវិទ្យាល័យ គ្រូបង្វឹកលើកទម្ងន់បានសូមខ្ញុំឲ្យចូលរួមកីឡាលើកទម្ងន់ ។
ខ្ញុំបាននិយាយថា « អត់ទេ សូមអរគុណ ! នោះពុំមែនជាអ្វីដែលខ្ញុំចង់ធ្វើទេ » ។
ប៉ុន្តែគាត់នៅតែបន្តសួរខ្ញុំពីរឿងនោះ ។ អស់ពេលជាច្រើនសប្ដាហ៍ ។
នៅទីបំផុត ខ្ញុំបានសាកល្បងកីឡាលើកទម្ងន់នោះ ។ គាត់និយាយត្រូវណាស់ ៖ ខ្ញុំពិតជាចូលចិត្តកីឡាលើកទម្ងន់ណាស់ ។ ប្រាកដណាស់ នៅគ្រាដំបូងវាចម្លែកបន្តិចសម្រាប់ខ្ញុំ ខ្លួនប្រាណរបស់ខ្ញុំពុំធ្លាប់ធ្វើអ្វីដូចនេះពីមុនឡើយ ។ ប៉ុន្តែខ្ញុំរិតតែមានអារម្មណ៍ចូលចិត្តការហាត់ប្រាណបែបនោះ ។ ខ្ញុំក៏ចូលចិត្តមិត្តរួមក្រុមរបស់ខ្ញុំ និងការប្រកួតផងដែរ ។ ហើយខ្ញុំបានចាប់ផ្តើមធ្វើវាបានយ៉ាងល្អ ។
ឥឡូវនេះ កីឡាលើកទម្ងន់គឺជាផ្នែកដ៏ធំមួយនៃជីវិតខ្ញុំ ។ ខ្ញុំបានហាត់សមវារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ពីរទៅបីម៉ោង ដោយលើកទម្ងន់អង្គុយងើបៗ ការលើកទម្ងន់ត្រឹមស្មា បន្ទាប់មកទៀតលើកឲ្យផុតដៃ និងការលើកទម្ងន់ឲ្យផុតដៃនឹងដាក់ចុះមកវិញ ។ ( ហើយប្រសិនបើអ្នកពុំដឹងពីការលើកទាំងនោះ សូមកុំបារម្ភ—ពីដំបូងខ្ញុំក៏អត់ដឹងផងដែរ ! )
ដូចជាកិច្ចការជាច្រើនដែរ កីឡាលើកទម្ងន់ត្រូវការពេលវេលា និងការអត់ធ្មត់ ហើយជួនកាលអាចមានការពិបាក ។ សំណាងល្អ គ្រួសាររបស់ខ្ញុំលើកទឹកចិត្តខ្ញុំជានិច្ច ទោះបីនៅពេលខ្ញុំរអ៊ូរទាំអំពីការឈឺខ្លួនប្រាណដែលខ្ញុំមានក្តី ( វាកើតឡើងញឹកញាប់ ) ។ ឪពុករបស់ខ្ញុំត្រៀមថង់ទឹកកក និងពាក្យលើកទឹកចិត្តដល់ខ្ញុំជានិច្ច ពេលខ្ញុំមកដល់ផ្ទះវិញបន្ទាប់ពីការហាត់សម ។ ហើយម្តាយរបស់ខ្ញុំលះបង់ជានិច្ច ដើម្បីខ្ញុំអាចទៅចូលរួមក្នុងការប្រកួតបាន ។
ពីរបីឆ្នាំមុន ខ្ញុំបានទៅចូលរួមការប្រកួតមួយនៅហ្វីឡាដេហ្វីយ៉ា រដ្ឋភីលស៊ីនៀន ស.រ.អា. ។ ខ្ញុំមានក្តីរំភើបដើម្បីប្រកួតជាមួយកីឡាករលើកទម្ងន់មកពីគ្រប់ប្រទេសទាំងអស់ ប៉ុន្តែខ្ញុំព្រួយបារម្ភបន្តិចអំពីការនៅឆ្ងាយពីគ្រួសាររបស់ខ្ញុំ ។ ដើម្បីធ្វើវាឲ្យងាយស្រួល ម្តាយរបស់ខ្ញុំបានសន្យាថា ផ្ញើសារជាខគម្ពីរ និងសារលិខិតដ៏បំផុសគំនិតរៀងរាល់ថ្ងៃឲ្យខ្ញុំ ។
នៅយប់ពីមុនការប្រកួត ក្មេងៗមួយចំនួនបានធ្វើពីធីជប់លៀងមួយ ។ ខ្ញុំបានគិតថា វាជាការល្អដើម្បីទៅពិធីជប់លៀងនោះ ដូច្នេះមិត្តរួមបន្ទប់របស់ខ្ញុំ និងខ្ញុំបានទៅពិធីជប់លៀងនោះ ។ ប៉ុន្តែរំពេចនោះ ខ្ញុំបានដឹងថា វាពុំមែនជាពិធីជប់លៀងដែលខ្ញុំចូលចិត្តឡើយ ។ មានយុវវ័យដែលផឹកគ្រឿងស្រវឹង ជក់បារី និយាយពាក្យអសុរស និងរាំមិនសមរម្យ ។ ខ្ញុំបានដឹងថា ខ្ញុំមិនគួរទៅទីនោះឡើយ ប៉ុន្តែខ្ញុំបារម្ភខ្លាចមិត្តរួមបន្ទប់គិតចម្លែកពីខ្ញុំ ។ ឬកីឡាករផ្សេងទៀតអាចគិតចម្លែកពីខ្ញុំ ។
ប៉ុន្តែក្រោយមក មានអ្វីមួយបានផុសក្នុងចិត្តខ្ញុំ ៖
« ចូរឈរនៅក្នុងទីបរិសុទ្ធ » ។
ឃ្លានោះវានៅក្នុងខគម្ពីរដែលខ្ញុំពេញចិត្ត ហើយជាខគម្ពីរមួយដែលម្តាយរបស់ខ្ញុំបានផ្ញើឲ្យខ្ញុំកាលពីព្រឹក ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧:៨ ៖ « ឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយសូមកុំរើឡើយ រហូតដល់ថ្ងៃនៃព្រះអម្ចាស់មកដល់ ដ្បិតមើលចុះ ថ្ងៃនោះនឹងមកដល់យ៉ាងឆាប់រហ័ស ។ អាម៉ែន » ។
ខ្ញុំពុំដឹងពីមូលហេតុដែលម្តាយខ្ញុំផ្ញើខគម្ពីរនោះឲ្យខ្ញុំនៅថ្ងៃនោះឡើយ ប៉ុន្តែវាជាខគម្ពីរមួយដែលខ្ញុំចូលចិត្តពេញមួយជីវិតរបស់ខ្ញុំ ។ ខ្ញុំបានទន្ទេញវាចាំ តាំងពីអាយុប្រាំបីឆ្នាំ ហើយវារំឭកខ្ញុំម្តងហើយម្តងទៀត ហើយមានចិត្តក្លាហាន គោរពប្រតិបត្តិ និងឈរការពារអ្វីដែលខ្ញុំជឿ ។
« ចូរឈរនៅក្នុងទីបរិសុទ្ធ » ។
ខ្ញុំបាននិយាយទៅមិត្តរួមបន្ទប់របស់ខ្ញុំថា « ខ្ញុំទៅហើយ » ។ ខ្ញុំបានពន្យល់អំពីខគម្ពីរដែលម្តាយខ្ញុំបានផ្ញើឲ្យខ្ញុំកាលពីព្រឹកមិញ ។ « នេះពុំមែនជាកន្លែងដែលខ្ញុំគួរនៅទេ » ។
មិត្តរបស់ខ្ញុំបានប្រាប់ខ្ញុំថា នាងក៏ពុំចង់នៅទីនោះផងដែរ ។ គាត់ពុំមានអារម្មណ៍ល្អដែរ ប៉ុន្តែដោយពុំចង់នៅតែឯង ហើយត្រូវបានគេមើលឃើញថា ជាមនុស្សនៅក្រៅសង្គម ។ នាងបានអរគុណខ្ញុំ ដែលខ្ញុំបាននិយាយនូវអ្វីទាំងនោះ ហើយយើងបានចេញពីពិធីជប់លៀងនោះ ។
នៅព្រឹកបន្ទាប់មក យើងបានដឹងថា មិនយូរប៉ុន្មានបន្ទាប់ពីយើងបានចាកចេញមក ក្មេងៗដែលនៅក្នុងពិធីជប់លៀងនោះត្រូវបានចាប់ខ្លួន ហើយដកចេញពីការប្រកួត ដោយសារការផឹកស្រា និងជក់ថ្នាំញៀន ។
ប្រសិនបើខ្ញុំពុំត្រូវបានបំផុសគំនិតឲ្យចាំខគម្ពីររបស់ម្តាយខ្ញុំទេ នោះខ្ញុំអាចត្រូវបានដកចេញពីការប្រកួតផងដែរ ។ ទីបំផុតខ្ញុំបានឈ្នះចំណាត់ថ្នាក់លេខមួយ ដូច្នេះខ្ញុំពិតជាមានអំណរគុណណាស់ដែលខ្ញុំបានចូលរួមការប្រកួតនោះ ។ ( ខ្ញុំគិតថា ខ្ញុំថ្លែងអំណរគុណដល់ម្តាយខ្ញុំរៀងរាល់ថ្ងៃសម្រាប់ការផ្ញើសារទៅខ្ញុំ ) ។
ការឈ្នះការប្រកួតលើកទម្ងន់គឺជាពរជ័យដ៏ច្បាស់ក្រឡែត និងភ្លាមៗ មកពីការរក្សាបទបញ្ញត្តិ ។ ប៉ុន្តែ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧:៨ ពុំបានចែងថា « ចូរឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ដូច្នេះអ្នកអាចឈ្នះការប្រកួតលើកទម្ងន់នោះទេ » ។ ហើយ យ៉ូហាន ១៤:១៥ ពុំបានចែងថា « ប្រសិនបើអ្នកចង់បានពរជ័យភ្លាមៗ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំ » ទេ ។ ព្រះអម្ចាស់ប្រទានពរដល់យើង ដោយសារទ្រង់ស្រឡាញ់យើង ។ ហើយយើងព្យាយាមឲ្យបរិសុទ្ធ ហើយគោរពប្រតិបត្តិ ដោយសារយើងទុកចិត្ត និងស្រឡាញ់ព្រះអម្ចាស់ ។