២០១៩
ចេញ​ពី​ភាពភ័យ​ខ្លាច​ទៅជា​ការទទួល​ទាន​អាហារ​ដ៏​ធំ​មួយ
ខែ មករា ឆ្នាំ ២០១៩


ចេញ​ពី​ភាពភ័យ​ខ្លាច​ទៅជា​ការទទួល​ទាន​អាហារ​ដ៏​ធំ​មួយ

ម៉ាត ម៉ាកស្វែល រដ្ឋ​យូថាហ៍ ស.រ.អា

study desk

រចនា​រូបភាព​ដោយ ក្រេហ្គ ញ៉ូវបូល

ខ្ញុំ​សកម្ម​ក្នុង​សាសនាចក្រ​អស់​ពេញ​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​បម្រើ​បេសកកម្ម​ពេញម៉ោង បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ជួយ​ចិញ្ចឹម​កូនស្រី​បួន​នាក់​ដ៏អស្ចារ្យ ។ ប៉ុន្តែ​យូរៗទៅ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា មិត្តភក្តិ​របស់​ខ្ញុំ​មួយ​ចំនួន​បាន​បោះបង់​ចោល​ភាព​ជា​សមាជិក​របស់​ពួកគេ​ពីសាសនាចក្រ ។ សមាជិក​គ្រួសារ​មួយ​ចំនួន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ដើម្បី​សួរ​សំណួរ និង​រិះគន់​ថ្នាក់ដឹកនាំ​ព្រះវិហារ ។ ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​មន្ទិល​សង្ស័យ​អំពី​សាសនាចក្រ​នៅក្នុងគ្រា​ដំបូង​នៃ​ជីវិត​របស់​ខ្ញុំ ។ មន្ទិលសង្ស័យ​របស់​ខ្ញុំ បានបណ្តាល​ឲ្យ​ខ្ញុំ​ភ័យខ្លាច​នឹង​អនាគត ។ ពេលខ្លះ ខ្ញុំមាន​អារម្មណ៍​អស់សង្ឃឹម ។

អំឡុងគ្រា​លំបាក​នេះ ខ្ញុំបាន​បង្ខំ​ចិត្ត​ខ្លួន​ឯង​ដើម្បី​ចូលរួម​សន្និសីទ​ស្តេក ។ នៅពេល​ប្រធាន​ស្តេក​បាន​និយាយ គាត់​បាន​ថ្លែង​ថា « ប្រសិនបើ​យើង​ត្រូវ​រស់រាន្ត​មាន​ជីវិត​នៅ​ក្នុង​គ្រា​ដ៏លំបាក​នៅពេល​ខាង​មុខ នោះយើង​ត្រូវ​ចាកចេញ​ពី​ការទទួលទាន​ធម្មតា​របស់​យើង ទៅរក​ការទទួលទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ជាបន្ទាន់ ។ យើង​ត្រូវតែ​សិក្សា​ព្រះគម្ពីរ​ឲ្យ​បាន​ទៀងទាត់ ហើយ​ផ្តោត​ចិត្ត​លើការសិក្សា​ព្រះគម្ពីរ ដោយធ្វើឲ្យ​វា​ក្លាយ​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់យើង ។ ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ នោះ​ខ្ញុំ​សន្យា​ថា យើង​នឹង​មិនភ័យខ្លាច​ឡើយ » ។

ខ្ញុំ​បាន​ចាប់​អារម្មណ៍​នឹង​ពាក្យ « ភ័យខ្លាច » ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បានបណ្តោយ​ឲ្យ​ការសិក្សា​ដំណឹងល្អ​របស់​ខ្ញុំ​ទៅជា​រឿង​ធម្មតា ។ ជាលទ្ធផល ​ភាពភ័យខ្លាច​បាន​គ្រប់គ្រង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាម​សាកល្បង​តាម​ការទូន្មាន​របស់​ប្រធាន​ស្តេក​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ទៅ​ផ្ទះវិញ ហើយ​បាន​ធ្វើកាលវិភាគ​សម្រាប់​ការសិក្សា​ដំណឹងល្អ ។ នៅ​ជ្រុង​ម្ខាង​ក្នុង​បន្ទប់ ខ្ញុំបាន​ដាក់​តុ​តូច​មួយ​ជាមួយ​នឹង​កៅអី​ដែល​មានផាសុកភាព​មួយ ។ ខ្ញុំបាន​ព្យួរ​រូបភាព​ព្រះអង្គសង្គ្រោះពីរបី​នៅលើ​ជញ្ជាំង ។ ខ្ញុំ​បាន​ប្រមូល​ព្រះគម្ពីរ​របស់​ខ្ញុំ ខ្មៅដៃ និង​សៀវភៅ​កំណត់ចំណាំ​មួយ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ការសិក្សា​របស់​ខ្ញុំ​ដោយ​ការអធិស្ឋាន ។

ពីរបី​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​អភិវឌ្ឍ​ទម្លាប់​ប្រចាំ​ថ្ងៃមួយ ។ ដំបូង​ខ្ញុំ​ស្តាប់​សុន្ទរកថា​នៃ​សន្និសីទ​ទូទៅ​បន្ទាប់​មក​សិក្សា​ប្រធាន​បទ​ដំណឹងល្អ​ជាក់លាក់​មួយ ។ បន្ទាប់​មក ខ្ញុំ​អាន​ពីរបី​ជំពូក​មកពី​ព្រះគម្ពីរ​មរមន ហើយ​បញ្ចប់​ការសិក្សា​របស់​ខ្ញុំ​ដោយ​ការអធិស្ឋាន​ដ៏ស្មោះសរ​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។

ទោះបីជា​មាន​ការបំបែរ​អារម្មណ៍​ជា​ច្រើន​ក្តី ខ្ញុំ​កម្រ​នឹង​ខកខាន​សិក្សា​ដំណឹងល្អ​មួយ​ថ្ងៃ​ណា​ឡើយ​អស់រយៈពេល​ប្រាំមួយខែ ។ ខ្ញុំ​បាន​ទទួល​ការយល់​ដឹង​កាន់តែ​ប្រសើរ​អំពី​ប្រធានបទ​ដំណឹង​ជាច្រើន ហើយ​បាន​ពង្រឹង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះវរបិតាសួគ៌ តាមរយៈ​​ការអធិស្ឋាន​ជា​ទៀងទាត់ និង​ដោយ​ស្មោះសរ ។

ទីបន្ទាល់​របស់​ខ្ញុំ​បាន​ប្រែ​ជាអ្វី​មួយ​ដែល​ខ្ញុំ​អាច​ពឹង​ផ្អែក​បាន ។ មន្ទិលសង្ស័យ​របស់​ខ្ញុំ​បាន​រលាយ​បាត់ ដោយសារ​ទីបន្ទាល់​ថ្មីៗ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ពុំ​សូវ​បារម្ភ​​ឡើយ ដោយសារ​ខ្ញុំ​បាន​ទុកចិត្ត​លើ​ព្រះ​កាន់តែច្រើន​ឡើង ។ ខ្ញុំ​ទទួល​អារម្មណ៍​ថា សេចក្តីភ័យខ្លាច និង​ភាពអស់សង្ឃឹម​បាន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ។ ខ្ញុំ​ក៏​បាត់បង់​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ដែល​ខ្ជះខ្ជាយ​ពេលវេលា ហើយ​កត់សម្គាល់​ឃើញ​ថា ខ្ញុំ​ប្រែកាន់តែ​មាន​ចិត្ត​សប្បុរស និង​សុភាព​ចំពោះ​មនុស្សដទៃ ។

នៅពេលខ្ញុំ​ស្តាប់​តាម​ការទូន្មាន​របស់​ប្រធាន​ស្តេក​ខ្ញុំ នោះ​ព្រះ​អាច​ផ្លាស់ប្តូរ​ខ្ញុំ​បាន ។ ខ្ញុំ​​ត្រូវបាន​ព្យាបាល ហើយ​ស្តារ​ឡើងវិញ​ដោយ​លោកចៅហ្វាយ​ផ្ទាល់ នៅពេល​ខ្ញុំ​បាន​ទទួលទាន​ព្រះបន្ទូល​របស់ទ្រង់ ។