ការបង្ហាញអំពីសេចក្តីជំនឿ
ផុន ផាន
ទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ផុន ផាន និងភរិយារបស់គាត់ធ្វើឲ្យប្រាកដថា ពួកគាត់បង្រៀនដំណឹងល្អដល់ចៅៗ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបានជួយក្រុមគ្រួសាររបស់ពួកគេបន្តឈានឆ្ពោះទៅមុខ បន្ទាប់ពីសោកនាដ្ឋកម្មនៃការបាត់បង់ផ្ទះរបស់ពួកគេដោយសារភ្លើងឆេះ ។
នៅពេលភ្លើងឆេះផ្ទះរបស់ផាន គាត់អាចគ្រាន់តែជួយសង្គ្រោះចៅទាំងបីរបស់គាត់ប៉ុណ្ណោះ ។ អ្វីៗគ្រប់យ៉ាងត្រូវបានឆេះហ្មត់ទៅជាផេះ ។ ផានបានខឹងសម្បារនឹងអ្នកជិតខាងដែលបង្កឲ្យមានភ្លើងឆេះ ។ នៅពេលកំហឹងរបស់គាត់បានរាលដាលដល់គ្រួសារ និងអ្នកជិតខាងរបស់គាត់ នោះផានបានដឹងថា គាត់ត្រូវតែមានការអភ័យទោស ។
ឡេសលី នីលសុន ជាងថតរូប
មុនដំបូង ខ្ញុំបានឮសំឡេងផ្ទុះឡើង ខ្ញុំបានសួរភរិយារបស់ខ្ញុំថា « តើវាជាសំឡេងអ្វី ? »
គាត់បានឆ្លើយថា « ប្រហែលជាអ្នកជិតខាងកំពុងតែដុតអ្វីហើយ » ។
បន្ទាប់មក ខ្ញុំបានឮសំឡេងផ្ទុះឡើងជាលើកទីពីរ ។ មានអ្នកនៅជិតផ្ទះម្នាក់បានប្រាប់ខ្ញុំថា « មានភ្លើងឆេះផ្ទះមួយនៅពីក្រោយផ្ទះរបស់បង ! »
យើងបានរត់ទៅដងទឹកមកពន្លត់ភ្លើង ប៉ុន្តែយើងពុំអាចពន្លត់វាបានឡើយ ។ ភ្លើងនោះបានឆេះរាលដល់ផ្ទះរបស់ខ្ញុំ ។ ខ្ញុំបានរត់ចូលទៅក្នុងផ្ទះដើម្បីយកចៅទាំងបីនាក់របស់ខ្ញុំ ។ ផ្សែងបានចេញមកតាមបង្អួច ប៉ុន្តែខ្ញុំពុំបានគិតអ្វីផ្សេងទៀតក្រៅពីចៅៗរបស់ខ្ញុំឡើយ ។ ពួកគេសំខាន់ខ្លាំងណាស់ចំពោះខ្ញុំ ។ ខ្ញុំបានទុកចោលអ្វីៗផ្សេងទៀតនៅក្នុងផ្ទះនោះ ។
យើងបានរត់ចេញមកក្រៅផ្ទះ ហើយគ្រាន់តែអាចមើលឃើញផ្ទះរបស់យើងឆេះក្នុងភ្លើងប៉ុណ្ណោះ ។ អ្នកពន្លត់ភ្លើងពុំបានមកដល់ទាន់ពេលឡើយ ដោយសារផ្លូវចូលមកកាន់ផ្ទះរបស់យើងនោះតូចខ្លាំងពេក ។ ផ្ទះរបស់ខ្ញុំចាស់ហើយ ដូច្នេះវាឆេះលឿនណាស់ ។ ខ្ញុំបានឈរជាមួយនឹងភរិយារបស់ខ្ញុំ ព្រមទាំងចៅៗមើលភ្លើងឆេះផ្ទះរបស់យើង ។
បន្ទាប់ពីផ្ទះយើងឆេះអស់ទៅ ខ្ញុំអស់សង្ឃឹមរលីង ។ ខ្ញុំពុំដឹងថា មានអ្វីរំពឹងឡើយ ។ ខ្ញុំពុំដឹងថា ត្រូវធ្វើដូចម្តេចដើម្បីស្វែងរកកន្លែងថ្មីរស់នៅឡើយ ។ នៅថ្ងៃបន្ទាប់ពីភ្លើងឆេះផ្ទះ យើងបានលុតជង្គង់អធិស្ឋាន ហើយទូលសូមព្រះអម្ចាស់ឲ្យបង្ហាញយើងអំពីវីធី និងប្រទានពរឲ្យយើងអាចស្វែងរកផ្ទះថ្មីមួយ ។ ខ្ញុំបានយំ អំឡុងពេលអធិស្ឋានទៅកាន់ព្រះអម្ចាស់ ប៉ុន្តែខ្ញុំបានទុកចិត្តថា ទ្រង់នឹងជួយខ្ញុំ ។
នៅគ្រាដំបូង ខ្ញុំបានខឹងសម្បារនឹងអ្នកជិតខាងដែលបង្កឲ្យមានភ្លើងឆេះផ្ទះ ។ ខ្ញុំចង់ឲ្យគាត់បង់សងនូវអ្វីដែលគាត់បានធ្វើឲ្យកើតឡើង ។ គ្រួសាររបស់ខ្ញុំ និងអ្នកជិតខាងនានាដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះក៏ខឹងសម្បារ ហើយចង់សរសេរពាក្យបណ្តឹងទៅរដ្ឋាភិបាល ដើម្បីឲ្យបុគ្គលដែលបានបង្កឲ្យមានភ្លើងឆេះផ្ទះនោះ ទទួលខុសត្រូវចំពោះមុខច្បាប់នូវអ្វីដែលបានកើតឡើង ។ ពួកគេបានសូមឲ្យខ្ញុំចុះហត្ថលេខាលើសំបុត្របណ្តឹងនោះ ប៉ុន្តែខ្ញុំពុំបានចុះហត្ថលេខាឡើយ ។
ខ្ញុំបានដឹងថា អ្នកជិតខាងខ្ញុំក៏ក្រីក្រដូចជាខ្ញុំផងដែរ ។ គាត់គ្មានចេតនាធ្វើឲ្យមានភ្លើងឆេះផ្ទះឡើយ ! ប្រសិនបើខ្ញុំចង់ឲ្យគាត់សងការខូចខាតនេះ នោះគាត់នឹងមានការលំបាកណាស់ ហើយខ្ញុំនឹងនៅតែមានអារម្មណ៍ស្អប់ខ្ពើមដដែល ។ ខ្ញុំបានចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងគួរតែស្រឡាញ់អ្នកជិតខាងរបស់យើង ។ ខ្ញុំបានទទួលអារម្មណ៍ថា ខ្ញុំគួរតែអភ័ទោស ។
នៅពេលខ្ញុំបានសម្រេចចិត្តអភ័យទោស នោះខ្ញុំបានទទួលអារម្មណ៍សុខសាន្ត ។
ខ្ញុំបានប្រាប់អ្នកដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះថា ខ្ញុំចង់អភ័យទោស ។ លើកលែងតែគ្រួសារមួយប៉ុណ្ណោះ ក្រៅពីនោះពួកគេគ្រប់គ្នាបានសម្រេចចិត្តអភ័យទោសផងដែរ ។ ពួកគេពុំបានឲ្យបុគ្គលនោះទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងឡើយ ។
អ្នកជិតខាងរបស់ខ្ញុំនោះមានចិត្តរីករាយ នៅពេលខ្ញុំបានអភ័យទោសឲ្យគាត់ ។ គ្រួសាររបស់ខ្ញុំមានភាពរីករាយជាងមុនផងដែរ ។ ពេលខ្ញុំឃើញដូច្នេះ ខ្ញុំក៏មានចិត្តរីករាយដែរ ។
សមាជិក និងអ្នកជិតខាងបានបរិច្ចាគអ្វីៗដែលពួកគេអាចធ្វើបាន ដើម្បីជួយគ្រួសាររបស់ខ្ញុំ ។ ខ្ញុំបានទទួលអង្ករជាច្រើន ហើយបានចែកវាជាមួយមនុស្សដទៃទៀត ។ ពួកគេបានសួរខ្ញុំថា ហេតុអ្វីខ្ញុំឲ្យគេ ពេលខ្ញុំកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យឺនបែបនេះ ។ ខ្ញុំបានប្រាប់ពួកគេថា នៅពេលខ្ញុំបម្រើមនុស្សដទៃ នោះខ្ញុំបម្រើព្រះអម្ចាស់ហើយ ។ ខ្ញុំចង់ថ្វាយទៅទ្រង់ ដោយសារទ្រង់បានសម្តែងអព្ភូតហេតុជាច្រើនក្នុងជីវិតរបស់ខ្ញុំ ។ យើងមានផ្ទះដ៏ស្រស់ស្អាតមួយ ស្អាតជាងផ្ទះចាស់ដែលឆេះនោះទៅទៀត ។
កំហឹងរបស់ផានចំពោះអ្នកជិតខាងដែលបង្កឲ្យមានភ្លើងឆេះផ្ទះនោះ បានជំនួសមកនូវភាពសុខសាន្ត ពេលគាត់បានចាំអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ។ ផានមានអំណរគុណចំពោះការណែនាំដែលគាត់ទទួលបានពីព្រះគម្ពីរ ។
នៅពេលភ្លើងឆេះផ្ទះរបស់គាត់ ផានគិតពុំឃើញអ្វីក្រៅពីចៅៗរបស់គាត់ឡើយ ។ ផានស្រឡាញ់គ្រួសាររបស់គាត់ ។ គាត់និយាយថា « ពួកគេសំខាន់ខ្លាំងណាស់ចំពោះខ្ញុំ » ។