ដូចព្រះអង្គសង្គ្រោះ ៖ ការរីកចម្រើននៅក្នុងចំណុចសំខាន់បួន
យើងពុំដឹងច្រើនអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទចម្រើនវ័យធំឡើងឡើយ ប៉ុន្តែ លូកា ២:៥២ ផ្តល់តម្រុយដ៏ធំដល់យើង ។
« ដូច្នេះ ខ្ញុំនឹង … ធ្វើអ្វី ? »
ខ្ញុំបានស្តាប់ ។ ខ្ញុំពិតជាបានស្តាប់មែន ។ គ្រូបង្វឹកបានពិនិត្យមើលខ្សែចងចុះចំណោតរបស់ខ្ញុំ បានបង្ហាញខ្ញុំយ៉ាងច្បាស់លាស់អំពីរបៀបស្រាយខ្សែនោះ ហើយថែមទាំងមើលចំកែវភ្នែករបស់ខ្ញុំ ហើយនិយាយថា « ខ្ញុំនឹង មិន ឲ្យអ្នកធ្លាក់ឡើយ ! »
ប៉ុន្តែនៅគ្រាដ៏ចាំបាច់នោះ ខ្ញុំបានឈរនៅទីនោះ ៖ ញីញ័រ ហើយបែកញើសជោកខ្លួន ពេលខ្ញុំមើលទៅលើស្មា និងខាងក្រោមខ្លួនខ្ញុំ … មើលចុះទៅឆ្ងាយ ដោយដឹងថា ខ្ញុំត្រូវតែធ្វើជំហានដំបូងនោះ ។
លោតចុះតាមជម្រាលភ្នំ ។
ឥឡូវនេះ អ្នកប្រហែលជាមិនធ្លាប់ស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំឡើយ គឺការហៀបនឹងឈានជើងលោតចុះតាមជម្រាលភ្នំដោយសង្ឃឹមថា អ្នកបានរៀបចំខ្លួនគ្រប់គ្រាន់ដើម្បីលោតចុះពីលើទៅក្រោមតាមជម្រាលភ្នំដោយសុវត្ថិភាព ។ ប៉ុន្តែអ្នកហាក់ដូចជាជួបបទពិសោធន៍នោះនៅក្នុងស្ថានភាពខាងវិញ្ញាណ ។ អ្នកដឹងទេ ពេលអ្នកបានសិក្សាព្រះគម្ពីរដោយខ្លួនឯង និងពេលអ្នកបានស្តាប់គ្រូបង្រៀនថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍ពិត ។ អ្នកទទួលអារម្មណ៍ថា ព្រះវិញ្ញាណអញ្ជើញអ្នកឲ្យអនុវត្តក្នុងរបៀបនានាដែល នឹងជួយអ្នកឲ្យប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះ ។ អ្នកមានចិត្តរំភើបដើម្បីធ្វើកិច្ចការនេះ ហើយបង្ហាញព្រះអម្ចាស់ថា អ្នកមានការតាំងចិត្តខ្លាំងប៉ុណ្ណាចំពោះដំណឹងល្អរបស់ទ្រង់ ។
បន្ទាប់មកអ្នកគិតថា « តើខ្ញុំធ្វើកិច្ចការនោះដោយរបៀបណា ? »
ហើយអ្វីដែលទំនងដូចជាច្បាស់លាស់ និងអាចធ្វើទៅបានកាលពីគ្រាមួយភ្លែតមុននេះទើបតែបានកន្លងផុតទៅហើយនោះ ។ អ្នកកំពុងឈរនៅគែមនៃជម្រាលភ្នំខាងវិញ្ញាណ ដោយពុំប្រាកដចិត្តថា តើអ្នកមានឧបករណ៍ ឬមានការរៀបចំត្រឹមត្រូវដើម្បីអនុវត្តតាមសេចក្តីពិតដែលអ្នកបានទទួលនោះឬទេ ។
ដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ៖ តើអ្នក ធ្វើវា ដោយរបៀបណា ?
សូមចាប់ផ្តើមពីដើមគ្រា
ព្រះអង្គសង្គ្រោះបានចាប់ផ្តើមជីវិតរមែងស្លាប់របស់ទ្រង់ដូចអ្នក និងខ្ញុំផងដែរ ៖ គឺជាទារកមួយ ។ ហើយទីបំផុត ដូចជាយើងដែរ ព្រះយេស៊ូវបានចាប់ផ្តើមធំឡើង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១១–១៧ ) ។ ទ្រង់បានរៀនរបៀបដើម្បីដើរ និយាយ និងសើច ។ ទ្រង់បានរៀនរបៀបដើម្បីធ្វើការ អាន និងមានទំនាក់ទំនងជាមួយមនុស្ស ។
ប្រាកដណាស់ របៀបដែលព្រះអម្ចាស់ « ចម្រើនវ័យធំឡើង » គឺត្រូវបានកត់ត្រានៅក្នុង លូកា ២:៥២ ៖ « ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ។
ប្រសិនបើយើងចង់ក្លាយដូចជាព្រះអង្គសង្គ្រោះ នោះយើងត្រូវធ្វើតាមគំរូរបស់ទ្រង់ ។
ដូច្នេះ ចូរមើលលំនាំនេះ ហើយរកមើលខ្លួនយើងអំពីរបៀបក្លាយដូចជាព្រះយេស៊ូវគ្រីស្ទជារឿង អាច ធ្វើទៅបាន !
« ប្រាជ្ញារឹតតែច្រើនឡើង »
ព្រះបង្កើតគំនិតរបស់យើងឲ្យមានលទ្ធភាពដ៏អស្ចារ្យមួយ ដើម្បីវាយតម្លៃ ដំណើរការ និងអនុវត្តចំណេះដឹង ។ សេចក្តីពិត ការគណនា ជំនាញ ដំណើរការនានា—ព័ត៌មានជាច្រើនដែលយើងអាចប្រមូលបានគឺស្ទើរតែគ្មានកំណត់ !
ប៉ុន្តែដូចព្រះអង្គសង្គ្រោះដែរ យើងស្វែងរក ប្រាជ្ញា រឹតតែច្រើនឡើង ពុំមែនគ្រាន់តែព័ត៌មាននោះទេ ។ ប្រាជ្ញាអាចប្រើព័ត៌មានដោយត្រឹមត្រូវ យល់ជម្រើសរបស់យើង ហើយធ្វើការសម្រេចចិត្តបានល្អ ។
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( ១៨៦២–១៩៣៣ ) បានបង្រៀនថា « ការប្រើប្រាស់ចំណេះដឹងត្រឹមត្រូវបង្កើតឲ្យមានប្រាជ្ញា » ។១ លោកក៏បានពន្យល់អំពីរបៀបដែលព្រះអង្គសង្គ្រោះបានទទួលប្រាជ្ញាផងដែរ ៖ « ទ្រង់បានប្រមូលចំណេះដឹងតាមរយៈការសិក្សា និងទទួលបានប្រាជ្ញាតាមរយៈការអធិស្ឋាន ការគិត និងកិច្ចខិតខំ » ។២ អាលម៉ាបានបង្រៀនហេលេមិនកូនប្រុសរបស់លោកថា « ចូរចងចាំ ហើយឲ្យចេះមាន ប្រាជ្ញា នៅក្នុងយុវវ័យរបស់កូនចុះ មែនហើយ ចូររៀននៅក្នុងយុវវ័យរបស់កូនឲ្យចេះកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ » ( អាលម៉ា ៣៧:៣៥ ការគូសបញ្ជាក់បានបន្ថែម ) ។ សូមគិតអំពីរឿងនេះ ៖ សេចក្តីជំនឿ សិក្សា និងការគោរពប្រតិបត្តិពង្រីកសមត្ថភាពរបស់យើងឲ្យទទួលបានចំណេះដឹង និងមានប្រាជ្ញារឹតតែច្រើនឡើង !
« កាន់តែធំ »
នីហ្វៃមានមាឌធំ ហើយខ្លាំង ។ លោកគឺជាមនុស្សដែលព្រះគម្ពីរហៅថា « មានមាឌធំ » ( នីហ្វៃទី ១ ២:១៦ ) ។ ខ្ញុំពុំមានមាឌធំឡើយ ។ មាឌរបស់នីហ្វៃត្រូវបានបង្កើតឡើងដើម្បីសម្រេចបាននូវសកម្មភាពផ្សេងជាងមាឌរបស់ខ្ញុំ ដោយសារព្រះអម្ចាស់មានកិច្ចការផ្សេងសម្រាប់នីហ្វៃ ។ នីហ្វៃបានសង់សំពៅ ស្វែងរកអាហារសម្រាប់គ្រួសារលោក ហើយជួយពួកគេធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន ។
រូបកាយរបស់យើងមាននូវអ្វីដែលយើងត្រូវការ ដើម្បីរស់នៅ ហើយរីករាយនឹងជីវិតរមែងស្លាប់ ។ ដោយសារការរៀបចំរបស់ព្រះ ទារកដែលទើបនឹងកើតនឹងកាន់តែធំបន្តិចម្តងៗ ។ យើងពុំចាំបាច់អភិវឌ្ឍសរីរាង្គ ឬដៃជើងបន្ថែមទៀត ពេលយើងចាស់ទៅនោះទេ—ធាតុទាំងនោះបានបង្កើតរួចហើយ ដែលជាផ្នែកមួយនៃរូបកាយរបស់យើង ។ ពុំតម្រូវឲ្យមានការដាក់ផ្គុំអ្វីទៀតឡើយ ! ប៉ុន្តែដើម្បីឲ្យយើងបម្រើព្រះ និងអស់អ្នកដែលនៅជុំវិញយើង នោះយើងត្រូវរក្សាសុខភាពរូបកាយរបស់យើង ។
រូបកាយរបស់យើងគឺជាព្រះវិហារបរិសុទ្ធ ឬជាផ្ទះ ដែលបានបង្កើតយ៉ាងល្អឥតខ្ចោះសម្រាប់វិញ្ញាណរបស់យើង ( សូមមើល កូរិនថូសទី ១ ៣:១៦–១៧; ៦:១៩–២០ ) ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អ្វីក៏ដោយដែលជាអំណោយទានពីធម្មជាតិ នោះរូបកាយរបស់អ្នកគឺជាការបង្កើតដ៏សំខាន់របស់ព្រះ ។ វាជារោងឧបោសថរបស់សាច់ឈាម—ព្រះវិហារបរិសុទ្ធសម្រាប់វិញ្ញាណអ្នក » ។៣
រូបកាយរបស់យើងអាចជួបនឹងឧបសគ្គរូបកាយធ្ងន់ធ្ងរ ពិការភាព និងការឈឺចាប់ ដោយសារយើងមានបទពិសោធន៍នៃជីវិតរមែងស្លាប់ ប៉ុន្តែព្រះវរបិតាសួគ៌បង្កើតរូបកាយរបស់យើងយ៉ាងល្អឥតខ្ចោះ ដើម្បីសម្រេចបាននូវឱកាសដ៏មានជោគជ័យនៅក្នុងជីវិតយើង ។
« កើននូវទីគាប់ព្រះហឫទ័យដល់ព្រះ »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « សេចក្ដីពិត ដ៏ធំបំផុតដំបូងគេនៃអស់ទាំងភាពអស់កល្បជានិច្ចនោះគឺថា ព្រះស្រឡាញ់ យើង ដោយអស់ពីព្រះទ័យ ព្រះកាយ ព្រះបញ្ញាញាណ និងព្រះចេស្ដា របស់ទ្រង់ » ។៤
ព្រះស្រឡាញ់ អ្នក ។ សូម្បីតែនៅពេលអ្នកមានអារម្មណ៍ថា អ្នកមិនល្អបំផុតក្តី ទ្រង់ស្រឡាញ់ អ្នក—ដោយអស់ពីកម្លាំង ភាពទន់ខ្សោយ ចម្ងល់ និងសេចក្តីសង្ឃឹមរបស់អ្នក ។ ដូច្នេះតើអ្នក « កើននូវទីគាប់ព្រះហឫទ័យដល់ព្រះ » ដោយរបៀបណា ? អ្នកបង្ហាញទ្រង់ថា អ្នកស្រឡាញ់ទ្រង់វិញ !
មានគ្រាមួយនោះ ព្រះយេស៊ូវបានប្រាប់ពួកសិស្សទ្រង់ថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។ ការគោរពប្រតិបត្តិរបស់អ្នកបង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះ ។ ឆន្ទៈរបស់អ្នកដើម្បីគោរពប្រតិបត្តិក្នុងសកម្មភាពតិចតួចប្រចាំថ្ងៃ អាចរៀបចំអ្នកឲ្យឆ្លើយតប ហើយសម្រេចបាននូវរឿងកាន់តែប្រសើរឡើង នៅពេលការអញ្ជើញរបស់ទ្រង់មានឡើងនៅពេលអនាគត ។
« កើននូវទីគាប់ចិត្តមនុស្ស »
គួរឲ្យភ្ញាក់ផ្អើលណាស់ ! ការមានអ្នកតាមអ្នកច្រើនបំផុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ពុំ មែនមានន័យថា អ្នក « កើននូវទីគាប់ចិត្តមនុស្ស » ទេ ។
ព្រះយេស៊ូវបានបង្ហាញនូវរបៀបមួយផ្សេងអំពីការជះឥទ្ធិពលដល់មនុស្សដទៃ—និងអ្នកដែលទ្រង់បានអនុញ្ញាតឲ្យជះឥទ្ធិពលលើទ្រង់ ។ ទ្រង់ « យាងចុះឡើងធ្វើការល្អ » … ដ្បិតព្រះបានគង់ជាមួយនឹងទ្រង់ » ( កិច្ចការ ១០:៣៨ ) ។
មានម្តងនោះ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយមានប្រសាសន៍ដូច្នេះ « ខ្ញុំនៅតែចាំ ហាក់ដូចវាជាថ្ងៃនេះអញ្ចឹង អំពីមិត្តិភក្តិដែលមានឥទ្ធិពលធ្វើឲ្យជីវិតរបស់ខ្ញុំមានសេចក្តីល្អតាំងពីយូរមកហើយ ។ ពួកគេបានស្លាប់អស់ហើយ ប៉ុន្តែអនុស្សាវរីយ៍នៃសេចក្តីស្រឡាញ់ គំរូ សេចក្តីជំនឿ និងទីបន្ទាល់របស់ពួកគេនៅតែលើកស្ទួយដល់ខ្ញុំ » ។៥
អ្នកអាចបង្កើននូវឥទ្ធិពលរបស់អ្នកតាមរយៈការធ្វើជាមិត្តម្នាក់ដែលមានឥទ្ធិពលលើអ្នកដទៃសម្រាប់សេចក្តីល្អ ! ដើម្បីកម្លាំងនៃយុវជន បង្រៀនអ្នកអំពីរបៀប ៖ « បង្ហាញពីចំណាប់អារម្មណ៍ដ៏ពិតប្រាកដទៅដល់អ្នកដទៃទៀត ចូរញញឹម និងធ្វើឲ្យពួកគេដឹងថាអ្នកខ្វល់ខ្វាយពីពួកគេ ។ ចូរប្រព្រឹត្តិជាមួយមនុស្សគ្រប់រូបដោយការគោរព និងសុភាពរាបសា ចៀសវាងពីការកាត់សេចក្តី និងការរិះគន់អ្នកទាំងឡាយដែលនៅជុំវិញអ្នក…ចូរខំធ្វើជាមិត្តភក្ដិនឹងអ្នកទាំងឡាយដែលមានការអៀនខ្មាស ឬឯកោ អ្នកដែលមានតម្រូវការពិសេស ឬមានអារម្មណ៍ថា ត្រូវបានគេបោះបង់ចោល » ។៦
សូមគិតអំពីបុគ្គលម្នាក់ៗនៅពេលអ្នកសរសើរ និងគោរពដោយស្មោះ—ចំពោះបុគ្គលដែលអ្នក គាប់ចិត្ត ។ តើមានបុគ្គលិកលក្ខណៈអ្វីខ្លះដែលពួកគេបានអភិវឌ្ឍ ដែលរំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ? ដោយសារដូចជាមិត្តល្អរបស់យើងដែរ នោះមិត្តដ៏ល្អបំផុតរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ និងគំរូរបស់ទ្រង់គឺជាបុគ្គលម្នាក់ដែលយើងចង់ធ្វើតាម !
អ្វីៗទាំងអស់មានទំនាក់ទំនងគ្នា
« ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ( លូកា ២:៥២ ) ។ នៅពេលអ្នកធ្វើតាមលំនាំរបស់ព្រះអង្គសង្គ្រោះស្តីពីការរីកចម្រើន នោះអ្នកនឹងរកឃើញថា ធាតុទាំងនោះធ្វើការរួមគ្នាយ៉ាងល្អឥតខ្ចោះ ហើយអ្នក នឹង ប្រែក្លាយកាន់តែដូចទ្រង់ ។ គំនិត រូបកាយ និងវិញ្ញាណរបស់អ្នកនឹងធ្វើការរួមគ្នាសម្រាប់សេចក្តីល្អរបស់អ្នក ហើយអ្នកអាចនឹងផ្តល់ពរដល់មនុស្សជាច្រើន ហើយ « បម្រើ [ ព្រះ ] ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » ! ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ ) ។