ម៉ារា មាតារបស់ព្រះយេស៊ូវ
រឿងរបស់ម៉ារាគឺជាការរំឭកមិនចប់មិនហើយអំពីតម្លៃ និងពរជ័យនៃភាពជាសិស្ស ។
ម៉ារានាងរក្សាទុករឿងទាំងនោះ ដោយ ហាវើត លីយ៉ុន
ម៉ារាមាតារបស់ព្រះយេស៊ូវគឺជាស្ត្រីម្នាក់នៃស្ត្រីពីរបីនាក់ដែលបានលើកឡើងនៅក្នុងព្រះគម្ពីរ ហើយគឺជាស្ត្រីតែម្នាក់គត់ដែលត្រូវបានព្យាករអំពីជីវិត និងការងារបម្រើ ប្រមាណជារាប់សតវត្សរ៍ពីមុនកំណើតរបស់គាត់ ( សូមមើល នីហ្វៃទី ១ ១១:១៥, ១៨; ម៉ូសាយ ៣:៨; អាលម៉ា ៧:១០ ) ។១ អ្នកសរសេរព្រះគម្ពីរសញ្ញាថ្មីដូចជា ម៉ាថាយ, ម៉ាកុស, លូកា និង យ៉ូហាន ផ្តល់ការបង្ហាញដោយសង្ខេបអំពីជីវិត និងការងារបម្រើរបស់គាត់ ដោយសារពួកគេផ្តោតចិត្តទុកដាក់ផ្ទាល់ទៅលើព្រះអង្គសង្គ្រោះតែម្តង ។ ប៉ុន្តែព្រះវិហារគ្រិស្តសាសនាជំនាន់ដើមបានដាក់ងារដល់ម៉ារាថា theotokos ជា « អ្នកពរពោះ ឬមាតារបស់ព្រះ »២ គឺជាការរំឭកនៃផ្នែកដ៏សំខាន់នៃតួនាទីរបស់គាត់នៅក្នុងផែនការរបស់ព្រះវរបិតា ។
អែលឌើរ ប្រូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសរសេរថា ៖ « តើយើងអាចនិយាយដោយការគោរពដ៏ខ្លាំងអំពីគាត់ ដែលព្រះអម្ចាស់បានប្រទានពរលើសអស់ពីស្ត្រីទាំងអស់បានទេ ? មានព្រះគ្រីស្ទតែមួយអង្គគត់ ហើយមានម៉ារាតែម្នាក់គត់ ។ បុគ្គលម្នាក់ៗជាអ្នកមានត្រកូលខ្ពស់ និងអស្ចារ្យនៅក្នុង [ ជីវិតមុនឆាកជីវិតនេះ ] ហើយម្នាក់ៗត្រូវបានតែងតាំងពីមុនលោកិយនេះឲ្យផ្តល់ការងារបម្រើដែលគាត់បានធ្វើ ។ យើងពុំអាចទប់មិនគិតបានទេថា ព្រះវរបិតានឹងជ្រើសរើសវិញ្ញាណស្ត្រីដ៏អស្ចារ្យដើម្បីធ្វើជាមាតារបស់ព្រះរាជបុត្រាទ្រង់ ក៏ដូចជាទ្រង់បានជ្រើសរើសវិញ្ញាណបុរសដូចជាទ្រង់ឲ្យធ្វើជាព្រះអង្គសង្គ្រោះឡើយ ។ … យើងគួរតែ … គោរពម៉ារាដោយការផ្តល់តម្លៃត្រឹមត្រូវនោះដែលជារបស់គាត់ » ។៣
ដំណើររឿងរបស់លូកាគឺជារឿងស្តីពីការប្រកាសប្រាប់ដល់ម៉ារា ( សូមមើល លូកា ១:២៦–៥៦ ) ដែលផ្តល់ជាការបង្ហាញដល់យើង ដើម្បីមានអំណរគុណកាន់តែខ្លាំងដល់យុវនារីដ៏អស្ចារ្យនេះ ។ តាមរយៈទំនាក់ទំនងរបស់គាត់ជាមួយនឹងទេវតាកាព្រីយ៉ែល និង អេលីសាបិត នោះយើងឃើញយុវនារីម្នាក់ព្យាយាមស្វែងយល់ និងយល់ដឹងអំពីការហៅដ៏ពិសេសរបស់គាត់មកពីព្រះ ។ ការហៅដ៏ធំធេងនោះត្រូវតែមានទម្ងន់ធ្ងន់ធ្ងរណាស់លើបុគ្គលម្នាក់ដែលនៅក្មេង ប៉ុន្តែគាត់បានត្រៀមរួចជាស្រេចដើម្បីចុះចូលឆន្ទៈរបស់គាត់ទៅនឹងព្រះទ័យរបស់ព្រះវរបិតា ។ រឿងរបស់គាត់រំឭកយើងថា ព្រះស្គាល់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ហើយទ្រង់ហៅបុរស និងស្ត្រីសាមញ្ញៗ ដើម្បីចូលរួមក្នុងការជួយស្ថាបនានគររបស់ទ្រង់ក្នុងរបៀបដ៏អស្ចារ្យ ។ គាត់បានក្លាយជាសិស្សដំបូងគេរបស់ព្រះយេស៊ូវ ហេតុដូច្នោះហើយ គាត់គឺជាគំរូមួយសម្រាប់មនុស្សទាំងអស់ដែលជ្រើសរើសធ្វើតាមទ្រង់ ។
ណាសារ៉ែត ៖ ផ្ទះរបស់ម៉ារា
ជាអកុសល ព្រះគម្ពីរសញ្ញាថ្មីពុំប្រាប់យើងអំពីឪពុកម្តាយរបស់ម៉ារា កំណើតរបស់គាត់ ឬអ្វីៗផ្សេងទៀតអំពីជីវិតគាត់នៅណាសារ៉េតឡើយ ។ លូកាពិពណ៌នាពីភូមិណាសារ៉ែតថាជា រដ្ឋ មួយដែលអាចបកប្រែថា ជាទីក្រុង ឬជីប្រជុំជន ប៉ុន្តែវាពុំមែនជាទីកន្លែងដ៏ធំដុំទេ ។ នៅក្រៅព្រះគម្ពីរសញ្ញាថ្មី ណាសារ៉ែតពុំត្រូវបានលើកឡើងនៅក្នុងអត្ថបទណាឡើយ រហូតដល់ចុងសតវត្សរ៍ទីពីរនៃគ្រិស្តសករាជ ។
យើងដឹងច្បាស់ថា ណាសារ៉ែតមានទីតាំងនៅលើទួលមួយ ក្នុងវាលទំនាបកាលីឡេ មើលទៅឃើញជ្រលងភ្នំយេរៀលដែលមានដីដ៏មានជីជាតិ ចម្ងាយ ១០៥ គីឡូម៉ែត្រនៅភាគខាងជើងនៃទីក្រុងយេរូសាឡិម ។ បុរាណវត្ថុវិទ្យាបង្ហាញថា នៅសតវត្សរ៍ទីមួយណាសារ៉ែតគឺមានលក្ខណៈជាភូមិមួយ ជាជាងជាទីក្រុង ឬទីប្រជុំជន ដែលមានប្រជាជនប្រហែលជា ៤០០–៥០០ នាក់ ។៤ ជាមួយនឹងការមិនរាប់បញ្ចូលមួយចំនួន ប្រជាជនភាគច្រើននៅទូទាំងស្រុកកាលីឡេបានពុះពារណាស់ក្នុងការរស់នៅដោយប្រកបរបរជា កម្មករ ចិញ្ចឹមបសុសត្វ នេសាទត្រី ហើយជាកសិករ ដើម្បីស្វែងរកអាហារសម្រាប់គ្រួសាររបស់ពួកគេ និងបង់ពន្ធ ។ ភូមិនេះគ្មានបន្ទាយការពារទេ គ្មានភស្តុតាងណាដែលបង្ហាញថា វាមានផ្លូវចាក់ស៊ីម៉ង់ត៍ ឬសំណង់ធំៗឡើយ ហើយវាក៏គ្មានការប្រើប្រាស់វត្ថុល្អប្រណិតនានាដូចជា ថ្មម៉ាប រូបគំនូរ ឬគំនូរជាប់នឹងជញ្ជាំងនៅក្នុងអគារនានា ឬផ្ទះនានាមានសម្ភារល្អៗដែលបាននាំចូលពីទីណាឡើយ ។៥ ផ្ទះនៅក្នុងសតវត្សរ៍ទីមួយចំនួនពីរដែលត្រូវបានគាស់កកាយរកឃើញ គឺជាផ្ទះដែលពុំមានទំហំធំឡើយ ដែលមានបន្ទប់ពីរ ដំបូលប្រកស្បូវ និងទីធ្លាមុខផ្ទះតូចមួយ ។៦ ទំនៀមទម្លាប់នៃការបញ្ចុះសព និងបំណែកថូថ្មកំបោរមួយចំនួនបង្ហាញថា ប្រជាជនគឺជាពួកសាសន៍យូដាជាជាងពួកសាសន៍ដទៃ ។
ទោះបីជាគំហើញទាំងនេះពុំជាប់ទាក់ទងផ្ទាល់ទៅនឹងម៉ារា ឬគ្រួសាររបស់គាត់ក្តី គំហើញទាំងនេះផ្តល់គំនិតមួយដល់យើងអំពីលក្ខណៈនៃជីវិតរបស់គាត់នៅភូមិណាសារ៉ែត ៖ ជាក្មេងស្រីស្រុកស្រែរស់នៅក្នុងភូមិជនបទមួយ ឆ្ងាយពីមជ្ឈមណ្ឌលសាសនានៃទីក្រុងយេរូសាឡិម ជាទីក្រុងដែលមានព្រះវិហារបរិសុទ្ធ ពួកសង្ឃអភិជន និងទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ទោះបីគាត់នៅក្មេងក្តី គាត់បានធ្វើការជាមួយម្តាយគាត់ និងស្ត្រីដទៃទៀតក្នុងភូមិ ត្បាញក្រណាត់ ចម្អិនអាហារ រកឧស ដងទឹកពីអាង ឬអណ្តូងក្នុងភូមិ ហើយធ្វើការនៅក្នុងវាលស្រែ—ធ្វើអ្វីៗទាំងអស់ដើម្បីជួយចិញ្ចឹមគ្រួសារគាត់ពីមួយថ្ងៃទៅមួយថ្ងៃ ។
ការហៅរបស់ម៉ារា
រឿងរបស់ម៉ារានៅក្នុងគម្ពីរលូកាបើកបង្ហាញអំពីការបង្ហាញព្រះកាយរបស់ទេវតាកាព្រីយ៉ែល ជាទេវតាដដែលនោះដែលបានបង្ហាញកាយកាលពីមុនដល់សាការីនៅក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល លូកា ១:១១, ១៩, ២៦ ) ។ នៅពេលទេវតាកាព្រីយ៉ែលបង្ហាញព្រះកាយ ម៉ារាគឺជាយុវនារីម្នាក់ដែលត្រូវបានគេស្តីដណ្តឹងឲ្យរៀបការនឹងយ៉ូសែប ( សូមមើល លូកា ១:២៧ ) ។ ទោះបីជាយើងពុំដឹងថា ម៉ារាមានអាយុប៉ុន្មាននៅគ្រានោះក្តី នៅសម័យបុរាណការរៀបចំសម្រាប់កិច្ចសន្យាអាពាហ៍ពិពាហ៍នេះអាចធ្វើបាន ទោះពីមុនពេញវ័យក្តី ។ ការបង្ហាញព្រះកាយ និងការប្រកាសរបស់កាព្រីយ៉ែលថា ម៉ារាដែល « ប្រកបដោយព្រះគុណ » ថា « ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង » ថា « ក្នុងបណ្តាពួកស្រីៗ នាងជាស្រ្តីមានពរពិត » ហើយយោងតាមការបកប្រែរបស់យ៉ូសែប ស្ម៊ីធ នៃ លូកា ១:២៨ នាងគឺជា « ស្ត្រីដ៏ជម្រើស » ( សូមមើលផងដែរ អាលម៉ា ៧:១០ ) ត្រូវតែបណ្តាលឲ្យមានប្រតិកម្មនៃការភាន់ច្រឡំដ៏ច្របូកច្របល់ និងភ័យខ្លាចដល់ម៉ារា ។ យើងអាចគ្រាន់តែស្រមៃឃើញគំនិតនានាដែលអាចកើតមានក្នុងចិត្តរបស់គាត់នៅគ្រានោះ ប៉ុន្តែគំនិតនោះអាចរួមមាននូវសំណួរដូចជា « ហេតុអ្វីព្រះចាត់ទុកខ្ញុំថា ‹ ក្នុងបណ្តាពួកស្រីៗ ខ្ញុំជាស្រ្តីមានពរពិត › ? » « ហេតុអ្វី ‹ ព្រះសព្វព្រះទ័យនឹងខ្ញុំ › ហើយតើវាមានន័យយ៉ាងណា ? » « ហេតុអ្វីព្រះបញ្ជូនកាព្រីយ៉ែលមកខ្ញុំ ម្តេចមិនទៅរកស្ត្រីផ្សេងទៀតនៅក្នុងភូមិណាសារ៉ែត ឬក្នុងទីក្រុងយេរូសាឡិមទៅ ? » ប្រាកដណាស់ គាត់គឺជាពូជពង្សដាវីឌ ( សូមមើល លូកា ១:៣២; រ៉ូម ១:៣ ) ប៉ុន្តែរឿងនោះវាពុំសូវមានន័យអ្វីទេនៅក្រោមការត្រួតត្រារបស់ពួករ៉ូម ។ លើសពីនោះទៅទៀត នាងគ្រាន់តែជាក្មេងស្រីម្នាក់មកពីគ្រួសារកសិករដែលរស់នៅក្នុងភូមិតូចមួយប៉ុណ្ណោះ ។ ដូចណាថាណែលបានសួរពេលក្រោយមកទៀតថា « តើមានអ្វីដ៏ល្អអាចចេញពីណាសារ៉ែតមកបានឬទេ ? » ( យ៉ូហាន ១:៤៦ ) ។
កាព្រីយ៉ែលពុំឆ្លើយគ្រប់សំណួរទាំងអស់ដែលម៉ារាអាចមានក្នុងគំនិត និងចិត្តរបស់គាត់ឡើយ ។ ផ្ទុយទៅវិញ ទ្រង់បន្តសារលិខិតរបស់ទ្រង់ថា ៖ ម៉ារានឹងពរពោះ ប៉ុន្តែពុំមែនជាកូនធម្មតានោះទេ ។ កូនរបស់គាត់នឹងត្រូវបានហៅថា « ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត » ហើយនឹងទទួល « រាជ្យនៃហ្លួងដាវីឌជាឰយុកោទ្រង់ » ( សូមមើល លូកា ១:៣២–៣៣ ) ។ ម្យ៉ាងទៀត ទេវតាកាព្រីយ៉ែលបានមានបន្ទូលប្រាប់ទៅម៉ារាថា កូនរបស់គាត់គឺជា ព្រះរាជបុត្រានៃព្រះ និងជាព្រះមែស៊ីដែលបានសន្យា ។ ប្រសិនបើម៉ារាមានការភាន់ច្រឡំ ហើយភ័យខ្លាចនៅចំពោះការប្រកាសនេះ នោះយើងគ្រាន់តែអាចស្រមៃឃើញពីស្ថានភាពតានតឹងផ្នែកផ្លូវចិត្តរបស់គាត់បន្ទាប់ពីរឿងនោះប៉ុណ្ណោះ ។
ចូរពិចារណាអំពីគោលការណ៍មួយដែលផ្នែកនេះក្នុងរឿងរបស់ម៉ារាបង្រៀនអំពីភាពជាសិស្ស ។ ផែនការរបស់ព្រះសម្រាប់ម៉ារាពុំមែនជាអ្វីដែលគាត់បានសូមធ្វើឡើយ ! កាព្រីយ៉ែលបានបង្ហាញព្រះកាយដល់សាការី ដោយសារលោក និងអេលីសាបិត បានអធិស្ឋានទូលសូមអព្ភូតហេតុឲ្យមានកូនមួយ ប៉ុន្តែកាព្រីយ៉ែលបានយាងមកជួបម៉ារាក្នុងកាលៈទេសៈមួយផ្សេងពីនោះខ្លាំងណាស់ ៖ ពុំមែនដើម្បីបំពេញតាមការទូលសូមអង្វរឡើយ ប៉ុន្តែប្រកាសប្រាប់អំពីព្រះទ័យរបស់ព្រះសម្រាប់គាត់វិញ ។ ជាមួយនឹងការរង់ចាំដើម្បីរៀបអាពាហ៍ពិពាហ៍ ម៉ារាប្រហែលជាបានគិតអំពីលទ្ធភាពនៃការមានកូននៅពេលខាងមុខជាក់ជាមិនខានឡើយ ។ ប៉ុន្តែទោះបីជាមានរលកមួយនៃការរំពឹងទុករបស់ព្រះនៅក្នុងពួកសាសន៍យូដានៅក្នុងសតវត្សរ៍ទីមួយក្តី តើម៉ារានឹងគិតថាគឺជានាងដែលជាក្មេងស្រីស្រុកស្រែមកពីភូមិណាសារ៉ែតឬ ដែលនឹងក្លាយជាមាតានៃព្រះមែស៊ីនោះ ? ប្រហែលជាអត់ទេ ។ រឿងសំខាន់នោះគឺថា ការហៅនៃភាពជាសិស្សជារឿយៗ តម្រូវឲ្យមានការផ្លាស់ប្តូរផែនការជីវិតផ្ទាល់ខ្លួនរបស់យើង ។
លូកាផ្តោតកំណត់ត្រារបស់គាត់ទៅលើការប្រកាសរបស់កាព្រីយ៉ែល ហើយបន្ទាប់មកអេលីសាបិត ។ ប៉ុន្តែមានឱកាសបីដង នៅពេលម៉ារាបង្ហាញពីគំនិត និងអារម្មណ៍របស់គាត់ ។
ទេវតាកាព្រីយ៉ែលបានបង្ហាញព្រះកាយដល់ម៉ារាជាមួយនឹងសារលិខិតដ៏អស្ចារ្យដែលថា « ក្នុងបណ្តាពួកស្រីៗ នាងជាស្រ្តីមានពរពិត » ហើយថាគាត់នឹងមានគ៌រដែលជាព្រះរាជបុត្រានៃព្រះ ។
ការប្រកាសប្រាប់ដំណឹងអំពីម៉ារា ដោយ យ៉ូសែប ប្រ៊ីកឃី
សំណួរដែលបំផុសគំនិត
ដំបូងគឺសំណួររបស់គាត់ទៅកាន់កាព្រីយ៉ែល « ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះតើធ្វើដូចម្តេចនឹងឲ្យការនេះសម្រេចបាន ? » ( លូកា ១:៣៤ ) ។ សំណួររបស់គាត់គឺជាសំណួរដ៏មានហេតុផលមួយនៅក្នុងកាលៈទេសៈនោះ ។ វារំឭកអ្នកអានអំពីសំណួររបស់សាការីថា « តើខ្ញុំនឹងដឹងសេចក្តីនោះបានដោយសារអ្វី ? [ ឧទាហរណ៍ ថា អេលីសាបិតនឹងបង្កើតកូនប្រុសមួយ ] » ( ខទី ១៨ ) ។ សំណួររបស់គាត់បង្ហាញមន្ទិលសង្ស័យអំពីការឆ្លើយតបរបស់កាព្រីយ៉ែលទៅនឹងការអធិស្ឋាន ដែលសាការីបានទូលសូមទៅព្រះដោយផ្ទាល់ ប៉ុន្តែសំណួររបស់ម៉ារាវិញ ស្វែងរកការបញ្ជាក់អំពីការប្រកាសព្រះទ័យរបស់ព្រះសម្រាប់នាង ។ នៅពេលមានការអញ្ជើញរបស់ព្រះឲ្យពួកសិស្សលើកកម្ពស់ និងប្តូរចេញពីភាពស្រណុកសុខស្រួលរបស់ពួកគេ នោះសំណួរនឹងកើតមានចៀសមិនរួច ហើយសំណួរដែលបំផុសគំនិតដឹកនាំទៅរកវិវរណៈ ។
ចម្លើយរបស់កាព្រីយ៉ែលទៅនឹងសំណួររបស់ម៉ារាមានបីផ្នែក ៖
-
ទីមួយ ទ្រង់ប្រាប់ម៉ារាថា « ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង » ( ខទី ៣៥ ) ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះចេស្តាដែលពួកសិស្សនៅគ្រប់ជំនាន់ទាំងអស់ត្រូវបានលើកតម្កើងការហៅរបស់ពួកគេ ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បានបង្រៀនថា « ចូរចាំថា កិច្ចការងារនេះ គឺពុំមែនជារបស់អ្នក និងខ្ញុំតែឯងនោះទេ ។ វាគឺជាកិច្ចការរបស់ព្រះអម្ចាស់ ហើយនៅពេលយើងស្ថិតនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ យើងនឹងទទួលបានជំនួយពីព្រះអម្ចាស់ ។ ចូរចាំថា អ្នកដែលព្រះអម្ចាស់បានហៅ ព្រះអម្ចាស់នឹងធ្វើឲ្យគេសមនឹងកិច្ចការនោះ » ។៧ បន្ទាប់មក ទេវតាកាព្រីយ៉ែលផ្តល់ព័ត៌មានជាក់លាក់ដល់ម៉ារាអំពីស្ថានភាពរបស់គាត់ថា ៖ « ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល៨ ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ » ( ខទី ៣៥ ) ។
-
ទីពីរ កាព្រីយ៉ែលប្រាប់ម៉ារាអំពីអេលីសាបិត ជាមនុស្សម្នាក់ដែលកំពុងមានបទពិសោធន៍ស្រដៀងគ្នា ទោះជាមិនមែនជាការពរពោះដោយអព្ភូតហេតុដូចគ្នាក្តី ( សូមមើល ខទី ៣៦ ) ។ ការពរពោះរបស់អេលីសាបិតគឺជាទីសម្គាល់មួយដល់ម៉ារាថា គាត់ពុំឯកោឡើយ យ៉ាងហោចណាស់មានមនុស្សម្នាក់ទៀតដែលមានអារម្មណ៍មួយចំនួនដែលគាត់នឹងមានផងដែរ ។
-
ទីបី កាព្រីយ៉ែលប្រកាសយ៉ាងច្បាស់ថា « ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយ » ( ខទី ៣៧ ) ។ ព្រះបានធ្វើកិច្ចការដែលពុំអាចធ្វើទៅបាន នៅពេលអេលីសាបិតមានទម្ងន់ ។៩ ការប្រកាសរបស់កាព្រីយ៉ែលគឺជាការរំឭកមួយដល់ពួកសិស្សនៅគ្រប់ជំនាន់ថា នៅពេលយើងឆ្លើយតបចំពោះការអញ្ជើញរបស់ព្រះ នោះអព្ភូតហេតុអាចកើតមានឡើង ។
ឆន្ទៈរបស់ពួកសិស្ស
នៅក្នុងចិត្តខ្ញុំ ការឆ្លើយតបលើកទីពីររបស់ម៉ារានៅក្នុងការសរុបរឿងខ្លីៗអំពីការតាំងចិត្ត និងទស្សនវិស័យនៃសិស្សម្នាក់ ៖ « មើល ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ ដូច្នេះសូមឲ្យបានសម្រេចដូចពាក្យលោកចុះ » ( លូកា ១:៣៨ ) ។ ពាក្យ « អ្នកបម្រើ » បង្ហាញថា ម៉ារាបានជ្រើសរើសទទួលយកការហៅដែលព្រះបានប្រទានដល់គាត់ ។ សេចក្តីថ្លែងនេះគឺជារបស់ម៉ារាស្តីពីអ្វីដែលកូនរបស់គាត់នឹងនិយាយនៅក្នុងសួនច្បារគែតសេម៉ានី « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឬទ័យទ្រង់វិញ » ( លូកា ២២:៤២ ) ។ វាហាក់ដូចជាច្បាស់ណាស់ថា នៅត្រង់ចំណុចនេះនៅក្នុងដំណើររបស់គាត់ គាត់អាចយល់នូវអ្វីៗទាំងអស់ដែលត្រូវបានតម្រូវពីគាត់—ក្រោយមកស៊ីម៉ូនព្យាករទៅកាន់គាត់ថា « នឹងមានដាវចាក់ទំលុះព្រលឹងនាងដែរ » ( លូកា ២:៣៥ )—ទោះជាយ៉ាងណាក្តី ម៉ារាជ្រើសរើសបន្តឆ្ពោះទៅមុខដោយសេចក្តីជំនឿ ។
« រួចទេវតាក៏ថយចេញពីនាងបាត់ទៅ » ( លូកា ១:៣៨ ) ។ នៅពេលកាព្រីយ៉ែលចាកចេញទៅ ម៉ារានៅតែម្នាក់ឯង ។ ទោះវាជារឿងមួយដែលសិស្សម្នាក់ត្រូវបានប្រកាសប្រាប់ដូចជារឿងរបស់គាត់នៅក្នុងវត្តមានរបស់សារទូតនៃព្រះក្តី តើគាត់ត្រូវធ្វើអ្វីខ្លះក្នុងពេលដែលទេវតាបានយាងចេញទៅបាត់នោះ ? តើគាត់ពន្យល់បទពិសោធន៍នេះដល់ឪពុកម្តាយ ឬដល់យ៉ូសែបដោយរបៀបណា ? តើវាមានតម្លៃអ្វីដល់គាត់ ប្រសិនបើពួកគាត់ ឬប្រជាជននៅណាសារ៉ែតពុំព្រមជឿគាត់នោះ ? ការរស់នៅរបស់នាងដែលមានអាយុបានមួយភាគបួននៃជីវិតនៅក្នុងសាណារ៉ែតនោះ អាចប្រែជាលំបាកដល់នាង ។
ការជួបគ្នារវាងម៉ារា និងអេលីសាបិត ដោយ ខាល ហៀនរីច ប្លុច
ដូច្នេះគាត់បានរំឭកអំពីផ្នែកទីពីរនៃចម្លើយរបស់កាព្រីយ៉ែលទៅនឹងសំណួរ និងដំណើររបស់គាត់ទៅផ្ទះអេលីសាបិត ។ សារជាថ្មីម្តងទៀត រឿងបើកចំហរពីររបស់លូកាគឺវេញត្របាញ់ចូលគ្នា ។ មិនយូរប៉ុន្មានបន្ទាប់ពីម៉ារាជម្រាបសួរអេលីសាបិត « នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ៖ ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង » ( លូកា ១:៤១–៤២ ) ។ ការស្វាគមន៍របស់គាត់ដែលដឹកនាំដោយព្រះវិញ្ញាណ បានបញ្ជាក់ដល់អ្វីដែលកាព្រីយ៉ែលធ្លាប់បានប្រកាសអំពីពររបស់ម៉ារាដែលមានក្នុងបណ្តាពួកស្រីៗ ។ ឥឡូវម៉ារាមានសាក្សីទីពីរអំពីការហៅរបស់គាត់ ប៉ុន្តែវាកើតឡើងបាន បន្ទាប់ពីគាត់មានឆន្ទៈទទួលយកការហៅនោះប៉ុណ្ណោះ ។
ដំណើររឿងរបស់ម៉ារា និង អេលីសាបិតគឺជាការរំឭកមួយអំពីទិដ្ឋភាពចម្បងពីរនៅក្នុងជីវិតនៃពួកសិស្សសម័យទំនើបនេះ ។ វាជាការរំឭកអំពីតម្លៃជានិមិត្តរូបដ៏អស្ចារ្យនៃដួងចិត្តរបស់សមាគមសង្គ្រោះនៅជុំវិញពិភពលោក ៖ ស្ត្រីដែលមានអាយុខុសៗគ្នា និងស្ថិតនៅក្នុងដំណាក់កាលជីវិតផ្សេងៗគ្នា បានរួមគ្នាគាំទ្រ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកនៅក្នុងគ្រាខ្វះខាត ។ វាក៏ជាការរំឭកមួយផងដែរថា ព្រះពុំបោះបង់អស់អ្នកដែលទ្រង់បានហៅនៅក្នុងគ្រាខ្វះខាតរបស់ពួកគេឡើយ ប៉ុន្តែជារឿយៗទ្រង់ឆ្លើយតបដោយការឱបក្រសោបពួកគេនៅក្នុងរង្វង់ដៃរបស់មនុស្សដទៃ ជាអ្នកដែលទ្រង់បានហៅផងដែរ ។
ការសរសើរតម្កើង
ការបង្ហាញចុងក្រោយរបស់ម៉ារាត្រូវបានគេស្គាល់ថាជាការសរសើរតម្កើង ហើយវាគឺជាការបង្ហាញរបស់គាត់អំពីអំណរនៅក្នុងការឆ្លើយតបចំពោះការប្រកាសរបស់អេលីសាបិត ។ គាត់បង្ហាញអំពីអារម្មណ៍របស់គាត់ស្តីពីអ្វីដែលបានកើតឡើងក្នុងជីវិតរបស់គាត់ និងឆ្លុះបញ្ចាំងអំពីការយល់ថ្មីដែលគាត់ដឹងអំពីតួនាទីរបស់គាត់នៅក្នុងផែនការរបស់ព្រះ ។ ដំបូង និងមុនគេបង្អស់ គាត់មានអារម្មណ៍លើកតម្កើង សរសើរ ហើយសរសើរតម្កើងព្រះរបស់គាត់ ដែលគាត់រីករាយដូចជាព្រះអង្គសង្គ្រោះរបស់គាត់ ( សូមមើល លូកា ១:៤៦–៤៧ ) ។ គាត់ឃើញនៅក្នុងបទពិសោធន៍របស់គាត់នូវសេចក្តីមេត្តាករុណាឥតឈប់ឈររបស់ព្រះ ទាំងនៅក្នុងការពិតដែលទ្រង់បានជ្រើសរើសនរណាម្នាក់ដែលមាន « សណ្ឋានទាបថោក » ដូចជាគាត់ ( សូមមើល ខទី ៤៨–៥០ ) និងនៅក្នុងភាពពិតដែលថា ទ្រង់បានជ្រើសរើសគាត់ឲ្យដើរតួយ៉ាងសំខាន់មួយនៅក្នុងការបំពេញសេចក្តីសញ្ញាអ័ប្រាហាំ ( សូមមើល ខទី ៥៤–៥៥ ) ។
« ម៉ារាក៏នៅជាមួយនឹង [ អេលីសាបិត ] ប្រហែលជា៣ ខែទើបត្រឡប់ទៅផ្ទះខ្លួនវិញ » ( ខទី ៥៦ ) ។ ឥឡូវម៉ារាបានរៀបចំខ្លួនកាន់តែច្រើនដើម្បីបំពេញការហៅមកពីព្រះរបស់គាត់ ។
នៅក្នុងរង្វង់ដៃរបស់ម៉ារា ដោយ ស៊ីមុន ដេវីី
គំរូរបស់ម៉ារាសម្រាប់យើង
ពួកសិស្សសម័យទំនើបគឺមិនដូចគ្នានឹងរឿងរបស់ម៉ារាឡើយ ទាំងតាមរយៈវប្បធម៌ និងទាំងរយៈពេល ២០០០ ឆ្នាំនេះ ។ ទោះជាយ៉ាងណាក៏ដោយ រឿងរបស់ម៉ារាគឺជាការរំឭកមិនចប់មិនហើយអំពីតម្លៃនៃភាពជាសិស្ស ។ ព្រះរំពឹងឲ្យអ្នកដើរតាមទ្រង់បោះជំហានឆ្ពោះទៅតាមការអញ្ជើញដែលទ្រង់ប្រទានដល់ពួកគេ ។ ប្រធាន រ័សុល អិម ណិលសុន រំឭកយើងថា « ព្រះបានសុំឲ្យបុត្រាបុត្រីក្នុងសេចក្តីសញ្ញារបស់ទ្រង់ធ្វើកិច្ចការលំបាកៗជានិច្ច » ។១០ ម៉ារាត្រូវបានរាប់បញ្ចូល ហើយយើងក៏ត្រូវបានរាប់បញ្ចូលផងដែរ ។ ការអញ្ជើញរបស់យើងគឺ ការមានសេចក្តីជំនឿដើម្បីចុះចូលឆន្ទៈរបស់យើងទៅនឹងព្រះទ័យទ្រង់ ដើម្បីទទួលយកការហៅរបស់ទ្រង់ដោយសេចក្តីជំនឿថា ព្រះវិញ្ញាណរបស់ទ្រង់នឹងតម្កើងយើងក្នុងការបម្រើរបស់ទ្រង់ ។ បូនី អេច ខ័រដុន ប្រធានយុវនារីទូទៅ ក៏រំឭកយើងថា « យើងអាចធ្វើកិច្ចការលំបាកៗបាន » ហើយក្រោយមកគាត់បន្ថែមទៀតថា « ប៉ុន្តែយើងក៏អាចធ្វើវាដោយអំណរផងដែរ » ។១១
ក្នុងនាមជាសិស្សសម័យទំនើប តើអ្វីទៅគឺជាការសរសើរតម្កើងរបស់យើង ? តើយើងអាចបង្ហាញភាពរីករាយនៅក្នុងព្រះរបស់យើងដោយរបៀបណា ? តើយើងនឹងបង្ហាញការសរសើរតម្កើងអំពីសេចក្តីមេត្តារបស់ទ្រង់នៅក្នុងជីវិតរបស់យើងយ៉ាងដូចម្តេច ? តើយើងនឹងរកឃើញរបៀបនានា ដើម្បីសាទរដល់ផ្នែករបស់យើងនៅក្នុងការបំពេញនូវសេចក្តីសញ្ញានៃអ័ប្រាហាំនៅក្នុងជំនាន់របស់យើងដោយរបៀបណា ? ទាំងនេះប្រហែលគ្រាន់តែជាវិធីមួយចំនួនដែលយើងអាចរៀនពីរឿងដ៏អស្ចារ្យរបស់ម៉ារាស្តីពីភាពជាសិស្ស ។