យុវមជ្ឈិមវ័យ
យោបល់ចំនួនប្រាំបីយ៉ាងដើម្បី ធ្វើឲ្យតម្រូវការជីវិតមានតុល្យភាព
ដកស្រង់ចេញពីសុន្ទរកថាសន្និសីទទូទៅ ខែ មេសា ឆ្នាំ ១៩៨៧ ។
ខ្ញុំមានយោបល់មួយចំនួនដែលខ្ញុំសង្ឃឹមថា នឹងមានតម្លៃដល់អ្នកដែលខ្វាយខ្វល់នឹងការធ្វើឲ្យតម្រូវការនៃជីវិតមានតុល្យភាព។
-
ទីមួយ សូមគិតអំពីជីវិតរបស់អ្នក ហើយដាក់អាទិភាពរបស់អ្នក ។ សូមស្វែងរកពេលស្ងប់ស្ងាត់ជាទៀងទាត់ដើម្បីគិតឲ្យស៊ីជម្រៅអំពីកន្លែងដែលអ្នកនឹងទៅ និងអ្វីដែលអ្នកនឹងត្រូវការដើម្បីធ្វើទៅដល់ទីនោះ ។ ព្រះយេស៊ូវជាគំរូរបស់យើង ជារឿយៗទ្រង់ « បានថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ » ( លូកា ៥:១៦ ) ។ យូរៗម្តង យើងត្រូវតែធ្វើដូច្នេះដែរដើម្បីរំឭកខ្លួនរបស់យើងខាងវិញ្ញាណ ដូចជាព្រះអង្គសង្គ្រោះបានធ្វើដែរ ។ សូមសរសេរកិច្ចការនានាដែលអ្នកចង់សម្រេចបាននៅថ្ងៃនីមួយៗ ។ សូមចាំក្នុងចិត្តនូវសេចក្តីសញ្ញាពិសិដ្ឋដ៏សំខាន់បំផុត ដែលអ្នកបានចុះជាមួយព្រះអម្ចាស់ នៅពេលអ្នកសរសេរកាលវិភាគប្រចាំថ្ងៃរបស់អ្នក ។
-
ទីពីរ ដាក់គោលដៅខ្លីៗដែលអ្នកចង់សម្រេចបាន ។ សូមដាក់គោលដៅដែលអ្នកអាចធ្វើឲ្យមានតុល្យភាពបានល្អ—កុំដាក់គោលដៅច្រើនពេក ឬតិចពេក ហើយកុំដាក់គោលដៅខ្ពស់ពេក ឬទាបពេក ។ សូមសរសេរគោលដៅដែលអ្នកអាចសម្រេចបាន ហើយខិតខំធ្វើវា ស្របតាមសារៈសំខាន់របស់វា ។ អធិស្ឋានទូលសូមការណែនាំពីព្រះនៅក្នុងការដាក់គោលដៅរបស់អ្នក ។
-
ទីបី តាមរយៈការចាត់ចែងថវិកាដោយឈ្លាសវៃ សូមគ្រប់គ្រងតម្រូវការពិតប្រាកដរបស់អ្នក ហើយវាស់វែងវាដោយប្រុងប្រយ័ត្ន ដែលវាផ្ទុយទៅនឹងចំណង់ចង់បានជាច្រើនរបស់អ្នកនៅក្នុងជីវិត ។ មានបុគ្គល និងគ្រួសារជាច្រើនបានជួបនឹងការជំពាក់បំណុលដ៏លើសលុប ។ សូមប្រុងប្រយ័ត្ននឹងការផ្តល់ឲ្យដ៏ទាក់ទាញជាច្រើនដើម្បីខ្ចីប្រាក់ ។ ខ្ចីប្រាក់គឺងាយជាងការសងប្រាក់វិញឆ្ងាយណាស់ ។ គ្មានផ្លូវកាត់ដើម្បីមានសុវត្ថិភាពខាងហិរញ្ញវត្ថុឡើយ ។ យើងនឹងគ្មានលំនឹងក្នុងជីវិតយើងឡើយ លុះត្រាតែហិរញ្ញវត្ថុរបស់យើង ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព ។
សូមចាំជានិច្ចថា ត្រូវថ្វាយដង្វាយមួយភាគក្នុងដប់ឲ្យពេញលេញ ។
-
ទីបួន សូមបន្តនៅក្បែរនឹងស្វាមី ឬភរិយា កូនៗ សាច់ញាតិ និងមិត្តិភក្តិ ។ ពួកគេនឹងជួយអ្នកឲ្យរក្សាតុល្យភាពនៅក្នុងជីវិតអ្នក ។ សូមបង្កើតទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក តាមរយៈទំនាក់ទំនងបើកចំហរ និងស្មោះត្រង់ ។
ទំនាក់ទំនងអាពាហ៍ពិពាហ៍ និងគ្រួសារល្អ អាចត្រូវបានរក្សាតាមរយៈទំនាក់ទំនងទន់ភ្លន់ ដោយក្តីស្រឡាញ់ និងចេះគិតចេះគូរ ។ សូមចាំថា ការក្រឡេកមើល ការមិចភ្នែកដាក់ ការងក់ក្បាល ឬការស្ទាបអង្អែលនឹងមានឥទ្ធិពលខ្លាំងជាងពាក្យសម្តីទៅទៀត ។ ការកំប្លែងលេង និងការស្តាប់ដ៏ល្អក៏ជាផ្នែកសំខាន់មួយនៃទំនាក់ទំនងល្អផងដែរ ។
-
ទីប្រាំ ការសិក្សាព្រះគម្ពីរ ។ ព្រះគម្ពីរផ្តល់ប្រភពមួយដ៏ល្អបំផុតដែលយើងមាន ដើម្បីទាក់ទងជាមួយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ របៀបមួយដែលខ្ញុំបានទទួលចំណេះដឹងពិតប្រាកដថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទគឺតាមរយៈការសិក្សាព្រះគម្ពីររបស់ខ្ញុំ ។ ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញសមាជិកសាសនាចក្រទាំងអស់ឲ្យសិក្សាព្រះគម្ពីរមរមនប្រកបដោយការអធិស្ឋានរៀងរាល់ថ្ងៃ ។
-
ទីប្រាំមួយ យើងត្រូវដាក់កាលវិភាគលើប្រតិទិនប្រចាំថ្ងៃរបស់យើង ដើម្បីសម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងសម្រាកលំហែរកាយ ប្រសិនបើយើងចង់រីករាយនឹងជីវិតដែលមានសុខភាពល្អ និងមានតុល្យភាព ។ សុខភាពរូបកាយល្អពង្រីកភាពថ្លៃថ្នូររបស់យើង និងការគោរពខ្លួនឯង ។
-
ទីប្រាំពីរ ធ្វើរាត្រីជួបជុំក្រុមគ្រួសារ ។ យើងពុំត្រូវបាត់បង់ឱកាសពិសេសនេះដើម្បី « បង្រៀនគ្នាទៅវិញទៅមកអំពីគោលលទ្ធិនៃនគរ » ឡើយ ( គ. និង ស. ៨៨:៧៧ ) ដែលនឹងដឹកនាំគ្រួសារទៅកាន់ជីវិតអស់កល្បជានិច្ច ។
សាតាំងតែងតែធ្វើការដើម្បីបំផ្លាញទីបន្ទាល់របស់អ្នក ប៉ុន្តែវានឹងគ្មានអំណាចដើម្បីល្បួង ឬរំខានយើងលើសពីកម្លាំងរបស់យើងដើម្បីទប់ទល់ឡើយ នៅពេលយើងកំពុងសិក្សាដំណឹងល្អ និងរស់នៅតាមបទបញ្ញត្តិនៃដំណឹងល្អ ។
-
យោបល់ចុងក្រោយរបស់ខ្ញុំគឺអធិស្ឋានឲ្យបានញឹកញាប់ ។ អ្នកអាចដឹងអំពីការសម្រេចចិត្តត្រឹមត្រូវដើម្បីធ្វើកិច្ចការនានាប្រចាំថ្ងៃតាមរយៈការអធិស្ឋានដោយខ្ជាប់ខ្ជួនស្មោះសរជានិច្ច ។ នៅពេលខ្ញុំរស់នៅស្របតាមដំណឹងល្អ នោះខ្ញុំឃើញថា ខ្ញុំអាចធ្វើឲ្យអ្វីៗនៅក្នុងជីវិតរបស់ខ្ញុំមានតុល្យភាពកាន់តែងាយស្រួល ។
ខ្ញុំបានដឹងថា យោបល់ផ្សេងទៀតអាចត្រូវបានបន្ថែមលើយោបល់ទាំងនេះដែរ ។ ប៉ុន្តែខ្ញុំជឿថា នៅពេលយើងផ្តោតទៅលើគោលបំណងគ្រឹះពីរ ឬបី នោះយើងទំនងជាអាចគ្រប់គ្រងតម្រូវការជាច្រើនដែលយើងរំពឹងចង់បាន ។ ចូរចាំថា ការចំណាយពេលច្រើនពេកលើសកម្មភាពតែមួយឬពីរអាចធ្វើឲ្យយើងបាត់បង់តុល្យភាពនៅក្នុងជីវិត ។ នៅក្នុងពេលដំណាលគ្នានោះដែរ បើយើងចំណាយពេលមិនគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពអ្វីមួយដែលសំខាន់នោះក៏អាចធ្វើឲ្យបាត់បង់តុល្យភាពក្នុងជីវិតផងដែរ ។ ស្តេចបេនយ៉ាមីនបានប្រឹក្សាថា « ការណ៍ទាំងនេះត្រូវបានប្រព្រឹត្តឡើងក្នុងប្រាជ្ញា និងរបៀបរៀបរយ » ( ម៉ូសាយ ៤:២៧ ) ។
ជារឿយៗ ការខ្វះនូវការណែនាំ និងគោលដៅច្បាស់លាស់ អាចខ្ជះខ្ជាយពេលវេលា និងកម្លាំងរបស់យើង ព្រមទាំងរួមចំណែកធ្វើឲ្យជីវិតយើងគ្មានតុល្យភាព ។ គោលដៅចម្បងរបស់យើងគួរតែដើម្បីស្វែងរក « អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ( ម៉ូសេ ១:៣៩ ) ។ ដោយមានចំណុចនេះជាគោលដៅរបស់យើង ហេតុអ្វីក៏យើងមិនកម្ចាត់ចោលនូវអ្វីៗដែលបង្វែរអារម្មណ៍ និងបំភាន់ ព្រមទាំងប្រើគំនិត អារម្មណ៍កម្លាំងរបស់យើងដែល ពុំរួមចំណែកក្នុងការធ្វើឲ្យសម្រេចគោលដៅរបស់យើងចេញពីជីវិតយើងទៅ ?
ចូរធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នករៀងរាល់ថ្ងៃ ។ ចូរធ្វើកិច្ចការគ្រឹះនានា ហើយពីមុនអ្នកដឹងពីវា នោះជីវិតរបស់អ្នកនឹងពោរពេញដោយការយល់ដឹងខាងវិញ្ញាណ ដែលនឹងបញ្ជាក់ដល់អ្នកថា ព្រះវរបិតាសួគ៌ស្រឡាញ់អ្នក ។ នៅពេលបុគ្គលម្នាក់ដឹងអំពីរឿងនេះ នោះជីវិតនឹងពោរពេញដោយគោលបំណង និងអត្ថន័យ ដែលនឹងធ្វើឲ្យតុល្យភាពកាន់តែងាយស្រួលដើម្បីរក្សាវាទុក ។