សាសនាគន់ការីធ្លាក់ពីលើចុងឈើ
យ៉ាមីឡា កាមីណូស ទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន
រចនាដោយ រ៉ូប៊ើត ក្រហ្វឺត
ចំពោះអ្នកផ្សព្វផ្សាយវ័យក្មេងពីរនាក់ដែលផ្សព្វផ្សាយនៅតាមដងផ្លូវនៃទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន ក្នុងឆ្នាំ ១៩៩៥ នោះការសន្យាដែលពួកគេបានទទួលមកពីសមាជិកម្នាក់ក្នុងគណៈប្រធានតំបន់ ដែលហាក់ដូចជាចម្លែក ៖ « ប្រសិនបើអ្នកខិតខំធ្វើការ ហើយគោរពប្រតិបត្តិទាំងស្រុង នោះសាសនាគន់ការីនឹងធ្លាក់ពីលើចុងឈើមកដើម្បីទទួលបុណ្យជ្រមុជទឹក » ។ មិនយូរប៉ុន្មានក្រោយមក យើងបានយល់អំពីការសន្យានោះ ។
ឪពុករបស់ខ្ញុំកំពុងកាត់តម្រឹមដើមឈើនៅតាមចិញ្ចឹមផ្លូវនៅខាងមុខផ្ទះរបស់យើង ។ នៅពេលដែលគាត់បានឡើងដើមឈើនោះដើម្បីកាត់តម្រឹមវា គាត់បានឃើញយុវជនពីរនាក់ដើរតម្រង់មករកគាត់នៅតាមផ្លូវ ។ នៅពេលពួកគេដើរកាត់ក្រោមដើមឈើនោះ គាត់បានហៅពួកគេពីលើចុងឈើដោយប្រើភាសាអង់គ្លេស ។
ឪពុករបស់ខ្ញុំពុំសូវចេះនិយាយភាសាអង់គ្លេសទេ ប៉ុន្តែគាត់ចេះពីរបីពាក្យ ហើយគាត់ចង់ចេះចង់ដឹង ។ តើយុវជនទាំងពីរនាក់នោះជានរណា ហើយពួកគេកំពុងធ្វើអ្វីនៅក្នុងភូមិរបស់យើងនេះ ?
ពួកអ្នកផ្សព្វផ្សាយសាសនាបានឈប់ ហើយឆ្ងល់ថា សំឡេងនោះបន្លឺចេញមកពីណា ។ បន្ទាប់មក ឪពុករបស់ខ្ញុំបានចុះពីចុងឈើនោះ ហើយនិយាយជាមួយពួកគេ ។ ដោយភ្ញាក់ផ្អើលចំពោះសារលិខិត និងអត្តចរិតរបស់ពួកគេ នោះគាត់បានអញ្ជើញពួកគេឲ្យចូលផ្ទះ ។
បទពិសោធន៍របស់ឪពុកខ្ញុំកាលពីមុនជាមួយផ្នែកសាសនាបានធ្វើឲ្យគាត់មានក្តីអំពល់ ប៉ុន្តែសារលិខិតនៃដំណឹងល្អដែលបានស្តារឡើងវិញនេះ បានបំផុសដល់ចិត្តរបស់គាត់ ។ គាត់បានរស់នៅឆ្លងកាត់គ្រាដ៏លំបាកនានា ហើយគាត់បានដឹងថា គាត់ត្រូវការការផ្លាស់ប្តូរ ។ គាត់បានស្តាប់ដោយយកចិត្តទុកដាក់នៅពេលអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនគាត់ ម្តាយខ្ញុំ ជីដូនរបស់ខ្ញុំ និងរូបខ្ញុំ ។
ខ្ញុំមានអាយុតែ ១១ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសេចក្តីពិតដែលពួកគេបង្រៀនក៏បំផុសគំនិតខ្ញុំ—ព្រមទាំងម្តាយ និងជីដូនខ្ញុំដែរ ។ ជាលទ្ធផល ពួកយើងទាំងអស់គ្នាបានជ្រមុជទឹកនៅរយៈពេលពីរបីខែក្រោយមក គឺនៅខែកញ្ញាឆ្នាំ ១៩៩៥ ។
មិនយូរប៉ុន្មានក្រោយមក គ្រាប់ពូជនៃសេចក្តីជំនឿដែលពួកអ្នកផ្សព្វផ្សាយសាសនាបានដាំនៅក្នុងចិត្តរបស់យើង ត្រូវបានចិញ្ចឹមបីបាច់ដោយការរាប់អានមកពីមិត្តភក្តិនៅព្រះវិហារ ក្រៅពីការបង្រៀនដំណឹងល្អ និងបទពិសោធន៍ល្អជាមួយថ្នាក់ដឹកនាំដ៏រឹងមាំរបស់សាសនាចក្រ ។ ដោយសារការស្វាគមន៍ដ៏កក់ក្តៅដែលយើងបានទទួល នោះគ្រាប់ពូជនៃសេចក្តីជំនឿរបស់យើង « ធ្លាក់ទៅក្នុងដីល្អ ក៏ពន្លកដុះឡើង បង្កើតផលផ្លែបានមួយជាមួយរយភាគ » ( លូកា ៨:៨ ) ។
ផលផ្លែនៃសេចក្តីជំនឿរបស់យើងដែលយើងរីករាយនាពេលបច្ចុប្បន្ននេះ—គឺជិត ២៥ ឆ្នាំក្រោយមក—រួមទាំងការតាំងចិត្តដ៏រឹងប៉ឹងចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ចំពោះពរជ័យនៃព្រះវិហារបរិសុទ្ធ និងជីវិតដែលពេញលេញ និងរីករាយជាមួយនឹងជំនាន់ថ្មីមួយនៃសមាជិកគ្រួសារដែលរួបរួមគ្នាអស់កល្បជានិច្ច ។
យើងនឹងមានអំណរគុណជានិច្ចចំពោះអ្នកផ្សព្វផ្សាយសាសនាដ៏ស្មោះត្រង់ទាំងពីរនាក់នោះ ដែលបានដាក់ការសន្យាដ៏បំផុសគំនិតមួយឲ្យទៅជាការសាកល្បង ។