ពាក្យចុងក្រោយ
ពិធីសាក្រាម៉ង់ និងការប្រែឲ្យកាន់តែដូចព្រះគ្រីស្ទ
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១៧ ។
និមិត្តសញ្ញានៃពិធីសាក្រាម៉ង់ក្នុងពេលទទួលទានអាហារយប់ចុងក្រោយរបស់ព្រះអម្ចាស់ គឺជារឿងដ៏អស្ចារ្យដើម្បីសញ្ជឹងគិត ។ នំប៉័ង និងទឹកតំណាងឲ្យព្រះកាយ និងលោហិតរបស់ទ្រង់ដែលជានំប៉័ងជីវិត និងជាទឹករស់ ( សូមមើល យ៉ូហាន ៤:១០ ) ដែលរំឭកយើងយ៉ាងទន់ភ្លន់អំពីតម្លៃដែលទ្រង់បានបង់ថ្លៃក្នុងការប្រោសលោះយើង ។ នៅពេលកាច់នំប៉័ង នោះយើងចងចាំអំពីការទម្លុះសាច់របស់ព្រះអង្គសង្គ្រោះ ។ នៅពេលយើងផឹកទឹក នោះយើងគិតអំពីព្រះលោហិតដែលទ្រង់បានបង្ហូរនៅ សួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង និងអំណាចនៃការញែកជាបរិសុទ្ធ ( សូមមើល ម៉ូសេ ៦:៦០ ) ។
ប៉ុន្តែពាក្យប្រៀបធៀបអំពីការទទួលទានព្រះកាយរបស់ទ្រង់ ហើយផឹកលោហិតរបស់ទ្រង់មានអត្ថន័យបន្ថែម ហើយថាត្រូវដាក់គុណសម្បត្តិ និងចរិតលក្ខណៈរបស់ព្រះគ្រីស្ទ ។ នៅពេលយើងទទួលទានសាក្រាម៉ង់ នំប៉័ង និងទឹករាល់សប្ដាហ៍ នោះយើងនឹងធ្វើបានល្អក្នុងការពិចារណាថា តើយើងត្រូវតែដាក់បញ្ចូលចរិតលក្ខណៈរបស់ទ្រង់ និងគំរូនៃជីវិតគ្មានបាបរបស់ទ្រង់មកក្នុងជីវិត និងតួអង្គរបស់យើងឲ្យពេញលេញទាំងស្រុងរបៀបណា ។ ព្រះយេស៊ូវពុំអាចធ្វើដង្វាយធួនសម្រាប់អំពើបាបអ្នកដទៃបានទេ លុះត្រាតែទ្រង់ផ្ទាល់ពុំមានអំពើបាប ។ ដោយសារសេចក្ដីយុត្តិធម៌ពុំបានទាមទារអ្វីពីទ្រង់ នោះទ្រង់អាចប្រគល់ព្រះអង្គទ្រង់ជំនួសយើង ដើម្បីធ្វើឲ្យសេចក្ដីយុត្តិធម៌បានស្កប់ស្កល់ បន្ទាប់មកប្រទាននូវក្ដីមេត្តាករុណា ។ …
ការទទួលទានព្រះកាយ ហើយផឹកលោហិតរបស់ទ្រង់មានន័យថា បញ្ឈប់នូវអ្វីដែលពុំត្រូវនឹងចរិតលក្ខណៈដូចជាព្រះគ្រីស្ទក្នុងជីវិតយើងចោល ហើយយកអាកប្បកិរិយារបស់ទ្រង់ដាក់ក្នុងខ្លួនយើងវិញ ។ នេះគឺជាអត្ថន័យដ៏ធំអំពីការប្រែចិត្ត ៖ ពុំគ្រាន់តែងាកចេញពីអំពើបាបអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែ « ការបែរដួងចិត្ត និងឆន្ទៈទៅរកព្រះ » ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ការប្រែចិត្ត » ) ។ ព្រះនឹងបង្ហាញដល់យើងនូវគុណវិបត្តិ និងការបរាជ័យនានា ប៉ុន្តែទ្រង់ក៏នឹងជួយយើងបង្វែរភាពទន់ខ្សោយទៅជាខ្លាំងផងដែរ ( សូមមើល អេធើរ ១២:២៧ ) ។ បើយើងសួរដោយស្មោះថា « តើខ្ញុំនៅខ្វះអ្វីទៀត ? » ( ម៉ាថាយ ១៩:២០ ) នោះទ្រង់នឹងពុំទុកឲ្យយើងសង្ស័យឡើយ ប៉ុន្តែទ្រង់នឹងឆ្លើយតបជាប្រយោជន៍សម្រាប់សុភមង្គលរបស់យើងដោយក្ដីស្រឡាញ់ ។ ហើយទ្រង់ប្រទានក្ដីសង្ឃឹមដល់យើង ។