ដំណាំនៃទីបន្ទាល់
តើការមានទីបន្ទាល់មួយមានន័យដូម្តេច ?
អេលីសាបានដើរចូលទៅក្នុងថ្នាក់អង្គការបឋមសិក្សា ហើយអង្គុយនៅក្បែរមិត្តរបស់នាងឈ្មោះអាម៉ានដូ ។
បងស្រីរ៉ូសូបាននិយាយថា « សូមស្វាគមន៍ ! ។ សូមចាប់ផ្តើមដោយការច្រៀងចម្រៀង » ។
អេលីសាបានច្រៀងជាមួយសិស្សក្នុងថ្នាក់ ។ « ជំនឿគឺដូចជាគ្រាប់ពូជ ៖ បើដាំ វានឹងដុះឡើង » ( សៀវភៅចម្រៀងកុមារ លេខ ៥០ ) ។
បងស្រីរ៉ូសូបានចែកក្រដាស និងខ្មៅដៃ ។ គាត់បាននិយាយថា « សូមគិតអំពីអ្វីដែលយើងបានច្រៀង ។ នៅពេលប្អូនៗដាំគ្រាប់ពូជនៃសេចក្តីជំនឿរបស់ប្អូនៗ នោះវានឹងដុះឡើងទៅជាទីបន្ទាល់មួយ ។ ឥឡូវនេះ សូមគូររូបភាពនៃទីបន្ទាល់ របស់ប្អូនថា វាមានសភាពដូចម្តេច ប្រសិនបើវាគឺជាដំណាំមួយ » ។
អេលីសាបានសម្លឹងមើលក្រដាសទទេ ស្អាតរបស់នាង ។ កុមារផ្សេងទៀតបានចាប់ផ្តើមគូរគំនូរ ។ អេលីសាក្រឡេកមើលគំនូររបស់អាម៉ានដូ ។ ដំណាំរបស់គាត់មានគល់ត្រង់ដែលមានស្លឹកជាច្រើន ។ វាដូចជារូបដើមជីរនៅលើរាលហាលនៅផ្ទះរបស់នាង ។ ទីបន្ទាល់របស់នាងប្រហែលជាមានសភាពដូច្នេះផងដែរ ! នាងបានក្តាប់ខ្មៅដៃ ហើយគូរគំនូរមួយដូចអាម៉ានដូផងដែរ ។
បងស្រីរ៉ូសូបាននិយាយថា « សូមបើកគម្ពីររបស់ប្អូនៗទៅ អាលម៉ា ៣២ » ។
ពួកគេបានអានអំពីការដាំគ្រាប់ពូជនៅក្នុងចិត្តរបស់អ្នក ហើយទទួលអារម្មណ៍នៃរីកលូតលាស់របស់វា ។ អេលីសាបានសម្លឹងមើលដំណាំនៃទីបន្ទាល់របស់នាង ។ តើ នាងមានទីបន្ទាល់ដែរឬទេ ? តើនោះមានន័យយ៉ាងណាដែរ ? នាងចង់សួរ ប៉ុន្តែមានអារម្មណ៍ខ្មាសអៀន ។
ពេលចប់ថ្នាក់ បងស្រីរ៉ូសូបានមករកអេលីសា ។
បងស្រីរ៉ូសូបានសួរថា « មើលទៅប្អូនដូចជាបែកអារម្មណ៍ ។ តើប្អូនមានរឿងអ្វីទៅ ? »
អេលីសាបានមើលទៅគំនូររបស់នាងម្តងទៀត ។ « ខ្ញុំពុំប្រាកដចិត្តថា ខ្ញុំមានទីបន្ទាល់មួយឬអត់នោះទេ ។ ខ្ញុំពុំដឹងថា វាមានន័យយ៉ាងណានោះទេ » ។
បងស្រីរ៉ូសូបានញញឹមដាក់អេលីសា ។ « វាមិនអីនោះទេ ។ តើប្អូនចាំថា សេចក្តីជំនឿជាអ្វីទេ ? »
អេលីសាបានងក់ក្បាល ។ « ការជឿទៅលើអ្វីមួយដែលយើងមើលមិនឃើញ ? »
បងស្រីរ៉ូសូបាននិយាយថា « ត្រឹមត្រូវហើយ ។ តើប្អូនជឿលើអ្វីខ្លះ ? »
នោះគឺជាសំណួរងាយស្រួលមួយ ។ « ខ្ញុំជឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថា ពួកទ្រង់ស្រឡាញ់ខ្ញុំ » ។
បងស្រីរ៉ូសូបានញញឹម ។ « ប្អូនទើបតែចែកចាយទីបន្ទាល់របស់ប្អូន ! ទីបន្ទាល់គឺជាអ្វីដែលប្អូនជឿអំពីដំណឹងល្អ » ។
អេលីសាបានគិតអំពីរឿងនោះ ។ « ដូច្នេះខ្ញុំមានទីបន្ទាល់មួយរួចទៅហើយមែនទេ ? »
« ចាស៎ ! » បងស្រីរ៉ូសូបានជួយបើកខគម្ពីររបស់នាង ។ « តើប្អូនចាំពីអ្វីដែលយើងបានអាននៅថ្ងៃនេះទេ ? ប្អូនចិញ្ចឹមបីបាច់គ្រាប់ពូជតាមរយៈការធ្វើកិច្ចការដូចជា ការមកព្រះវិហារ ។ នោះទីបន្ទាល់របស់ប្អូននឹងរីកដុះដាលខ្លាំងឡើងៗ » ។
អេលីសាមានអារម្មណ៍ថា នាងដូចជាយល់ហើយ ។ « ដូច្នេះ នោះជាមូលហេតុដែលយើងគូររូបភាពនៃទីបន្ទាល់របស់យើងដូចជាដំណាំមួយមែនទេ ?
បងស្រីរ៉ូសូបាននិយាយថា « ប្រាកដណាស់ ។ ដោយសារដំណាំលូតលាស់ឡើងបន្តិចម្តងៗ ។ ទីបន្ទាល់ក៏ដូចគ្នាផងដែរ ។ ទីបន្ទាល់ពុំកើតឡើងក្នុងពេលតែមួយឡើយ ។ ទីបន្ទាល់រីកលូតលាស់បន្តិចម្តងៗ ។
អេលីសាមានអារម្មណ៍ល្អជាងមុនអំពីដំណាំដែលនាងបានគូរ ។ នៅពេលនាងទៅដល់ផ្ទះ នាងបានសរសេរថា « ដំណាំនៃទីបន្ទាល់របស់ខ្ញុំ » នៅជាប់នឹងគំនូររបស់នាង ។ នាងបានព្យួររូបគំនូរនោះនៅក្បែរគ្រែរបស់នាង ។ នាងបានដឹងថា ទីបន្ទាល់របស់នាងកំពុងតែលូតលាស់ ។ ហើយនាងចង់បន្តធ្វើតាមព្រះយេស៊ូវ ដើម្បីឲ្យវាអាចរីកលូតលាស់កាន់តែធំឡើងៗ !