២០១៩
គោលបំណង​ដែល​នឹង​ផ្លាស់​ប្ដូរ​ការងារ​បម្រើ​របស់​យើង
ខែ មករា ឆ្នាំ ២០១៩


គោលការណ៍​នៃ​ការងារបម្រើ

គោលបំណង​ដែល​នឹង​ផ្លាស់​ប្ដូរ​ការងារ​បម្រើ​របស់​យើង

ខណៈ​ដែល​មាន​គោលបំណង​ជា​ច្រើន​សម្រាប់​ការងារ​បម្រើ នោះ​ការ​ខិតខំ​របស់​យើង​នៅ​ក្នុង​ការងារ​បម្រើ​គួរ​ត្រូវ​បាន​ដឹកនាំ​ដោយ​បំណង​ប្រាថ្នា​មួយ ដើម្បី​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​សម្រេច​បាន​ការ​ប្រែចិត្ត​ជឿ​ផ្ទាល់​ខ្លួន​មួយ​ដែល​ស៊ីជម្រៅ ហើយ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

ministering like the Savior

ទឹក​រស់ដោយ ស៊ីម៉ូន ឌីវី

នៅ​ពេល​យើង​ស្រឡាញ់​មនុស្ស​ដទៃ​ដូចជា​ព្រះអង្គសង្គ្រោះ នោះ​យើង​ចង់ជួយ​ពួកគេ​ដូចជា​ទ្រង់​ដែរ ។ ក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ ទ្រង់​គឺជា​គំរូ​ដ៏​ល្អ​បំផុត​នៃ​ការ​ងារ​បម្រើ​ដ៏​មាន​ន័យ ។

ដើម្បី​ធ្វើ​ឲ្យ​ការងារ​បម្រើ​របស់​យើង​បាន​ដូច​ជា​ទ្រង់ វា​គឺជា​រឿង​ដ៏​សំខាន់​ដែល​ត្រូវចងចាំ​ថា ការ​ខិតខំ​រ​បស់​ទ្រង់​ដើម្បី​ស្រឡាញ់ លើក​ស្ទួយ ហើយ​ប្រទាន​ពរ​ មាន​នូវ​គោលដៅ​ដ៏​ខ្ពស់​មួយ​លើស​ពី​ការ​បំពេញ​តាម​សេចក្ដី​ត្រូវការ​ភ្លាមៗ​ទៅ​ទៀត ។ ប្រាកដ​ណាស់ ទ្រង់​ជ្រាប​ពី​សេចក្ដី​ត្រូវការ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​មាន​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ការ​រងទុក្ខ​បច្ចុប្បន្ន​របស់​ពួកគេ ។ ដូច្នេះ ទ្រង់​បាន​ព្យាបាល អភ័យទោស ហើយ​បាន​បង្រៀន ។ ប៉ុន្តែ ទ្រង់​សព្វ​ព្រះទ័យ​ចង់​ធ្វើ​លើស​ពីការ​មើល​ថែ​ដល់​សេចក្ដី​ស្រេក​ឃ្លា​នៅ​ថ្ងៃ​នោះ​ទៅ​ទៀត ( សូម​មើលយ៉ូហាន ៤:១៣–១៤ ) ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​មនុស្ស​ដែល​នៅ​ជុំវិញ​ទ្រង់​ដើរ​តាម​ទ្រង់ ( សូម​មើល​លូកា ១៨:២២, យ៉ូហាន ២១:២២ ) ស្គាល់​ទ្រង់ ( សូម​មើលយ៉ូហាន ១០:១៤, គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:២២–២៤ ) ហើយ​ឈាន​ដល់​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួកគេ ( សូម​មើលម៉ាថាយ ៥:៤៨ ) ។ រឿង​នេះ​ក៏​ដូចគ្នា​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ( សូមមើលគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧:១៣ ) ។

មាន​វិធី​រាប់​មិន​អស់​ដែល​យើង​អាច​ជួយ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ ប៉ុន្តែ​នៅ​ពេល​គោលដៅ​ចុង​បញ្ចប់​នៃ​ការងារ​បម្រើ​រ​បស់​យើង​គឺ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​មក​ស្គាល់​ព្រះអង្គសង្គ្រោះ ហើយ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ទ្រង់ នោះ​យើង​នឹង​ខិតខំ​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ថ្ងៃ​ដែលយើង​ពុំ​ចាំបាច់​ត្រូវ​បង្រៀន​អ្នក​ជិត​ខាង​របស់​យើងឲ្យ​ស្គាល់​ព្រះអម្ចាស់ ដោយសារយើង​ទាំងអស់​គ្នា​នឹង​ស្គាល់​ទ្រង់ ( សូមមើល​យេរេមា ៣១:៣៤ ) ។

ការ​ផ្ដោត​សំខាន់​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​លើស​ពី​សេចក្ដី​ត្រូវការ​ភ្លាមៗ

  • មាន​មនុស្ស​មួយ​ចំនួន​បាន​ខិតខំ​នាំ​មិត្ត​របស់​ពួកគេ​ទៅ​ឯ​ព្រះយេស៊ូវ​ដើម្បី​បាន​ជា​ពី​ជំងឺខ្វិន ។ នៅ​ទីបញ្ចប់ ព្រះអង្គ​ស​ង្គ្រោះ​បាន​ព្យាបាល​បុរស​នោះ ប៉ុន្តែទ្រង់​ក៏សព្វ​ព្រះទ័យ​ចង់​អភ័យទោស​ដល់​គាត់​ឲ្យ​រួច​ផុត​ពី​អំពើ​បាប​របស់​គាត់​ផង​ដែរ ( សូមមើល ​លូកា ៥:១៨–២៦ ) ។

  • នៅ​ពេលមនុស្ស​នាំ​យក​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​កំផឹត​​មក​ឯ​ព្រះអង្គ​សង្គ្រោះ នោះ​ការ​ដក​យក​ការ​ផ្ដន្ទាទោស​របស់​ទ្រង់​បាន​សង្គ្រោះ​ដល់ជីវិត​នាងខាង​រូបកាយ ។ ប៉ុន្តែ​ទ្រង់​ក៏សព្វព្រះទ័យ​ចង់​សង្គ្រោះ​នាង​ខាង​វិញ្ញាណ​ផង​ដែរ ដោយ​មាន​បន្ទូល​ប្រាប់​នាង​ឲ្យ​« អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ( សូម​មើល ​យ៉ូហាន ៨:២–១១ ) ។

  • ម៉ារា និង​ ម៉ាថា បាន​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ទូល​ព្រះយេស៊ូវ ដោយ​សូម​ឲ្យ​ទ្រង់​យាង​មកព្យាបាល​មិត្ត​របស់​ទ្រង់គឺ ឡាសារ ។ ព្រះយេស៊ូវដែល​បាន​ព្យាបាល​មនុស្ស​ដទៃ​រាប់​មិន​អស់ បាន​ព្យារពេល​ការ​យាង​ទៅ​ដល់​របស់​ទ្រង់ រហូត​ទាល់​តែ​ឡាសារ​បាន​ស្លាប់​ទៅ ។ ព្រះយេស៊ូវ​បាន​ជ្រាប​ពី​អ្វី​ដែល​គ្រួសារ​នោះ​ចង់​បាន ប៉ុន្តែដោយ​ការ​ធ្វើ​ឲ្យ​ឡាសារ​រស់​ពី​ស្លាប់​មក​វិញ នោះទ្រង់​​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​ពួកគេ​អំពី​ភាព​ជាព្រះ​របស់​ទ្រង់​( សូមមើលយ៉ូហាន ១១:២១–២៧ ) ។

តើ​មាន​ឧទាហរណ៍អ្វី​​ផ្សេង​ទៀត​ដែល​អ្នក​អាច​បន្ថែម​ក្នុង​បញ្ជី​នេះ ?

តើយើង​អាច​ធ្វើ​អ្វី​ខ្លះ ?

ប្រសិន​បើ​គោលបំណង​របស់​យើង​គឺ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គសង្គ្រោះ នោះ​វា​នឹង​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​ធ្វើ​ការងារ​បម្រើ ។ នេះគឹជា​វិធី​មួយ​ចំនួន​ដែល​ការ​យល់​ដឹង​នេះ​អាច​ដឹកនាំការ​ខិតខំ​រ​​បស់​យើង​ដើម្បី​ធ្វើ​ការងារ​បម្រើ ។

យោបល់​ទី ១ ៖ តភ្ជាប់​ការ​បម្រើ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ

រាល់​ការ​ខិតខំ​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​ល្អ​មាន​តម្លៃ​​ខ្លាំង​ណាស់ ប៉ុន្តែ​យើង​អាច​រក​មើល​ឱកាស​ដើម្បី​ពង្រីក​ការ​បម្រើ​របស់​យើង​ដោយ​តភ្ជាប់​វា​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍ ប្រសិន​បើ​គ្រួសារ​ដែល​យើង​ផ្ដល់​ការងារ​បម្រើ​មាន​ជំងឺ អាហារ​មួយ​ពេល​ប្រហែល​ជា​មាន​ប្រយោជន៍ ប៉ុន្តែ​ការ​បង្ហា​សេចក្ដី​ស្រឡាញ់​ដ៏​សាមញ្ញ​របស់​អ្នក​អាចមាន​កាន់​តែ​ច្រើន តាមរយៈ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ចំពោះ​ពួកគេ ។ ជំនួយ​របស់អ្នក​សម្រាប់ការ​មើល​ថែ​ទីធ្លា​ស្មៅ​នឹង​ទទួល​បាន​ការ​អរគុណ ប៉ុន្តែ​វា​ប្រហែល​ជាកាន់​តែ​មាន​ន័យ​ទៀតជាមួយ​នឹង​ការ​ផ្ដល់​ឲ្យ​នូវការ​ប្រសិទ្ធពរ​បព្វជិតភាព​មួយ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុមនៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​ថា « មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ល្អអាច​ជួយ​មនុស្ស​ម្នាក់​ប៉ះ​កង់​ឡាន នាំ​មិត្ត​រួម​បន្ទប់​ទៅ​ជួប​វេជ្ជបណ្ឌិត ទទួល​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​សោកសៅ ឬ​ញញឹម ហើយ​និយាយពាក្យ​សួស្ដី​ដែលធ្វើ​ឲ្យ​គាត់​មាន​ភាព​រីករាយ ។

« ប៉ុន្តែ​អ្នក​ធ្វើ​តាម​បទបញ្ញត្តិ​ទីមួយ​​នឹង​ធ្វើ​បន្ថែម​ពី​លើ​សកម្មភាព​ដ៏​សំខាន់​នៃ​ការ​បម្រើ​ទាំង​នេះ​ដោយ​ឯក​ឯង » ។

យោបល់​ទី ២ ៖ ផ្ដោត​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា

កាល​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ជា​លើក​ដំបូង​ទៅកាន់​សមាជិក ក្នុងនាម​ជា​ប្រធាន​សាសនាចក្រ លោក​បាន​មានប្រសាសន៍​ថា « សូម​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា » ។ ការ​ធ្វើ និង​ការ​រក្សា​សេចក្ដីសញ្ញា« នឹង​បើក​ទ្វារ​ទៅកាន់​ពរជ័យ និង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងអស់ ដែល​មាន » ។

ក្នុងនាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​បាន​ជ្រមុជទឹក បាន​បញ្ជាក់ ហើយ​បាន​ទទួល​អំណាយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សមាជិក​បុរស​​សក្ដិសម​ទទួល​បព្វជិតភាព ។ យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​អំណោយ​ទាន​ពិសិដ្ឋ​របស់យើង ហើយ​ដើម្បី​ផ្សារភ្ជាប់​ជាមួយគ្នា​ជាគ្រួសារ​រៀងរហូត ។ ពិធី​​បរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ទាំង​នេះ និង​សេចក្ដី​សញ្ញា​ដែល​ពាក់​ព័ន្ធ​គឺ​ចាំ​បាច់​ចំពោះ​យើង​ឲ្យ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ដើម្បី​យើង​អាច​នៅ​ជាមួយ​នឹង​ទ្រង់ ។

យើង​អាច​មាន​តួនាទី​ដ៏​សំខាន់​មួយ​ដើម្បី​ដើរ​តួ​នៅ​ក្នុង​ការ​ជួយ​មនុស្ស​ដទៃនៅ​តាម​ផ្លូវ​នោះ នៅ​ពេល​យើង​ជួយពួកគេ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ហើយ​រៀបចំខ្លួន​ធ្វើ​សេចក្ដី​សញ្ញា​នាពេល​អនាគត ។ តើ​អ្នក​អាច​ជួយ​បុគ្គល​ម្នាក់ៗ ឬ​ក្រុម​គ្រួសារ​ដែល​អ្នកប្រើ​ឲ្យ​ទទួល​ពិធី​បរិសុទ្ធបន្ទាប់​ដែល​ពួកគេ​ត្រូវការ​ដោយ​របៀប​ណា ? ការណ៍​នេះ​អាច​មានន័យ​ថា ការ​ជួយ​រៀបចំខ្លួន​ឪពុក​ម្នាក់​ឲ្យ​ជ្រមុជទឹក​កូន​ស្រី​របស់​គាត់ ការ​ពន្យល់​ពី​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​បន្ទាប់ដែល​ត្រូវ​ធ្វើ ឬ​ការ​ចែកចាយ​វិធីដើម្បី​មាន​បទពិសោធន៍មួយ​កាន់​តែមាន​ន័យ ដោយ​រំឭក​សេចក្ដី​សញ្ញា​របស់​យើង​កាល​ទទួល​ទាន​សាក្រាម៉ង់ ។

invite and encourage

ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមានដោយ​ហិនរីឆ ហូហ្វមិន

យោបល់​ទី ៣ ៖ អញ្ជើញ ហើយ​លើក​ទឹក​ចិត្ត

នៅពេល​សមរម្យ សូម​ប្រឹក្សាអំពីការ​ប្រែ​ចិត្ត​ជឿ និង​ការ​ខិតខំ​របស់​ពួកគេ​ឲ្យ​ក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ​​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​មើល​ថែ ។ ចូរ​ប្រាប់​ឲ្យ​ពួកគេ​ដឹង​ពី​កម្លាំងដែល​អ្នក​ឃើញ​ពួកគេ​មាន ហើយ​ស្ងើច​សរសើរ​ដល់​ពួកគេ ។ សូម​ស្វែង​រកចំណុច​ដែល​ពួកគេ​គិត​ថា​ពួកគេ​អាច​កែលម្អ ហើយ​ពិភាក្សា​ពី​របៀប​ដែល​អ្នក​អាច​ជួយ ។ ( សម្រាប់​​យោបល់​បន្ថែម​ស្ដីពី​ការ​ប្រឹក្សា​រួម​គ្នា​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ សូម​មើល « Counsel about Their Needs » Liahona, ខែ កញ្ញា ឆ្នាំ ២០១៨ ទំព័រ ៦–៩ ) ។

សូម​កុំ​ខ្លាច​ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​អញ្ញាត​ឲ្យ​ទ្រង់​ជួយ​ពួកគេ​ឈាន​ទៅ​ដល់​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួក​គេ ។ ការ​អញ្ជើញ​នេះ​អាច​ការ​ផ្លាស់​ប្ដូរ​ជីវិត នៅ​ពេល​វា​រួម​ផ្សំ​នឹង​ការ​បង្ហាញ​ពី​ភាព​ជឿ​ជាក់​របស់​អ្នក​ចំពោះ​ពួកគេ និង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់ ។

របៀប​ប្រាំ​មួយ​យ៉ាង​ដែល​យើង​អាច​ជួយ​មនុស្សដទៃ​ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ព្រះគ្រីស្ទ

ខាង​ក្រោមនេះ​គឺជា​យោបល់​​ដើម្បី​គាំទ្រដល់​​មនុស្ស​ដទៃ នៅក្នុង​ការធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង ហើយ​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ( សូមមើល ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូក​ទី ១១ សម្រាប់​គំនិត​បន្ថែម​ទៀត ) ។

  1. ចែកចាយ ។ ចូរ​ទៀង​ត្រង់ ហើយ​ក្លាហាន នៅពេល​ចែកចាយ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នក នៅពេល​អ្នក​បាន​ព្យាយាម​ខិតទៅ​ជិត​ទ្រង់ តាមរយៈ​ការ​រស់នៅ​តាម​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹងល្អ ទោះ​ជា​មានឧបសគ្គ​ក្ដី ។

  2. សូម​សន្យា​នូវ​ពរជ័យ ។ មនុស្ស​ត្រូវការ​ហេតុផលពិត​ប្រាកដ​មួយ​ដើម្បី​ផ្លាស់​ប្ដូរ​ ដែលសំខាន់​ជាង​ហេតុផល​មិន​ផ្លាស់ប្ដូរ ។ ការ​ពន្យល់​ពី​ពរជ័យ​ដែល​ទាក់ទង​នឹង​ទង្វើ​មួយ​អាច​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដ៏​មាន​អនុភាព ( សូម​មើលគោលលទ្ធិ និង សេចក្ដីសញ្ញាណ ១៣០:២០–២១ ) ។

  3. អញ្ជើញ ។ ការ​រស់​នៅ​តាម​គោលការណ៍​មួយ​នៃ​ដំណឹងល្អ​នាំ​មក​នូវ​ទីបន្ទាល់​មួយ​ដែល​ពិត ( សូមមើលយ៉ូហាន ៧:១៧ ) ហើយ​វា​ដឹកនាំ​ទៅ​រក​ការប្រែចិត្ត​ជឿ​ដ៏​មុតមាំ ។ រាល់​ឥទ្ធិពល​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ស្ទើរ​តែ​អាច​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​អញ្ជើញ​ដ៏​សាមញ្ញ​មួយ​ដើម្បី​ធ្វើ​រឿង​មួយ​ដែល​នឹងជួយ​ពួកគេ​ឲ្យ​រីកចម្រើន ។

  4. ដាក់​ផែនការ​ជាមួយគ្នា ។ តើ​អ្វី​ទៅ​ដែល​ចាំបាច់​ត្រូវ​កើត​ឡើង​ចំពោះ​ពួកគេ ដើម្បីរក្សា​ការ​តាំង​ចិត្ត​របស់​ពួកគេ​ដើម្បី​ផ្លាស់​ប្ដូរ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ ? តើ​អ្នក​អាច​ជួយ​​ដោយ​របៀប​ណា ? តើ​វា​មាន​ពេលវេលា​កំណត់​ដែរ​ឬ​ទេ ?

  5. គាំទ្រ ។ ប្រសិន​បើ​អាច​ធ្វើ​បាន សូម​បង្កើតបណ្ដាញ​គាំទ្រ​មនុស្ស​មួយ​ដែល​វា​អាច​ជួយ​បុគ្គល​នោះ​ឲ្យ​បន្ត​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ហើយ​មាន​ជោគជ័យ ។ យើង​ទាំងអស់​គ្នា​ត្រូវ​ការ​អ្នក​គាំទ្រ​ម្នាក់ ។

  6. តាមដាន ។ សូម​ចែកចាយ​ការ​រីកចម្រើន​ជាទៀង​ទាត់ ។ សូម​បន្ត​ផ្ដោត​ទៅ​លើ​ផែនការ​នោះ ប៉ុន្តែសូម​កែ​សម្រួល​វា ប្រសិន​បើ​ចាំបាច់ ។ ចូរ​មាន​ចិត្ត​អត់ធ្មត់ តស៊ូ ហើយ​លើក​ទឹកចិត្ត ។ ការ​ផ្លាស់ប្ដូរ​អាច​ត្រូវ​ការ​ពេលវលា ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​ពិចារណា​ពី​វិធីដែល​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ផ្ដល់​ការ​ងារ​បម្រើ—ទោះ​តូច​ ឬ​ធំ​ក្ដី—អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ពង្រឹង​ការ​ប្រែចិត្ត​ជឿ​របស់​ពួកគេ ហើយ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

សូមចែកចាយបទពិសោធន៍​របស់​អ្នក

សូម​ផ្ញើមក​កាន់​យើងនូវ​បទពិសោធន៍​របស់​អ្នក នៅពេល​អ្នក​បាន​ផ្ដល់​ការ​ងារ​បម្រើ​ដល់​មនុស្ស​ដទៃ ឬ​ទទួល​បាន​ការងារ​បម្រើ​ ។ សូម​ចូល​ទៅ liahona.lds.org ហើយ​ចុចលើ « Submit an Article or Feedback » ។

កំណត់​ចំណាំ

  1. នែល អិល អាន់ឌើរសិន « A Holier Approach to Ministering » ( Brigham Young University devotional ថ្ងៃ​ទី១០ ខែ មេសា ឆ្នាំ ២០១៨ ) ទំព័រ 3, speeches.byu.edu ។

  2. រ័សុល អិម ណិលសុន « As We Go Forward Together » Liahona, ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។

  3. សូម​មើល ហិនរី ប៊ី អាវរិង « Daughters in the Covenant » Liahona, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១២៥–២៨ ។

  4. សូម​មើល ដាវីឌ អេ ប៊ែដណា « រែចិត្ត​ជឿ​ចំពោះ​ព្រះអម្ចាស់ » Liahona, ខែ វិច្ឆិកា ឆ្នាំ 2012, 106–109 ។