ប៉ុន្តែខ្ញុំឃ្លាន !
អ៊ីសាដូរ៉ា ម៉ាគឹស ហ្គាសៀ ទីក្រុង សៅ ផាឡូ ប្រទេសប្រេស៊ីល
នៅថ្ងៃដែលមានភ្លៀងធ្លាក់មួយក្នុងបេសកកម្មរបស់ខ្ញុំក្នុងប្រទេសកូឡុំប៊ី ដៃគូខ្ញុំ និងខ្ញុំ នៅសល់ពេលមួយម៉ោងទៀត ពីមុនយើងទៅផ្ទះ ។ យើងឃ្លាន ហើយអស់កម្លាំងដោយសារដើរពេញមួយថ្ងៃហើយ ។ យើងពុំបានជួបនរណាម្នាក់ដើម្បីបង្រៀនឡើយ ។
យើងក៏គ្មានប្រាក់នៅជាប់នឹងខ្លួន ហើយយើងក៏ពុំបានទៅហាងទិញគ្រឿងស្លរស្លុកឡើយ ។ យើងដឹងថា យើងនឹងទៅផ្ទះ ហើយគ្មានអ្វីបរិភោគទេ ។ ខ្ញុំបានព្យាយាមមិនគិតពីអារម្មណ៍អវិជ្ជមាននេះទេ ហើយផ្តោតទៅលើកិច្ចការវិញ ។
ភ្លាមនោះដៃគូរបស់ខ្ញុំស្រែកឡើងថា « មើលនេះនែ៎ ! »
គាត់រើសបានលុយមួយចំនួនពីលើដី ។ ការបង្ហាញនៅលើទឹកមុខរបស់គាត់ នោះខ្ញុំអាចប្រាប់ថា គាត់កំពុងគិតអ្វីដែលខ្ញុំបានគិត ។ យើងអាចទិញអាហារបរិភោគហើយ !
ប៉ុន្តែមួយសន្ទុះក្រោយមក ដៃគូរបស់ខ្ញុំនិយាយថា « អត់ទេ នេះពុំមែនជាលុយរបស់យើងទេ ! »
ខ្ញុំបានគិតថា « ប៉ុន្តែខ្ញុំឃ្លាន ! »
ខ្ញុំបានប្រាប់គាត់ថា « ទោះវាជារបស់នរណាក៏ដោយ យើងពុំអាចរកម្ចាស់វាឃើញនៅម៉ោងយប់បែបនេះឡើយ » ។
គាត់បានផ្តល់យោបល់ឲ្យយើងអធិស្ឋាន ។ ខ្ញុំដឹងថា នោះគឺជារឿងត្រឹមត្រូវ ប៉ុន្តែខ្ញុំមានកូនចិត្តមួយថា វាឆ្កួតណាស់ ។ យើងបានខិតខំធ្វើការពេញមួយថ្ងៃ ។ ពួកយើងឃ្លាន ។ ការរើសលុយបានប្រហែលជាពរជ័យសម្រាប់ការបម្រើរបស់យើង ។
បន្ទាប់មក ខ្ញុំបានចាំអំពីម្តាយរបស់ខ្ញុំ ។ កាលខ្ញុំនៅតូចគាត់បានបង្រៀនបងស្រីរបស់ខ្ញុំ និងខ្ញុំឲ្យមានចិត្តទៀងត្រង់ជានិច្ច ។ គាត់គឺជាគំរូមួយសម្រាប់ពួកយើង ហើយគាត់បានអធិស្ឋានថា យើងនឹងមានចិត្តក្លាហានដើម្បីមានចិត្តទៀងត្រង់ ។ ខ្ញុំបានដឹងថា ប្រសិនបើគាត់បាននៅទីនោះ នោះគាត់ច្បាស់ជាកើតទុក្ខ ប្រសិនបើខ្ញុំពុំធ្វើការសម្រេចចិត្តត្រឹមត្រូវនោះ ។
ដូច្នេះយើងបានអធិស្ឋាន ។ យើងបានទូលសូមដល់ព្រះវរបិតាសួគ៌ឲ្យជួយយើងរកឃើញម្ចាស់លុយនោះវិញ ។ បីបួននាទីក្រោយមក យុវជនម្នាក់បានមករកអ្វីមួយ ។ គាត់បានយំ ហើយមើលទៅដូចជាពិបាកចិត្ត ។ ខ្ញុំ និងដៃគូរបស់ខ្ញុំបានទៅរកគាត់ ហើយដឹងថា យើងមានអ្វីដែលគាត់កំពុងតែរកនោះ ។
យើងបានប្រគល់លុយនោះទៅឲ្យគាត់វិញ ហើយគាត់បានអរគុណយើងម្តងហើយម្តងទៀត ។ គាត់បាននិយាយថា គាត់ត្រូវការវាដើម្បីបង់ថ្លៃសាលា ។ ប្រសិនបើគ្មានលុយនោះទេ នោះគាត់នឹងពុំអាចចុះឈ្មោះចូលរៀនបានឡើយ ។ ខ្ញុំបានយំ ហើយខ្ញុំបានប្រែចិត្តពីចំណងប្រាថ្នាមុនដំបូងរបស់ខ្ញុំដើម្បីចាយលុយនោះ ។ យើងបានព័ត៌មានទំនាក់ទំនងរបស់ក្មេងប្រុសនោះ ហើយយើងអាចទៅបង្រៀនគាត់ និងមនុស្សប្រាំនាក់ផ្សេងទៀត ។ នៅយប់នោះ ខ្ញុំបានថ្លែងអំណរគុណដល់ដៃគូរបស់ខ្ញុំសម្រាប់គំរូល្អរបស់គាត់ ។
ខ្ញុំដឹងថា ព្រះប្រទានពរដល់យើង នៅពេលយើងមានចិត្តទៀងត្រង់ ។ យើងគ្មានអ្វីបរិភោគឡើយនៅយប់នោះ ប៉ុន្តែខ្ញុំពុំចាំថា ខ្ញុំបានចូលដេកទាំងស្រេកឃ្លានឡើយ ។ ការរើសលុយបាននោះគឺជាពរជ័យជាងអ្វីៗទាំងអស់ ។