ភាពជាសិស្ស
ពិភពលោកដែលយើងរស់នៅនេះ ហាក់ដូចជាត្រូវបានរៀបចំឡើងដើម្បីសាកល្បងការលះបង់របស់យើងចំពោះភាពជាសិស្ស ។ នៅពេលយើងសិក្សាព្រះគម្ពីរសញ្ញាថ្មីឆ្នាំនេះ យើងអាចទទួលបានការបំផុសគំនិត តាមរយៈការបង្រៀន និងគំរូរបស់ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ ដែលព្យាយាមទាំងរៀនពីទ្រង់ និងប្រែកាន់តែដូចលោកចៅហ្វាយរបស់ពួកគេ ។
ក្នុងនាមជាគ្រូបង្រៀនព្រះគម្ពីរសញ្ញាថ្មីនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ សហការីរបស់ខ្ញុំឈ្មោះ ហ្គេយី ស្ទ្រាធើន និងខ្ញុំបានចែកចាយគំនិតមួយចំនួននៅក្នុងបញ្ហានេះ អំពីគំរូនៃភាពជាសិស្សដែលយើងអាចរៀនពីម៉ារា មាតារបស់ព្រះយេស៊ូវ ( ទំព័រ ១២ ) និង យ៉ូហានសំណព្វ ( ទំព័រ ១៨ ) ។ បុគ្គលទាំងពីរនាក់នេះគឺនៅក្នុងចំណោមសាក្សីដ៏អស្ចារ្យបំផុតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ក្រៅពីព្រះជាព្រះវរបិតាទ្រង់ផ្ទាល់ គ្មានបុគ្គលណាទៀតដែលបានស្គាល់ព្រះយេស៊ូវច្បាស់ដូចមាតារបស់ទ្រង់ឡើយ ថាទ្រង់គឺពិតជាព្រះរាជបុត្រារបស់ព្រះ ហើយយ៉ូហានត្រូវបានរាប់ទៅក្នុងចំណោមពួកសាវកដើមទាំងដប់ពីរ ហើយបង្ហាញថា គឺជាមិត្តភក្តិជិតស្និទ្ធម្នាក់របស់ព្រះអម្ចាស់ ។
ភក្តីភាពនៃពួកសិស្សទាំងនេះ និងសិស្សផ្សេងទៀត បង្រៀនយើងអំពីរបៀបដែលយើងអាចក្លាយជាសិស្សសំណព្វរបស់ព្រះយេស៊ូវគ្រីស្ទដោយខ្លួនយើង ហើយរក្សាភាពជាសិស្សរបស់យើង ទោះជាមានឧបសគ្គក្នុងពិភពលោកនេះក្តី ។
នៅពេលយើងសិក្សាព្រះគម្ពីរសញ្ញាថ្មីប្រកបដោយការអធិស្ឋាន នោះយើងពុំគ្រាន់តែអាចដឹងកាន់តែច្រើន អំពី ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ យើងថែមទាំង ស្គាល់ ទ្រង់កាន់តែច្បាស់ទៀតផង ( សូមមើល យ៉ូហាន ១៧:៣ ) ។
ដោយស្មោះស្ម័គ្រ
អ៊ីរិក ឌី ហាន់ស្មែន