២០១៩
របៀប ១៤ យ៉ាង ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ត្រឡប់​មកលើ​ផ្លូវ​វិញ
ខែ មករា ឆ្នាំ ២០១៩


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

របៀប ១៤ យ៉ាង ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ត្រឡប់​មកលើ​ផ្លូវ​វិញ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អៃដាហូ ស.រ.អា ។

នៅពេល​អ្នក​មាន​អារម្មណ៍​ហត់​នឿយ​ផ្នែក​ផ្លូវ​ចិត្ត នោះ​មាន​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ទទួល​អារម្មណ៍​ពេញលេញ​ឡើង​វិញ ១០០ ភាគ​រយ ។

ប្រាកដ​ណាស់ ជួនកាល​ជីវិត​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ទន់ខ្សោយ​ផ្នែក​ផ្លូវ​ចិត្ត ប៉ុន្តែ​នៅពេល​យើង​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត នោះ​យើង​អាច​បំពេញ​តម្រូវការ​ផ្នែក​ផ្លូវ​ចិត្ត​របស់​យើង ហើយ​ដោះស្រាយ​បាន​ទាំង​កាលៈទេសៈ​ល្អ និង​អាក្រក់​ប្រចាំ​ថ្ងៃ ។ នេះ​ពុំមែន​មាន​ន័យ​ថា យើង​ពុំ​ត្រូវការ​ជំនួយ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ ការ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត​គឺ​ការដឹង​ថា តើ​ពេលណា​យើង​អាច​ដោះស្រាយ​សម្ពាធ​ផ្លូវ​ចិត្ត​ដោយ​ខ្លួន​ឯង និង​ការដឹង​ថា តើ​ពេល​ណា​យើង​ត្រូវការ​ឈោង​ទៅរក​ជំនួយ និង​ការគាំទ្រ​ពី​មនុស្ស​ដទៃ ។

នៅពេល​យើង​រៀន​អំពី​របៀប​ទទួល​អារម្មណ៍ និង​ឆ្លើយ​តប​ចំពោះ​ផ្លូវ​ចិត្ត​ក្នុង​របៀប​ដ៏​ប្រសើរ​មួយ នោះយើង​កាន់តែ​អាច​បាន​ប្រសើរ​ឡើង ហើយ​មាន​ឱកាស​បម្រើ​នៅក្នុង​នគរ​ព្រះ​កាន់តែ​ច្រើន ។ គំនិត​យោបល់​មួយចំនួន​ដូច​ខាង​ក្រោម​អាច​មាន​ប្រយោជន៍ នៅពេល​អ្នក​ព្យាយាម​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត ។*

  1. ធ្វើ​កិច្ចការ​គ្រឹះ​នានា ៖ អធិស្ឋាន សិក្សា​ព្រះគម្ពីរ ចូលរួម​ព្រះវិហារ និង​ការបម្រើ ។ ផ្តោតចិត្ត​ទៅលើ អំណរគុណ ។

  2. ថែទាំ​សុខភាព​រាងកាយ​របស់​អ្នក​ឲ្យ​បាន​ល្អ ។ សូម​ប្រាកដ​ថា អ្នក​បរិភោគ​អាហារ​បាន​ល្អ ដេក​បាន​គ្រប់គ្រាន់ និង​ហាត់​ប្រាណ ។ សុខភាព​រាងកាយ​របស់យើង​ជះ​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវ​ចិត្ត​យើង ។

  3. សរសេរ​សៀវភៅ​កំណត់ហេតុ ។ ផ្នែក​មួយ​នៃ​ការមាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្លូវ​ចិត្ត​គឺ ការស្គាល់​ផ្លូវ​ចិត្ត​របស់​អ្នក ។​ ការសរសេរ​សៀវភៅ​កំណត់ហេតុ​គឺជា​វិធី​មួយ​ដើម្បី​ដោះស្រាយ​នូវ​អារម្មណ៍​នោះ ។

  4. និយាយ​ប្រាប់​មិត្តភក្តិ ឬ​គ្រួសារ​អ្នក​ដោយ​ត្រង់ៗ​អំពី​អារម្មណ៍​របស់​អ្នក ។ ការពិភាក្សា​អំពី​អារម្មណ៍​របស់​អ្នក​ជាមួយ​មនុស្ស​ផ្សេង​ទៀត គឺ​ជា​វិធី​ដ៏​ប្រសើរ​មួយ ដែល​អាច​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​មាន​តុល្យភាព ។

  5. អធិស្ឋាន​ទូល​សូម​ជំនួយ ជាជាង​ទូលសូម​ការជួសជុល ។ សូម​គិត​ពីការផ្លាស់ប្តូរ​ឃ្លា​និយាយ​ដូចជា « ឱព្រះវរបិតាសួគ៌​អើយ សូម​ឲ្យ​ផ្លូវចិត្ត​របស់​ខ្ញុំ​មាន​តុល្យភាព » ទៅ​ជា​ឃ្លា​ផ្សេង​ទៀត​ដូចជា « ឱ​ព្រះវរបិតាសួគ៌​អើយ សូម​បង្ហាញ​ដល់​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​រៀន និង​ធ្វើ​ដោយ​ខ្លួន​ខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​មាន​តុល្យភាព » ។

  6. វាយ​តម្លៃ​តុល្យភាព​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​ពិនិត្យ​មើល​ពេលវេលា និង​កម្លាំង​ដែល​អ្នក​បាន​ផ្តល់​ដល់​គ្រួសារ ខ្លួន​ឯង ការបម្រើ ការងារ និង​ការកម្សាន្ត ។ នៅពេល​ផ្នែក​ណា​មួយ​ត្រូវបាន​ចំណាយពេល និង​កម្លាំង​ច្រើន​ជាង​ផ្នែក​មួយ​ផ្សេង​ទៀត នោះ​អ្នក​ចាប់ផ្តើម​ដេក​មិន​គ្រាប់គ្រាន់ អស់​កម្លាំង និង​ខ្វះ​ការផ្តោត​ចិត្ត​ទុកដាក់ ។ នេះ​មានន័យ​ថា វា​ជា​ពេលដែល​ត្រូវ​វាយ​តម្លៃ​ឡើង​វិញ ហើយ​រៀបចំ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ ។

  7. កុំពន្យារ​ពេល ។ ការ​ពន្យារពេល​ដល់​រឿង​ទាំងឡាយ​អាច​នាំទៅ​រក​ការបាក់​ទឹក​ចិត្ត ។ សូម​បំបែក​កិច្ចការ​ធំៗ​ទៅ​ជា​បំណែក​តូចៗ ។ សូម​ចាប់​ផ្ដើម ដោយ​រំឭក​ខ្លួន​ឯង​ថា « អ្វី​ទាំងអស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ____ » ឬ « ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នេះ​តែ​ប៉ុន្មាន​នាទីប៉ុណ្ណោះ រួចហើយ​សម្រាក បើ​ខ្ញុំ​ចង់ » ។

  8. ស្រមៃ​មើល​ឃើញ​ពី​ភាព​ជោគជ័យ ។ ការ​ព្រួយ​បារម្ភ​អាច​ជា​វិធី​មួយ​នៃការ​បរាជ័យ​ផ្នែក​ផ្លូវចិត្ត ។ ជំនួស​ឲ្យការ​ហាត់សម​នូវ​អ្វី​ដែល​អាច​ខុសឆ្គង ឬ​បន្ត​ព្រួយ​បារម្ភ « ថា​តើ​វា​នឹង​ប្រែ​ទៅជា​យ៉ាង​ណា » នោះ​សូម​អនុវត្ត​លទ្ធផល​វិជ្ជមាន​ផ្លូវ​ចិត្ត ហើយ​ធ្វើ​ផែនការ​ដើម្បី​សម្រេច​វា ។ ប្រសិនបើ​កិច្ចការ​ទាំងឡាយ​ពុំ​បាន​កើត​ឡើង​ដូច​អ្វី​ដែល​អ្នក​សង្ឃឹម​ទុក សូម​ស្រមើ​ស្រមៃ​ថា ខ្លួន​អ្នក​កំពុង​រៀន​ពី​ឧបសគ្គ​នោះ ហើយ​កំពុង​ឆ្ពោះ​ទៅ​មុខ ។

  9. ផ្តោត​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ​ត្រឹមត្រូវ ហើយ​ចៀសវាង​ពី​ការប្រៀបធៀប​ខ្លួន​របស់​អ្នក​ទៅ​នឹង​មនុស្ស​ដទៃ ។ មនុស្ស​ដែល​មាន​ការរំពឹងទុក​ខ្ពស់​ពេក​តែង​តែ​ផ្ដោត​លើ​ភាពទន់ខ្សោយ និង​បរាជ័យ​របស់​ខ្លួន​យ៉ាង​ខ្លាំង ។ ដូច្នេះ ជំនួស​ឲ្យ​ការ​កែលម្អ នោះ​ពួកគេ​ប្រហែល​ជា​ទទួល​អារម្មណ៍​អស់សង្ឃឹម ។ សូម​ធ្វើ​បញ្ជី​មួយ​អំពី​គុណតម្លៃ ទេពកោសល្យ បទពិសោធន៍ និង​អំណោយទាន​របស់​អ្នក ។ សូម​ដាក់​ផែនការ​អំពី​របៀប​ដែល​អ្នក​អាច​ប្រើប្រាស់​ចំណុច​ខ្លាំង​ទាំង​នោះ​ប្រកប​ដោយ​ការច្នៃប្រឌិត​នៅ​សប្តាហ៍​នេះ ។

  10. ចូរ​បំភ្លេចចោល​នូវ​អ្វី​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រង​បាន ។ អតីតកាល សិទ្ធិជ្រើសរើស​របស់​មនុស្ស​ដទៃ អាកាសធាតុ ដែន​កំណត់របស់​អ្នក ឬ​អត្តចរិត​របស់​មនុស្ស​ដទៃ គឺ​ហួស​ពី​ការ​គ្រប់គ្រង​របស់​អ្នក ។ សូម​ផ្ដោត​លើ​រឿង​ទាំងឡាយ​ដែល​អ្នក​អាច​ធ្វើ​បាន ដូចជា​អាកប្បកិរិយា​របស់​អ្នក ផ្នែក​របស់​អ្នក​នៅ​ក្នុង​ទំនាក់ទំនង​មួយ ជម្រើស​បច្ចុប្បន្ន​របស់​អ្នក និង​ឥរិយាបថ​របស់​អ្នក ។

  11. សូម​ទទួល​យក​ការ​ពិត​នៃ​ទម្លាប់​ដ៏​ធុញទ្រាន់​មួយ​ចំនួន ។ ជីវិត​ពុំ​មែន​សុទ្ធតែ​ពោរពេញ​ដោយ​រឿង​មាន​ន័យ ហើយ​រំភើប​រីករាយ​នោះ​ទេ ។ ចូរ​ចៀសវាង​ពី​ការ​បង្កើត​ឆាកល្ខោន ប្រើ​កម្លាំង ឬ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ដើម្បី​ដោះស្រាយ​នឹង​ភាពអផ្សុក ។ ផ្ទុយ​ទៅ​វិញ សូម​មាន​អំណរគុណ ហើយ​រីករាយ​ចំពោះ​រឿង​ល្អៗ​នៅ​ជុំវិញ​អ្នក ហើយ​ស្វែងរក​វិធី​ដើម្បី​កែលម្អ និង​បម្រើ ។

  12. សូម​កុំ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ឲ្យ​មាន​កំហឹង ។ មនុស្ស​ភាគច្រើន​មាន​កំហឹង​នៅ​ពេល​ពួកគេ​ជ្រើសរើស​មើល​ទៅ​មនុស្ស​ដទៃទៀត​ជា (១) ការ​គំរាមកំហែង (២) មិន​យុត្តិធម៌ ឬ (៣) ខ្វះការ​គោរព ។ ផ្ទុយទៅ​វិញ ត្រូវ​មើល​ប្រសិន​បើ​អ្នក​អាចគិត​ពី​ការ​ពន្យល់​មួយ​ដ៏​សប្បុរស​ចំពោះ​អាកប្បកិរិយា​របស់​ពួកគេ ។ ឧទាហរណ៍ ប្រហែលជា​ពួកគេ​អស់​កម្លាំង មិន​បាន​ទទួល​ដំណឹង ខ្វះសុវត្ថិភាព ឬ​គិត​ថា​ពួកគេកំពុង​តែ​មាន​ប្រយោជន៍ ។ សូម​ធ្វើ​ការ​ជ្រើសរើស​យកការ​មិន​បញ្ឆេះ​កំហឹង ។

  13. សូម​ទប់ស្កាត់​ការ​មាន​និន្នាការ​ដើម្បី​ស្ដី​បន្ទោស ឬ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ ឬ​ខ្លួន​ឯង​មាន​ភាព​អាម៉ាស់ ។ ផ្ទុយទៅវិញ សូម​ស្វែងរក​អ្វី​ទៅ​ជា​បញ្ហា ហើយ​សុំ​ជំនួយ​ពី​មនុស្ស​ផ្សេងទៀត​ដើម្បី​ដោះស្រាយ​វា មិនថា​វា​ជា​កំហុស​នរណា​នោះ​ទេ ។

  14. សូម​ស្ដាប់​ព្រះវិញ្ញាណ មិន​មែន​ស្តាប់​ភាព​អវិជ្ជមាន​នោះ​ទេ ។ ប្រសិន​បើ​អ្នក​កំពុង​មាន​គំនិត​ដែលគ្មាន​តម្លៃ ចំអក កំហឹង បញ្ឈឺចិត្ត រអូរទាំ រិះគន់ ឬ​ហៅ​ឈ្មោះ​ចំៗ នោះ​វា​ពុំ​មែន​មក​ពី​ព្រះឡើយ ។ សូម​លុបបំបាត់​គំនិតទាំងនោះ​ចេញ ។ សូម​ច្រៀង​ទំនុក​តម្កើង សូត្រ​ខគម្ពីរ ឬ​អធិស្ឋាន​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ត្រឡប់​មក​វិញ ។

  • ដកស្រង់​មក​ពី « ធនធាន​នានា​សម្រាប់​ការគ្រប់គ្រង​តម្រូវការ​ផ្នែក​ផ្លូវ​ចិត្ត » ការ​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០១៣ ) ទំព័រ ២៩–៣៤ « ការ​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ផ្នែក​ផ្លូវ​ចិត្ត » កំណត់ហេតុ​បណ្តាញ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧ គេហទំព័រ srs.lds.org ។