បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ
បាវចនាយុវវ័យប្រចាំឆ្នាំ ២០១៩ គឺជាការហៅឲ្យធ្វើសកម្មភាព—ជាការអញ្ជើញដោយផ្ទាល់ពីព្រះអង្គសង្គ្រោះរបស់យើង ។ តើអ្នកមានការតាំងចិត្តទាំងស្រុងដែរឬទេ ? តើអ្នកស្រឡាញ់ទ្រង់ដែរឬទេ ? តើអ្នកមានឆន្ទៈដើរតាមស្នាមព្រះបាទទ្រង់ដែរឬទេ?
ព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទរបស់យើងបានធ្វើអ្វីៗសម្រាប់យើង ដែលយើងពុំអាចធ្វើសម្រាប់ខ្លួនយើងបាន ។ តើទ្រង់បានស្នើឲ្យយើងធ្វើអ្វីខ្លះដើម្បីតបស្នងវិញនោះ ? ទ្រង់បានស្នើថា យើងត្រូវគោរពបទបញ្ញត្តិរបស់ទ្រង់ ដើម្បីយើងអាចបានពរ ដោយមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយពួកយើងជានិច្ច ( សូមមើល មរ៉ូណៃ ៤:៣ ) ។
បទបញ្ញត្តិគឺជាអំណោយនៃសេចក្តីស្រឡាញ់ ។ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលយ៉ាងសាមញ្ញថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ប៉ុន្តែ ហេតុអ្វី ? ដោយសារទ្រង់ស្រឡាញ់ប្អូនៗ ! ទ្រង់សព្វព្រះទ័យឲ្យ ប្អូនៗ សប្បាយរីករាយ ។ ទ្រង់សព្វព្រះទ័យឲ្យជីវិត របស់ប្អូនៗ ពោរពេញដោយអំណរ និងលទ្ធភាពនានារាប់មិនអស់ ។ ទ្រង់សព្វព្រះទ័យឲ្យ ប្អូន មានសុវត្ថិភាព ហើយត្រូវបានការពារពីសេចក្តីអាក្រក់នៃពិភពលោក ។ ទ្រង់សព្វព្រះទ័យចាក់ព្រះពរលើ ប្អូន ដែលច្រើនលើសលុប « ដែលនឹងគ្មានកន្លែងល្មមទុកបានទេ » ( នីហ្វៃទី ៣ ២៤:១០ ) ។ ទ្រង់សព្វព្រះទ័យឲ្យ ប្អូន ត្រឡប់ទៅ ហើយរស់នៅជាមួយទ្រង់ម្តងទៀត និងក្លាយជាអ្នកទទួលទាននូវពរជ័យ ទាំងអស់ ដែលព្រះវរបិតាសួគ៌បានសន្យា ។
សូមចាំជានិច្ចពីទំហំដែលព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ។ ទ្រង់មានសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះសម្រាប់ប្អូន ។ ប្អូនអាចបង្ហាញសេចក្ដីស្រឡាញ់របស់ប្អូនចំពោះព្រះតាមរយៈការគោរពបទបញ្ញត្តិរបស់ទ្រង់ ។ សកម្មភាពសុចរិតរបស់ប្អូននឹងនាំមកនូវពរជ័យដ៏មហិមាដល់ប្អូន និងអស់អ្នកដែលនៅជុំវិញប្អូន ។
ដូចព្យាការីរបស់យើង ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ៖ « ពួកយើងត្រូវការប្អូនៗនៅជាមួយយើងនៅក្នុងកងទ័ពយុវវ័យរបស់ព្រះអម្ចាស់នេះ ។ អ្វីៗនឹងមិននៅដដែលទេបើគ្មានប្អូនៗ ! » លោកបានអញ្ជើញប្អូនឲ្យ « ក្រោកឈរឡើង [ ហើយ ] ធ្វើផ្សេងពីពិភពលោក » តាមរយៈការរស់នៅតាមបទដ្ឋាននៅក្នុង ដើម្បីកម្លាំងនៃយុវជន និងតាមរយៈការគោរពតាមបទបញ្ញត្តិ—ដើម្បី « មើលឲ្យដូច មានសំឡេងដូច ធ្វើសកម្មភាពដូច និងស្លៀកពាក់ដូចសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ » ( « Hope of Israel » [ ការប្រជុំធម្មនិដ្ឋានយុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] ទំព័រ ៨ HopeOfIsrael.lds.org ) ។
នៅពេលប្អូនព្យាយាមគោរពតាមព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់ នោះអំណាចនៃព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញប្អូន ដោយសេចក្តីស្រឡាញ់របស់ព្រះ ហើយថ្លែងទីបន្ទាល់ដល់ប្អូនអំពីអត្តសញ្ញាណដ៏ទេវភាពរបស់ប្អូន ថាជាបុត្រា ឬបុត្រីរបស់ព្រះ ។ ពរជ័យទាំងនោះរីកចម្រើននៅពេលប្អូនព្យាយាមរស់នៅដោយសុចរិត ។ ព្រះអម្ចាស់ និងព្យាការីទុកចិត្តលើប្អូន ។ ទ្រង់ និងលោកស្រឡាញ់ប្អូន ។ យើងសន្យាថា ទំនុកចិត្ត ការធានាអះអាងដល់ខ្លួនឯង និងការលួងលោមដ៏អស្ចារ្យកើតមានឡើង នៅពេលប្អូនគោរព និងរក្សាបទបញ្ញត្តិ ។