មូលនិធិបេសកកម្ម ការ៉េមទឹកកក
អ្នកនិពន្ធបានបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសហ្វីលីពីន ហើយឥឡូវនេះរស់នៅក្នុងរដ្ឋ វីជីញ៉ា ស.រ.អា. ។
« ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង » ( យ៉ូហាន ២១:១៧ ) ។
យ៉ារេឌបានដើរពីព្រះវិហារទៅផ្ទះវិញនៅក្រោមកម្តៅថ្ងៃដ៏ក្តៅជាមួយម្តាយ និងឪពុកគាត់ ។ គាត់បានគិតអំពីមេរៀនថ្នាក់អង្គការបឋមសិក្សារបស់គាត់ ។ ដោយសារតែគាត់ពុំអាចស្ដាប់ឮបានល្អ នោះយ៉ារេឌបានមើលយ៉ាងយកចិត្តទុកដាក់ទៅលើរូបភាពដែលគ្រូបង្រៀនរបស់គាត់បង្ហាញ និងអក្សរដែលគ្រូបង្រៀនបានសរសេរនៅលើក្តារខៀន ។
នៅថ្ងៃនោះពួកគេបានរៀនថា ព្រះយេស៊ូវបានសូមឲ្យពួកសិស្សរបស់ទ្រង់ធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។ យ៉ារេឌបានឆ្ងល់ថា តើគាត់អាចធ្វើអ្វីខ្លះដើម្បីចែកចាយដំណឹងល្អដូចព្រះយេស៊ូវបានសុំឲ្យធ្វើ ។ គាត់ដឹងថា គាត់មិនអាចបម្រើបេសកកម្មបាននៅឡើយទេ ។ ក្រោយមក គាត់មានគំនិតដ៏អស្ចារ្យមួយ ។ ប្រហែលជាគាត់អាចចាប់ផ្តើមសន្សំប្រាក់សម្រាប់បេសកកម្ម !
ពេលគាត់ទៅដល់ផ្ទះ យ៉ារេឌបានរត់កាត់សត្វពពែចិញ្ចឹមដែលមានពណ៌ត្នោតរបស់គាត់ ហើយចូលទៅក្នុងផ្ទះ ។ គាត់បានយកក្រឡជ័រធំមួយ ហើយគាត់បានចោះរន្ធមួយនៅខាងលើវាដោយប្រុងប្រយ័ត្ន ។ គាត់បានសរសេរថា « មូលនិធិបេសកកម្ម » នៅខាងកៀនៗ ។ បន្ទាប់មក គាត់បានទៅបន្ទប់របស់គាត់ ហើយយកប្រាក់គាត់ពីក្រោមគ្រែ ។ គាត់បានទម្លាក់កាក់ប្រាក់នោះម្តងមួយៗ ។ ប៉ុន្តែកាក់ប្រាក់ទាំងអស់របស់គាត់ពុំពេញបាតក្រឡនោះទេ ។ តើគាត់អាចរកប្រាក់បន្ថែមទៀតតាមរបៀបណា ?
យ៉ារេឌបានគិតហើយគិតទៀត ។ គាត់បានក្រឡេកមើលទៅពន្លឺព្រះអាទិត្យនៅក្រៅបង្អួច ។ វាមានអាកាសធាតុក្តៅណាស់នៅប្រទេសហ្វីលីពីន ។ យ៉ារេឌ និងមិត្តរបស់គាត់បានញ៉ាំការ៉េមទឹកកករសជាតិដូងស្ទើរតែរៀងរាល់រសៀលក្រោយចេញពីសាលារៀន ។ គាត់បានគិតថា « នោះហើយជារបៀបរកប្រាក់ ! » ប្រហែលជាគាត់អាចធ្វើការ៉េមទឹកកក ហើយលក់វាឲ្យមនុស្សដទៃទៀតដែលចង់ត្រជាក់ ។
យ៉ារេឌបានរត់ទៅរកម្តាយ ។ យ៉ារេឌបានធ្វើកាយវិការ « តើម៉ាក់អាចបង្ហាញកូនអំពីរបៀបធ្វើការ៉េមទឹកកកបានទេ ? » ។ ពួកគេបានប្រើកាយវិការ កាយវិការគឺជាភាសាមួយដែលអ្នកនិយាយជាមួយដោយប្រើដៃរបស់អ្នក ។ ម៉ាក់បានញញឹម ហើយងក់ក្បាល ។
នៅថ្ងៃបន្ទាប់ យ៉ារេឌ និងម៉ាក់បានដើរទៅផ្សារធំមួយ ហើយបានទិញគ្រឿងគ្រៅទាំងអស់ ។ ពេលពួកគេទៅដល់ផ្ទះវិញ យ៉ារេឌបានដកយកចានគោមធំមួយ ហើយលាយខ្ទិះដូង ទឹកដោះគោខាប់ វ៉ាន់នីឡា និងចំណិតដូងជាមួយគ្នា ។ ម្តាយ និងយ៉ារេឌបានប្រើជីឡាវដើម្បីចាក់ល្បាយដែលបានលាយនោះទៅក្នុងថង់តូចៗ ។ ពួកគេបានដាក់ថង់ទាំងនោះចូលទៅក្នុងទូរទឹកកក ។ ម៉ាក់បានធ្វើកាយវិការ « អស្ចារ្យណាស់ ! » ។
ការ៉េមទឹកកកត្រូវចំណាយពេលយូរដើម្បីកក ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ក្រោយពីមកពីសាលាវិញ ការ៉េមបានកក ! យ៉ារេឌបានឡើងលើកៅអី ហើយបានយកធុងទឹកកកពណ៌សពីលើដំបូលទូរទឹកកក ។ គាត់បានដាក់ក្រដាសមួយចំនួននៅបាតធុងទឹកកកនោះ ហើយតម្រៀបការ៉េមនៅពីលើវា ។ គាត់ទន្ទឹងរង់ចាំដើម្បីលក់វា ។
យ៉ារេឌបានរត់ចេញទៅផ្លូវដែលមានដីហុយ ។ មិត្តរបស់គាត់កំពុងលេងខ្លែងដែលពួកគេធ្វើ និងលេងគប់កំប៉ុងដោយស្បែកជើងផ្ទាត់ ។
នៅចិញ្ចើមផ្លូវនោះ គាត់បានរៀបតុមួយដោយដាក់ស្លាកថា « ការ៉េមទឹកកក ១ ថ្លៃ ៥ ប៉េសូ » ។ មិត្តរបស់គាត់ឈ្មោះចូណែលបានរត់មក ហើយចង្អុលទៅធុងទឹកកកនោះ ។ គាត់បានឲ្យកាក់ប្រាក់ ៥ ប៉េសូទៅយ៉ារេឌ ហើយយ៉ារេឌបានឲ្យការ៉េមខ្លះទៅគាត់ ។ ពួកគេបានលើកដៃហាយហ្វាយ ។
មិនយូរប៉ុន្មានក្រោយមក មិត្តភក្តិជាច្រើនទៀតរបស់យ៉ារេឌបានមកទិញការ៉េមនោះដែរ ។ ពីរបីម៉ោងក្រោយមក ពេលម៉ាក់បានហៅយ៉ារេឌញ៉ាំអាហារពេលល្ងាច នោះនៅសល់ការ៉េមតែពីរបីថង់ប៉ុណ្ណោះ ។
យ៉ារេឌបានលើកធុងទឹកកកដែលជិតអស់ការ៉េមនោះ និងកាក់ប្រាក់ ។ នៅក្នុងហោប៉ៅមួយរបស់គាត់ គាត់បានដាក់កាក់ប្រាក់មួយចំនួនសម្រាប់ថ្វាយដង្វាយមួយភាគក្នុងដប់របស់គាត់ ។ គាត់បានដាក់កាក់ប្រាក់ដែលនៅសល់ងទៅក្នុងហោប៉ៅម្ខាងទៀតរបស់គាត់ ។ គាត់ទន្ទឹងរង់ចាំឃើញធនាគារមូលនិធិបេសកកម្មរបស់គាត់ពេញ ។
នៅផ្ទះ គាត់បានទម្លាក់កាក់ប្រាក់មូលនិធិបេសកកម្មរបស់គាត់លើគំនរកាក់ប្រាក់នៅបាតក្រឡនោះ ។ នៅមានកន្លែងច្រើនទៀតដែលត្រូវបំពេញ ! ប៉ុន្តែយ៉ារេឌមានអារម្មណ៍កក់ក្តៅក្នុងចិត្ត នៅពេលគាត់គិតអំពីការបម្រើបេសកកម្មនៅថ្ងៃខាងមុខ ។ គាត់បានសម្រេចចិត្តថា គាត់នឹងលក់ការ៉េមទឹកកករៀងរាល់ថ្ងៃរហូតដល់មានប្រាក់ពេញក្រឡរបស់គាត់ ។ វាជាអារម្មណ៍ល្អមួយដើម្បីរកប្រាក់ ដូច្នេះគាត់អាចក្លាយជាអ្នកផ្សព្វផ្សាយសាសនាដូចព្រះយេស៊ូវបានសូមឲ្យគាត់ធ្វើ ។