« ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ »ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព( ២០១៨ ) ។
« ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព
ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់
ការធ្វើពិធីបរិសុទ្ធនេះតម្រូវឲ្យមានការអនុញ្ញាតពីអ្នកដឹកនាំបព្វជិតភាពម្នាក់ដែលជាអ្នកកាន់កូនសោដ៏ត្រឹមត្រូវ ឬជាអ្នកដែលបំពេញកិច្ចការនោះនៅក្រោមការដឹកនាំនៃបុគ្គលដែលកាន់កូនសោទាំងនោះ ។
សាក្សីនៃពិធីបុណ្យជ្រមុជទឹក
សង្ឃ ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែកពីររូប ធ្វើជាសាក្សីនៅក្នុងពិធីបុណ្យជ្រមុជទឹកម្តងៗ ដើម្បីប្រាកដថា ពិធីបុណ្យជ្រមុជទឹកត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ។ ពិធីបុណ្យជ្រមុជទឹកត្រូវតែធ្វើឡើងវិញ ប្រសិនបើពាក្យនិយាយមិនបានត្រឹមត្រូវ តាមដែលត្រូវបានផ្តល់ឲ្យនៅក្នុង គោលលទិ្ធ និងសេចក្តីសញ្ញា ២០:៧៣ បើសិនជាផ្នែកណាមួយនៃរូបកាយ ឬសម្លៀកបំពាក់របស់បុគ្គលនោះ មិនបានលិចទាំងស្រុងចូលទៅក្នុងទឹក ។
សេចក្តីណែនាំសម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹក
ក្រោមការដឹកនាំរបស់អ្នកមានសិទ្ធិអំណាចជាអធិបតី អ្នកកាន់បព្វជិតភាពមិលគីស្សាដែក ឬថ្នាក់សង្ឃអាចធ្វើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកបាន ។ ដើម្បីធ្វើដូច្នេះបានគាត់ត្រូវ ៖
-
ឈរនៅក្នុងទឹកជាមួយនឹងបុគ្គលទទួលបុណ្យជ្រមុជទឹកនោះ ។
-
កាន់កដៃស្តាំរបស់បុគ្គលនោះដោយដៃឆ្វេងរបស់គាត់ ( សម្រាប់ភាពងាយស្រួល និងសុវត្ថិភាព ) បុគ្គលដែលទទួលបុណ្យជ្រមុជទឹក កាន់កដៃខាងឆ្វេងរបស់អ្នកកាន់បព្វជិតភាព ដោយដៃខាងឆ្វេងរបស់គាត់ ។
-
លើកដៃស្តាំរបស់គាត់ឡើងជាកែង ។
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ហើយនិយាយថា « ដោយបានទទួលការអនុញ្ញាតពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ដោយនូវព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា និងនៃព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៣ ) ។
-
ឲ្យបុគ្គលនោះយកដៃស្តាំច្របាច់បិទច្រមុះរបស់គាត់ ( សម្រាប់ភាពងាយស្រួល ) បន្ទាប់មកអ្នកកាន់បព្វជិតភាពដាក់ដៃស្តាំរបស់គាត់ទ្រខ្នងរបស់បុគ្គលនោះ រួចពន្លិចបុគ្គលនោះឲ្យលិចទាំងស្រុងទៅក្នុងទឹក រួមទាំងសម្លៀកបំពាក់របស់បុគ្គលនោះផងដែរ ។
-
ជួយលើកបុគ្គលនោះងើបចេញពីទឹកមកវិញ ។
ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
បុគ្គលម្នាក់ត្រូវបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រ និងទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីទទួលបុណ្យជ្រមុជទឹករួច ( សូមមើល គ. និង ស. ២០:៤១ ) ។ បុគ្គលម្នាក់ក្លាយជាសមាជិកនៃសាសនាចក្របានលើកលែងតែបន្ទាប់ពីពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ចាក់ត្រូវបានចប់សព្វគ្រប់ទាំងពីរ ហើយត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ ( សូមមើល យ៉ូហាន ៣:៥, គ. និង ស. ៣៣:១១ ) ។
នៅក្រោមការដឹកនាំនៃគណៈប៊ីស្សពអ្នកកាន់បព្វជិតភាពមិលគីស្សាដែកមួយរូប ឬច្រើនរូបអាចចូលរួមនៅក្នុងពិធីបញ្ជាក់ ។ ពួកគាត់ដាក់ដៃថ្នមៗនៅលើក្បាលរបស់បុគ្គលនោះ ។ បន្ទាប់មកបុគ្គលដែលធ្វើពិធីបរិសុទ្ធ ៖
-
ហៅឈ្មោះពេញរបស់បុគ្គលរូបនោះ ។
-
និយាយថា ពិធីបរិសុទ្ធត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
បញ្ជាក់ថា បុគ្គលនោះជាសមាជិកមួយរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ប្រើពាក្យថា « ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ » ( មិនមែន « ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធទេ » ) ។
-
ផ្តល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
បិទនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។