« ពិធីសាក្រាម៉ង់ » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ( ឆ្នាំ ២០១៨ ) ។
« ពិធីសាក្រាម៉ង់ » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ។
ពិធីសាក្រាម៉ង់
ការធ្វើពិធីបរិសុទ្ធនេះតម្រូវឲ្យមានការអនុញ្ញាតពីអ្នកដឹកនាំបព្វជិតភាពម្នាក់ដែលជាអ្នកកាន់កូនសោដ៏ត្រឹមត្រូវ ឬជាអ្នកដែលបំពេញកិច្ចការនោះនៅក្រោមការដឹកនាំនៃបុគ្គលដែលកាន់កូនសោទាំងនោះ ។
សេចក្តីណែនាំទូទៅ
សមាជិកសាសនាចក្រជួបជុំគ្នានៅថ្ងៃឈប់សម្រាកដើម្បីថ្វាយបង្គំព្រះ ហើយទទួលទានសាក្រាម៉ង់( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥, ៥៩:៩ ) ។ អំឡុងពេលនៃពិធីបរិសុទ្ធនេះ ពួកគេទទួលទាននំប៉័ង និងទឹកទុកជាការចងចាំចំពោះពលិកម្មនៃព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គសង្គ្រោះ ហើយរំឭកសេចក្ដីសញ្ញារបស់ពួកគេ ( សូមមើល ម៉ាថាយ ២៦:២៦–២៨, ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:២០–២៥, លូកា ២២:១៥–២០, នីហ្វៃទី ៣ ១៨, មរ៉ូណៃ ៦:៦ ) ។
ការប្រសិទ្ធពរ និងការចែកសាក្រាម៉ង់
អ្នកកាន់បព្វជិតភាពសង្ឃ និងមិលគីស្សាដែកអាចប្រសិទ្ធពរសាក្រាម៉ង់ ។ អ្នកកាន់បព្វជិតភាពឌីកុន គ្រូ សង្ឃ និងមិលគីស្សាដែកអាចចែកសាក្រាម៉ង់ ។
នៅពេលក្រុមជំនុំច្រៀងទំនុកតម្កើងសាក្រាម៉ង់ នោះពួកអ្នកកាន់បព្វជិតភាពដែលនឹងប្រសិទ្ធពរសាក្រាម៉ង់ឈរដោយមានគារវភាព បើកក្រណាត់គ្របថាសនំប៉័ងឡើង ហើយហែកនំប៉័ងជាចំណិតតូចៗ ។ នៅពេលពួកគេបញ្ចប់ការហែកនំប៉័ងហើយ ពួកគេអង្គុយចុះ ហើយចូលរួមច្រៀងទំនុកតម្កើងនោះ ។
បន្ទាប់ពីទំនុកតម្កើងបានបញ្ចប់ បុគ្គលដែលប្រសិទ្ធពរនំប៉័ងលុតជង្គង់ចុះ ហើយថ្លែងពាក្យអធិស្ឋានសាក្រាម៉ង់សម្រាប់នំប៉័ង ។ ពាក្យអធិស្ឋានសាក្រាម៉ង់ត្រូវបានបើកសម្ដែងដោយព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩, មរ៉ូណៃ ៤–៥ ) ។ ប៊ីស្សពត្រូវប្រាកដថា ពួកគេពោលពាក្យច្បាស់ៗ ត្រឹមត្រូវ និងដោយសេចក្ដីថ្លៃថ្នូរ ។ ប្រសិនបើបុគ្គលដែលប្រសិទ្ធពរសាក្រាម៉ង់មានកំហុសក្នុងការពោលពាក្យអធិស្ឋាននោះ ប៉ុន្តែបានកែតម្រូវដោយខ្លួនឯង នោះពុំតម្រូវឲ្យមានការកែតម្រូវបន្ថែមទៀតឡើយ ។ ប្រសិនបើបុគ្គលនោះពុំបានកែតម្រូវកំហុសនោះទេ នោះប៊ីស្សពប្រាប់គាត់ឲ្យអានពាក្យអធិស្ឋាននោះឡើងវិញឲ្យបានត្រឹមត្រូវ ។
បន្ទាប់ពីការអធិស្ឋាន អ្នកកាន់បព្វជិតភាពឌីកុន ឬអ្នកកាន់បព្វជិតភាពដទៃទៀត ចែកនំបុ័ងទៅដល់ក្រុមជំនុំ ដោយលក្ខណៈគារវភាព និងរបៀបរៀបរយ ។ អ្នកកាន់តំណែងជាអធិបតី ទទួលសាក្រាម៉ង់មុនគេ ។ ប៊ីស្សព ( ឬទីប្រឹក្សា ពេលគាត់អវត្តមាន ) ធ្វើជាអធិបតីក្នុងការប្រជុំសាក្រាម៉ង់ លើកលែងតែមានសមាជិកមួយរូបនៃគណៈប្រធានស្តេក ពួកចិតសិបនាក់ប្រចាំតំបន់ ឬអ្នកមានសិទ្ធិអំណាចទូទៅកំពុងអង្គុយនៅលើវេទិកានោះ ។ ទីប្រឹក្សាជាន់ខ្ពស់មិនធ្វើជាអធិបតីទេ ហើយក៏មិនទទួលសាក្រាម៉ង់មុនគេដែរ ។
ខណៈដែលអ្នកកាន់តំណែងជាអធិបតី កំពុងទទួលសាក្រាម៉ង់ នោះអ្នកដទៃទៀត ដែលកំពុងចែកសាក្រាម៉ង់ អាចដើរទៅកាន់កន្លែងដែលបានកំណត់សម្រាប់ពួកគេ ។
បន្ទាប់ពីអ្នកកាន់បព្វជិតភាព ហុចថាសសាក្រាម៉ង់ទៅឲ្យសមាជិក នោះអ្នកដទៃទៀត អាចហុចថាសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតសម្រាប់ជាការងាយស្រួល ។
នៅពេលបងប្អូនប្រុសបញ្ចប់ការចែកនំប៉័ងហើយ ពួកគេកាន់ថាសទាំងនោះត្រឡប់មកតុសាក្រាម៉ង់វិញ ។ បុគ្គលដែលធ្វើការប្រសិទ្ធពរនៅឯតុសាក្រាម៉ង់ដាក់ក្រណាត់គ្របលើថាសនំប៉័ង ហើយបើកក្រណាត់ដែលគ្របថាសទឹកឡើង ។ បន្ទាប់មកបុគ្គលដែលប្រសិទ្ធពរទឹកលុតជង្គង់ចុះ ហើយពោលពាក្យអធិស្ឋានសាក្រាម៉ង់សម្រាប់ទឹក ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៩ ) ដោយជំនួសពាក្យ ទឹក សម្រាប់ពាក្យថា ស្រា ។
បន្ទាប់ពីការអធិស្ឋាននោះ អ្នកកាន់បព្វជិតភាពឌីកុន និងបព្វជិតភាពផ្សេងទៀតចែកទឹកដល់ក្រុមជំនុំ ។ នៅពេលពួកគេបញ្ចប់ ពួកគេកាន់ថាសទាំងនោះត្រឡប់ទៅតុសាក្រាម៉ង់វិញ រង់ចាំអ្នកធ្វើការប្រសិទ្ធពរគ្របក្រណាត់លើថាសទាំងនោះ បន្ទាប់មកដើរទៅកាន់កន្លែងអង្គុយរបស់ពួកគេដោយគារវភាព ។