« ការដាក់ឈ្មោះ និងការប្រសិទ្ធពរទារក » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ( ឆ្នាំ ២០១៨ ) ។
« ការដាក់ឈ្មោះ និងការប្រសិទ្ធពរទារក » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព
ការដាក់ឈ្មោះ និងការប្រសិទ្ធពរទារក
ការធ្វើពិធីបរិសុទ្ធនេះតម្រូវឲ្យមានការអនុញ្ញាតពីអ្នកដឹកនាំបព្វជិតភាពម្នាក់ដែលជាអ្នកកាន់កូនសោដ៏ត្រឹមត្រូវ ឬជាអ្នកដែលបំពេញកិច្ចការនោះនៅក្រោមការដឹកនាំនៃបុគ្គលដែលកាន់កូនសោទាំងនោះ ។
សេចក្តីណែនាំទូទៅ
« សមាជិកទាំងឡាយនៃសាសនាចក្រនៃព្រះគ្រីស្ទដែលមានកូនចៅ នោះត្រូវនាំពួកគេមករកពួកអែលឌើរនៅចំពោះសាសនាចក្រ ជាអ្នកដែលត្រូវដាក់ដៃលើវា ដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយឲ្យពរដល់ពួកគេ ដោយនូវព្រះនាមរបស់ទ្រង់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧០ ) ។ ដោយអនុលោមទៅតាមវិវរណៈនេះ មានតែអ្នកកាន់បព្វជិតភាពមិលគីស្សាដែកប៉ុណ្ណោះ ដែលអាចចូលរួមនៅក្នុងការដាក់ឈ្មោះ និងការប្រសិទ្ធពរដល់ទារកបាន ។ ថ្នាក់ដឹកនាំបព្វជិតភាពគួរតែជូនដំណឹងដល់សមាជិកអំពីសេចក្តីណែនាំនេះមុនពេលកូនចៅរបស់ពួកគេត្រូវបានដាក់ឈ្មោះ និងប្រសិទ្ធពរ ។ ខណៈដែលរក្សានូវលក្ខណៈដ៏ពិសិដ្ឋនៃការប្រសិទ្ធពរនេះ នោះថ្នាក់ដឹកនាំគួរខិតខំដោយសមហេតុផលដើម្បីចៀសវាងភាពអាម៉ាស់ ឬធ្វើឲ្យបុគ្គល ឬក្រុមគ្រួសារអាក់អន់ចិត្ត ។
ជាធម្មតាទារកត្រូវបានដាក់ឈ្មោះ និងប្រសិទ្ធពរ នៅអំឡុងពេលការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់នៅក្នុងវួដដែលឪពុកម្តាយជាសមាជិកដែលមានកំណត់ត្រា ។
ការណែនាំសម្រាប់ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ
នៅពេលប្រសិទ្ធពរដល់ទារក អ្នកកាន់តំណែងបព្វជិតភាពមិលគីស្សាដែកប្រមូលគ្នាជារង្វង់ ហើយដាក់ដៃរបស់ពួកគាត់នៅពីក្រោមទារកនោះ ។ នៅពេលប្រសិទ្ធពរកុមារធំៗ នោះបងប្អូនប្រុសដាក់ដៃរបស់ពួកគាត់ស្រាលៗនៅលើក្បាលរបស់កុមារនោះ ។ បុគ្គលដែលផ្តល់ការប្រសិទ្ធពរ ៖
-
ហៅព្រះនាមរបស់ព្រះវរបិតាសួគ៌ ។
-
និយាយថា ការប្រសិទ្ធពរត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ផ្តល់ឈ្មោះមួយដល់កុមារតូច ។
-
ផ្តល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
បិទនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។