« សេចក្តីណែនាំទូទៅ » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ( ឆ្នាំ ២០១៨ ) ។
« សេចក្តីណែនាំទូទៅ » ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ។
សេចក្តីណែនាំទូទៅ
សូមមើល ក្បួនខ្នាតភាគ ២ ជំពូកទី ២០
ការបោះពុម្ពនេះចែងអំពីសេចក្តីណែនាំសម្រាប់ការធ្វើពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃបព្វជិតភាព ។ ប្រធានស្តេក ប៊ីស្សព និងស្មៀនទាំងឡាយក៏គួរតែយោងទៅគោលនយោបាយ និងនិតិវិធីដែលចែងនៅក្នុង ក្បួតខ្នាតភាគ ១ជំពូកទី ១៦ និង ក្បួនខ្នាតភាគ ២ជំពូកទី ២០ ។
ពិធីបរិសុទ្ធគឺជាកិច្ចការដ៏ពិសិដ្ឋដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាព ដូចជាពិធីបុណ្យជ្រមុជទឹកជាដើម ។ ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការតែងតាំងបព្វជិតភាពមិលគីស្សាដែក ( សម្រាប់បុរស ) អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធគឺតម្រូវឲ្យមានភាពតម្កើងឡើងសម្រាប់មនុស្សដែលដឹងខុសត្រូវទាំងអស់ ។ ទាំងនេះត្រូវបានហៅថាជាពិធីបរិសុទ្ធនៃការសង្រ្គោះ ។ ជាចំណែកនៃពិធីបរិសុទ្ធនៃការសង្រ្គោះនីមួយៗ អ្នកទទួលចុះសេចក្តីសញ្ញាទាំងឡាយជាមួយនឹងព្រះ ។
ការធ្វើពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះតម្រូវឲ្យមានការអនុញ្ញាតពីថ្នាក់ដឹកនាំបព្វជិតភាពម្នាក់ដែលជាអ្នកកាន់កូនសោដ៏ត្រឹមត្រូវ ឬជាអ្នកដែលបំពេញកិច្ចការនោះនៅក្រោមការដឹកនាំនៃបុគ្គលដែលកាន់កូនសោទាំងនោះ ។ សិទ្ធិអនុញ្ញាតនោះក៏តម្រូវឲ្យមានសម្រាប់ការដាក់ឈ្មោះ និងការប្រសិទ្ធពរដល់ទារក ការឧទ្ទិសឆ្លងផ្នូរ ការប្រគល់ពរលោកអយ្យកោ និងការរៀបចំ ការប្រសិទ្ធពរ និងការចែកសាក្រាម៉ង់ផងដែរ ។ អ្នកកាន់បព្វជិតភាពមិលគីស្សាដែក អាចឧទ្ទិសប្រេង ព្យាបាលអ្នកឈឺ ផ្ដល់ការប្រសិទ្ធពររបស់ឪពុក ហើយផ្ដល់ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងការប្រឹក្សាផ្សេងទៀត ដោយពុំចាំបាច់ទទួលបានការអនុញ្ញាតមកពីអ្នកដឹកនាំបព្វជិតភាពជាមុននោះទេ ។
បងប្អូនប្រុសដែលធ្វើពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ គួរតែរៀបចំខ្លួនដោយការរស់នៅដោយស័ក្ដិសម ហើយព្យាយាមទទួលការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគាត់គួរតែធ្វើពិធីបរិសុទ្ធ ឬការប្រសិទ្ធពរនីមួយៗ ដោយលក្ខណៈថ្លៃថ្នូរ ដែលត្រូវប្រាកដថា វាបំពេញតាមតម្រូវការដូចខាងក្រោម ៖
-
វាគួរតែត្រូវបានធ្វើឡើងនៅក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
វាគួរតែត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។
-
វាគួរតែត្រូវបានធ្វើឡើងជាមួយនឹងនិតិវិធីចាំបាច់នានា ដូចជាការប្រើពាក្យជាក់លាក់ ឬការប្រើប្រេងឧទ្ទិសជាដើម ។
-
វាគួរតែត្រូវបានអនុញ្ញាតដោយអ្នកមានសិទ្ធិអំណាចជាអធិបតីដែលកាន់កូនសោត្រឹមត្រូវ ( ជាធម្មតាគឺជាប៊ីស្សព ឬប្រធានស្តេក ) បើចាំបាច់ ត្រូវឲ្យស្របទៅតាមសេចក្តីណែនាំនៅក្នុងជំពូកនេះ ។
អ្នកដឹកនាំបព្វជិតភាពដែលមើលខុសត្រូវលើពិធីបរិសុទ្ធ ឬការប្រសិទ្ធពរត្រូវប្រាកដថា បុគ្គលដែលធ្វើពិធីមានសិទ្ធិអំណាចបព្វជិតភាពចាំបាច់ មានភាពស័ក្ដិសម ហើយដឹង និងធ្វើតាមនិតិវិធីត្រឹមត្រូវ ។ ពួកអ្នកដឹកនាំក៏ព្យាយាមដើម្បីធ្វើឲ្យពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ជាបទពិសោធន៍ដែលមានគារវភាព និងជាបទពិសោធន៍ខាងវិញ្ញាណផងដែរ ។
នៅពេលពិធីបរិសុទ្ធ ឬការប្រសិទ្ធពរទាំងឡាយត្រូវបានធ្វើឡើង នៅក្នុងការប្រជុំសាក្រាម៉ង់ នោះប៊ីស្សពត្រូវប្រាកដថា ពិធីទាំងនោះត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ។ ដើម្បីចៀសវាងពីការធ្វើអ្នកកាន់បព្វជិតភាពមានការខ្មាសអៀន នោះប៊ីស្សពត្រូវធ្វើការកែកំហុសដោយស្ងាត់ៗ បើចំណុចសំខាន់នៃពិធីបរិសុទ្ធ ឬការប្រសិទ្ធពរមិនត្រឹមត្រូវ ។
អ្នកទាំងឡាយណាដែលផ្តល់ការប្រសិទ្ធពរបព្វជិតភាព និយាយពាក្យប្រសិទ្ធពរ ( « ខ្ញុំ ( ឬយើង ) ប្រសិទ្ធពរដល់អ្នកថា…» ) មិនមែនជាពាក្យអធិស្ឋាន ( « ឱព្រះវរបិតាសួគ៌ សូមប្រទានពរដល់បុគ្គលម្នាក់នេះនោះទេ…» ) ។
ការចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ
មានតែបងប្អូនប្រុសដែលកាន់បព្វជិតភាពចាំបាច់ ហើយមានភាពស័ក្ដិសមតែប៉ុណ្ណោះ ដែលអាចធ្វើពិធីបរិសុទ្ធ ឬប្រសិទ្ធពរ ឬឈរនៅក្នុងរង្វង់បាន ។ ជាធម្មតា អ្នកទាំងឡាយដែលចូលរួមត្រូវបានកំណត់តែពីរបីនាក់ទេ រួមមានទាំងអ្នកដឹកនាំបព្វជិតភាព សមាជិកគ្រួសារជិតសិ្នទ្ធ និងអ្នករាប់អានជិតស្និទ្ធ ដូចជាបងប្អូនប្រុសផ្តល់ការងារបម្រើជាដើម ។ ការអញ្ជើញសមាជិកគ្រួសារ មិត្តភក្តិ និងអ្នកដឹកនាំច្រើននាក់ឲ្យជួយនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរច្រើននាក់ មិនត្រូវបានលើកទឹកចិត្តឲ្យមាននោះទេ ។ នៅពេលមានមនុស្សចូលរួមច្រើនពេក នោះវាទៅជាការទើសទែង និងរំខានមិនឲ្យទទួលបានអារម្មណ៍ នៃពិធីបរិសុទ្ធ ។ មានតែអ្នកដែលត្រូវធ្វើពីធីបរិសុទ្ធ និងអ្នកអធិបតីប៉ុណ្តោះដែលតម្រូវឲ្យមានវត្តមាន ។ អ្នកដទៃទៀតជួយ និងគាំទ្រដល់អ្នកថ្លែងពាក្យប្រសិទ្ធពរ ។
នៅពេលមានបងប្អូនប្រុសច្រើនចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ នោះបងប្អូនប្រុសម្នាក់ៗ ដាក់ដៃស្តាំលើក្បាលរបស់បុគ្គលនោះដោយថ្នមៗ ( ឬដាក់ដៃទ្រពីក្រោមទារកដែលត្រូវប្រសិទ្ធពរ ) និងដៃឆ្វេងរបស់គាត់ ដាក់លើស្មារបស់បងប្អូនប្រុសនៅខាងឆ្វេងគាត់ ។
ថ្វីដ្បិតតែចំនួនបងប្អូនប្រុសឈរនៅក្នុងរង្វង់មានកំណត់ នៅពេលបុគ្គលម្នាក់ទទួលពិធីបរិសុទ្ធ ឬការប្រសិទ្ធពរក្តី នោះជាធម្មតាសមាជិកគ្រួសារ គឺជាទូទៅត្រូវបានអញ្ជើញឲ្យចូលរួម ។
ពួកអ្នកដឹកនាំលើកទឹកចិត្តដល់បងប្អូនប្រុសដែលមានភាពស័ក្តិសមដែលកាន់បព្វជិតភាពចាំបាច់ ដើម្បីធ្វើពិធី ឬចូលរួមនៅក្នុងពិធីបរិសុទ្ធទាំងឡាយ និងការប្រសិទ្ធពរសម្រាប់សមាជិកគ្រួសាររបស់ពួកគេ ។
ភាពសក្តិសមដើម្បីចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរទាំងឡាយ
មានតែអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ដែលមានភាពស័ក្តិសមកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ដែលអាចនិយាយនៅក្នុងពិធីបញ្ជាក់ ឲ្យបុគ្គលម្នាក់ជាសមាជិកនៃសាសនាចក្រ ប្រគល់បព្វជិតភាពមិលគីស្សាដែក តែងតាំងបុគ្គលនោះកាន់តំណែងនៅក្នុងបព្វជិតភាព ឬញែកបុគ្គលម្នាក់នោះចេញឲ្យបម្រើនៅក្នុងការហៅរបស់សាសនាចក្រ ។
ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ និងការណែនាំនៅក្នុងកថាខណ្ឌបន្ទាប់ ប៊ីស្សព និងប្រធានស្តេក មានការប្រុងប្រយ័ត្នក្នុងការអនុញ្ញាតឲ្យអ្នកកាន់បព្វជិតភាពដែលមិនសក្តិសមពេញលេញចូលព្រះវិហារបរិសុទ្ធធ្វើពិធីការ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការប្រសិទ្ធពរមួយចំនួន ។ ទោះជាយ៉ាងណាក៏ដោយ អ្នកកាន់តំណែងជាអធិបតី មិនគួរអនុញ្ញាតឲ្យមានការចូលរួមដូច្នេះទេ ប្រសិនបើអ្នកកាន់បព្វជិតភាពមួយរូប មិនទាន់បានដោះស្រាយអំពើបាបធ្ងន់ធ្ងរនោះ ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលកាន់បព្វជិតភាពមិលគីស្សាដែក ដើម្បីដាក់ឈ្មោះ និងប្រសិទ្ធពរដល់កូនរបស់គាត់ ទោះជាឪពុកគ្មានភាពសក្តិសមពេញលេញក្នុងការចូលព្រះវិហារបរិសុទ្ធក្តី ។ ក៏ដូចគ្នាផងដែរ ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុក ដែលជាអ្នកកាន់បព្វជិតភាពថ្នាក់សង្ឃ ឬបព្វជិតភាពមិលគីស្សាដែកធ្វើបុណ្យជ្រមុជទឹកដល់កូនរបស់គាត់ ឬតែងតាំងកូនរបស់គាត់ក្នុងតំណែងបព្វជិតភាពអើរ៉ុន ។ នៅក្នុងស្ថានភាពស្រដៀងគ្នានោះ អ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចត្រូវបានអនុញ្ញាតឲ្យឈរនៅក្នុងរង្វង់សម្រាប់ពិធីបញ្ជាក់ដល់កូនរបស់គាត់សម្រាប់ការប្រគល់បព្វជិតភាពមិលគីស្សាដែកដល់កូនប្រុសរបស់គាត់ ឬសម្រាប់ញែកចេញដល់ភរិយា ឬកូនរបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនអាចធ្វើជាអ្នកថ្លែងការប្រសិទ្ធពរបានទេ ។
ការធ្វើពិធីបរិសុទ្ធ ឬការប្រសិទ្ធពរនៅក្នុងវួដមួយផ្សេង
ដើម្បីថ្លែងការប្រសិទ្ធពរនៅពេលដាក់ឈ្មោះ និងប្រសិទ្ធពរដល់កុមារ ជ្រមុជទឹក និងបញ្ជាក់ដល់បុគ្គលម្នាក់តែងតាំងបុគ្គលម្នាក់ក្នុងតំណែងបព្វជិតភាព ឬឧទ្ទិសផ្នូរ នោះអ្នកកាន់បព្វជិតភាពម្នាក់ដែលនៅក្រៅពីវួដរបស់គាត់ផ្ទាល់ គួរតែបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ឬទម្រង់បែបបទអនុសាសន៍ដើម្បីធ្វើពិធីបរិសុទ្ធ ដែលត្រូវបានចុះហត្ថលេខា ដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ដល់អ្នកកាន់តំណែងជាអធិបតី ។
ការធ្វើពិធីបរិសុទ្ធទាំងឡាយដោយជនពិការ និងសម្រាប់ជនពិការ
សេចក្តីណែនាំសម្រាប់ការធ្វើពិធីបរិសុទ្ធទាំងឡាយដោយ និងសម្រាប់ជនពិការត្រូវបានផ្តល់ឲ្យនៅក្នុងក្បួនខ្នាតភាគ ១ ១៦.១.៨ និង ១៦.១.៩ ។
សម្រាប់សេចក្តីណែនាំស្តីពីការបកប្រែពិធីបរិសុទ្ធទាំងឡាយដោយផ្ទាល់មាត់សម្រាប់ជនទាំងឡាយណាដែលថ្លង់ ឬស្តាប់មិនឮ សូមមើល ក្បួនខ្នាតភាគ ១ ២១.១.២៦ ។
ការបកប្រែពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ
សេចក្តីណែនាំសម្រាប់ការបកប្រែពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយត្រូវបានផ្តល់ឲ្យនៅក្នុង ក្បួនខ្នាតភាគ ១ ១៦.១.២ ។
សេចក្តីណែនាំស្តីអំពីការធ្វើពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ
ការបោះពុម្ពខាងក្រោមនេះ ផ្តល់ការណែនាំស្តីអំពីការធ្វើពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ ៖
-
ក្បួនខ្នាតភាគ ២ ជំពូក ២០
-
សៀវភៅណែនាំក្នុងគ្រួសារ ទំព័រ ១៨–២៥
-
កាតព្វកិច្ច និងពរជ័យនៃបព្វជិតភាព ភាគ ខ ទំព័រ ៤២–៤៧
ការប្រើប្រាស់ការបោះពុម្ពទាំងនេះ នោះពួកអ្នកដឹកនាំបព្វជិតភាពបង្រៀនដល់បងប្អូនប្រុសអំពីរបៀប ដើម្បីធ្វើពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយ ។ ថ្នាក់ដឹកនាំត្រូវប្រាកដថា អ្នកកាន់បព្វជិតភាពម្នាក់ៗ មានសៀវភៅ ការណែនាំក្នុងគ្រួសារឬសៀវភៅកាតព្វកិច្ច និងពរជ័យទាំងឡាយនៃបព្វជិតភាព ភាគ ខ ដើម្បីគាត់អាចមានសេចក្តីណែនាំទាំងនេះផ្ទាល់ខ្លួនមួយច្បាប់ ។
ថ្នាក់ដឹកនាំមិនគួរផលិត ឬប្រើប្រាស់សៀវភៅផ្សេងទៀតដែលផ្តល់ការណែនាំអំពីពិធីបរិសុទ្ធ ការប្រសិទ្ធពរ ឬការអធិស្ឋានឡើយ លើកលែងតែគណៈប្រធានទីមួយបានអនុញ្ញាតឲ្យបោះពុម្ពសៀវភៅទាំងនោះ ។