« យោបល់នានាសម្រាប់មជ្ឈដ្ឋានបង្រៀនផ្សេងៗ និងសិស្សចម្រុះ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ សម្រាប់អ្នកទាំងអស់ដែលបង្រៀននៅក្នុងគេហដ្ឋាន និងសាសនាចក្រ ( ឆ្នាំ ២០២២ )
« យោបល់នានាសម្រាប់មជ្ឈដ្ឋានបង្រៀនផ្សេងៗ និងសិស្សចម្រុះ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
យោបល់នានាសម្រាប់មជ្ឈដ្ឋានបង្រៀនផ្សេងៗ និងសិស្សចម្រុះ
គោលការណ៍នៃការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះអាចអនុវត្តបានចំពោះឱកាសបង្រៀនណាក៏បាន—នៅគេហដ្ឋាន នៅសាសនាចក្រ និងកន្លែងផ្សេងទៀត ។ ប៉ុន្តែឱកាសនីមួយៗមាននូវកាលៈទេសៈពិសេសផ្ទាល់របស់វា ។ វគ្គនេះផ្តល់យោបល់បន្ថែមដែលមានលក្ខណៈជាក់លាក់ចំពោះសិស្សចម្រុះ និងមជ្ឈដ្ឋានបង្រៀនផ្សេងៗ ។
គេហដ្ឋាន និងគ្រួសារ
គេហដ្ឋានគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការបង្រៀន និងការរៀនសូត្រដំណឹងល្អ
ប្រធាន រ័សុលអិម ណិលសុន បានបង្រៀនថា គេហដ្ឋានគប្បីជា « មជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ » ( « Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ) ។ ការបង្រៀនដែលធ្វើឡើងនៅសាសនាចក្រ ឬក្នុងថ្នាក់សិក្ខាសាលាគឺមានតម្លៃ និងចាំបាច់ ប៉ុន្តែវាមានបំណងគាំទ្រដល់ការបង្រៀនដែលធ្វើឡើងនៅឯគេហដ្ឋាន ។ មជ្ឈដ្ឋានចម្បង—និងមជ្ឈដ្ឋានល្អបំផុត—សម្រាប់ការរៀនសូត្រដំណឹងល្អទាំងសម្រាប់ខ្លួនយើង និងគ្រួសារយើងគឺនៅឯគេហដ្ឋានតែម្តង ។
ប៉ុន្តែវាពុំមែនមានន័យថា ការរៀនសូត្រដំណឹងល្អដែលល្អប្រពៃនោះកើតមានឡើងដោយស្វ័យប្រវត្តិនៅឯគេហដ្ឋាននោះទេ វាតម្រូវឲ្យមានកិច្ចខិតខំប្រកបដោយមនសិការ ។ ប្រធាន ណិលសុន បានផ្តល់យោបល់ថា អ្នកអាចត្រូវការ « ផ្លាស់ប្រែ » ឬ « រៀបចំគេហដ្ឋានរបស់អ្នក »—ពុំមែនដោយការរុះរើជញ្ជាំង ឬបន្ថែមកម្រាលឥដ្ឋថ្មីនោះទេ ប៉ុន្តែតាមរយៈការវាយតម្លៃលើស្មារតីនោះទាំងស្រុងនៅក្នុងគេហដ្ឋានរបស់អ្នក រួមទាំងការរួមចំណែករបស់អ្នកចំពោះស្មារតីនោះ ( « Becoming Exemplary Latter-day Saints » ទំព័រ ១១៣ ) ។ ឧទាហរណ៍ សូមពិចារណាអំពីតន្ត្រី វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនៅក្នុងគេហដ្ឋានរបស់អ្នក រូបភាពព្យួរលើជញ្ជាំង និងរបៀបដែលសមាជិកក្នុងគ្រួសាររបស់អ្នកនិយាយរកគ្នា និងប្រព្រឹត្តចំពោះគ្នា ។ តើការធ្វើកិច្ចការទាំងនេះអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ? តើអ្នកបានទុកពេលសម្រាប់ការរៀនដំណឹងល្អដោយផ្ទាល់ខ្លួន និងជាគ្រួសារដែរឬទេ ? តើសមាជិកគ្រួសារទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ សុវត្ថិភាព និងខិតជិតព្រះដែរឬទេ នៅពេលពួកគេនៅក្នុងគេហដ្ឋានរបស់អ្នក ?
អ្នកអាចគ្មានអារម្មណ៍ថា អ្នកបានគ្រប់គ្រងលើបរិយាកាសខាងវិញ្ញាណនៅក្នុងគេហដ្ឋានរបស់អ្នក ។ ប្រសិនបើនោះជាករណីរបស់អ្នក សូមធ្វើជាឥទ្ធិពលដ៏ល្អបំផុតដែលអ្នកអាចធ្វើតាម និងសូមជំនួយពីព្រះអម្ចាស់ ។ ទ្រង់នឹងទទួលយកកិច្ចខិតខំដ៏សុចរិតរបស់អ្នក ។ នៅពេលយើងព្យាយាមបង្រៀន និងរៀនសូត្រដំណឹងល្អ ទោះបីយើងពុំឃើញមានលទ្ធផលដែលយើងចង់បានភ្លាមៗក្តី ក៏អ្នក កំពុង ទទួលជោគជ័យដែរ ។
ការរៀនសូត្រនៅគេហដ្ឋានគឺស្ថាបនាឡើងនៅលើទំនាក់ទំនង
« ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន » អនុវត្តគ្រប់មជ្ឈដ្ឋានទាំងអស់សម្រាប់ការបង្រៀនដំណឹងល្អ ប៉ុន្តែនៅក្នុងគេហដ្ឋាន សេចក្តីស្រឡាញ់គួរតែកើតឡើងដោយធម្មជាតិទាំងស្រុង ហើយសេចក្តីស្រឡាញ់នោះត្រូវបានទទួលយ៉ាងជ្រាលជ្រៅបំផុត ។ ទោះបីជាគេហដ្ឋានរបស់អ្នកមិនល្អឥតខ្ចោះក្តី ក៏វាត្រូវក្លាយជាមជ្ឈមណ្ឌលនៃការបង្រៀនដំណឹងល្អដែរ ដោយសារគេហដ្ឋាននោះហើយ ដែលទំនាក់ទំនងយូរអង្វែងបំផុតរបស់យើងត្រូវបានបង្កើតឡើង ។ គ្រូបង្រៀននៅខាងក្រៅគេហដ្ឋានអាចមានបទពិសោធន៍ ឬការបំពាក់បំប៉នយ៉ាងច្រើនក្នុងនាមជាគ្រូបង្រៀន ប៉ុន្តែពួកគេមិនអាចចម្លងសក្តានុពលសម្រាប់ទំនាក់ទំនងដ៏អស់កល្បនៃសេចក្តីស្រឡាញ់ដែលមាននៅក្នុងគេហដ្ឋាននោះបានទេ ។ ដូច្នេះសូមចិញ្ចឹមបីបាច់ទំនាក់ទំនងទាំងនោះ ។ សូមចំណាយពេលវេលា និងការខិតខំដ៏ចាំបាច់ ដើម្បីស្តាប់សមាជិកគ្រួសាររបស់អ្នក ហើយបង្កើតទំនុកចិត្ត និងការយល់ដឹងជាមួយគ្នា ។ ការណ៍នេះនឹងជួយបង្កើតគ្រឹះដ៏រឹងមាំមួយសម្រាប់ការប្រឹងប្រែងរបស់អ្នក ដើម្បីបង្រៀន និងរៀនសូត្រដំណឹងល្អនៅគេហដ្ឋាន ។
ការរៀនសូត្រនៅគេហដ្ឋានអាចត្រូវបានធ្វើឡើងដោយដាក់ផែនការ ប៉ុន្តែក៏អាចធ្វើឡើងដោយចៃដន្យផងដែរ
ថ្នាក់រៀនភាគច្រើននៅសាសនាចក្រមានតែម្តងគត់ក្នុងមួយសប្តាហ៍ ដោយមានកាលវិភាគចាប់ផ្តើម និងបញ្ចប់ ប៉ុន្តែរឿងនេះមិនមែនជាករណីដែលកើតមាននៅគេហដ្ឋានជានិច្ចនោះទេ ។ អ្នកអាចមានកាលវិភាគបង្រៀនមេរៀនរាត្រីជួបជុំក្រុមគ្រួសារ ឬការសិក្សាព្រះគម្ពីរជាគ្រួសារ ប៉ុន្តែឱកាសបង្រៀននៅក្នុងគ្រួសារ កើតឡើងជារឿយៗក្នុងរបៀបមួយក្រៅផ្លូវការក្នុងគ្រានានាប្រចាំថ្ងៃ—ដូចជាពេលទទួលទានអាហារ ធ្វើកិច្ចការកំប៉ិចកំប៉ុកនៅផ្ទះ លេងល្បែងកម្សាន្ត ធ្វើដំណើរទៅធ្វើការ ឬសាលារៀន អានសៀវភៅ ឬមើលខ្សែភាពយន្តជាមួយគ្នា ។ ខ្យល់ព្យុះអាចក្លាយជាឱកាសមួយដើម្បីជជែកគ្នាអំពីរបៀបដែលព្រះអង្គសង្គ្រោះ ផ្តល់ជម្រកដល់យើងពីព្យុះខាងវិញ្ញាណ ។ ក្មេងជំទង់ម្នាក់ដែលមានការលំបាកក្នុងការសម្រេចចិត្ត អាចត្រៀមខ្លួនរួចជាស្រេចចដើម្បីរៀនអំពីវិវរណៈផ្ទាល់ខ្លួន ។ កុមារម្នាក់ដែលមានការភ័យខ្លាច អាចទទួលបានប្រយោជន៍ពីទីបន្ទាល់របស់អ្នកអំពីអង្គលួងលោម ។ កូនៗដែលមានឥរិយាបថមិនសមរម្យ ឬធ្វើបាបគ្នាទៅវិញទៅមក អាចត្រូវបានបង្រៀនអំពីការប្រែចិត្ត និងការអភ័យទោស ។
ដោយសារតែគ្រាបែបនោះគឺពុំបានគ្រោងទុក នោះអ្នកពុំអាចរៀបចំខ្លួនសម្រាប់គ្រាទាំងនោះ តាមរបៀបដែលអ្នកចង់រៀបចំសម្រាប់មេរៀនដូចធម្មតានោះឡើយ ។ ប៉ុន្តែអ្នកអាចរៀបចំ ខ្លួនរបស់អ្នក តាមរយៈការងាយស្តាប់តាមព្រះវិញ្ញាណ ហើយព្យាយាមដើម្បី « ប្រុងប្រៀបជានិច្ច » ( ពេត្រុសទី ១ ៣:១៥ ) ។ គ្រាណាក៏ដោយក៏អាចក្លាយជាគ្រាមួយដើម្បីបង្រៀន ឬរៀនសូត្រដែរ ។
ការរៀនសូត្រនៅគេហដ្ឋានរួមមាននូវកិច្ចខិតខំតិចតួច សាមញ្ញ ខ្ជាប់ខ្ជួន
ជួនកាលមាតាបិតាបានបាក់ទឹកចិត្ត ពេលការព្យាយាមរបស់ពួកគេដើម្បីបង្រៀនដំណឹងល្អនៅគេហដ្ឋានហាក់ដូចជាពុំទទួលបានជោគជ័យសោះ ។ ការធ្វើកិច្ចការនេះតែមួយមុខ ការធ្វើតែរាត្រីជួបជុំក្រុមគ្រួសារ ការសិក្សាតែព្រះគម្ពីរ ឬការគ្រាន់តែសន្ទនាអំពីដំណឹងល្អ ហាក់ដូចជាមិនសូវសម្រេចបានលទ្ធផលច្រើនទេ ។ ប៉ុន្តែការប្រមែប្រមូលនូវកិច្ចខិតខំតិចតួច សាមញ្ញទាំងនេះ ដោយធ្វើវាដដែលៗយ៉ាងខ្ជាប់ខ្ជួន អាចក្លាយជាមានអនុភាព និងរឹងមាំខ្លាំងជាងគ្រាដ៏ធំ ឬមេរៀនដ៏សំខាន់យូរៗម្តងទៅទៀត ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « គ្រប់ទាំងអស់ត្រូវតែកើតឡើងតាមពេលរបស់វា » ។ « ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៣២–៣៣ សូមមើលផងដែរ អាលម៉ា ៣៧:៦–៧ ) ។ ដូច្នេះសូមកុំចុះចាញ់ឡើយ ហើយសូមកុំបារម្ភអំពីការសម្រេចបាននូវអ្វីដែលធំធេងគ្រប់ពេលវេលានោះ ។ គ្រាន់តែអ្នកខិតខំធ្វើកិច្ចការនេះឲ្យខ្ជាប់ខ្ជួនប៉ុណ្ណោះ ។
នៅក្នុងគេហដ្ឋាន ការរៀនសូត្រ និងការរស់នៅពុំអាចបំបែកគ្នាបានឡើយ
ដំណឹងល្អទាក់ទងយ៉ាងជិតស្និទ្ធិនឹងទំនាក់ទំនងនៅក្នុងគេហដ្ឋាន ។ នៅក្នុងគេហដ្ឋានមនុស្សដែលអ្នកកំពុងរៀនសូត្រដំណឹងល្អជាមួយ គឺជាមនុស្សដែលអ្នកនឹងរស់នៅតាមដំណឹងល្អជាមួយ—ជារៀងរាល់ថ្ងៃផងដែរ ។ ប្រាកដណាស់ ភាគច្រើនការរស់នៅតាមដំណឹងល្អគឺជា របៀប ដែលយើងរៀនដំណឹងល្អ ។ ដូច្នេះនៅពេលអ្នករៀន និងបង្រៀនដំណឹងល្អនៅឯគេហដ្ឋាន សូមរកមើលរបៀបផ្សារភ្ជាប់អ្វីដែលអ្នកកំពុងរៀនជាមួយនឹងអ្វីដែលអ្នកកំពុងធ្វើ ។ សូមឲ្យដំណឹងល្អនៅក្នុងគេហដ្ឋានរបស់អ្នក ក្លាយជាអ្វីមួយដែលអ្នកព្យាយាមរស់នៅតាម ពុំមែនគ្រាន់តែជាអ្វីមួយដែលអ្នកនិយាយពីវានោះទេ ។
ការបង្រៀនកុមារ
កុមារត្រូវការភាពចម្រុះ
កុមារទាំងអស់មានភាពខុសគ្នាៗ ហើយនៅពេលពួកគេចម្រើនវ័យឡើង នោះតម្រូវការរបស់ពួកគេនឹងផ្លាស់ប្តូរ ។ ការធ្វើឲ្យវិធីសាស្ត្របង្រៀនរបស់អ្នកមានភាពចម្រុះនឹងជួយអ្នកឲ្យបំពេញតម្រូវការផ្សេងៗរបស់ពួកគេ ។ ឧទាហរណ៍សូមពិចារណាប្រើអ្វីៗដូចតទៅនេះ ៖
-
រឿង ។ រឿងជួយកុមារឲ្យមើលឃើញពីរបៀបដែលដំណឹងល្អអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ។ សូមប្រើរឿងចេញមកពីព្រះគម្ពីរ ចេញមកពីជីវិតរបស់អ្នក ចេញមកពីពង្សប្រវត្តិរបស់អ្នក ឬមកពីទស្សនាវដ្តីសាសនាចក្រ ជាពិសេសរឿងអំពីព្រះអង្គសង្គ្រោះ ។ សូមដាក់ផែនការដើម្បីឲ្យកុមារចូលរួមនៅក្នុងរឿងនោះ—តាមរយៈការកាន់រូបភាព ការនិយាយឃ្លាផ្សេងៗឡើងវិញ ឬសម្តែងផ្នែកនៃរឿងនោះ ។
-
ជំនួយចក្ខុ ។ រូបភាព វីដេអូ និងវត្ថុនានាអាចជួយកុមារឲ្យយល់ និងចងចាំគោលការណ៍នៃដំណឹងល្អ ។ រូបភាព និងវីដេអូជាច្រើនអាចរកបាននៅក្នុង បណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយ នៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តន្ត្រី ។ ទំនុកតម្កើង និងចម្រៀងពិសិដ្ឋដទៃផ្សេងទៀត អាចជួយកុមារឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ទទួលអារម្មណ៍នៃព្រះវិញ្ញាណ និងរៀនសេចក្តីពិតនៃដំណឹងល្អ ។ ទំនុក ពាក្យជួន និងចង្វាក់សាមញ្ញៗ អាចជួយកុមារតូចៗឲ្យចងចាំសេចក្ដីពិតនៃដំណឹងល្អអស់រយៈពេលជាច្រើនឆ្នាំទៅមុខ ។ នៅពេលអ្នកច្រៀងជាមួយកុមារតូចៗ សូមជួយពួកគេឲ្យរកឃើញ និងយល់ពីគោលការណ៍ដែលបានបង្រៀននៅក្នុងបទចម្រៀងទាំងនោះ ។
កុមារភាគច្រើនរៀនសូត្រឆាប់ចេះ នៅពេលមានការដាក់បញ្ចូលញាណទាំងឡាយ ។ សូមស្វែងរករបៀបដើម្បីជួយកុមារតូចៗឲ្យប្រើចក្ខុវិញ្ញាណ សោតវិញ្ញាណ និងកាយវិញ្ញាណរបស់ពួកគេនៅពេលពួកគេរៀន ។ នៅក្នុងស្ថានភាពខ្លះ អ្នកអាចនឹងរកឃើញរបៀបដើម្បីដាក់បញ្ចូលឃានវិញ្ញាណ និងជីវ្ហាវិញ្ញាណរបស់ពួកគេ !
កុមារមានភាពច្នៃប្រឌិត
នៅពេលអ្នកអញ្ជើញកុមារឲ្យគូរ បង្កើត ផាត់ពណ៌ ឬសរសេរអ្វីមួយដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អ នោះអ្នកជួយពួកគេឲ្យយល់គោលការណ៍នោះបានកាន់តែល្អប្រសើរ ហើយអ្នកផ្តល់ការរំឭកយ៉ាងច្បាស់ជាក់ស្តែងដល់ពួកគេអំពីអ្វីដែលពួកគេបានរៀន ។ ពួកគេក៏អាចប្រើប្រាស់អ្វីដែលពួកគេបានបង្កើតដើម្បីចែកចាយអ្វីដែលពួកគេបានរៀនជាមួយអ្នកដទៃផងដែរ ។ ច្បាប់ចេញផ្សាយនីមួយៗនៃទស្សនាវដ្តី ប្រិយមិត្ត មានដាក់បញ្ចូលនូវសកម្មភាពច្នៃប្រឌិតទាំងឡាយសម្រាប់កុមារ ។
កុមារមានចិត្តចង់ចេះចង់ដឹង
នៅពេលកុមារសួរសំណួរ សូមយកគ្រានោះជាឱកាស មិនមែនជាការរំខានទេ ។ សំណួររបស់កុមារគឺជាបង្ហាញថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីរៀន ហើយសំណួររបស់ពួកគេផ្តល់ឲ្យអ្នកនូវការយល់ដឹងដ៏មានតម្លៃចំពោះអ្វីដែលពួកគេកំពុងគិត និងទទួលអារម្មណ៍ ។ សូមជួយពួកគេឲ្យមើលឃើញថា ចម្លើយចំពោះសំណួរខាងវិញ្ញាណរបស់ពួកគេអាចរកបាននៅក្នុងបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីនៅរស់ ។
កុមារត្រូវការសេចក្តីស្រឡាញ់ ទោះបីពួកគេរំខានក្តី
ជួនកាលកុមារធ្វើសកម្មភាពក្នុងលក្ខណៈមួយដែលរំខានដល់ការរៀនសូត្ររបស់អ្នកដទៃ ។ ភាគច្រើនឥរិយាបថរំខាននោះកើតឡើងដោយសារការមិនបំពេញនូវតម្រូវការណាមួយ ។ នៅពេលរឿងនេះកើតឡើង សូមអត់ធ្មត់ ស្រឡាញ់ ហើយយល់អំពីឧបសគ្គនានាដែលកុមារនោះកំពុងប្រឈមមុខ ។ ពួកគេអាចគ្រាន់តែត្រូវការឱកាសថែមទៀតដើម្បីចូលរួមនៅក្នុងមេរៀនក្នុងរបៀបវិជ្ជមានមួយ—ឧទាហរណ៍ តាមរយៈការកាន់រូបភាព គូររូបភាពផ្សេងៗ ឬអានខគម្ពីរ ។
ប្រសិនបើកុមារនោះបន្តរំខាន វាអាចមានប្រយោជន៍ដើម្បីនិយាយជាមួយពួកគេ ។ នៅក្នុងស្មារតីនៃសេចក្តីស្រឡាញ់ និងការអត់ធ្មត់ សូមពន្យល់អំពីការរំពឹងទុករបស់អ្នក និងទំនុកចិត្តរបស់អ្នក ដែលពួកគេអាចបំពេញនូវចំណុចទាំងនោះបាន ។ សូមសរសើរកុមារ នៅពេលពួកគេធ្វើការជ្រើសរើសបានប្រសើរឡើង ។
កុមារមានអ្វីជាច្រើនដើម្បីចែកចាយ
នៅពេលកុមារតូចៗរៀនអ្វីមួយថ្មី នោះពួកគេចង់ចែកចាយជាមួយនឹងអ្នកដទៃ ។ សូមលើកទឹកចិត្តដល់បំណងប្រាថ្នានេះ ដោយការផ្ដល់ឱកាសដល់កុមារតូចៗឲ្យបង្រៀនគោលការណ៍ដំណឹងល្អដល់គ្នាទៅវិញទៅមក ដល់សមាជិកគ្រួសារពួកគេ និងដល់មិត្តរបស់ពួកគេ ។ សូមឲ្យពួកគេចែកចាយជាមួយអ្នកអំពីគំនិត អារម្មណ៍ និងបទពិសោធន៍របស់ពួកគេ ទាក់ទងនឹងគោលការណ៍ដែលអ្នកកំពុងបង្រៀនផងដែរ ។ អ្នកនឹងឃើញថា ពួកគេមានគំនិតយោបល់សាមញ្ញៗ បរិសុទ្ធ និងប្រកបដោយអានុភាព ។
កុមារអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណ ប៉ុន្តែអាចត្រូវការជំនួយដើម្បីទទួលស្គាល់ឥទ្ធិពលរបស់ទ្រង់
សូម្បីតែកុមារដែលពុំទាន់បានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធក្តី ក៏អាចទទួលអារម្មណ៍នៃឥទ្ធិពលរបស់ទ្រង់បានដែរ ជាពិសេសនៅពេលពួកគេកំពុងសិក្សាអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ នៅពេលពួកគេបានជ្រើសរើសសុចរិត នោះពួកគេអាចទទួលអារម្មណ៍នៃការទទួលស្គាល់របស់ព្រះអង្គសង្គ្រោះតាមរយៈព្រះវិញ្ញាណ ។ សូមបង្រៀនកុមារអំពីវិធីខុសៗគ្នាដែលព្រះវិញ្ញាណទាក់ទងជាមួយពួកគេ ។ សូមជួយពួកគេឲ្យទទួលស្គាល់ព្រះសូរសៀងរបស់ទ្រង់ នៅពេលទ្រង់មានព្រះបន្ទូលទៅកាន់ពួកគេ ។ ការណ៍នេះនឹងជួយពួកគេឲ្យអភិវឌ្ឍទម្លាប់មួយនៃការស្វែងរក និងការអនុវត្តតាមវិវរណៈផ្ទាល់ខ្លួនពេញមួយជីវិតរបស់ពួកគេ ។
ការបង្រៀនយុវវ័យ
យុវវ័យមានសក្តានុពលដ៏មហិមា
យុវវ័យមានសក្តានុពលដើម្បីធ្វើអ្វីៗដ៏អស្ចារ្យនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ ។ បទពិសោធន៍ជាច្រើនបានកត់ត្រានៅក្នុងព្រះគម្ពីរបង្ហាញថា ព្រះមានទំនុកព្រះទ័យលើសមត្ថភាពខាងវិញ្ញាណរបស់យុវវ័យ ។ ប្រសិនបើយុវវ័យទទួលអារម្មណ៍ថា អ្នកទុកចិត្តពួកគេ ភាពជឿជាក់របស់ពួកគេលើសក្ដានុពលដ៏ទេវភាពរបស់ពួកគេនឹងចម្រើនឡើង ហើយពួកគេនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលពួកគេអាចសម្រេចបាន ។ សូមជួយពួកគេដោយសេចក្តីស្រឡាញ់ឲ្យដឹងថា ព្រះវរបិតាសួគ៌ជ្រាបដឹងថាអ្វីដែលពួកគេអាចប្រែក្លាយ ។ សូមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ តាមរយៈការបន្តស្រឡាញ់ និងលើកទឹកចិត្តពួកគេ ធ្វើការជាមួយពួកគេដោយអត់ធ្មត់ ហើយកុំបោះបង់ពួកគេឡើយ ។
យុវវ័យកំពុងរៀនអំពីខ្លួនពួកគេ
យុវវ័យដែលអ្នកបង្រៀនកំពុងបង្កើតមូលដ្ឋានគ្រឹះនៃទីបន្ទាល់របស់ពួកគេ ។ ពួកគេកំពុងស្ថិតក្នុងដំណើរការនៃការស្វែងរកជំនឿ និងការជឿស៊ប់របស់ពួកគេ ។ ពួកគេកំពុងធ្វើការសម្រេចចិត្តដែលនឹងជះឥទ្ធិពលពេញមួយជីវិតរបស់ពួកគេ ។ ដើម្បីរស់រានខាងវិញ្ញាណនៅក្នុងគ្រាដ៏គ្រោះថ្នាក់នេះ និងដើម្បីបំពេញបេសកកម្មរបស់ព្រះអម្ចាស់សម្រាប់ពួកគេ នោះយុវវ័យដែលអ្នកបង្រៀនត្រូវស្គាល់របៀបស្វែងរកកម្លាំងអំឡុងពេលសាកល្បងរបស់ពួកគេ ឆ្លើយសំណួរពួកគេ និងក្លាហានដើម្បី « ឈរជាសាក្សីដល់ព្រះ » ( ម៉ូសាយ ១៨:៩ ) ។
យុវវ័យមានបំណងប្រាថ្នាកើនឡើងដើម្បីរៀននូវរឿងនានាដោយការមានហេតុផល និងបទពិសោធន៍ ជាជាងដោយការត្រូវបានគេប្រាប់រឿងយ៉ាងសាមញ្ញ ។ នេះមានន័យថា ការបង្រៀនយុវវ័យតម្រូវឲ្យមានជំនាញល្អក្នុងការស្តាប់ ។ នៅពេលយុវវ័យទទួលអារម្មណ៍ថាបានយល់ នោះពួកគេនឹងមានអារម្មណ៍ក្នុងការបើកដួងចិត្តស្តាប់តាមការទូន្មាន និងការណែនាំ ។ សូមអះអាងនឹងពួកគេថា ព្រះអម្ចាស់ស្គាល់ ហើយនឹងជួយពួកគេ នៅពេលពួកគេជួបនឹងសំណួរ និងការសាកល្បង ។ ពួកគេអាចអនុវត្តសេចក្តីជំនឿរបស់ខ្លួនលើទ្រង់ តាមរយៈការអភិវឌ្ឍទម្លាប់អធិស្ឋាន និងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ និងតាមរយៈការបម្រើអ្នកដទៃ ។ ការលើកទឹកចិត្តយុវវ័យឲ្យចូលរួមនៅក្នុងថ្នាក់រៀននៃសាសនាចក្រ និងសិក្សាដោយខ្លួនពួកគេផ្ទាល់ អាចជួយពួកគេឲ្យមានបទពិសោធន៍ផ្ទាល់ខ្លួន ដែលនឹងស្ថាបនាទីបន្ទាល់អំពីកេរដំណែលដ៏ទេវភាពរបស់ពួកគេ ។
យុវវ័យជាច្រើនចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា
ប្រសិនបើយុវវ័យដែលអ្នកបង្រៀនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចផ្ទាល់ខ្លួនរបស់ពួកគេ សូមចាំថា ឧបករណ៍ទាំងនេះគឺជាឧបករណ៍ដើម្បីពង្រីកដល់ការរៀនសូត្រ ។ សូមបង្រៀនពួកគេអំពីរបៀបប្រើព្រះគម្ពីរ និងធនធានផ្សេងទៀតដែលមាននៅក្នុងបណ្ណាល័យដំណឹងល្អ ជាទម្រង់អេឡិចត្រូនិច ។ អ្នកក៏អាចផ្ញើសារ និងតំណភ្ជាប់ទៅយុវវ័យ ដើម្បីជួយពួកគេរៀបចំសម្រាប់មេរៀនបន្ទាប់ ។
ការបង្រៀនមជ្ឈិមវ័យ
មជ្ឈិមវ័យអាចទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ
សិស្សមជ្ឈិមវ័យមានសមត្ថភាពធ្វើសកម្មភាពសម្រាប់ខ្លួនពួកគេ នៅក្នុងមជ្ឈដ្ឋាននៃការរៀនសូត្រដំណឹងល្អ ( សូមមើល នីហ្វៃទី ២ ២:២៦ ) ។ សូមអញ្ជើញពួកគេឲ្យរៀបចំសម្រាប់ការពិភាក្សាដំណឹងល្អ ដោយការសិក្សាអ្វីមួយមុនពេលរៀន និងលើកទឹកចិត្តពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេកំពុងរៀនដោយព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកក៏អាចសួរពួកគេអំពីគោលការណ៍នៃដំណឹងល្អណាមួយ ដែលពួកគេចង់ចំណាយពេលរៀនជាមួយគ្នាផងដែរ ។
មជ្ឈិមវ័យប្រើប្រាស់បទពិសោធន៍របស់ពួកគេនៅពេលរៀនសូត្រ
យ៉ូបបានថ្លែងថា « មនុស្សចាស់ៗតែងមានប្រាជ្ញា ហើយមនុស្សមានអាយុយឺនទើបមានយោបល់ » (យ៉ូប ១២:១២) ។ ជាទូទៅប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណកើតមានឡើងបន្ទាប់ពីមានបទពិសោធន៍ជាច្រើនឆ្នាំ ។ នៅពេលអ្នកបង្រៀនមជ្ឈិមវ័យ សូមអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍ដែលបានស្ថាបនាសេចក្តីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះនឹងផ្តល់ឱកាសដល់ពួកគេឲ្យថ្លែងទីបន្ទាល់អំពីរបៀបដែលពួកគេបានដឹងថា គោលការណ៍នៃដំណឹងល្អដែលពួកគេកំពុងសិក្សាគឺពិត ។ ការចែកចាយបទពិសោធន៍ក៏នឹងស្ថាបនាទំនាក់ទំនងរវាងអស់អ្នកដែលអ្នកបង្រៀន ដោយជួយ « ទាំងអស់ … ត្រូវបានស្អាងឡើងទាំងអស់គ្នា » (គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១២២) ។
មជ្ឈិមវ័យស្វែងរកការអនុវត្តជាក់ស្តែង
មជ្ឈិមវ័យដែលអ្នកបង្រៀនអាចមានតួនាទី និងការទទួលខុសត្រូវច្រើននៅក្នុងអាជីពការងារ សហគមន៍ ការហៅបម្រើក្នុងសាសនាចក្រ និងក្រុមគ្រួសារ ។ នៅពេលពួកគេសិក្សាដំណឹងល្អ ជារឿយៗពួកគេកំពុងគិតអំពីរបៀប ដែលអ្វីពួកគេកំពុងរៀនអាចជួយពួកគេនៅក្នុងតួនាទីទាំងនោះ ។ សូមអញ្ជើញពួកគេឲ្យមើលឃើញពីរបៀបដែលព្រះបន្ទូលព្រះជាប់ទាក់ទងនឹងកាលៈទេសៈជាក់លាក់របស់ពួកគេ ។ អ្នកអាចធ្វើបែបនេះដោយការសួរពួកគេអំពីរបៀបដែលគោលការណ៍នៃដំណឹងល្អមានអត្ថន័យ និងអនុវត្តចំពោះជីវិតរបស់ពួកគេ ។
មជ្ឈិមវ័យអាចគិតក្នុងរបៀបដ៏ស្មុគស្មាញ
ដោយសារតែបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេ មជ្ឈិមវ័យដឹងថា គ្មានចម្លើយងាយស្រួលជានិច្ចសម្រាប់សំណួរអំពីដំណឹងល្អឡើយ ។ ពួកគេអាចមានអំណរគុណថា វគ្គបទគម្ពីរអាចមានអត្ថន័យច្រើនយ៉ាង ហើយពួកគេអាចអនុវត្តគោលការណ៍នៃដំណឹងល្អមួយចំពោះស្ថានភាពផ្សេងៗក្នុងជីវិត ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីរបៀបដែលគោលការណ៍នៃដំណឹងល្អជាប់ទាក់ទងគ្នា ហើយទាក់ទងនឹងអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តឲ្យមានការចូលរួម និងការពិភាក្សា ដើម្បីឲ្យពួកគេអាចរៀនពីទស្សនវិស័យរៀងៗខ្លួនរបស់ពួកគេទៅវិញទៅមក ។
ការបង្រៀនមនុស្សដែលមានពិការភាព
ជួយបុគ្គលម្នាក់ៗឲ្យរីកលូតលាស់ និងរីកចម្រើន
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « គ្រប់ទាំងគំនិត និងវិញ្ញាណដែលព្រះធ្លាប់បានបញ្ជូនមកក្នុងពិភពលោកនេះ គឺងាយនឹងពង្រីកបាន » ( ការបង្រៀននៃប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២១០ ) ។ សូមសន្មត់ថា បុត្រាបុត្រីទាំងអស់របស់ព្រះមានលទ្ធភាពក្នុងការបង្កើនចំណេះដឹង និងការរីកចម្រើន ។ សូមទូលសួរព្រះអម្ចាស់ឲ្យជួយអ្នកដឹងពីរបៀបជួយបុគ្គលម្នាក់ៗ ។
រៀនអំពីសេចក្ដីត្រូវការជាក់លាក់
សូមនិយាយជាមួយសិស្ស ឬមាតាបិតា ឬអ្នកមើលថែពួកគេ ។ សូមឈ្វេងយល់ពីរបៀបដែលបុគ្គលម្នាក់ៗរៀនបានល្អបំផុត និងយុទ្ធសាស្ត្រនានាដែលមានគុណប្រយោជន៍បំផុត ។ អ្នកក៏អាចប្រឹក្សាជាមួយថ្នាក់ដឹកនាំ និងគ្រូបង្រៀនផ្សេងទៀតដែលមានបទពិសោធន៍ និងការយល់ដឹងឲ្យចែកចាយជាមួយអ្នកផងដែរ ។ សម្រាប់យុទ្ធសាស្ត្រការបង្រៀនដ៏មានប្រយោជន៍ សូមមើលគេហទំព័រ disabilities.ChurchofJesusChrist.org ។
បង្កើតឲ្យមានបរិយាកាសវិជ្ជមាន
បង្កើតឲ្យមានបរិយាកាសវិជ្ជមានមួយ ជាទីដែលមនុស្សគ្រប់គ្នាទទួលអារម្មណ៍ថាមានសុវត្ថិភាព និងមានគេស្រឡាញ់ ។ សូមកុំសន្មត់ថា សិស្សទាំងអស់ដែលពិការគឺដូចគ្នាឡើយ ហើយសូមប្រព្រឹត្តចំពោះបុគ្គលម្នាក់ៗដោយសេចក្តីស្រឡាញ់ និងការគោរព ។ សូមលើកទឹកចិត្តអ្នកដទៃឲ្យមានចិត្តល្អ និងមានការទទួលយក ។
ប្រាកដថាមនុស្សទាំងអស់អាចចូលរួមបាន
ការផ្លាស់ប្តូរតិចតួចអាចកើតមានក្នុងសកម្មភាពនានា ដើម្បីប្រាកដថា សិស្សទាំងអស់អាចរៀនរួមគ្នា រួមទាំងសិស្សដែលពិការ ឬមានការពិបាកក្នុងការរៀន ។ ឧទាហរណ៍ ប្រសិនបើសកម្មភាពមួយដែលសុំឲ្យបង្ហាញរូបភាព នោះអ្នកអាចច្រៀងចម្រៀងមួយដែលទាក់ទងជំនួសវិញ ដើម្បីឲ្យសិស្សដែលមានបញ្ហាភ្នែកអាចចូលរួមដែរ ។
បង្កើតទម្លាប់ និងរចនាសម្ព័ន្ធឲ្យបានជាប់លាប់
វិធីមួយដើម្បីបង្កើតទម្លាប់មួយគឺត្រូវបង្កើតប័ណ្ណប្រកាសមួយដោយមានកាលវិភាគ ។ កាលវិភាគរបស់អ្នកអាចរួមមាន ការអធិស្ឋាន ម៉ោងបង្រៀន និងម៉ោងធ្វើសកម្មភាព ។ ការធ្វើតាមកាលវិភាគអាចជួយកាត់បន្ថយអារម្មណ៍មិនប្រាកដប្រជា និងភាពតានតឹងចិត្តសម្រាប់សិស្សមួយចំនួន ។
ឈ្វេងយល់ពីមូលហេតុដែលបណ្តាលឲ្យមានបញ្ហាខាងឥរិយាបថកើតឡើង
សូមរៀនអំពីពិការភាព ឬកាលៈទេសៈនានា ដែលអាចជះឥទ្ធិពលលើបុគ្គលម្នាក់ឲ្យធ្វើទង្វើមិនសមរម្យ ។ សូមយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នចំពោះអ្វីដែលនឹងកើតឡើង នៅពេលឧបសគ្គខាងឥរិយាបថកើតមានឡើង ។ សូមពិចារណាប្រកបដោយការអធិស្ឋានអំពីរបៀបដើម្បីកែច្នៃស្ថានភាពនោះ ដើម្បីគាំទ្រដល់សិស្សឲ្យបានកាន់តែប្រសើរឡើង ។
សម្រាប់ព័ត៌មានបន្ថែមអំពីការបង្រៀនមនុស្សពិការ សូមមើលគេហទំព័រ disabilities.ChurchofJesusChrist.org ។
ការបង្រៀនតាមអនឡាញ
ស្គាល់បច្ចេកវិទ្យា
ពីមុនថ្នាក់ ឬការប្រជុំរបស់អ្នកចាប់ផ្តើម សូមចំណាយពេលសិក្សាអំពីបច្ចេកវិទ្យាដែលអ្នកនឹងប្រើប្រាស់ ។ សូមស្រាវជ្រាវអំពីលក្ខណៈពិសេសរបស់វា ដូចជារបៀបចែកចាយវីដេអូ ឬរូបភាពជាដើម ។ សូមពិចារណាពីការប្រជុំថ្នាក់ « សាកល្បង » ជាមួយនឹងសមាជិកគ្រួសារ ឬមិត្តភក្តិ ។
វួដ និងស្ដេកភាគច្រើនមានអ្នកជំនាញបច្ចេកវិទ្យាម្នាក់ ។ អ្នកប្រហែលជាអាចស្គាល់អ្នកដទៃទៀតដែលមានបទពិសោធន៍ជាមួយនឹងការប្រជុំតាមអនឡាញនេះ ។ សុំដំបូន្មាន ឬសេចក្តីណែនាំពីពួកគេ ។
កម្ចាត់ការរំខានដែលអាចកើតមាន
ប្រសិនបើអាច សូមស្វែងរកកន្លែងស្ងាត់ដើម្បីចូលរួមការប្រជុំថ្នាក់របស់អ្នក ។ សំឡេងអ៊ូអរនៅជុំវិញអាចជាការរំខាន ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើដូចគ្នា ឬបិទសំឡេងមីក្រូ ប្រសិនបើពួកគេមិននិយាយ ។
ប្រើកាំម៉ារ៉ា
ប្រសិនបើអាច សូមបើកកាំម៉ារ៉ារបស់អ្នកដើម្បីឲ្យសិស្សអាចមើលឃើញមុខអ្នក ។ សូមអញ្ជើញ (ប៉ុន្តែមិនទាមទារ) ឲ្យសិស្សបើកកាំម៉ារ៉ារបស់ពួកគេដែរ ។ ចំណុចនេះអាចជួយបង្កើតស្មារតីនៃសាមគ្គីភាព និងការគាំទ្រទៅវិញទៅមក ។
ប្រើលក្ខណៈពិសេសនៃកម្មវិធីឆាតតាមអនឡាញ
ក្នុងកម្មវិធីប្រជុំពីចម្ងាយជាច្រើន អនុញ្ញាតឲ្យអ្នកចូលរួមសរសេរសំណួរ ឬមតិរបស់ពួកគេ នៅក្នុងផ្ទាំងកម្មវិធីឆាតនោះ ។ កម្មវិធីមួយចំនួនក៏អនុញ្ញាតឲ្យអ្នកចូលរួមលើកដៃរបស់ពួកគេតាមអនឡាញផងដែរ ។ សូមឲ្យសិស្សដឹងអំពីលក្ខណៈពិសេសទាំងនេះ ។ អ្នកអាចចាត់តាំងឲ្យនរណាម្នាក់ចាំមើលការលើកដៃ ឬមតិយោបល់នៅក្នុងផ្ទាំងឆាតនោះ ដើម្បីអ្នកអាចផ្តោតយកចិត្តទុកដាក់ទៅលើការដឹកនាំការពិភាក្សា ។
ស្វែងរកវិធីផ្សេងៗដើម្បីឲ្យសិស្សមានការចូលរួម
ជួនកាលមជ្ឈដ្ឋាននៃការរៀនសូត្រតាមអនឡាញ មានការលំបាកសម្រាប់ឲ្យមនុស្សមើលឃើញ និងស្តាប់ឮ ។ សូមធ្វើការខិតខំដោយមនសិការដើម្បីដាក់អស់អ្នកដែលចង់ទាក់ទងនោះឲ្យមានការចូលរួម ។ ជួនកាលការណ៍នេះមានន័យថា ត្រូវបង្កើតក្រុមតូចៗ ( ឧទាហរណ៍ ការបំបែកថ្នាក់សាលាថ្ងៃអាទិត្យដែលមានទំហំធំ ) ។ ជួនកាលវាមានន័យថា ជាការសុំសិស្សជាមុនឲ្យចូលរួមនៅក្នុងរបៀបជាក់លាក់មួយ ។ សូមកុំទុកឲ្យដែនកំណត់នៃបច្ចេកវិទ្យាធ្វើឲ្យអ្នកភ្លេច ឬមើលរំលងមនុស្សដែលមានចិត្ត និងឆន្ទៈចង់រៀនសូត្រឡើយ ។