ព្រះគម្ពីរ
នីហ្វៃ ទី ២ 12


ជំពូក​ទី ១២

អេសាយ​ឃើញ​ព្រះ​វិហារ​នៃ​ថ្ងៃ​ក្រោយ, ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល, និង​សេចក្ដី​ជំនុំ​ជំរះ និង​សេចក្ដី​សុខសាន្ត​នៃ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ — ពួក​ឆ្មើងឆ្មៃ និង​ពួក​ទុច្ចរិត​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​ពេល​ការ​យាង​មក​លើក​ទី​ពីរ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ២។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ពាក្យ​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​អំពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូសាឡិម គឺ ៖

ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នោះ​ភ្នំ​ជា​ទី​សាង​ព្រះ​វិហារ​នៃ​ព្រះ​អម្ចាស់​នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​តម្កើង​ឡើង ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ ហើយ​អស់​ទាំង​សាសន៍​នឹង​ចូល​ហូរហែ​ទៅ​ក្នុង​ទី​នោះ។

ឯ​ប្រជាជាតិ​ជាច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​មក ហើយ​ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​អម្ចាស់​ដល់​ព្រះ​វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ហើយ​ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់ ត្បិត​ក្រឹត្យវិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ពី​ក្រុង​យេរូសាឡិម​ដែរ។

ហើយ​ទ្រង់​នឹង​ជំនុំ​ជំរះ​នៅ​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ ហើយ​នឹង​សម្រេច​រឿង​ដល់​ប្រជាជន​ជាច្រើន ហើយ​ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើជា​ផាល​នង្គ័ល ហើយ​លំពែង​គេ​ធ្វើជា​ដង្កាវ​វិញ — សាសន៍​មួយ​នឹង​មិន​លើក​ដាវ​ទាស់​នឹង​សាសន៍​មួយ​ទៀត​ឡើយ ឬ​ក៏​មិន​ហាត់​រៀន​ធ្វើសឹក​សង្គ្រាម​ទៀត​ដែរ។

ឱ​ពួក​វង្ស​នៃ​យ៉ាកុប​អើយ ចូរ​មក ចូរ​យើង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ​អម្ចាស់​ចុះ មែន​ហើយ ចូរ​មក ត្បិត​អស់​អ្នក​រាល់​គ្នា​បាន​វង្វេង​ទៅ​តាម​ផ្លូវ​ទុច្ចរិត​រៀង​ខ្លួន។

ឱ​ព្រះ​អម្ចាស់​អើយ ហេតុ​នេះ​បាន​ជា​ទ្រង់​បោះបង់​ចោល​ពួក​វង្ស​យ៉ាកុប ជា​រាស្ត្រ​ទ្រង់​ចេញ ពី​ព្រោះ​មាន​ទំនៀម​ទម្លាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញទី ហើយ​នឹង​ស្ដាប់​តាម​ពួក​គ្រូទាយ ដូច​ជា​សាសន៍​ភីលីស្ទីន ហើយ​ពួក​គេ​ចង​សម្ព័ន្ធ​មិត្រ​ជាមួយ​នឹង​កូន​ចៅ​របស់​ពួក​សាសន៍​ដទៃ។

ស្រុក​របស់​ពួក​គេ​ក៏​ពោរពេញ​ទៅ​ដោយ​មាស និង​ប្រាក់ ឯ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ នោះ​រាប់​មិន​អស់​ឡើយ ស្រុក​របស់​ពួក​គេ​ក៏​ពោរពេញ​ដោយ​សេះ ហើយ​រទេះ​ចម្បាំង​ទាំង​ឡាយ​របស់​ពួក​គេ​ក៏​រាប់​មិន​អស់​ដែរ។

ស្រុក​របស់​ពួក​គេ​ក៏​ពោរពេញ​ដោយ​រូប​ព្រះ​ដែរ ពួក​គេ​ថ្វាយបង្គំ​ចំពោះ​ស្នាដៃ​របស់​ខ្លួន គឺជា​របស់​ដែល​ម្រាមដៃ​គេ​បាន​ធ្វើ​ឡើង។

ហើយ​មនុស្ស​ធម្មតា​មិន​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​មិន​បាន​បន្ទាប​ខ្លួន​ទេ ដូច្នេះ សូម​កុំ​អត់​ទោស​ដល់​គេ​ឡើយ។

១០ឱ​ពួក​ទុច្ចរិត​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​រូង​ថ្ម ហើយ​ពួន​ខ្លួន​ទៅ​ក្នុង​ធូលី​ដី​ចុះ ព្រោះ​សេចក្ដី​កោតខ្លាច​ដល់​ព្រះ​អម្ចាស់ ហើយ​សិរី​ល្អ​នៃ​ឫទ្ធានុភាព​របស់​ទ្រង់​នឹង​វាយ​អ្នក។

១១ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើងឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវ​បង្អោន​ទាប​វិញ នៅ​គ្រា​នោះ​មាន​តែ​ព្រះ​អម្ចាស់​មួយ​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង។

១២ត្បិត​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ នឹង​មក​លើ​គ្រប់​ទាំង​សាសន៍ មែន​ហើយ មក​លើ​គ្រប់រូប មែន​ហើយ មក​លើ​គ្រប់​ទាំង​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើងឆ្មៃ ព្រម​ទាំង​លើ​គ្រប់​អ្វី​ទាំង​អស់ ដែល​បាន​លើកឡើង​ផង ហើយ​នោះ​នឹង​ត្រូវ​ទ្រង់​បន្ទាប​ចុះ​វិញ។

១៣មែន​ហើយ ហើយ​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក​លើ​អស់​ទាំង​ដើម​តាត្រៅ នៅ​ភ្នំ​ល្បា​ណូន ព្រោះ​ជា​ភ្នំ​ខ្ពស់ ហើយ​តម្កើង​ឡើង និង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បា​សាន​ដែរ។

១៤ហើយ​មក​លើ​អស់​ទាំង​ភ្នំ​ខ្ពស់ និង​ភ្នំ​តូចៗ និង​លើ​គ្រប់​សាសន៍​ដែល​បាន​តម្កើង​ឡើង និង​លើ​គ្រប់​ទាំង​ប្រជាជន

១៥ហើយ​មក​លើ​អស់​ទាំង​ប៉ម​យ៉ាង​ខ្ពស់ និង​លើ​កំផែង​មាន​គ្រឿង​ចម្បាំង

១៦ហើយ​មក​លើ​អស់​ទាំង​នាវា​នៅ​ក្នុង​សមុទ្រ និង​លើ​អស់​ទាំង​នាវា​ស្រុក​តើ​ស៊ី​ស ហើយ​លើ​អ្វីៗ​ទាំង​អស់​ដែល​គាប់​ដល់​ភ្នែក​ដែរ។

១៧ហើយ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បង្អោន​ទាប ឯ​សេចក្ដី​ឆ្មើងឆ្មៃ​របស់​មនុស្ស ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ​នឹង​មាន​តែ​ព្រះ​អម្ចាស់​មួយ​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង។

១៨ហើយ​រូប​ព្រះ​ទាំង​ឡាយ​នឹង​សាបសូន្យ​បាត់​ទៅ​អស់​រលីង។

១៩ឯ​មនុស្ស គេ​នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ត្បិត​សេចក្ដី​ស្ញែង​ខ្លាច​នៃ​ព្រះ​អម្ចាស់​នឹង​មក​លើ​គេ ហើយ​សិរី​ល្អ​នៃ​ឫទ្ធានុភាព​របស់​ទ្រង់​នឹង​វាយ​គេ​ក្នុង​កាលដែល​ទ្រង់​ក្រោក​ឡើង ដើម្បី​នឹង​អង្រួន​ផែនដី​ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។

២០នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ​ទាំង​ឡាយ​របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស និង​រូប​ព្រះ​ទាំង​ឡាយ​ដែល​ធ្វើ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយបង្គំ​ទៅ​ឲ្យ​កណ្ដុរ ហើយ​នឹង​ប្រចៀវ។

២១ដើម្បី​នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​ក្រហែង​ថ្ម​រខិញរខុញ ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច​នៃ​ព្រះ​អម្ចាស់​ដែល​នឹង​មក​លើ​គេ ហើយ​ឫទ្ធានុភាព​នៃ​សិរី​ល្អ​របស់​ទ្រង់​ដែល​នឹង​វាយ​គេ ក្នុង​កាលដែល​ទ្រង់​ក្រោក​ឡើង ដើម្បី​នឹង​អង្រួន​ផែនដី​ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។

២២ចូរ​លែង​ទុកចិត្ត​ដល់​មនុស្ស ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ត្បិត​តើ​នឹង​ពឹង​ដល់​គេ​ឯណា​បាន?