ព្រះគម្ពីរ
អាលម៉ា 34


ជំពូក​ទី ៣៤

អាមូលេក​ធ្វើ​បន្ទាល់​ថា ព្រះ​បន្ទូល​នោះ​គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ — លើកលែង​តែ​មាន​ដង្វាយ​ធួន បើ​ពុំ​នោះ​សោត​ទេ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​វិនាស — ក្រឹត្យវិន័យ​លោក​ម៉ូសេ​ទាំង​ស្រុង ចង្អុល​ទៅ​ការ​បូជា​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ — ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ដ៏​អស់​កល្ប​ជានិច្ច ត្រូវ​យោង​ទៅ​លើ​សេចក្ដី​ជំនឿ និង​ការ​ប្រែ​ចិត្ត — ចូរ​អធិស្ឋាន​សូម​ឲ្យ​បាន​ព្រះ​ពរ​ទាំង​ឡាយ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ — ជីវិត​នេះ​គឺជា​ពេល​វេលា​សម្រាប់​មនុស្ស​ប្រុងប្រៀប​ទៅ​ជួប​នឹង​ព្រះ — បង្ហើយ​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក ដោយ​ការ​កោតខ្លាច​ចំពោះ​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​អាលម៉ា​បាន​និយាយ​នូវ​ពាក្យ​ទាំង​នេះ​ទៅ​កាន់​ពួក​គេ​ហើយ នោះ​លោក​អង្គុយ​ចុះ​ទៅ​លើ​ដី ឯ​អាមូលេក​ក៏​ក្រោក​ឈរ​ឡើង ហើយ​បាន​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​ថា ៖

ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​យល់​ថា អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ស្គាល់​អំពី​រឿង​ទាំង​ឡាយ​ដែល​បាន​និយាយ អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ដែល​បាន​បង្រៀន​ដល់​យើង​ថា ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ មែន​ហើយ ខ្ញុំ​ដឹង​ថា រឿង​ទាំង​នេះ​ត្រូវ​បាន​បង្រៀន​ដល់​អ្នក​យ៉ាង​បរិបូរ មុន​ពេល​អ្នក​បែក​ចេញ​ពី​ពួក​យើង​ទៅ។

ហើយ​ដោយ​អ្នក​រាល់​គ្នា បាន​សួរ​បង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ថា សូម​ឲ្យ​លោក​ប្រាប់​ដល់​អ្នក​ថា តើ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​អ្វី ដោយ​ព្រោះ​សេចក្តីទុក្ខ​វេទនា​ទាំង​ឡាយ​របស់​អ្នក ហើយ​លោក​បាន​និយាយ​ទៅ​កាន់​អ្នក​ខ្លះៗ ដើម្បី​រៀបចំ​ចិត្ត​គំនិត​របស់​អ្នក មែន​ហើយ ហើយ​លោក​បាន​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​ជំនឿ និង​សេចក្ដី​អត់ធន់ —

មែន​ហើយ ទាំង​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​ច្រើន រហូត​ដល់​បណ្ដុះ​ព្រះ​បន្ទូល នៅ​ក្នុង​ដួង​ចិត្ត​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ពិសោធ​នូវ​ការ​ល្អ​នោះ។

ហើយ​យើង​បាន​ឃើញ​ថា សំនួរ​ដ៏​មហិមា​ដែល​នៅ​ក្នុង​ចិត្ត​អ្នក​នោះ គឺ​តើ​ព្រះ​បន្ទូល​នោះ នៅ​ក្នុង​ព្រះ​រាជបុត្រ​នៃ​ព្រះ ឬ​ក៏​នឹង​គ្មាន​ព្រះ​គ្រីស្ទ​ទេ។

ហើយ​អ្នក​រាល់​គ្នា​បាន​ឃើញ​ថា បង​របស់​ខ្ញុំ​បាន​បញ្ជាក់​ដល់​បង​ប្អូន​ជា​ច្រើន​លើក​ហើយ ថា​ពាក្យ​នោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ចំពោះ​សេចក្ដី​សង្គ្រោះ។

បង​ខ្ញុំ​បាន​ដកស្រង់​ពាក្យ​ពេចន៍​របស់​លោក​ស៊ីណូស ថា​សេចក្ដី​សង្គ្រោះ​នឹង​បាន​មក​តាម​រយៈ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​បាន​ដកស្រង់​ពាក្យ​ពេចន៍​របស់​លោក​ស៊ីណុក ព្រម​ទាំង​បាន​លើក​យក​លោក​ម៉ូសេ​មក​និយាយ​ដែរ ដើម្បី​បញ្ជាក់​ថា​រឿង​ទាំង​នេះ​ពិត។

ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​នឹង​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ថា រឿង​ទាំង​នោះ​ពិត។ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ខ្ញុំ​ដឹង​ថា​ព្រះ​គ្រីស្ទ​នឹង​យាង​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ដើម្បី​ទទួល​យក​នូវ​អំពើ​រំលង​ទាំង​ឡាយ​នៃ​ប្រជារាស្ត្រ​របស់​ទ្រង់ ហើយ​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

ព្រោះ​ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង ត្បិត​ស្រប​តាម​ផែនការ​ដ៏​មហិមា​នៃ​ព្រះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច នោះ​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង បើ​ពុំ​នោះ​សោត​ទេ មនុស្ស​លោក​ទាំង​អស់​នឹង​ពុំ​អាច​ចៀស​ផុត​ពី​សេចក្ដី​វិនាស​បាន​ឡើយ មែន​ហើយ មនុស្ស​ទាំង​អស់​មាន​ចិត្ត​រឹងរូស មែន​ហើយ មនុស្ស​ទាំង​អស់​បាន​ធ្លាក់ ហើយ​វង្វេង ហើយ​ត្រូវ​តែ​វិនាស លើកលែងតែ​តាម​រយៈ​ដង្វាយ​ធួន ជា​ការ​ចាំ​បាច់​ត្រូវ​កើត​ឡើង។

១០ព្រោះ​ជា​ការ​ចាំ​បាច់ ត្រូវ​តែ​មាន​ការ​បូជា​មួយ​ដ៏​មហិមា និង​ចុង​ក្រោយ​បង្អស់ មែន​ហើយ ពុំ​មែន​ជា​ការ​បូជា​របស់​មនុស្ស ឬ​ក៏​របស់​សត្វ​ទេ ឬ​ក៏​របស់​សត្វ​ស្លាប​ណា​ដែរ ព្រោះ​វា​ពុំ​មែន​ជា​ការ​បូជា​នៃ​មនុស្ស​ទេ ប៉ុន្តែ​ត្រូវ​មាន​ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច។

១១ឥឡូវ​នេះ គ្មាន​មនុស្ស​ណា​ម្នាក់ អាច​បូជា​លោហិត​របស់​ខ្លួន​ផ្ទាល់ ដែល​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​ជន​ដទៃ​បាន​ឡើយ។ ឥឡូវ​នេះ បើ​សិន​ជា​ជន​ណា​ម្នាក់​ធ្វើ​ឃាត​មនុស្ស មើល​ចុះ តើ​ច្បាប់​របស់​យើង​ដែល​ត្រឹម​ត្រូវ នឹង​យក​ជីវិត​របស់​បង​ប្អូន​ជន​នោះ​ជំនួស​ឬ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ៖ ទេ។

១២ប៉ុន្តែ​ច្បាប់​បាន​ទាមទារ​នូវ​ជីវិត​នៃ​ជន ដែល​បាន​ធ្វើ​ឃាត​វិញ ហេតុ​ដូច្នេះ​ហើយ ពុំ​អាច​មាន​អ្វី​ក្រៅ​ពី​ដង្វាយ​ធួន​មួយ​ដ៏​និរន្តរ៍ ទើប​អាច​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​នេះ​បាន។

១៣ហេតុ​ដូច្នេះ​ហើយ ជា​ការ​ចាំ​បាច់ ត្រូវ​តែ​មាន​ការ​បូជា​មួយ​ដ៏​មហិមា និង​ចុង​ក្រោយ​បង្អស់ ហើយ​លំដាប់​នោះ នឹង​មាន ឬ​ក៏​ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ឈប់​កំចាយ​ឈាម លំដាប់​នោះ ទើប​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ត្រូវ​បាន​បំពេញ មែន​ហើយ ទាំង​អស់​ត្រូវ​បាន​បំពេញ គឺ​គ្រប់​បាំង​ឈើ និង​ក្បៀស ហើយ​នឹង​ពុំ​មាន​អ្វី​ត្រូវ​កន្លង​ផុត​ឡើយ។

១៤ហើយ​មើល​ចុះ នេះ​គឺ​ន័យ​ទាំង​ស្រុង​របស់​ក្រឹត្យវិន័យ ចំណុច​នីមួយៗ​តែង​ចង្អុល​ទៅ​ការ​បូជា​ដ៏​មហិមា និង​ចុង​ក្រោយ​បង្អស់ ឯ​ការ​បូជា​ដ៏​មហិមា និង​ចុង​ក្រោយ​បង្អស់​នោះ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ មែន​ហើយ គឺ​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច។

១៥ម្ល៉ោះ​ហើយ ទ្រង់​នឹង​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ ដល់​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នេះ​គឺជា​គោលបំណង​នៃ​ការ​បូជា​ចុង​ក្រោយ​បង្អស់​នេះ​ឯង ដើម្បី​នាំ​មក​នូវ​ចិត្ត​ក្ដួល​មេត្តា​ដែល​មាន​អំណាច​លើ​សេចក្ដី​យុត្តិធម៌ ដើម្បី​នឹង​នាំ​មក​នូវ​មធ្យោបាយ​ទាំង​ឡាយ​ដល់​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ចំពោះ​ការ​ប្រែ​ចិត្ត។

១៦ម្ល៉ោះ​ហើយ សេចក្ដី​មេត្តាករុណា​អាច​ធ្វើ​ឲ្យ​ស្កប់​ស្កល់​ដល់​ការ​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ហើយ​ឱប​ក្រសោប​ពួក​គេ​នៅ​ក្នុង​ដៃ​នៃ​សេចក្ដី​សុខ នៅ​ពេល​ដែល​អ្នក​នោះ​ពុំ​អនុវត្ត​សេចក្ដី​ជំនឿ​ចំពោះ​ការ​ប្រែ​ចិត្ត នោះ​ត្រូវ​លាតត្រដាង​នៅ​ក្នុង​ច្បាប់​ទាំង​មូល ចំពោះ​ការ ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ហេតុ​ដូច្នេះ​ហើយ មាន​តែ​ដល់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ ចំពោះ​ការ​ប្រែ​ចិត្ត ទើប​នាំ​មក​នូវ​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ដ៏​មហិមា និង​អស់​កល្ប​ជានិច្ច​បាន។

១៧ហេតុ​ដូច្នេះ​ហើយ សូម​ព្រះ​ប្រទាន​ដល់​អ្នក ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ចាប់​ផ្ដើម​អនុវត្ត​ស្ដេច​ក្ដី​ជំនឿ​ចំពោះ​ការ​ប្រែ​ចិត្ត ដើម្បី​ឲ្យ​អ្នក​ចាប់​ផ្ដើម​អំពាវនាវ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​ដល់​អ្នក​រាល់​គ្នា

១៨មែន​ហើយ ចូរ​អំពាវនាវ​ដល់​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​ចុះ ព្រោះ​ទ្រង់​មាន​ឫទ្ធិ​នឹង​សង្គ្រោះ។

១៩មែន​ហើយ ចូរ​បន្ទាប​ខ្លួន ហើយ​អធិស្ឋាន​ជានិច្ច​ដល់​ទ្រង់។

២០ចូរ​អំពាវនាវ​ដល់​ទ្រង់ នៅ​ពេល​អ្នក​រាល់​គ្នា​នៅ​ឯ​វាលស្រែ​របស់​អ្នក មែន​ហើយ អំពាវនាវ​សម្រាប់​ហ្វូង​ចៀម​របស់​អ្នក។

២១ចូរ​អំពាវនាវ​ដល់​ទ្រង់​នៅ​ក្នុង​ផ្ទះ​សំបែង​របស់​អ្នក មែន​ហើយ សម្រាប់​មនុស្ស​ក្នុង​គ្រួសារ​អ្នក​ទាំង​អស់ ទាំង​ពេល​ព្រឹក ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច។

២២មែន​ហើយ ចូរ​អំពាវនាវ​ដល់​ទ្រង់ ដើម្បី​តតាំង​នឹង​អំណាច​នៃ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក។

២៣មែន​ហើយ ចូរ​អំពាវនាវ​ដល់​ទ្រង់ ដើម្បី​តតាំង​នឹង​អារក្ស ដែល​ជា​ខ្មាំងសត្រូវ​នៃ​គ្រប់​ទាំង​សេចក្ដី​សុចរិត។

២៤ចូរ​អំពាវនាវ​ដល់​ទ្រង់ សម្រាប់​ដំណាំ​នៅ​ក្នុង​ចម្ការ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ចម្រើន​ឡើង​ដោយ​សារ​នោះ។

២៥ចូរ​អំពាវនាវ​សម្រាប់​ហ្វូង​ចៀម នៅ​ឯ​វាលស្រែ​របស់​អ្នក ដើម្បី​ឲ្យ​វា​អាច​កើន​ឡើង។

២៦ប៉ុន្តែ​នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ អ្នក​រាល់​គ្នា​ត្រូវ​បញ្ជាក់​បញ្ចេញ​ព្រលឹង​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់​របស់​អ្នក និង​នៅ​ក្នុង​ទី​សម្ងាត់​របស់​អ្នក និង​នៅ​ក្នុង​ទី​រហោស្ថាន​របស់​អ្នក។

២៧មែន​ហើយ ហើយ​នៅ​ពេល​អ្នក​រាល់​គ្នា​ពុំ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្តពោរពេញ​ដោយ​ការ​អធិស្ឋាន​ដល់​ទ្រង់​ជានិច្ច ដើម្បី​សុខុមាលភាព​របស់​អ្នក និង​ដើម្បី​សុខុមាលភាព​ដល់​ជន​ទាំង​ឡាយ ដែល​នៅ​ជុំវិញ​អ្នក​ផង។

២៨ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រាប់​អ្នក សូម​កុំ​គិត​ស្មាន​ថា នេះ​គឺ​ចប់​សព្វ​គ្រប់​ហើយ​នោះ​ទេ ព្រោះ​បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន​ធ្វើ​នូវ​ការណ៍​ទាំង​នេះ​សព្វ​គ្រប់​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​មនុស្ស​ដែល​ខ្វះ​ខាត និង​មនុស្ស​ដែល អាក្រាត ហើយ​ពុំ​ទៅ​សាកសួរ​ដល់​អ្នក​ដែល​ឈឺ និង​អ្នក​ដែល​មាន​ទុក្ខ​វេទនា ហើយ​ពុំ​ចែករំលែក​ទ្រព្យ​របស់​ខ្លួន បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន ចូរ​ចែក​ទៅ​ដល់​ជន​ដែល​ខ្វះ​ខាត — ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​នូវ​ការណ៍​ទាំង​នេះ​ទេ មើល​ចុះ ការ​អធិស្ឋាន​របស់​អ្នក គឺ​ឥត​ប្រយោជន៍​ទេ ហើយ​ពុំ​នាំ​មក​ឲ្យ​អ្នក​នូវ​ផល​អ្វី​សោះ ហើយ​អ្នក​រាល់​គ្នា​ក៏​ដូច​ជា​ពួក​លាក់​ពុត ដែល​បដិសេធ​សេចក្ដី​ជំនឿ​ដែរ។

២៩ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ចាំ​ថា ត្រូវ​មាន​ចិត្ត​សប្បុរស អ្នក​រាល់​គ្នា​ក៏​ដូច​ជា​កាក​សំណល់ ដែល​នឹង​ត្រូវ​ចម្រាញ់​ចោល​ទៅ​ក្រៅ (ព្រោះ​គ្មាន​តម្លៃ) ហើយ​នឹង​ត្រូវ​មនុស្ស​ជាន់​ឈ្លី​នៅ​ក្រោម​ជើង។

៣០ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​សង្ឃឹម​ថា បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​សាក្សី​ជា​ច្រើន ដោយ​បាន​ឃើញ​ថា​បទគម្ពីរ​ដ៏​បរិសុទ្ធ​ទាំង​ឡាយ បាន​ធ្វើ​បន្ទាល់​អំពី​រឿង​ទាំង​នេះ នោះ​ចូរ​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​បង្កើត​ផល​ដល់​សេចក្ដី​ប្រែ​ចិត្ត​ចុះ។

៣១មែន​ហើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​ចូរ​កុំ​ធ្វើ​ចិត្ត​រឹងរូស​ទៀត​ឡើយ ត្បិត​មើល​ចុះ ឥឡូវ​នេះ​គឺជា​ពេល​វេលា និង​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​ហើយ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត ហើយ​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ រំពេច​នោះ ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ដ៏​មហិមា​នឹង​បាន​មក​ដល់​អ្នក។

៣២ត្បិត​មើល​ចុះ ជីវិត​នេះ​គឺជា​ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ មែន​ហើយ មើល​ចុះ ពេល​វេលា​នៃ​ជីវិត​នេះ គឺជា​ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ការងារ​ទាំង​ឡាយ​របស់​ខ្លួន។

៣៣ហើយ​ឥឡូវ​នេះ ដូចដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ពីមុន​មក ដោយ​អ្នក​រាល់​គ្នា​មាន​សាក្សី​ជា​ច្រើន ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​ថា ចូរ​អ្នក​រាល់​គ្នា​កុំ​បង្អង់​នូវ​ពេល​វេលា​ចំពោះ​ការ​ប្រែ​ចិត្ត​ទុក​ដល់​ទី​អវសាន​នោះ​ឡើយ ព្រោះ​បន្ទាប់​ពី​ពេល​វេលា​នៃ​ជីវិត​នេះ ដែល​បាន​ប្រទាន​ដល់​យើង ដើម្បី​ប្រុងប្រៀប​ខ្លួន​សម្រាប់​ដល់​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច មើល​ចុះ បើ​សិន​ជា​យើង​ពុំ​បាន​ធ្វើ​ល្អ​ឡើង កាល​នៅ​ក្នុង​ជីវិត​នេះ​ទេ លំដាប់​នោះ យប់​នៃ​សេចក្ដី​ងងឹត​នឹង​មក​ដល់ ហើយ​យើង​នឹង​ពុំ​អាច​ប្រព្រឹត្ត​ការងារ​អ្វី​ទៀត នៅ​ក្នុង​ពេល​នោះ​បាន​ឡើយ។

៣៤អ្នក​រាល់​គ្នា​ពុំ​អាច​និយាយ​ថា ចាំ​ដល់​ពេល​ណា​អ្នក​រាល់​គ្នា ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ដ៏​យង់ឃ្នង​នោះ​ហើយ ទើប​និយាយ​ថា ខ្ញុំ​នឹង​ប្រែ​ចិត្ត ថា​ខ្ញុំ​នឹង​ត្រឡប់​ទៅ​រក​ព្រះ​របស់​ខ្ញុំ​វិញ​ទេ។ អ្នក​រាល់​គ្នា​ពុំ​អាច​និយាយ​យ៉ាង​នេះ​ទេ ព្រោះ​វិញ្ញាណ​ដែល​ជា​ម្ចាស់​រូប​កាយ​របស់​អ្នក កាល​អ្នក​រាល់​គ្នា​ចេញ​ពី​ជីវិត​នេះ​ហើយ គឺ​ថា​វិញ្ញាណ​ដដែល​នោះ នឹង​មាន​អំណាច​ធ្វើ​ជា​ម្ចាស់​រូប​កាយ​របស់​អ្នក នៅ​ក្នុង​ស្ថាន​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នោះ​ដែរ។

៣៥ត្បិត​មើល​ចុះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បង្អង់​ថ្ងៃ​សម្រាប់​ការ​ប្រែ​ចិត្ត​របស់​អ្នក រហូត​ដល់​មរណកាល មើល​ចុះ អ្នក​រាល់​គ្នា​នៅ​ក្រោម​អំណាច​របស់​វិញ្ញាណ​នៃ​អារក្ស ហើយ​វា​នឹង​ភ្ជាប់​វិញ្ញាណ​វា​ជាមួយ​នឹង​វិញ្ញាណ​របស់​អ្នក ហេតុ​ដូច្នេះ​ហើយ ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ទ្រង់​ដកថយ​ចេញ​ពី​អ្នក ហើយ​គ្មាន​កន្លែង​នៅ​ក្នុង​អ្នក​ទៀត​ទេ ឯ​អារក្ស វា​នឹង​មាន​អំណាច​គ្រប់​គ្រង​លើ​អ្នក ហើយ​នេះ​គឺជា​ស្ថានភាព​ចុង​ក្រោយ​បំផុត​នៃ​ពួក​ទុច្ចរិត។

៣៦ហើយ​ខ្ញុំ​ដឹង​យ៉ាង​នេះ​បាន ពី​ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ទ្រង់​ពុំ​គង់នៅ​ក្នុង​ព្រះ​វិហារ​ណា​ដែល​ឥត​បរិសុទ្ធ​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​គង់នៅ​ក្នុង​ចិត្ត​នៃ​ពួក​សុចរិត​វិញ មែន​ហើយ ហើយ​ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ថា ពួក​សុចរិត​នឹង​អង្គុយ​នៅ​ក្នុង​នគរ​របស់​ទ្រង់ ដើម្បី​នឹង​ពុំ​ចេញ​ទៅ​ក្រៅ​ទៀត​ឡើយ ប៉ុន្តែ​សំលៀកបំពាក់​របស់​គេ នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ស តាម​រយៈ​ឈាម​នៃ​កូន​ចៀម។

៣៧ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​មាន​បំណង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ​នូវ​ការណ៍​ទាំង​នេះ ហើយ​ថា​អ្នក​រាល់​គ្នា​ត្រូវ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន ដោយ​កោតខ្លាច​ដល់​ព្រះ ហើយ​ថា​អ្នក​រាល់​គ្នា​មិន​គួរ​បដិសេធ​នូវ​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ​ទៀត​ទេ។

៣៨សូម​អ្នក​រាល់​គ្នា​កុំ​ទាស់​ទល់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៀត​ឡើយ ប៉ុន្តែ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​យក​ចុះ ហើយ​លើកដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ សូម​អ្នក​បន្ទាប​ខ្លួន​ឲ្យ​រាប​ដល់​ធូលី​ដី ហើយ​ថ្វាយ​បង្គំ​ព្រះ ទោះ​នៅ​ទីណា​ដែល​អ្នក​នៅ​ក្ដី នៅ​ក្នុង​វិញ្ញាណ និង​នៅ​ក្នុង​ការ​ពិត ហើយ​សូម​អ្នក​រាល់​គ្នា​រស់នៅ​ក្នុង​អំណរគុណ​ជា​រៀងរាល់​ថ្ងៃ​ចំពោះ​សេចក្ដី​មេត្តាករុណា និង​ព្រះ​ពរ​ដ៏​ច្រើន ដែល​ទ្រង់​ប្រទាន​ដល់​អ្នក។

៣៩មែន​ហើយ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​ដែរ​ថា អ្នក​រាល់​គ្នា​គួរ​ចាំ​យាម​ក្នុង​ការ​អធិស្ឋាន​ជានិច្ច ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ដឹកនាំ​ដោយ​ការ​ល្បួង​ទាំង​ឡាយ​នៃ​អារក្ស​ឡើយ ដើម្បី​កុំ​ឲ្យ​វា​មាន​អំណាច​មក​លើ​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា ធ្លាក់​នៅ​ក្រោម អំណាច​គ្រប់​គ្រង​របស់​វា នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ឡើយ ត្បិត​មើល​ចុះ វា​គ្មាន​ឲ្យ​រង្វាន់​ល្អ​ដល់​អ្នក​ទេ។

៤០ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​ឲ្យ​មាន​ចិត្ត​អត់ធន់ ហើយ​ឲ្យ​រង​នូវ​សេចក្ដី​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង ហើយ​សូម​បង​ប្អូន​កុំ​ជេរប្រមាថ​ដល់​អស់​អ្នក​ណា ដែល​បណ្ដេញ​អ្នក​ចេញ ដោយ​ព្រោះ​ការ​ទាល់​ក្រ​ដ៏​ហួស​កម្រិត​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​អ្នក​មាន​បាប​ដូច​ពួក​គេ​ដែរ។

៤១ប៉ុន្តែ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អត់ធន់ ហើយ​រង​នូវសេចក្ដី​ទុក្ខ​វេទនា​ទាំង​នោះ ដោយ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មាំមួន​ថា នៅ​ថ្ងៃ​ណាមួយ អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​ពី​គ្រប់​អស់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​អ្នក៕