ព្រះគម្ពីរ
អាលម៉ា 42


ជំពូក​ទី ៤២

ការ​រស់នៅ​ជា​មនុស្ស​លោក​នេះ គឺជា​ពេល​វេលា​សាកល្បង ដើម្បី​ឲ្យ​មនុស្ស​អាច​ប្រែ​ចិត្ត ហើយ​បម្រើ​ព្រះ — ការ​ធ្លាក់​បាន​នាំ​មក​នូវ​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ មក​ដល់​មនុស្ស​លោក​ទាំ​ង​អស់ — សេចក្ដី​ប្រោស​លោះ​កើត​ឡើង​តាម​រយៈ​ការ​ប្រែ​ចិត្ត — ព្រះ​អង្គ​ផ្ទាល់​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក — សេចក្ដី​មេត្តាករុណា​បាន​ដល់​ជន​ណា​ដែល​ប្រែ​ចិត្ត — អស់​អ្នក​ផ្សេង​ទៀត​នៅ​ក្រោម​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ — សេចក្ដី​មេត្តាករុណា​បាន​មក​ដោយ​សារ​ដង្វាយ​ធួន — មាន​តែ​ជន​ដែល​ប្រែ​ចិត្ត​ដ៏​ពិតប្រាកដ​ប៉ុណ្ណោះ​ដែល​បាន​សង្គ្រោះ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​យល់​ឃើញ​ថា នៅ​មាន​ការ​ខ្លះ​ទៀត ដែល​ធ្វើ​ឲ្យ​កូន​កង្វល់​ក្នុង​គំនិត ដែល​កូន​ពុំ​អាច​យល់ — គឺជា​រឿង​ស្ដី​អំពី​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​ក្នុង​ការ​ធ្វើ​ទោស​ដល់​ជន​ដែល​មាន​បាប ព្រោះ​កូន​ខំ​គិត​ស្មាន​ថា ជា​ការ​អយុត្តិធម៌ ដែល​ជន​មាន​បាប​ត្រូវ​ដាក់​ទៅ​ក្នុង​ស្ថានភាព​ទុក្ខ​វេទនា។

ឥឡូវ​នេះ មើល​ចុះ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​នឹង​ពន្យល់​រឿង​នេះ​ប្រាប់​ដល់​កូន។ ត្បិត​មើល​ចុះ បន្ទាប់​ពី​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បណ្ដេញ​ឪពុក​ម្ដាយ​ដើម​របស់​យើង​ចេញ​ពី​សួនច្បារ​អេដែន​ឲ្យ​ទៅ​ភ្ជួរ​រាស់​ដី ដែល​ទ្រង់​បាន​យក​មក​បង្កើត​ពួក​គេ — មែន​ហើយ ទ្រង់​បាន​បណ្ដេញ​មនុស្ស​ចេញ ហើយ​ទ្រង់​បាន​ដាក់​នៅ​ទិស​ខាង​កើត​នៃ​សួនច្បារ​អេដែន នូវ​ចេរូប៊ីន និង​ដាវ​ដែល​មាន​អណ្ដាត​ភ្លើង ដែល​រេ​បែរ​គ្រប់​ទិស​ដើម្បី​នឹង​រក្សា​ដើម​ជីវិត —

ឥឡូវ​នេះ យើង​ឃើញ​ថា មនុស្ស​បាន​ក្លាយ​ទៅ​ដូច​ព្រះ ដោយ​ដឹង​ខុស និង​ត្រូវ ហើយ​ដោយ​ខ្លាច​ក្រែង​មនុស្ស​លូកដៃ​ទៅ​បេះ​ផ្លែ​នៃ​ដើម​ជីវិត​មក​បរិភោគ ហើយ​រស់នៅ​រហូត ទើប​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ដាក់​ចេរូប៊ីន និង​ដាវ​ដែល​មាន​អណ្ដាត​ភ្លើង ដើម្បី​កុំ​ឲ្យ​មនុស្ស​អាច​ទទួល​ទាន​ផ្លែ​ឈើ​នោះ​បាន —

ម្ល៉ោះ​ហើយ យើង​ឃើញ​ថា មាន​ពេល​មួយ​ដែល​ទុក​សម្រាប់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត មែន​ហើយ ជា​ពេល​សាកល្បង ជា​ពេល​មួយ​ដើម្បី​ប្រែ​ចិត្ត ហើយ​បម្រើ​ព្រះ។

ត្បិត​មើល​ចុះ បើ​សិន​ជា​លោក​អ័ដាម​បាន​លូកដៃ​ភ្លាម​ទៅ​បេះ ហើយ​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត នោះ​លោក​នឹង​បាន​រស់នៅ​រហូត ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ ដោយ​ពុំ​មាន​ពេល​សម្រាប់​ប្រែ​ចិត្ត​ទេ មែន​ហើយ ឯ​ព្រះ​បន្ទូល​នៃ​ព្រះ ក៏​នឹង​ត្រូវ​លុប​ចោល​ដែរ ហើយ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​មហិមា​នឹង​ត្រូវ​ខកខាន។

ប៉ុន្តែ​មើល​ចុះ មនុស្ស​បាន​ត្រូវ​កំណត់​ឲ្យ​ស្លាប់ — ហេតុ​ដូច្នេះ​ហើយ នៅ​ពេល​គេ​ត្រូវ​កាត់​ផ្ដាច់​ពី​ដើម​ជីវិត គេ​ក៏​ត្រូវ​វិនាស​បាត់​ពី​ផ្ទៃ​ផែនដី​នេះ​ដែរ — ហើយ​មនុស្ស​ក្លាយ​ទៅ​ជា​វង្វេង​ផ្លូវ​រហូត មែន​ហើយ គេ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ធ្លាក់

ហើយ​ឥឡូវ​នេះ កូន​ឃើញ​តាម​រឿង​នេះ​ថា ឪពុក​ម្ដាយ​ដើម​របស់​យើង ត្រូវ​កាត់​ផ្ដាច់​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់ ម្ល៉ោះ​ហើយ គេ​មាន​សេរីភាព​នឹង​ធ្វើ​អ្វីៗ​តាម​ចំណង់​របស់​គេ។

ហើយ​ឥឡូវ​នេះ មើល​ចុះ វា​ពុំ​ជា​ការ​ចាំ​បាច់​ទៀត​ទេ ដែល​មនុស្ស​ត្រូវ​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម ព្រោះ​ការណ៍​នេះ​នឹង​បំផ្លាញ​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា។

ហេតុ​ដូច្នេះ​ហើយ ដោយ​ព្រលឹង​ពុំ​អាច​ស្លាប់​បាន​ឡើយ នោះ​ការ​ធ្លាក់​ត្រូវ​បាន​នាំ​មក​ដល់​មនុស្ស​លោក​នូវ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ព្រម​ទាំង​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម​ដែរ មាន​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់ គឺជា​ការ​ចាំ​បាច់​ដែល​មនុស្ស​លោក​ត្រូវ​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ។

១០ហេតុ​ដូច្នេះ​ហើយ ដោយ​មនុស្ស​ប្រកប​ដោយ​រូប​កាយ កាមរាគ និង​អាក្រក់​តាម​ធម្មជាតិ នោះ​ស្ថានភាព​សាកល្បង​នេះ បាន​ក្លាយ​ទៅ​ជា​ស្ថានភាព​មួយ​សម្រាប់​ឲ្យ​គេ​រៀបចំ គឺជា​ស្ថានភាព​រៀបចំ។

១១ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ចងចាំ​ថា បើ​សិន​ជា​ពុំ​មាន​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ទេ (ទុក​ផែន​ការ​នេះ​ដោយ​ឡែក​សិន) នៅ​ពេល​គេ​ស្លាប់​ភ្លាម​ទៅ នោះ​ព្រលឹង​របស់​គេ​នឹង​ទទួល​ទុក្ខ​វេទនា ដោយ​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់។

១២ហើយ​ឥឡូវ​នេះ គ្មាន​ផ្លូវ​នឹង​ទាមទារ​មនុស្ស​ពី​ស្ថានភាព​ធ្លាក់​នេះ​មក​វិញ​បាន​ឡើយ គឺជា​ស្ថានភាព​ដែល​មនុស្ស​បាន​នាំ​មក​លើ​ខ្លួន​ឯង ដោយ​ព្រោះ​ការ​មិន​កោតខ្លាច​របស់​គេ​ផ្ទាល់។

១៣ហេតុ​ដូច្នេះ​ហើយ ស្រប​តាម​សេចក្ដី​យុត្តិធម៌ ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ពុំ​អាច​នឹង​អនុវត្ត​បាន​ឡើយ លើកលែងតែ​លក្ខខណ្ឌ​ទាំង​ឡាយ​នៃ​ការ​ប្រែ​ចិត្ត​របស់​មនុស្ស​នៅ​ក្នុង​ស្ថានភាព​សាកល្បង​នេះ​ត្រូវ​បាន​សម្រេច មែន​ហើយ គឺ​ស្ថានភាព​សាកល្បង​នេះ ត្បិត​លើកលែង​តែ​មាន​លក្ខខណ្ឌ​ទាំង​នេះ បើ​ពុំ​នោះ​សោត​ទេ សេចក្ដី​មេត្តាករុណា​ពុំ​អាច​មាន​ប្រសិទ្ធិ​ភាព​ឡើយ លើកលែងតែ​វា​ត្រូវ​បំផ្លាញ​កិច្ចការ​នៃ​សេចក្ដី​យុត្តិធម៌​ចោល។ ឥឡូវ​នេះ កិច្ចការ​នៃ​សេចក្ដី​យុត្តិធម៌ ពុំ​អាច​នឹង​ត្រូវ​បំផ្លាញ​បាន​ឡើយ បើ​ដូច្នោះ​មែន នោះ​ព្រះ​នឹង​ឈប់​ទៅ​ជា​ព្រះ​ទៀត​ហើយ។

១៤ម្ល៉ោះ​ហើយ យើង​ឃើញ​ថា មនុស្ស​លោក​ទាំង​អស់​ត្រូវ​ធ្លាក់ ហើយ​គេ​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​សេចក្ដី​យុត្តិធម៌ មែន​ហើយ សេចក្ដី​យុត្តិធម៌​នៃ​ព្រះ ដែល​ដាក់​ទោស​ដល់​គេ ថា​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​របស់​ទ្រង់​រហូត។

១៥ហើយ​ឥឡូវ​នេះ ផែនការ​នៃ​សេចក្ដី​មេត្តាករុណា ពុំ​អាច​អនុវត្ត​ទៅ​បាន លើកលែង​តែ​មាន​ដង្វាយ​ធួន​កើត​ឡើង ហេតុដូច្នេះ​ហើយ ព្រះ​អង្គ​ទ្រង់​ផ្ទាល់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​ដើម្បី​នាំ​មក​នូវ​ផែនការ​នៃ​សេចក្ដី​មេត្តាករុណា ដើម្បី​ធ្វើ​ឲ្យ​ស្កប់​ស្កល់​ដល់​ការ​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ដើម្បី​ព្រះ​ជា​ព្រះ​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​ត្រឹម​ត្រូវ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​ផង។

១៦ឥឡូវ​នេះ ការ​ប្រែ​ចិត្ត​ពុំ​អាច​មាន​ដល់​មនុស្ស​ទេ លើកលែងតែ​មាន​ទោស​ដែល​នៅ​អស់​កល្ប​ជានិច្ច ដូច​ជា​ជីវិត​នៃ​ព្រលឹង​ដែរ ដែល​បាន​ភ្ជាប់​ទុក ផ្ទុយ​ទៅ​នឹង​ផែនការ​នៃ​សុភមង្គល ដែល​នៅ​អស់​កល្ប​ជានិច្ច ដូច​ជា​ជីវិត​នៃ​ព្រលឹង​ដែរ។

១៧ឥឡូវ​នេះ តើ​មនុស្ស​អាច​ប្រែ​ចិត្ត​ម្ដេច​កើត លើកលែងតែ​គេ​បាន​ធ្វើ​បាប? តើ​ធ្វើ​ម្ដេច​ឲ្យ​មនុស្ស​មាន​បាប បើ​សិន​ជា​គ្មាន​ច្បាប់? ហើយ​ធ្វើ​ម្ដេច​អាច​មាន​ច្បាប់​បាន លើកលែងតែ​មាន​ទោស?

១៨ឥឡូវ​នេះ មាន​ទោស​ដែល​បាន​ភ្ជាប់​ទុក ហើយ​ច្បាប់​ដ៏​ត្រឹម​ត្រូវ​បាន​ដាក់​ឡើង ដែល​នាំ​មក​នូវ​ការ​សោកស្ដាយ​នៅ​ក្នុង​ស្មារតី​មនុស្ស។

១៩ឥឡូវ​នេះ បើ​សិន​ជា​គ្មាន​ច្បាប់​ចែង​ឡើង — ថា​បើ​សិន​ជា​មនុស្ស​ធ្វើ​ឃាត នោះ​គេ​ត្រូវ​ស្លាប់ — តើ​អ្នក​នោះ​ខ្លាច​ស្លាប់​ទេ បើ​សិន​ជា​គេ​ធ្វើ​ឃាត?

២០ហើយ​ម្យ៉ាង​ទៀត បើ​សិន​ជា​គ្មាន​ច្បាប់​ទាស់​នឹង​អំពើ​បាប​ទេ នោះ​មនុស្ស​នឹង​ពុំ​ខ្លាច​នឹង​ធ្វើ​បាប​ឡើយ។

២១ហើយ​បើ​សិន​ជា​គ្មាន​ច្បាប់​ចែង​ឡើង​ថា បើ​សិន​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប តើ​សេចក្ដី​យុត្តិធម៌​អាច​ធ្វើ​អ្វី​កើត? ឬ​សេចក្ដី​មេត្តា​ករុណា​ក៏​ដូច្នោះ​ដែរ ព្រោះ​សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​មេត្តាករុណា​គ្មាន​អំណាច​អ្វី​ដល់​មនុស្ស​លោក​ទេ។

២២ប៉ុន្តែ​មាន​ច្បាប់​មួយ​បាន​តែង​ឡើង និង​ទោស​មួយ​បាន​ភ្ជាប់​ទុក និង​ការ​ប្រែ​ចិត្ត​មួយ​បាន​ប្រទាន​ឲ្យ​ជា​ការ​ប្រែ​ចិត្ត ដែល​ទាម​ទារ​ដោយ​សេចក្ដី​មេត្តាករុណា បើ​ពុំ​នោះ​សោត​ទេ សេចក្ដី​យុត្តិធម៌​ទាមទារ​សត្វលោក ហើយ​អនុវត្ត​ច្បាប់ ហើយ​ច្បាប់​ធ្វើ​ទុក្ខ​ទោស បើ​ពុំ​នោះ​សោត​ទេ កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​យុត្តិធម៌ នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ព្រះ​ទ្រង់​នឹង​ឈប់​ទៅ​ជា​ព្រះ​ទៀត​ហើយ។

២៣ប៉ុន្តែ​ព្រះ​ទ្រង់​មិន​ឈប់​ធ្វើ​ជា​ព្រះ​ទេ ឯ​សេចក្ដី​មេត្តាករុណា​ការ​ពារ​ដល់​ជន​ណា​ដែល​ប្រែ​ចិត្ត ហើយ​សេចក្ដី​មេត្តាករុណា​បាន​មក ដោយ​សារ​ដង្វាយ​ធួន ឯ​ដង្វាយ​ធួន​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់ ហើយ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់ នឹង​នាំ​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​វត្ត​មាន​នៃ​ព្រះ​វិញ ម្ល៉ោះ​ហើយ គេ​នឹង​បាន​សាង​ឡើង​វិញ នៅ​ឯ​វត្ត​មាន​របស់​ទ្រង់ ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន គឺ​ស្រប​តាម​ច្បាប់ និង​សេចក្ដី​យុត្តិធម៌។

២៤ត្បិត​មើល​ចុះ សេចក្ដី​យុត្តិធម៌​អនុវត្ត​នូវ​សេចក្ដី​ទាមទារ​ទាំង​អស់​របស់​វា ឯ​សេចក្ដី​មេត្តាករុណា​ក៏​ទាមទារ​នូវ​អ្វីៗ​ដែល​នៅ​ក្នុង​អំណាច​របស់​វា​ដែរ ម្ល៉ោះ​ហើយ គ្មាន​នរណា​ឡើយ​ក្រៅ​ពី​ជន​ដែល​ប្រែ​ចិត្ត ដែល​នឹង​បាន​សង្គ្រោះ។

២៥តើ​កូន​គិត​ស្មាន​ថា សេចក្ដី​មេត្តាករុណា​អាច​កោង​សេចក្ដី​យុត្តិធម៌​បាន​ឬ? ឪពុក​ប្រាប់​កូន​ថា ៖ ទេ ពុំ​អាច​ទាល់​តែ​សោះ។ បើ​ដូច្នោះ​មែន នោះ​ព្រះ​ទ្រង់​នឹង​ពុំ​មែន​ជា​ព្រះ​ទៀត​ទេ។

២៦ម្ល៉ោះ​ហើយ ព្រះ​ទ្រង់​បាន​នាំ​មក​នូវ​គោលបំណង​ទាំង​ឡាយ​ដ៏​មហិមា ហើយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ឡើង ចាប់​តាំង​ពី​កំណើត​លោកិយ​មក។ ម្ល៉ោះ​ហើយ ទើប​មាន​សេចក្ដី​សង្គ្រោះ និង​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស និង​សេចក្ដី​បំផ្លិចបំផ្លាញ និង​សេចក្ដី​ទុក្ខ​វេទនា​ដល់​គេ​ផង​ដែរ។

២៧ហេតុ​ដូច្នេះ​ហើយ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ អស់​អ្នក​ណា​ដែល​ចង់​មក​អាច​មក ហើយ​ទទួល​ទាន​ទឹក​នៃ​ជីវិត​ដោយ​សេរី​ចុះ ឯ​អស់​អ្នក​ណា​ដែល​ពុំ​ចង់​មក​ទេ គេ​ក៏​ពុំ​ត្រូវ​បង្ខិតបង្ខំ​ឲ្យ​មក​ដែរ ប៉ុន្តែ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ នឹង​ត្រូវ​បាន​សាង​ដល់​គេ​វិញ ស្រប​តាម​អ្វីៗ ដែល​គេ​បាន​ប្រព្រឹត្ត

២៨បើ​សិន​ជា​អ្នក​នោះ​មាន​បំណង​ចង់​ធ្វើ​អាក្រក់ ហើយ​ពុំ​បាន​ប្រែ​ចិត្ត​នៅ​ក្នុង​ជីវិត​គេ​ទេ មើល​ចុះ អំពើ​អាក្រក់​នោះ​នឹង​ត្រូវ​ឲ្យ​ទៅ​គេ​វិញ ស្រប​តាម​ការ​សាង​ឡើង​វិញ​នៃ​ព្រះ។

២៩ហើយ​ឥឡូវ​នេះ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ពុំ​មាន​បំណង​ចង់​ឲ្យ​រឿង​ទាំង​នេះ ធ្វើ​ឲ្យ​កូន​កង្វល់​ចិត្ត​ត​ទៅ​ទៀត​ទេ ហើយ​ទុក​ឲ្យ​តែ​អំពើ​បាប​របស់​កូន​បារម្ភ​ដល់​កូន​តែប៉ុណ្ណោះ​បាន​ហើយ គឺ​ការ​បារម្ភ​នេះ​ហើយ ដែល​អាច​ញ៉ាំង​ឲ្យ​កូន​ប្រែ​ចិត្ត។

៣០ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​មាន​បំណង​ចង់​ឲ្យ​កូន​ឈប់​បដិសេធ​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​ត​ទៅ​ទៀត។ ចូរ​កូន​កុំ​ខិតខំ​ដោះ​សារ​ខ្លួន​ដោយ​នូវ​ចំណុច​តូចតាច ដោយ​ព្រោះ​អំពើ​បាប​ទាំង​ឡាយ​របស់​កូន ដោយ​បដិសេធ​នូវ​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​ឡើយ។ ប៉ុន្តែ​ចូរ​កូន​ទុក​ឲ្យ​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ និង​សេចក្ដី​អត់ធ្មត់​របស់​ទ្រង់ មាន​ប្រសិទ្ធភាព​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​ចិត្ត​កូន​ចុះ ហើយ​ទុក​ឲ្យ​ការណ៍​ទាំង​នេះ នាំ​កូន​ចុះ​ទៅ​ដល់​ធូលី​ដី​ក្នុង​ភាព​រាបសា។

៣១ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ព្រះ​ទ្រង់​បាន​ហៅ​ឲ្យ​កូន​ផ្សាយ​ព្រះ​បន្ទូល ដល់​ប្រជាជន​នេះ។ ហើយ​ឥឡូវ​នេះ កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ចុះ ទៅ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល ដោយ​ការ​ពិត និង​ការ​ម៉ឺងម៉ាត់​ដើម្បី​កូន​អាច​នាំ​មនុស្ស​ទាំង​ឡាយ​ទៅ​រក​ការ​ប្រែ​ចិត្ត ដើម្បី​ឲ្យ​ផែនការ​នៃ​សេចក្ដី​មេត្តាករុណា​ដ៏​មហិមា អាច​ទាមទារ​រក​គេ​ផង។ ហើយ​សូម​ឲ្យ​ព្រះ​ប្រទាន​ដល់​កូន ស្រប​តាម​ពាក្យ​ពេចន៍​របស់​ឪពុក​ផង​ចុះ។ អាម៉ែន៕