ជំពូកទី ៤២
ការរស់នៅជាមនុស្សលោកនេះ គឺជាពេលវេលាសាកល្បង ដើម្បីឲ្យមនុស្សអាចប្រែចិត្ត ហើយបម្រើព្រះ — ការធ្លាក់បាននាំមកនូវសេចក្ដីស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណ មកដល់មនុស្សលោកទាំងអស់ — សេចក្ដីប្រោសលោះកើតឡើងតាមរយៈការប្រែចិត្ត — ព្រះអង្គផ្ទាល់នឹងធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក — សេចក្ដីមេត្តាករុណាបានដល់ជនណាដែលប្រែចិត្ត — អស់អ្នកផ្សេងទៀតនៅក្រោមសេចក្ដីយុត្តិធម៌នៃព្រះ — សេចក្ដីមេត្តាករុណាបានមកដោយសារដង្វាយធួន — មានតែជនដែលប្រែចិត្តដ៏ពិតប្រាកដប៉ុណ្ណោះដែលបានសង្គ្រោះ។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកយល់ឃើញថា នៅមានការខ្លះទៀត ដែលធ្វើឲ្យកូនកង្វល់ក្នុងគំនិត ដែលកូនពុំអាចយល់ — គឺជារឿងស្ដីអំពីសេចក្ដីយុត្តិធម៌នៃព្រះក្នុងការធ្វើទោសដល់ជនដែលមានបាប ព្រោះកូនខំគិតស្មានថា ជាការអយុត្តិធម៌ ដែលជនមានបាបត្រូវដាក់ទៅក្នុងស្ថានភាពទុក្ខវេទនា។
២ឥឡូវនេះ មើលចុះ កូនប្រុសរបស់ឪពុកអើយ ឪពុកនឹងពន្យល់រឿងនេះប្រាប់ដល់កូន។ ត្បិតមើលចុះ បន្ទាប់ពីព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បណ្ដេញឪពុកម្ដាយដើមរបស់យើងចេញពីសួនច្បារអេដែនឲ្យទៅភ្ជួររាស់ដី ដែលទ្រង់បានយកមកបង្កើតពួកគេ — មែនហើយ ទ្រង់បានបណ្ដេញមនុស្សចេញ ហើយទ្រង់បានដាក់នៅទិសខាងកើតនៃសួនច្បារអេដែន នូវចេរូប៊ីន និងដាវដែលមានអណ្ដាតភ្លើង ដែលរេបែរគ្រប់ទិសដើម្បីនឹងរក្សាដើមជីវិត —
៣ឥឡូវនេះ យើងឃើញថា មនុស្សបានក្លាយទៅដូចព្រះ ដោយដឹងខុស និងត្រូវ ហើយដោយខ្លាចក្រែងមនុស្សលូកដៃទៅបេះផ្លែនៃដើមជីវិតមកបរិភោគ ហើយរស់នៅរហូត ទើបព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ដាក់ចេរូប៊ីន និងដាវដែលមានអណ្ដាតភ្លើង ដើម្បីកុំឲ្យមនុស្សអាចទទួលទានផ្លែឈើនោះបាន —
៤ម្ល៉ោះហើយ យើងឃើញថា មានពេលមួយដែលទុកសម្រាប់ឲ្យមនុស្សប្រែចិត្ត មែនហើយ ជាពេលសាកល្បង ជាពេលមួយដើម្បីប្រែចិត្ត ហើយបម្រើព្រះ។
៥ត្បិតមើលចុះ បើសិនជាលោកអ័ដាមបានលូកដៃភ្លាមទៅបេះ ហើយទទួលទាននូវផ្លែនៃដើមជីវិត នោះលោកនឹងបានរស់នៅរហូត ស្របតាមព្រះបន្ទូលនៃព្រះ ដោយពុំមានពេលសម្រាប់ប្រែចិត្តទេ មែនហើយ ឯព្រះបន្ទូលនៃព្រះ ក៏នឹងត្រូវលុបចោលដែរ ហើយផែនការនៃសេចក្ដីសង្គ្រោះដ៏មហិមានឹងត្រូវខកខាន។
៦ប៉ុន្តែមើលចុះ មនុស្សបានត្រូវកំណត់ឲ្យស្លាប់ — ហេតុដូច្នេះហើយ នៅពេលគេត្រូវកាត់ផ្ដាច់ពីដើមជីវិត គេក៏ត្រូវវិនាសបាត់ពីផ្ទៃផែនដីនេះដែរ — ហើយមនុស្សក្លាយទៅជាវង្វេងផ្លូវរហូត មែនហើយ គេបានក្លាយទៅជាមនុស្សដែលធ្លាក់។
៧ហើយឥឡូវនេះ កូនឃើញតាមរឿងនេះថា ឪពុកម្ដាយដើមរបស់យើង ត្រូវកាត់ផ្ដាច់ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ចេញពីវត្តមាននៃព្រះអម្ចាស់ ម្ល៉ោះហើយ គេមានសេរីភាពនឹងធ្វើអ្វីៗតាមចំណង់របស់គេ។
៨ហើយឥឡូវនេះ មើលចុះ វាពុំជាការចាំបាច់ទៀតទេ ដែលមនុស្សត្រូវរួចផុតពីសេចក្ដីស្លាប់ខាងសាច់ឈាម ព្រោះការណ៍នេះនឹងបំផ្លាញផែនការនៃសុភមង្គលដ៏មហិមា។
៩ហេតុដូច្នេះហើយ ដោយព្រលឹងពុំអាចស្លាប់បានឡើយ នោះការធ្លាក់ត្រូវបាននាំមកដល់មនុស្សលោកនូវសេចក្ដីស្លាប់ខាងវិញ្ញាណ ព្រមទាំងសេចក្ដីស្លាប់ខាងសាច់ឈាមដែរ មានន័យថា ពួកគេនឹងត្រូវកាត់ចេញពីវត្តមាននៃព្រះអម្ចាស់ គឺជាការចាំបាច់ដែលមនុស្សលោកត្រូវរួចផុតពីសេចក្ដីស្លាប់ខាងវិញ្ញាណ។
១០ហេតុដូច្នេះហើយ ដោយមនុស្សប្រកបដោយរូបកាយ កាមរាគ និងអាក្រក់តាមធម្មជាតិ នោះស្ថានភាពសាកល្បងនេះ បានក្លាយទៅជាស្ថានភាពមួយសម្រាប់ឲ្យគេរៀបចំ គឺជាស្ថានភាពរៀបចំ។
១១ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ចូរចងចាំថា បើសិនជាពុំមានផែនការនៃសេចក្ដីប្រោសលោះទេ (ទុកផែនការនេះដោយឡែកសិន) នៅពេលគេស្លាប់ភ្លាមទៅ នោះព្រលឹងរបស់គេនឹងទទួលទុក្ខវេទនា ដោយត្រូវកាត់ចេញពីវត្តមាននៃព្រះអម្ចាស់។
១២ហើយឥឡូវនេះ គ្មានផ្លូវនឹងទាមទារមនុស្សពីស្ថានភាពធ្លាក់នេះមកវិញបានឡើយ គឺជាស្ថានភាពដែលមនុស្សបាននាំមកលើខ្លួនឯង ដោយព្រោះការមិនកោតខ្លាចរបស់គេផ្ទាល់។
១៣ហេតុដូច្នេះហើយ ស្របតាមសេចក្ដីយុត្តិធម៌ ផែនការនៃសេចក្ដីប្រោសលោះពុំអាចនឹងអនុវត្តបានឡើយ លើកលែងតែលក្ខខណ្ឌទាំងឡាយនៃការប្រែចិត្តរបស់មនុស្សនៅក្នុងស្ថានភាពសាកល្បងនេះត្រូវបានសម្រេច មែនហើយ គឺស្ថានភាពសាកល្បងនេះ ត្បិតលើកលែងតែមានលក្ខខណ្ឌទាំងនេះ បើពុំនោះសោតទេ សេចក្ដីមេត្តាករុណាពុំអាចមានប្រសិទ្ធិភាពឡើយ លើកលែងតែវាត្រូវបំផ្លាញកិច្ចការនៃសេចក្ដីយុត្តិធម៌ចោល។ ឥឡូវនេះ កិច្ចការនៃសេចក្ដីយុត្តិធម៌ ពុំអាចនឹងត្រូវបំផ្លាញបានឡើយ បើដូច្នោះមែន នោះព្រះនឹងឈប់ទៅជាព្រះទៀតហើយ។
១៤ម្ល៉ោះហើយ យើងឃើញថា មនុស្សលោកទាំងអស់ត្រូវធ្លាក់ ហើយគេនៅក្នុងកណ្ដាប់ដៃនៃសេចក្ដីយុត្តិធម៌ មែនហើយ សេចក្ដីយុត្តិធម៌នៃព្រះ ដែលដាក់ទោសដល់គេ ថាត្រូវកាត់ចេញពីវត្តមានរបស់ទ្រង់រហូត។
១៥ហើយឥឡូវនេះ ផែនការនៃសេចក្ដីមេត្តាករុណា ពុំអាចអនុវត្តទៅបាន លើកលែងតែមានដង្វាយធួនកើតឡើង ហេតុដូច្នេះហើយ ព្រះអង្គទ្រង់ផ្ទាល់បានធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោកដើម្បីនាំមកនូវផែនការនៃសេចក្ដីមេត្តាករុណា ដើម្បីធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ ដើម្បីព្រះជាព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង។
១៦ឥឡូវនេះ ការប្រែចិត្តពុំអាចមានដល់មនុស្សទេ លើកលែងតែមានទោសដែលនៅអស់កល្បជានិច្ច ដូចជាជីវិតនៃព្រលឹងដែរ ដែលបានភ្ជាប់ទុក ផ្ទុយទៅនឹងផែនការនៃសុភមង្គល ដែលនៅអស់កល្បជានិច្ច ដូចជាជីវិតនៃព្រលឹងដែរ។
១៧ឥឡូវនេះ តើមនុស្សអាចប្រែចិត្តម្ដេចកើត លើកលែងតែគេបានធ្វើបាប? តើធ្វើម្ដេចឲ្យមនុស្សមានបាប បើសិនជាគ្មានច្បាប់? ហើយធ្វើម្ដេចអាចមានច្បាប់បាន លើកលែងតែមានទោស?
១៨ឥឡូវនេះ មានទោសដែលបានភ្ជាប់ទុក ហើយច្បាប់ដ៏ត្រឹមត្រូវបានដាក់ឡើង ដែលនាំមកនូវការសោកស្ដាយនៅក្នុងស្មារតីមនុស្ស។
១៩ឥឡូវនេះ បើសិនជាគ្មានច្បាប់ចែងឡើង — ថាបើសិនជាមនុស្សធ្វើឃាត នោះគេត្រូវស្លាប់ — តើអ្នកនោះខ្លាចស្លាប់ទេ បើសិនជាគេធ្វើឃាត?
២០ហើយម្យ៉ាងទៀត បើសិនជាគ្មានច្បាប់ទាស់នឹងអំពើបាបទេ នោះមនុស្សនឹងពុំខ្លាចនឹងធ្វើបាបឡើយ។
២១ហើយបើសិនជាគ្មានច្បាប់ចែងឡើងថា បើសិនជាមនុស្សប្រព្រឹត្តអំពើបាប តើសេចក្ដីយុត្តិធម៌អាចធ្វើអ្វីកើត? ឬសេចក្ដីមេត្តាករុណាក៏ដូច្នោះដែរ ព្រោះសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាគ្មានអំណាចអ្វីដល់មនុស្សលោកទេ។
២២ប៉ុន្តែមានច្បាប់មួយបានតែងឡើង និងទោសមួយបានភ្ជាប់ទុក និងការប្រែចិត្តមួយបានប្រទានឲ្យជាការប្រែចិត្ត ដែលទាមទារដោយសេចក្ដីមេត្តាករុណា បើពុំនោះសោតទេ សេចក្ដីយុត្តិធម៌ទាមទារសត្វលោក ហើយអនុវត្តច្បាប់ ហើយច្បាប់ធ្វើទុក្ខទោស បើពុំនោះសោតទេ កិច្ចការទាំងឡាយនៃសេចក្ដីយុត្តិធម៌ នឹងត្រូវបំផ្លាញចោល ហើយព្រះទ្រង់នឹងឈប់ទៅជាព្រះទៀតហើយ។
២៣ប៉ុន្តែព្រះទ្រង់មិនឈប់ធ្វើជាព្រះទេ ឯសេចក្ដីមេត្តាករុណាការពារដល់ជនណាដែលប្រែចិត្ត ហើយសេចក្ដីមេត្តាករុណាបានមក ដោយសារដង្វាយធួន ឯដង្វាយធួននឹងនាំមកនូវដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ហើយដំណើររស់ឡើងវិញដល់មនុស្សស្លាប់ នឹងនាំមនុស្សឲ្យត្រឡប់ទៅវត្តមាននៃព្រះវិញ ម្ល៉ោះហើយ គេនឹងបានសាងឡើងវិញ នៅឯវត្តមានរបស់ទ្រង់ ដើម្បីទទួលការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយរបស់ខ្លួន គឺស្របតាមច្បាប់ និងសេចក្ដីយុត្តិធម៌។
២៤ត្បិតមើលចុះ សេចក្ដីយុត្តិធម៌អនុវត្តនូវសេចក្ដីទាមទារទាំងអស់របស់វា ឯសេចក្ដីមេត្តាករុណាក៏ទាមទារនូវអ្វីៗដែលនៅក្នុងអំណាចរបស់វាដែរ ម្ល៉ោះហើយ គ្មាននរណាឡើយក្រៅពីជនដែលប្រែចិត្ត ដែលនឹងបានសង្គ្រោះ។
២៥តើកូនគិតស្មានថា សេចក្ដីមេត្តាករុណាអាចកោងសេចក្ដីយុត្តិធម៌បានឬ? ឪពុកប្រាប់កូនថា ៖ ទេ ពុំអាចទាល់តែសោះ។ បើដូច្នោះមែន នោះព្រះទ្រង់នឹងពុំមែនជាព្រះទៀតទេ។
២៦ម្ល៉ោះហើយ ព្រះទ្រង់បាននាំមកនូវគោលបំណងទាំងឡាយដ៏មហិមា ហើយដ៏នៅអស់កល្បជានិច្ច ដែលបានរៀបចំឡើង ចាប់តាំងពីកំណើតលោកិយមក។ ម្ល៉ោះហើយ ទើបមានសេចក្ដីសង្គ្រោះ និងសេចក្ដីប្រោសលោះដល់មនុស្ស និងសេចក្ដីបំផ្លិចបំផ្លាញ និងសេចក្ដីទុក្ខវេទនាដល់គេផងដែរ។
២៧ហេតុដូច្នេះហើយ ឱកូនប្រុសរបស់ឪពុកអើយ អស់អ្នកណាដែលចង់មកអាចមក ហើយទទួលទានទឹកនៃជីវិតដោយសេរីចុះ ឯអស់អ្នកណាដែលពុំចង់មកទេ គេក៏ពុំត្រូវបង្ខិតបង្ខំឲ្យមកដែរ ប៉ុន្តែនៅថ្ងៃចុងក្រោយបង្អស់ នឹងត្រូវបានសាងដល់គេវិញ ស្របតាមអ្វីៗ ដែលគេបានប្រព្រឹត្ត។
២៨បើសិនជាអ្នកនោះមានបំណងចង់ធ្វើអាក្រក់ ហើយពុំបានប្រែចិត្តនៅក្នុងជីវិតគេទេ មើលចុះ អំពើអាក្រក់នោះនឹងត្រូវឲ្យទៅគេវិញ ស្របតាមការសាងឡើងវិញនៃព្រះ។
២៩ហើយឥឡូវនេះ កូនប្រុសរបស់ឪពុកអើយ ឪពុកពុំមានបំណងចង់ឲ្យរឿងទាំងនេះ ធ្វើឲ្យកូនកង្វល់ចិត្តតទៅទៀតទេ ហើយទុកឲ្យតែអំពើបាបរបស់កូនបារម្ភដល់កូនតែប៉ុណ្ណោះបានហើយ គឺការបារម្ភនេះហើយ ដែលអាចញ៉ាំងឲ្យកូនប្រែចិត្ត។
៣០ឱកូនប្រុសរបស់ឪពុកអើយ ឪពុកមានបំណងចង់ឲ្យកូនឈប់បដិសេធសេចក្ដីយុត្តិធម៌នៃព្រះតទៅទៀត។ ចូរកូនកុំខិតខំដោះសារខ្លួនដោយនូវចំណុចតូចតាច ដោយព្រោះអំពើបាបទាំងឡាយរបស់កូន ដោយបដិសេធនូវសេចក្ដីយុត្តិធម៌នៃព្រះឡើយ។ ប៉ុន្តែចូរកូនទុកឲ្យសេចក្ដីយុត្តិធម៌នៃព្រះ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ និងសេចក្ដីអត់ធ្មត់របស់ទ្រង់ មានប្រសិទ្ធភាពយ៉ាងពេញទំហឹងនៅក្នុងចិត្តកូនចុះ ហើយទុកឲ្យការណ៍ទាំងនេះ នាំកូនចុះទៅដល់ធូលីដីក្នុងភាពរាបសា។
៣១ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ព្រះទ្រង់បានហៅឲ្យកូនផ្សាយព្រះបន្ទូល ដល់ប្រជាជននេះ។ ហើយឥឡូវនេះ កូនប្រុសរបស់ឪពុកអើយ ចូរកូនធ្វើដំណើរទៅចុះ ទៅប្រកាសប្រាប់ព្រះបន្ទូល ដោយការពិត និងការម៉ឺងម៉ាត់ដើម្បីកូនអាចនាំមនុស្សទាំងឡាយទៅរកការប្រែចិត្ត ដើម្បីឲ្យផែនការនៃសេចក្ដីមេត្តាករុណាដ៏មហិមា អាចទាមទាររកគេផង។ ហើយសូមឲ្យព្រះប្រទានដល់កូន ស្របតាមពាក្យពេចន៍របស់ឪពុកផងចុះ។ អាម៉ែន៕