ជំពូកទី ២៦
សមាជិកនៃសាសនាចក្រជាច្រើននាក់ ត្រូវមនុស្សឥតជំនឿដឹកនាំឲ្យធ្វើបាប — អាលម៉ាត្រូវបានសន្យាឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច — អស់អ្នកណាដែលប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក នោះបានការអភ័យទោស — សមាជិកនៃសាសនាចក្រដែលមានបាប ហើយប្រែចិត្ត ហើយសារភាពចំពោះអាលម៉ា និងចំពោះព្រះ នឹងបានអភ័យទោស បើពុំនោះសោតទេ ពួកគេនឹងមិនត្រូវបានរាប់ចូលក្នុងចំណោមប្រជាជននៃសាសនាចក្រឡើយ។ ប្រមាណជាឆ្នាំ ១២០–១០០ ម.គ.ស.។
១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា មានមនុស្សជាច្រើននៃជំនាន់ដែលកំពុងពេញវ័យ ដែលពុំអាចយល់នូវពាក្យពេចន៍នៃស្ដេចបេនយ៉ាមីនបានឡើយ ដោយខ្លួននៅក្មេងពេក ក្នុងកាលទ្រង់បានមានបន្ទូលទៅកាន់ប្រជាជនទ្រង់ ហើយពួកគេពុំបានជឿតាមសណ្ដាប់នៃពួកអយ្យកោរបស់គេទេ។
២ពួកគេពុំបានជឿនូវអ្វីដែលបាននិយាយអំពីដំណើររស់ឡើងវិញនៃមនុស្សស្លាប់ឡើយ ហើយគេក៏ពុំជឿអំពីការយាងមកនៃព្រះគ្រីស្ទដែរ។
៣ហើយឥឡូវនេះ ពីព្រោះតែការឥតជំនឿរបស់គេ នោះពួកគេពុំអាចយល់នូវព្រះបន្ទូលនៃព្រះបានឡើយ ឯចិត្តគេត្រឡប់ជារឹងរូសទៅវិញ។
៤ហើយពួកគេមិនព្រមទទួលបុណ្យជ្រមុជទឹកទេ ពួកគេក៏មិនព្រមចូលរួមនឹងសាសនាចក្រដែរ។ ហើយពួកគេជាមនុស្សដោយឡែក ស្របតាមសេចក្ដីជំនឿរបស់គេ ហើយនៅជាយ៉ាងនេះរហូតតទៅ គឺនៅក្នុងស្ថានភាពរបស់គេដែលប្រកបដោយរូបកាយ និងអំពើបាប ព្រោះពួកគេពុំព្រមអំពាវនាវដល់ព្រះអម្ចាស់ ជាព្រះរបស់គេឡើយ។
៥ហើយឥឡូវនេះ នៅក្នុងរាជ្យម៉ូសាយ ពួកគេមានចំនួនមិនស្មើនឹងពាក់កណ្ដាលចំនួននៃរាស្ត្ររបស់ព្រះទេ ប៉ុន្តែដោយសារការបែកបាក់គ្នានៅក្នុងចំណោមបងប្អូន នោះពួកគេបានក្លាយទៅមានចំនួនច្រើនឡើង។
៦ត្បិតហេតុការណ៍បានកើតឡើងថា ពួកគេបានបញ្ឆោតមនុស្សជាច្រើន ដោយពាក្យបញ្ជោររបស់គេ គឺពួកអ្នកដែលនៅក្នុងសាសនាចក្រ ហើយបានធ្វើឲ្យអ្នកទាំងនោះប្រព្រឹត្តអំពើបាបជាច្រើន ហេតុដូច្នេះហើយ ជាការចាំបាច់ថា អស់អ្នកណាដែលនៅក្នុងសាសនាចក្រ ដែលប្រព្រឹត្តអំពើបាប នោះសាសនាចក្រត្រូវព្រមានដាស់តឿន។
៧ហើយហេតុការណ៍បានកើតឡើងថា ពួកគេត្រូវបាននាំទៅខាងមុខពួកសង្ឃ ហើយពួកគ្រូបង្រៀនបានប្រគល់គេទៅឲ្យពួកសង្ឃ ឯពួកសង្ឃបាននាំគេទៅខាងមុខអាលម៉ា ជាសង្ឃជាន់ខ្ពស់។
៨ឥឡូវនេះ ស្ដេចម៉ូសាយបានប្រទានឲ្យអាលម៉ាមានសិទ្ធិអំណាចលើសាសនាចក្រ។
៩ហើយហេតុការណ៍បានកើតឡើងថា អាលម៉ាពុំបានដឹងអំពីពួកគេទេ តែមានសាក្សីចោទពួកគេជាច្រើន មែនហើយ មនុស្សទាំងឡាយបានឈរ ហើយធ្វើបន្ទាល់អំពីអំពើទុច្ចរិតដ៏ច្រើនរបស់គេ។
១០ឥឡូវនេះ ពុំដែលមានរឿងបែបនេះកើតឡើងនៅក្នុងសាសនាចក្រពីមុនសោះ ហេតុដូច្នេះហើយ អាលម៉ាកើតក្ដីតប់ប្រមល់នៅក្នុងវិញ្ញាណលោក ហើយលោកបានឲ្យនាំពួកនោះទៅគាល់ស្ដេច។
១១ហើយលោកទូលស្ដេចថា ៖ មើលចុះ យើងខ្ញុំបាននាំមនុស្សជាច្រើនមកចំពោះទ្រង់ ជាអ្នកដែលត្រូវបងប្អូនគេចោទប្រកាន់ មែនហើយ ហើយពួកគេត្រូវចាប់បានកាលកំពុងតែប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ។ ហើយពួកគេពុំប្រែចិត្តចំពោះអំពើទុច្ចរិតទាំងឡាយរបស់ខ្លួនឡើយ ហេតុដូច្នេះហើយ យើងខ្ញុំបាននាំពួកគេមកចំពោះទ្រង់ ដើម្បីទ្រង់អាចកាត់ក្ដីពួកគេ តាមអំពើឧក្រិដ្ឋទាំងឡាយរបស់ពួកគេចុះ។
១២ប៉ុន្តែ ស្ដេចម៉ូសាយមានបន្ទូលទៅកាន់អាលម៉ាថា ៖ មើលចុះ យើងពុំកាត់ក្ដីពួកគេទេ ហេតុដូច្នេះហើយ យើងប្រគល់គេទៅក្នុងដៃអ្នកដើម្បីកាត់ក្ដីវិញ។
១៣ហើយឥឡូវនេះ វិញ្ញាណអាលម៉ាក៏កើតក្ដីតប់ប្រមល់ទៀត ហើយលោកបានទៅទូលសួរដល់ព្រះអម្ចាស់ថា តើលោកត្រូវធ្វើយ៉ាងណាអំពីរឿងនេះ ព្រោះលោកខ្លាចក្រែងធ្វើខុសនៅចំពោះព្រះនេត្រព្រះ។
១៤ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីលោកបានថ្វាយព្រលឹងលោកទាំងមូលដល់ព្រះហើយ នោះស្រាប់តែសំឡេងនៃព្រះអម្ចាស់បានបន្លឺមកលោកថា ៖
១៥ឱអាលម៉ាអើយ អ្នកមានពរហើយ ហើយមានពរដល់អស់អ្នកណាដែលទទួលបុណ្យជ្រមុជទឹកនៅក្នុងទឹកមរមន។ អ្នកបានពរ ដោយព្រោះសេចក្ដីជំនឿដ៏លើសលប់របស់អ្នក ដល់ពាក្យសម្ដីរបស់អ័ប៊ីណាដៃ ជាអ្នកបម្រើរបស់យើងប៉ុណ្ណោះ។
១៦ហើយមានពរហើយ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿដ៏លើសលប់ទៅលើពាក្យសម្ដី ដែលអ្នកបាននិយាយទៅកាន់ពួកគេប៉ុណ្ណោះ។
១៧ហើយអ្នកមានពរ ពីព្រោះអ្នកបានតាំងសាសនាចក្រមួយឡើង នៅក្នុងចំណោមប្រជាជននេះ ហើយពួកគេនឹងត្រូវបានតាំងឡើង ហើយពួកគេនឹងត្រូវបានទៅជារាស្ត្ររបស់យើង។
១៨មែនហើយ មានពរហើយ ដល់ប្រជាជននេះ ដែលស្ម័គ្រចិត្តលើកយកនាមយើង ត្បិតដោយនូវនាមយើងនេះហើយដែលពួកគេនឹងត្រូវបានហៅ ហើយពួកគេជារាស្ត្ររបស់យើង។
១៩ហើយពីព្រោះអ្នកបានសួរយើងអំពីពួករំលងច្បាប់ នោះអ្នកមានពរហើយ។
២០អ្នកជាអ្នកបម្រើរបស់យើង ហើយយើងធ្វើសេចក្ដីសញ្ញាជាមួយនឹងអ្នកថា អ្នកនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយអ្នកត្រូវបម្រើយើង ហើយចេញទៅក្នុងនាមយើង ហើយត្រូវប្រមូលចៀមរបស់យើង។
២១ហើយអ្នកណាដែលព្រមស្ដាប់តាមសំឡេងយើង នោះនឹងទៅជាចៀមរបស់យើង ហើយអ្នកត្រូវទទួលអ្នកនោះចូលក្នុងសាសនាចក្រ ហើយយើងក៏នឹងទទួលអ្នកនោះដែរ។
២២ត្បិតមើលចុះ នេះជាសាសនាចក្ររបស់យើង អស់អ្នកណាដែលទទួលបុណ្យជ្រមុជទឹក នោះត្រូវទទួលបុណ្យជ្រមុជទឹកចំពោះការប្រែចិត្ត។ ហើយអស់អ្នកណាដែលអ្នកទទួល នោះត្រូវជឿដល់នាមយើង ហើយយើងនឹងអត់ទោសឲ្យអ្នកនោះដោយសេរី។
២៣ត្បិតគឺយើងនេះហើយដែលទទួលយកអំពើបាបទាំងឡាយនៃមនុស្សលោកមកលើខ្លួន ត្បិតគឺយើងនេះហើយដែលបានបង្កើតគេមក ហើយគឺយើងនេះហើយដែលបានប្រទានដល់អ្នកណាដែលជឿរហូតដល់ចុងបំផុតនូវកន្លែងមួយនៅខាងស្ដាំដៃយើង។
២៤ត្បិតមើលចុះ គឺដោយនូវនាមយើងនេះហើយដែលពួកគេត្រូវបានហៅ ហើយបើសិនជាពួកគេស្គាល់យើង នោះពួកគេត្រូវទៅមុខ ហើយនឹងមានកន្លែងមួយដ៏នៅអស់កល្បជានិច្ច នៅខាងស្ដាំដៃយើង។
២៥ហើយហេតុការណ៍នឹងកើតឡើងថា កាលណាសំឡេងត្រែទីពីរបន្លឺឡើង ពេលនោះ ពួកអ្នកដែលមិនដែលស្គាល់យើងត្រូវទៅមុខ ហើយឈរនៅចំពោះមុខយើង។
២៦ហើយនៅពេលនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់គេ គឺយើងជាព្រះដ៏ប្រោសលោះរបស់គេ តែពួកគេនឹងពុំបានប្រោសលោះឡើយ។
២៧ហើយពេលនោះ យើងនឹងថ្លែងប្រាប់ទៅគេថា យើងមិនដែលស្គាល់គេទេ ហើយពួកគេនឹងចេញទៅក្នុងភ្លើងដ៏អស់កល្បជានិច្ច ដែលបានរៀបចំឡើងសម្រាប់អារក្ស និងពួកទេវតាវា។
២៨ហេតុដូច្នេះហើយ យើងប្រាប់អ្នកថា អ្នកណាដែលមិនព្រមស្ដាប់តាមសំឡេងយើង អ្នកនោះហើយដែលអ្នកមិនត្រូវទទួលឲ្យចូលក្នុងសាសនាចក្ររបស់យើងឡើយ ត្បិតអ្នកនោះហើយដែលយើងនឹងពុំទទួលនៅថ្ងៃចុងក្រោយបង្អស់ដែរ។
២៩ហេតុដូច្នេះហើយ យើងប្រាប់អ្នកថា ទៅចុះ ហើយអស់អ្នកណាដែលរំលងច្បាប់ទាស់នឹងយើង អ្នកនោះហើយដែលអ្នកត្រូវកាត់ក្ដី ស្របតាមអំពើបាបទាំងឡាយដែលគេបានប្រព្រឹត្ត ហើយបើសិនជាគេទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួនចំពោះអ្នក និងចំពោះយើង ហើយប្រែចិត្តដោយស្មោះអស់ពីចិត្ត អ្នកនោះហើយដែលអ្នកត្រូវអត់ទោសឲ្យ ហើយយើងក៏នឹងអត់ទោសឲ្យគេដែរ។
៣០មែនហើយ ហើយដរាបណារាស្ត្រយើងប្រែចិត្ត យើងនឹងអត់ទោសឲ្យគេចំពោះការរំលងច្បាប់ទាំងឡាយដែលគេបានប្រព្រឹត្តទាស់នឹងយើង។
៣១ហើយអ្នកក៏ត្រូវអត់ទោសឲ្យគ្នាទៅវិញទៅមកចំពោះកំហុសរបស់ខ្លួនដែរ ត្បិតយើងប្រាប់អ្នកជាប្រាកដថា អ្នកណាដែលមិនអត់ទោសកំហុសនៃអ្នកជិតខាងខ្លួន កាលគេថាគេបានប្រែចិត្ត អ្នកនោះហើយដែលនឹងដាក់ខ្លួននៅក្រោមការកាត់ទោស។
៣២ឥឡូវនេះ យើងប្រាប់អ្នកថា ទៅចុះ ហើយអស់អ្នកណាដែលមិនប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួនទេ អ្នកនោះហើយ ដែលនឹងមិនត្រូវបានរាប់ក្នុងចំណោមរាស្ត្ររបស់យើងឡើយ ហើយការណ៍នេះនឹងត្រូវធ្វើចាប់ពីពេលនេះតទៅ។
៣៣ហើយហេតុការណ៍បានកើតឡើងថា កាលអាលម៉ាបានឮព្រះបន្ទូលទាំងនេះហើយ នោះលោកបានកត់ទុកសម្រាប់ខ្លួនលោក ហើយទុកសម្រាប់កាត់ក្ដីប្រជាជននៃសាសនាចក្រនោះ ស្របតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
៣៤ហើយហេតុការណ៍បានកើតឡើងថា អាលម៉ាបានទៅ ហើយបានកាត់ក្ដីអស់អ្នកណាដែលត្រូវចាប់បានកាលកំពុងតែប្រព្រឹត្តអំពើទុច្ចរិត ស្របតាមព្រះបន្ទូលនៃព្រះអម្ចាស់។
៣៥ហើយអ្នកណាដែលបានប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន ហើយបានទទួលសារភាពនូវអំពើបាបទាំងនោះ អ្នកនោះហើយដែលលោកបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្រ។
៣៦ហើយអស់អ្នកណាដែលមិនព្រមទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួន ហើយមិនព្រមប្រែចិត្តពីអំពើទុច្ចរិតរបស់ខ្លួនទេ អ្នកនោះហើយដែលមិនត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្រឡើយ ហើយឈ្មោះរបស់គេក៏បានលុបចោលដែរ។
៣៧ហើយហេតុការណ៍បានកើតឡើងថា អាលម៉ាបានចាត់ចែងគ្រប់ទាំងកិច្ចការនៅក្នុងសាសនាចក្រ ហើយពួកគេបានចាប់ផ្ដើមមានសេចក្ដីសុខសាន្តទៀត ហើយបានចម្រើនឡើងជាអតិបរមានៅក្នុងកិច្ចការទាំងឡាយនៃសាសនាចក្រ គេដើរដោយប្រយ័ត្នប្រយែងនៅចំពោះព្រះ ដោយទទួលមនុស្សជាច្រើន ហើយធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សជាច្រើន។
៣៨ហើយឥឡូវនេះ គ្រប់ការណ៍ទាំងនេះហើយដែលអាលម៉ា និងពួកអ្នកដែលធ្វើការជាមួយលោកបានធ្វើ គឺជាពួកអ្នកដែលនៅលើសាសនាចក្រ គឺដើរនៅគ្រប់ការព្យាយាមទាំងអស់ ដោយបង្រៀនព្រះបន្ទូលនៃព្រះនៅគ្រប់ការណ៍ទាំងអស់ ដោយរងការវេទនាគ្រប់យ៉ាង ដោយត្រូវបានបៀតបៀនពីអស់អ្នកណាដែលពុំនៅក្នុងសាសនាចក្រនៃព្រះ។
៣៩ហើយពួកគេបានព្រមានដាស់តឿនដល់បងប្អូនគេ ឯពួកគេក៏ត្រូវបានព្រមានដាស់តឿនដោយព្រះបន្ទូលនៃព្រះ គឺមនុស្សគ្រប់រូប ស្របតាមអំពើបាបទាំងឡាយរបស់ខ្លួន ឬអំពើបាបទាំងឡាយដែលគេបានប្រព្រឹត្ត ដោយត្រូវបានបញ្ជាពីព្រះឲ្យអធិស្ឋានដោយមិនឈប់ឈរ ហើយឲ្យថ្លែងអំណរគុណក្នុងការណ៍ទាំងអស់៕