ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 100


កណ្ឌ​ទី ១០០

វិវរណៈ​ដែល​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ជា​ព្យាការី និង ស៊ីឌនី រិកដុន នៅ​ភូមិ​ផែរីស្បឺក រដ្ឋ​ញូវយ៉ក ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​១៨៣៣ (History of the Church, ១:៤១៦, ៤១៩–៤២១)។ បង​ប្រុង​ទាំង​ពីរ ដោយ​បាន​បាត់​ពី​គ្រួសារ​របស់​ខ្លួន​អស់​ជាច្រើន​ថ្ងៃ នោះ​បាន​ព្រួយបារម្ភ​ពី​ពួក​គេ។

១–៤, យ៉ូសែប និង ស៊ីឌនី ត្រូវ​ផ្សាយដំណឹង​ល្អ​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ព្រលឹង​ទាំង​ឡាយ; ៥–៨, សេចក្ដី​ដែល​ពួក​គេ​ត្រូវ​និយាយ នោះ​នឹង​បាន​ប្រទាន​ដល់​ពួក​គេ​នៅ​ម៉ោង​នោះ​ឯង; ៩–១២, ស៊ីឌនី ត្រូវ​ធ្វើ​ជា​អ្នក​និយាយ ហើយ​យ៉ូសែប ត្រូវ​ធ្វើ​ជា​អ្នក​ទទួល​វិវរណៈ ហើយ​ខ្លាំង​ក្លា​ខាង​ថ្លែង​ទី​បន្ទាល់; ១៣–១៧, ព្រះ​អម្ចាស់​ទ្រង់​នឹង​បង្កើត​ប្រជារាស្ត្រ​បរិសុទ្ធ​ឡើង ហើយ​ពួក​ដែល​គោរព​ធ្វើ​តាម​នឹង​បាន​សង្គ្រោះ។

ប្រាកដ​មែន ដូច្នេះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក គឺ ស៊ីឌនី និង យ៉ូសែប ជា​មិត្ត​ទាំង​ឡាយ​របស់​យើង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​ផង​ដែរ ពួក​គេ​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង​ហើយ ហើយ​យើង​នឹង​ប្រព្រឹត្ត​ដល់​ពួក​គេ តាម​តែ​យើង​ឃើញ​ថា​ល្អ ត្បិត​នៅ​ក្នុង យើង គឺ​សុទ្ធ​តែ​អំណាច​ទាំង​អស់។

ហេតុ​ដូច្នេះ​ហើយ ចូរ​មក​តាម​យើង ហើយ​ស្ដាប់​តាម​ពាក្យ​ទូន្មាន ដែល​យើង​នឹង​ប្រទាន​ដល់​អ្នក​ចុះ។

មើល​ចុះ និង​មើល​ន៏ យើង​មាន​មនុស្ស​ជា​ច្រើន​នៅ​កន្លែង​នេះ គឺ​នៅ​ភូមិ​ភាគ​ជុំវិញ ហើយ​ទ្វារ​ដ៏​មាន​ផល​ប្រយោជន៍​នឹង​ត្រូវ​បាន​បើកចំហ​នៅ​ភូមិ​ភាគ​ជុំវិញ​នៅ​ដែនដី​នៃ​ទិស​ខាង​កើត​នេះ។

ហេតុ​ដូច្នេះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​បាន​ទុក​ឲ្យ​អ្នក​មក​ឯ​ទី​នេះ ត្បិត​ដោយ​ហេតុ​នេះ​ហើយ ទើប​បាន​ចាំ​បាច់ សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ព្រលឹង​ទាំង​ឡាយ។

ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​បន្លឺ​សំឡេង​របស់​អ្នក​ឡើង​ដល់​ប្រជាជន​នេះ​ចុះ ចូរ​ប្រាប់​គំនិត​ទាំង​ឡាយ ដែល​យើង​នឹង​ដាក់​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ចុះ ហើយ​អ្នក​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្មាស​នៅ​ចំពោះ​មនុស្ស​លោក​ឡើយ។

ត្បិត​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក​នៅ​ម៉ោង​នោះ គឺ​នៅ​វេលា​នោះ​ឯង។

ប៉ុន្តែ​យើង​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ពី​អ្វី​ក៏​ដោយ​ដែល​អ្នក​ប្រកាស​ដោយ​នូវ​ព្រះ​នាម​របស់​យើង ដោយ​នូវ​ចិត្ត​ម៉ឺងម៉ាត់ ដោយ​នូវ​វិញ្ញាណ​ស្លូតបូត​នៅ​គ្រប់​ទាំង​អស់។

ហើយ​យើង​ប្រទាន​ដល់​អ្នក​នូវ​សេចក្ដី​សន្យា​នេះ​ថា ដរាបណា​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ត្រូវ​ចាត់​ឲ្យ​មក ដើម្បី​ថ្លែង​ទី​បន្ទាល់​អំពី​អ្វីៗ​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ។

ហើយ​ជា​ការ​ចាំ​បាច់​ដល់​យើង​ថា អ្នក​ស៊ីឌនី ជា​អ្នក​បម្រើ​របស់​យើង គួរ​ធ្វើ​ជា​អ្នក​និយាយ​ដល់​ប្រជាជន​នេះ មែន​ហើយ ប្រាកដ​មែន យើង​នឹង​តែងតាំង​អ្នក​ចំពោះ​តំណែង​នេះ គឺ​ធ្វើ​ជា​អ្នក​និយាយ​ជំនួស​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង។

១០ហើយ​យើង​នឹង​ប្រទាន​ដល់​លោក​នូវ​អំណាច​ដើម្បី​ឲ្យ​បាន​ខ្លាំង​ក្លា​ក្នុង​ការ​ថ្លែង​ទី​បន្ទាល់។

១១ហើយ​យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​អំណាច​ដើម្បី​ឲ្យ​បាន​ខ្លាំង​ក្លា​ក្នុង​ការ​ពន្យល់​អស់​ទាំង​បទគម្ពីរ ប្រយោជន៍​ឲ្យ​អ្នក​អាច​ធ្វើ​ជា​អ្នក​និយាយ​ជំនួស​លោក ហើយ​លោក​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បើក​សម្ដែង​ដល់​អ្នក ប្រយោជន៍​ឲ្យ​អ្នក​អាច​ដឹង​យ៉ាង​ពិត​អំពី​គ្រប់​ការណ៍​ទាំង​អស់ ដែល​ទាក់​ទង​ទៅ​និង​ការណ៍​ទាំង​ឡាយ នៃ​នគរ​របស់​យើង​នៅ​លើ​ផែនដី។

១២ហេតុ​ដូច្នេះ​ហើយ ចូរ​បន្ត​ដំណើរ​របស់​អ្នក ហើយ​ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​សប្បាយរីករាយ​ចុះ ត្បិត​មើល​ចុះ និង​មើល​ន៏ យើង​គង់នៅ​ជា​មួយ​អ្នក​រហូត​ដល់​ចុង​បំផុត។

១៣ហើយ​ឥឡូវ​នេះ យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បន្ទូល​មួយ​អំពី​ស៊ីយ៉ូន។ ស៊ីយ៉ូន​នឹង​ត្រូវ​បាន​ប្រោស​លោះ ទោះ​ជា​នាង​ត្រូវ​បាន​វាយ​ផ្ចាល​អស់​មួយ​រដូវ​ខ្លី​ក៏​ដោយ។

១៤បង​ប្អូន​របស់​អ្នក គឺ អួរសុន ហៃឌ៍ និង យ៉ូហាន គូឌ ជា​ពួក​អ្នក​បម្រើ​របស់​យើង កំពុងតែ​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង​ហើយ ហើយ​ដរាបណា​ពួក​គេ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​ពួក​គេ​នឹង​បាន​សង្គ្រោះ។

១៥ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​ក្សាន្ត​ចុះ ត្បិត​គ្រប់​ការណ៍​ទាំង​អស់​នឹង​បាន​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​ពួក​គេ ដែល​ដើរ​ដោយ​ទៀងត្រង់ ហើយ​ដើម្បី​សេចក្ដី​ញែក​ចេញ​ជា​បរិសុទ្ធ​នៃ​សាសនាចក្រ។

១៦ត្បិត​យើង​នឹង​បង្កើត​ឡើង​នូវ​ប្រជាជន​បរិសុទ្ធ​មួយ​ដល់​យើង ដែល​នឹង​បម្រើ​យើង​ដោយ​នូវ​សេចក្ដី​សុចរិត

១៧ហើយ​គ្រប់​មនុស្ស​ទាំង​អស់​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ នោះ​នឹង​បាន​សង្គ្រោះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕