កណ្ឌទី ១៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះដាវីឌ វិតមើរ នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ខែមិថុនា ឆ្នាំ១៨២៩ (History of the Church, ១:៤៨–៥០)។ គ្រួសារត្រកូល វិតមើរ បានមកជាចាប់អារម្មណ៍យ៉ាងខ្លាំង អំពីការបកប្រែនៃព្រះគម្ពីរមរមន។ ព្យាការីបានតាំងទីលំនៅនៅផ្ទះនៃពេត្រុស វិតមើរ ស៊ីញ្ញ័រ គឺជាទីកន្លែងដែលលោកបានអាស្រ័យនៅ រហូតដល់បញ្ចប់កិច្ចការបកប្រែ ហើយបានទទួលសិទ្ធិអ្នកនិពន្ធលើសៀវភៅដែលនឹងចេញមក។ ដោយពួកគេម្នាក់ៗ បានទទួលទីបន្ទាល់អំពីភាពពិតត្រង់នៃកិច្ចការនោះ ទើបកូនប្រុសបីនាក់មកពីត្រកូល វិតមើរ មានការបារម្ភអំពីភារកិច្ចរបស់គេនីមួយៗ។ វិវរណៈនេះ និងវិវរណៈពីរ តាមក្រោយ (កណ្ឌទី ១៥ និង ១៦) ត្រូវបានប្រទានឲ្យ ទុកជាចម្លើយចំពោះសំណូមពរ តាមរយៈយូរីម និងធូមីម។ ក្រោយមក ដាវីឌ វិតមើរ បានក្លាយទៅជាបុគ្គលម្នាក់ក្នុងពួកសាក្សីបីនាក់ចំពោះព្រះគម្ពីរមរមន។
១–៦, ពួកអ្នកធ្វើការនៅក្នុងចម្ការទំពាំងបាយជូរ នឹងបានសេចក្ដីសង្គ្រោះ; ៧–៨, ជីវិតដ៏នៅអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតរបស់ព្រះ; ៩–១១, ព្រះគ្រីស្ទបានបង្កើតផ្ទៃមេឃ និងផែនដី។
១កិច្ចការដ៏ធំ និងអស្ចារ្យ កំពុងតែនឹងចេញមកដល់កូនចៅមនុស្សហើយ។
២មើលចុះ យើងជាព្រះ ចូរស្ដាប់តាមព្រះបន្ទូលរបស់យើងដែលរស់នៅ ហើយពូកែផង ក៏មុតជាងដាវមានមុខពីរ ទាំងកាត់សន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ហេតុដូច្នេះហើយ ចូរស្ដាប់តាមព្រះបន្ទូលរបស់យើងចុះ។
៣មើលចុះ ស្រែបានសសំព្រុសល្មមច្រូតហើយ ហេតុដូច្នេះហើយ អស់អ្នកណាមានបំណងចង់ច្រូត ចូរឲ្យអ្នកនោះលូកកណ្ដៀវរបស់ខ្លួនដោយកម្លាំងរបស់ខ្លួន ហើយច្រូតក្នុងកាលមានថ្ងៃនៅចុះ ប្រយោជន៍ឲ្យអ្នកនោះអាចបានសន្សំទុកសម្រាប់ព្រលឹងគេនូវសេចក្ដីសង្គ្រោះដ៏អស់កល្បនៅក្នុងនគរព្រះ។
៤មែនហើយ អស់អ្នកណាដែលនឹងលូកកណ្ដៀវរបស់ខ្លួន ហើយច្រូត អ្នកនោះហើយបានហៅពីព្រះ។
៥ហេតុដូច្នេះហើយ បើសិនជាអ្នកសុំពីយើង នោះអ្នកតែងនឹងបានទទួល បើសិនជាអ្នកនឹងគោះ នោះតែងនឹងបើកឲ្យអ្នក។
៦ចូរស្វែងរកដើម្បីនាំមក ហើយតាំងឡើងក្រុងស៊ីយ៉ូនរបស់យើងចុះ។ ចូរកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងនូវគ្រប់អ្វីៗទាំងអស់។
៧ហើយបើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះអ្នកនឹងបានជីវិតដ៏នៅអស់កល្បជានិច្ច គឺជាអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ។
៨ហើយហេតុការណ៍នឹងកើតឡើងថា បើសិនជាអ្នកនឹងសូមពីព្រះវរបិតាដោយនូវព្រះនាមរបស់យើង ដោយសេចក្ដីជំនឿជឿ នោះអ្នកនឹងបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដែលប្រទានសម្ដី ដើម្បីឲ្យអ្នកឈរជាសាក្សីអំពីរបស់ទាំងឡាយ ដែលអ្នកនឹងបានឮ ព្រមទាំងបានឃើញ ហើយដើម្បីឲ្យអ្នកអាចបានប្រកាសប្រាប់ពីការប្រែចិត្តដល់តំណនេះផង។
៩មើលចុះ យើងជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ជាអ្នកដែលបានបង្កើតផ្ទៃមេឃ និងផែនដី គឺជាពន្លឺ ដែលពុំអាចលាក់នៅក្នុងសេចក្ដីងងឹតបានឡើយ
១០ហេតុដូច្នោះហើយ យើងត្រូវនាំភាពពោរពេញនៃដំណឹងល្អរបស់យើងចេញពីពួកសាសន៍ដទៃទៅដល់វង្សអ៊ីស្រាអែល។
១១ហើយមើលចុះ អ្នកជាដាវីឌ ហើយអ្នកត្រូវបានហៅឲ្យជួយ ជាអ្វីត្រូវធ្វើ បើសិនជាអ្នកធ្វើ ហើយមានចិត្តស្មោះត្រង់ នោះអ្នកនឹងបានពរ ទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ហើយរង្វាន់របស់អ្នកនឹងធំណាស់។ អាម៉ែន៕