ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 17


កណ្ឌ​ទី ១៧

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​អូលីវើរ ខៅឌើរី, ដាវីឌ​វិតមើរ និង​ម៉ាទិន​ហារិស នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​មិថុនា ឆ្នាំ​១៨២៩ គឺ​មុន​ពេល​ពួក​គេ​បាន​ឃើញ​ផ្ទាំង​ចារិក​ទាំង​ឡាយ ដែល​មាន​បញ្ជី​ប្រវត្តិ​នៃ​ព្រះ​គម្ពីរ​មរមន (History of the Church, ១:៥២–៥៧)។ យ៉ូសែប និង​អូលីវើរ ខៅឌើរី ជា​ស្មៀន​របស់​លោក បាន​រៀន​ពី​ការ​បកប្រែ​ផ្ទាំង​ទាំង​ឡាយ​នៃ​ព្រះ​គម្ពីរ​មរមន ថា​ត្រូវ​មាន​ពួក​សាក្សី​ពិសេស​បី​នាក់​តាំង​ឡើង (សូម​មើល​គម្ពីរ​អេធើរ ៥:២–៤; នីហ្វៃ ទី ២ ១១:៣; ២៧:១២)។ អូលីវើរ ខៅឌើរី, ដាវីឌ​វិតមើរ និង​ម៉ាទិន ហារិស ត្រូវ​បាន​ជ្រាប​ដឹង​ដោយ​សេចក្ដី​ប្រាថ្នា​ដ៏​ប្រកប​ដោយ​ការ​បំភ្លឺ ឲ្យ​ធ្វើ​ជា​ពួក​សាក្សី ពិសេស​បី​នាក់។ ព្យាការី​បាន​សូម​ដល់​ព្រះ​អម្ចាស់ ហើយ​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក​ជា​ចម្លើយ តាម​រយៈ​យូរីម និង​ធូមីម។

១–៤, ដោយ​សារ​សេចក្ដី​ជំនឿ ពួក​សាក្សី​បី​នាក់​នឹង​បាន​ឃើញ​ផ្ទាំង​ទាំង​ឡាយ និង​វត្ថុ​ពិសិដ្ឋៗ​ផ្សេង​ទៀត; ៥–៩, ព្រះ​គ្រីស្ទ​ធ្វើ​ទី​បន្ទាល់​អំពី​ទេវ​ភាព​នៃ​ព្រះ​គម្ពីរ​មរមន។

មើល​ចុះ យើង​មាន​បន្ទូល​មក​កាន់​អ្នក​ថា អ្នក​ត្រូវ​ពឹង​មក​លើ​ព្រះ​បន្ទូល​របស់​យើង គឺ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ពេញ​ចិត្ត​ប្រាថ្នា នោះ​អ្នក​នឹង​បាន​ឃើញ​ផ្ទាំង​ទាំង​ឡាយ ព្រម​ទាំង​ប្រដាប់​បាំង​ទ្រូង ដាវ​របស់​ឡាបាន់ យូរីម និង​ធូមីម ដែល​បាន​ប្រទាន​ដល់​បង​ប្រុស របស់​យ៉ារេឌ​នៅ​លើ​ភ្នំ ក្នុង​កាល​លោក​បាន​ទូល​ជាមួយ​នឹង​ព្រះ​អម្ចាស់​ទល់​មុខ ហើយ​និង​របស់​ដៅ​ទិស​ដ៏​អស្ចារ្យ ដែល​បាន​ប្រទាន​ដល់​លោក​លីហៃ កាល​នៅ​ក្នុង​ទី​រហោស្ថាន នៅ​តាម​ព្រំដែន​សមុទ្រ​ក្រហម។

ហើយ​គឺ​ដោយ​សារ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ​របស់​ទាំង​ឡាយ គឺ​ដោយ​សារ​សេចក្ដី​ជំនឿ​នោះ​ឯង ដែល​ពួក​ព្យាការី​បូរាណ​ធ្លាប់​មាន។

ហើយ​បន្ទាប់​ពី​អ្នក​រាល់​គ្នា​បានមាន​សេចក្ដី​ជំនឿ និង​បាន​ឃើញ​របស់​ទាំង​ឡាយ ដោយ​ភ្នែក​របស់​អ្នក​ហើយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បន្ទាល់​អំពី​របស់​ទាំង​នោះ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ។

ហើយ​ការណ៍​នេះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដើម្បី​កុំ​ឲ្យ​យ៉ូសែប ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង អាច​ត្រូវ​បំផ្លាញ ដើម្បី​ឲ្យ​យើង​អាច​នាំ​មក​នូវ​គោលបំណង​ដ៏​សុចរិត​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស ដោយ​នូវ​កិច្ចការ​នេះ។

ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ទី​បន្ទាល់ ថា​អ្នក​បាន​ឃើញ​របស់​ទាំង​នោះ ដូច​ជា​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​បាន​ឃើញ​ដែរ ត្បិត​គឺ​ដោយ​សារ​អំណាច​របស់​យើង​នោះ​ហើយ ដែល​លោក​បាន​ឃើញ​របស់​ទាំង​នោះ ហើយ​នេះ​គឺ​ដោយ​សារ​លោក​មាន​សេចក្ដី​ជំនឿ។

ហើយ​លោក​បាន​បកប្រែ​ព្រះ​គម្ពីរ សូម្បីតែ​ចំណែក​នោះ ដែល​យើង​បាន​បញ្ជា​ដល់​លោក ហើយ​ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ ការណ៍​នោះ​ពិតមែន។

ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដូច​គ្នា និង​សេចក្ដី​ជំនឿ​ដូច​គ្នា និង​អំណោយទាន​ដូច​គ្នា​នឹង​លោក​ដែរ

ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​តាម​ព្រះ​បញ្ញត្តិ​ចុង​ក្រោយ​បង្អស់​របស់​យើង ដែល​យើង​បាន​ប្រទាន​ដល់​អ្នក នោះ​ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ ត្បិត​គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ ហើយ​អ្នក​នឹង​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

ហើយ​យើង ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ជា​ព្រះ​របស់​អ្នក បាន​មាន​បន្ទូល​ដល់​អ្នក ដើម្បី​ឲ្យ​យើង​អាច​នាំ​មក​នូវ​គោលបំណង​ដ៏​សុចរិត​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស។ អាម៉ែន៕