ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 34


កណ្ឌ​ទី ៣៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​អួរសុន ប្រាត្ត នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ​១៨៣០ (History of the Church, ១:១២៧–១២៨)។ កាល​នោះ បង​ប្រុស​ប្រាត្ត​មាន​អាយុ​១៩​ឆ្នាំ។ គាត់​ត្រូវ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ក្នុង​កាល​គាត់​បាន​ឮ​ពី​ការ​ផ្សាយ​អំពី​ដំណឹង​ល្អ​ដែល​បាន​សាង​ឡើង​វិញ ដោយ ប៉ាលី ភី ប្រាត្ត ជា​បង​ប្រុស​របស់​គាត់ ប្រាំមួយ​អាទិត្យ​មុន។ វិវរណៈ​នេះ​ត្រូវ​បាន​ទទួល នៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស វិតមើរ ស៊ីញ្ញ័រ។

១–៤, ពួក​អ្នក​ស្មោះត្រង់​ត្រឡប់​ទៅ​ជា​កូន​ព្រះ តាម​រយៈ​ដង្វាយ​ធួន; ៥–៩, ការ​ផ្សាយ​ដំណឹង​ល្អ រៀបចំ​ផ្លូវ​សម្រាប់​ការ​យាង​មក​លើក​ទី​ពីរ; ១០–១២, ការ​ព្យាករណ៍​មាន​មក​ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

អួរសុន ជា​បុត្រ​យើង​អើយ ចូរ​ស្ដាប់ និង​បាន​ឮ ហើយ​មើល​នូវ​អ្វី​ដែល​យើង ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នឹង​មាន​បន្ទូល​មក​កាន់​អ្នក គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក​ចុះ

ជា​ពន្លឺ និង​ជា​ជីវិត​នៃ​ពិភពលោក ជា​ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ

ជា​អ្នក​ដែល​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់ប្រទាន​ជីវិត​របស់​ទ្រង់​ផ្ទាល់ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ជឿ​អាច​បាន​ត្រឡប់​ទៅ​ជា​កូន​ព្រះ។ ហេតុ​ដូច្នោះ​ហើយ អ្នក​ជា​បុត្រ​របស់​យើង

ហើយ​អ្នក​បាន​ពរ​ហើយ ពី​ព្រោះ​អ្នក​បាន​ជឿ

ហើយ​អ្នក​មាន​ពរ​លើសលែង​ទៅ​ទៀត ពី​ព្រោះ​អ្នក​ត្រូវ​បាន​ហៅ​ពី​យើង ដើម្បី​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ​របស់​យើង —

ដើម្បី​បន្លឺ​សំឡេង​របស់​អ្នក​ឡើង ហាក់​ដូច​ជា​ដោយ​សំឡេង​ត្រែ គឺ​បន្លឺ​សូរ​កាន់តែ​តន្ថើន​ខ្លាំង​ឡើង ហើយ​ស្រែក​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ដល់​តំណ​មនុស្ស​វៀច និង​ខិលខូច ដោយ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ សម្រាប់​ការ​យាង​មក​លើក​ទី​ពីរ​របស់​ទ្រង់។

ត្បិត​មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពេល​វេលា​គឺ​នៅ​ជិត​ដៃ​បង្កើយ ដែល​យើង​នឹង​មក​លើ​ពពក មាន​ទាំង​ព្រះ​ចេស្ដា និង​សិរី​ល្អ​ដ៏​ខ្លាំង។

ហើយ​នឹង​បាន​ទៅ​ជា​ថ្ងៃ​ដ៏​ធំ នៅ​ពេល​ដែល​យើង​យាង​មក ត្បិត​អស់​ទាំង​សាសន៍​នឹង​ត្រូវ​ញាប់​ញ័រ។

ប៉ុន្តែ​មុន​ថ្ងៃ​ដ៏​ធំ​នោះ​នឹង​មក​ដល់ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម ហើយ​ផ្កាយ​ទាំង​ឡាយ​នឹង​មិន​ព្រម​ភ្លឺ​ឡើយ ហើយ​ខ្លះ​នឹង​ធ្លាក់​ចុះ ហើយ​សេចក្ដី​បំផ្លិចបំផ្លាញ​ដ៏​ធំ​នឹង​រង់ចាំ​ពួក​ទុច្ចរិត។

១០ហេតុ​ដូច្នោះ​ហើយ ចូរ​បន្លឺ​សំឡេង​របស់​អ្នក​ឡើង ហើយ​ចូរ​កុំ​សំចៃ​ឡើយ ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ហើយ ដូច្នេះ ចូរ​ព្យាករ​ចុះ ហើយ​ការ​ព្យាករណ៍​នោះ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

១១ហើយ​បើ​សិន​ជា​អ្នក​មាន​ចិត្ត​ស្មោះត្រង់ មើល​ចុះ យើង​នៅ​ជាមួយ​នឹង​អ្នក លុះ​ត្រា​យើង​យាង​មក —

១២ហើយ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​យាង​មក​យ៉ាង​ឆាប់​រហ័ស។ យើង​ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕