កណ្ឌទី ៥១
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិថមសុន រដ្ឋអូហៃអូ ខែឧសភា ឆ្នាំ១៨៣១ (History of the Church, ១:១៧៣–១៧៤)។ នៅពេលនេះ ពួកបរិសុទ្ធដែលផ្លាស់លំនៅពីរដ្ឋទាំងឡាយនៅទិសខាងកើត បានចាប់ផ្ដើមមកដល់រដ្ឋអូហៃអូ ហើយជាការចាំបាច់ដើម្បីរកទីកន្លែងសម្រាប់ឲ្យពួកគេតាំងទីលំនៅ។ ជាពិសេស ពីព្រោះការណ៍នេះជាភ្នាក់ងារខាងតំណែងរបស់ប៊ីស្សព បានជាលោកប៊ីស្សព អែតវឺត ប៉ាទ្រិច ស្វែងរកការបង្គាប់អំពីរឿងនេះ ហើយព្យាការីបានសូមដល់ព្រះអម្ចាស់។
១–៨, អែតវឺត ប៉ាទ្រិច ត្រូវបានចាត់តាំងឲ្យរៀបចំការកាន់កាប់ត្រួតត្រា និងទ្រព្យសម្បត្តិទាំងឡាយ; ៩–១២, ពួកបរិសុទ្ធត្រូវប្រព្រឹត្តដោយទៀងត្រង់ ហើយត្រូវបានទទួលដូចគ្នា; ១៣–១៥, ពួកគេត្រូវមានឃ្លាំងប៊ីស្សព ហើយត្រូវរៀបចំទ្រព្យសម្បត្តិទាំងឡាយ តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់; ១៦–២០, រដ្ឋអូហៃអូត្រូវទៅជាកន្លែងសម្រាប់ជួបជុំគ្នាបណ្ដោះអាសន្ន។
១ចូរប្រុងស្ដាប់តាមយើង ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយយើងនឹងមានបន្ទូលដល់ អែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង ហើយនឹងប្រទានការដឹកនាំទាំងឡាយដល់គាត់ ត្បិតជាការចាំបាច់ដែលគាត់បានទទួលការដឹកនាំអំពីរបៀបរៀបចំប្រជារាស្ត្រនេះ។
២ត្បិតជាការចាំបាច់ ដែលពួកគេត្រូវបានរៀបចំតាមក្រឹត្យវិន័យទាំងឡាយរបស់យើង បើសិនជាពុំនោះសោតទេ ពួកគេនឹងត្រូវកាត់ចេញ។
៣ហេតុដូច្នោះហើយ ចូរឲ្យ អែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង ហើយនិងពួកអ្នកទាំងនោះ ដែលគាត់បានរើស ដែលជាទីពេញចិត្តរបស់យើង ចូរឲ្យប្រគល់ចំណែកដល់ប្រជារាស្ត្រនេះរៀងៗខ្លួន គឺមនុស្សគ្រប់រូបត្រូវបានដូចគ្នា តាមគ្រួសាររបស់ខ្លួន តាមកាលៈទេសៈ របស់ខ្លួន និងសេចក្ដីត្រូវការរបស់ខ្លួន។
៤ហើយចូរឲ្យ អែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង កាលណាគាត់ត្រូវប្រគល់ចំណែកដល់អ្នកណាមួយ ចូរឲ្យបង្កាន់ដៃដល់អ្នកនោះ ដែលនឹងធានាដល់គាត់នូវចំណែករបស់គាត់ ដើម្បីឲ្យគាត់ត្រូវបានកាន់របស់នោះ ដែលជាសិទ្ធិនេះ និងកេរ្តិ៍អាករនេះ នៅក្នុងសាសនាចក្រ រហូតដល់អ្នកនោះធ្វើការរំលង ហើយរាប់ថា មិនសម ដោយសារសំឡេងនៃសាសនាចក្រ តាមក្រឹត្យវិន័យ និងសេចក្ដីសញ្ញាទាំងឡាយនៃសាសនាចក្រ ដើម្បីឲ្យបានរាប់ថា ជារបស់ផងសាសនាចក្រ។
៥ហើយបើសិនជាអ្នកនោះនឹងធ្វើការរំលង ហើយរាប់ថា មិនសមជារបស់ផងសាសនាចក្រទេ អ្នកនោះមិនត្រូវមានអំណាចនឹងទាមទារយកចំណែកនោះ ដែលគាត់បានថ្វាយដល់ប៊ីស្សពសម្រាប់ឲ្យដល់មនុស្សទាល់ក្រ និងមនុស្សកម្សត់ទុរគតទៅហើយនោះទេ ហេតុដូច្នេះហើយ អ្នកនោះមិនត្រូវយកអំណោយទាននោះបានវិញឡើយ ប៉ុន្តែនឹងបានតែចំណែកណាដែលបានធានាដល់គាត់ប៉ុណ្ណោះ។
៦ហើយគ្រប់ទាំងអស់ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ តាមក្រឹត្យវិន័យរបស់ដែនដីយ៉ាងដូច្នោះហើយ។
៧ហើយចូរឲ្យអ្វីដែលជារបស់ផងប្រជារាស្ត្រនេះ ត្រូវបានប្រគល់ដល់ប្រជារាស្ត្រនេះចុះ។
៨ហើយប្រាក់កាសទាំងប៉ុន្មានដែលនៅសល់ដល់ប្រជារាស្ត្រនេះ — ចូរឲ្យមានភ្នាក់ងារមួយតែងតាំងឡើងចំពោះប្រជារាស្ត្រនេះ ដើម្បីយកប្រាក់កាសទៅផ្ដល់អាហារ និងសំលៀកបំពាក់ តាមសេចក្ដីត្រូវការនៃប្រជារាស្ត្រនេះ។
៩ហើយចូរឲ្យមនុស្សគ្រប់រូបប្រព្រឹត្តដោយទៀងត្រង់ ហើយរាប់ដូចគ្នានៅក្នុងចំណោមប្រជារាស្ត្រនេះ ហើយឲ្យបានទទួលដូចគ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួមគ្នាតែមួយ គឺដូចជាយើងបានបញ្ជាដល់អ្នក។
១០ហើយចូរកុំយកអ្វីដែលជារបស់ផងប្រជារាស្ត្រនេះ ទៅឲ្យសាសនាចក្រណាផ្សេងទៀតឡើយ។
១១ហេតុដូច្នោះហើយ បើសិនជាសាសនាចក្រណាផ្សេងទៀត ទទួលប្រាក់កាសពីសាសនាចក្រនេះ ចូរឲ្យពួកគេបង់សាសនាចក្រនេះវិញ តាមដែលពួកគេបានយល់ព្រម
១២ហើយការណ៍នេះត្រូវបានសម្រេចតាមរយៈប៊ីស្សព ឬភ្នាក់ងារដែលត្រូវបានតែងតាំងឡើង ដោយសារសំឡេងនៃសាសនាចក្រ។
១៣ហើយជាថ្មីទៀត ចូរឲ្យប៊ីស្សពតាំងឃ្លាំងមួយឡើងចំពោះសាសនាចក្រនេះ ហើយចូរឲ្យគ្រប់ទាំងអស់ ទាំងប្រាក់ និងអាហារ ដែលមានច្រើនជាងសេចក្ដីត្រូវការរបស់ប្រជារាស្ត្រនេះ រក្សាទុកនៅក្នុងដៃរបស់ប៊ីស្សព។
១៤ហើយចូរឲ្យគាត់ទុករបស់របរដល់ខ្លួនសម្រាប់សេចក្ដីត្រូវការរបស់គាត់ផ្ទាល់ និងសម្រាប់សេចក្ដីត្រូវការរបស់គ្រួសាររបស់គាត់ផង ព្រោះគាត់នឹងត្រូវរវល់ក្នុងការធ្វើកិច្ចការនេះ។
១៥ហើយយើងប្រទានដល់ប្រជារាស្ត្រនេះនូវឯកសិទ្ធិមួយក្នុងការរៀបចំខ្លួន តាមក្រឹត្យវិន័យទាំងឡាយរបស់យើងយ៉ាងដូច្នោះហើយ។
១៦ហើយយើងតាំងដែនដីនេះដល់ពួកគេ សម្រាប់មួយរដូវតូច រហូតដល់យើងជាព្រះអម្ចាស់ នឹងផ្ដល់ដល់ពួកគេតាមផ្លូវណាមួយទៀត ហើយបញ្ជាពួកគេឲ្យចេញពីទីនេះទៅ
១៧ហើយម៉ោង និងថ្ងៃនោះ ពុំត្រូវបានប្រាប់ដល់ពួកគេទេ ហេតុដូច្នោះហើយ ចូរឲ្យពួកគេប្រព្រឹត្តនៅលើដែនដីនេះ ហាក់ដូចជានៅច្រើនឆ្នាំ ហើយការណ៍នេះនឹងត្រូវបានត្រឡប់ទៅជាល្អដល់ពួកគេ។
១៨មើលចុះ ការណ៍នេះនឹងត្រូវទៅជាគំរូដល់ អែតវឺត ប៉ាទ្រិច ជាអ្នកបម្រើរបស់យើង ក្នុងកន្លែងផ្សេងៗទៀត នៅគ្រប់សាសនាចក្រ។
១៩ហើយអស់អ្នកណាដែលឃើញថាជាអ្នកកាន់កាប់ត្រួតត្រាដោយស្មោះត្រង់ យុត្តិធម៌ និងឈ្លាសវៃ នោះនឹងត្រូវបានចូលទៅក្នុងសេចក្ដីអំណរនៃព្រះអម្ចាស់របស់ខ្លួន ហើយនឹងបានគ្រងជីវិតដ៏នៅអស់កល្បជានិច្ចទុកជាមរតក។
២០យើងប្រាប់អ្នកជាប្រាកដថា យើងជាព្រះយេស៊ូវគ្រីស្ទ ដែលមកយ៉ាងឆាប់រហ័ស នៅវេលាដែលអ្នកមិនគិត។ គឺដូច្នោះមែន។ អាម៉ែន៕