ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 56


កណ្ឌ​ទី ៥៦

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ខែ​មិថុនា ឆ្នាំ​១៨៣១ (History of the Church, ១:១៨៦–១៨៨)។ អែសរ៉ា ធេយ័រ ជា​អ្នក​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី ជាមួយ ថូម៉ាស ប៊ី ម៉ាស (សូម​មើល​កណ្ឌ​ទី ៥២:២២) គាត់​ពុំ​អាច​ចាប់​ផ្ដើម​បេសកកម្ម​របស់​គាត់​បាន​ទេ កាល ថូម៉ាស បាន​ប្រុងប្រៀប​រួច​ស្រេច។ អែលឌើរ ធេយ័រ ពុំ​បាន​ប្រុងប្រៀប​នឹង​ចេញ​ដំណើរ​របស់​គាត់ ពី​ព្រោះ​តែ​ការ​ដែល​គាត់​ឡូកឡំ​ជាមួយ​នឹង​បញ្ហា​នៅ​ឯ​ភូមិ​ថមសុន រដ្ឋ​អូហៃអូ (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ៥៤)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ឆ្លើយតប​សំណូមពរ​របស់​ព្យាការី​អំពី​ការណ៍​នោះ ដោយ​ប្រទាន​វិវរណៈ​នេះ។

១–២, ពួក​បរិសុទ្ធ​ត្រូវ​ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​ដើរ​តាម​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ; ៣–១៣, ព្រះ​អម្ចាស់​ទ្រង់​បញ្ជា ហើយ​ដក​ចេញ ហើយ​ពួក​អ្នក​មិន​គោរព​នោះ​ត្រូវ​បោះបង់​ចោល; ១៤–១៧, វេទនា​ដល់​ពួក​អ្នក​មាន ដែល​មិន​ជួយ​អ្នក​ទាល់​ក្រ ហើយ​វេទនា​ដល់​ពួក​អ្នក​ទាល់​ក្រ ដែល​ពុំ​មាន​ចិត្ត​សង្រេង; ១៨–២០, មាន​ពរ​ហើយ​ដល់​ពួក​អ្នក​ទាល់​ក្រ ដែល​មាន​ចិត្ត​បរិសុទ្ធ ត្បិត​ពួក​គេ​នឹង​បាន​គ្រង​ផែនដី​ទុកជា​មរតក។

ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា ជា​ប្រជារាស្ត្រ​ដែល​អះអាង​តាម​ព្រះ​នាម​របស់​យើង​អើយ ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ត្បិត​មើល​ចុះ សេចក្ដី​ខ្ញាល់​របស់​យើង​ឆួល​ឡើង​ទាស់​នឹង​ពួក​បះបោរ ហើយ​ពួក​គេ​ត្រូវ​ស្គាល់​ពាហុ​របស់​យើង និង​សេចក្ដី​ក្ដៅ​ក្រហាយ​របស់​យើង​នៅ​ក្នុង​ថ្ងៃ​នៃ​ការ​ពិនិត្យ​ពិច័យ និង​សេចក្ដី​ក្រោធ មក​លើ​សាសន៍​ទាំង​ឡាយ។

ហើយ​អ្នក​ណា​ដែល​មិន​ព្រម​ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​ដើរ​តាម​យើង ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ទេ អ្នក​នោះ​នឹង​មិន​ត្រូវ​បាន​សង្គ្រោះ​ឡើយ។

មើល​ចុះ ហើយ​យើង​ជា​ព្រះ​អម្ចាស់​បញ្ជា ហើយ​អ្នក​ណា​ដែល​មិន​ព្រម​គោរព​តាម​ទេ នោះ​នឹង​ត្រូវ​កាត់​ចេញ កាល​ដល់​ពេល​កំណត់​របស់​យើង បន្ទាប់​ពី​យើង​បាន​បញ្ជា ហើយ​ព្រះ​បញ្ញត្តិ​នោះ​ត្រូវ​បាក់។

ហេតុ​ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​បញ្ជា​ហើយ ដក​ចេញ តាម​តែ​ឃើញ​ថា​ល្អ​ដល់​យើង ហើយ​ការណ៍​ទាំង​អស់​នេះ ត្រូវ​បាន​ឆ្លើយ​មក​លើ​ក្បាល​របស់​ពួក​បះបោរ គឺ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

ហេតុ​ដូច្នោះ​ហើយ យើង​ដក​បញ្ញត្តិ​ដែល​បាន​ប្រទាន​ដល់ ថូម៉ាស ប៊ី ម៉ាស និង​អែសរ៉ា ធេយ័រ ជា​ពួក​អ្នក​បម្រើ​របស់​យើង​ចេញ ហើយ​ប្រទាន​បញ្ញត្តិ​ថ្មី​មួយ​ដល់ ថូម៉ាស ជា​អ្នក​បម្រើ​របស់​យើង ថា​គាត់​ត្រូវ​ចេញ​ដំណើរ​របស់​គាត់​យ៉ាង​ឆាប់​រហ័ស ទៅ​ឯ​ដែនដី​មិសសួរី ហើយ សេឡា ជេ គ្រិពហ្វិន ត្រូវ​ទៅ​ជា​មួយ​គាត់​ដែរ។

ត្បិត​មើល​ចុះ យើង​ដក​បញ្ញត្តិ​ដែល​បាន​ប្រទាន​ដល់ សេឡា ជេ គ្រិពហ្វិន និង នូវល ណៃត៍ ជា​ពួក​អ្នក​បម្រើ​របស់​យើង​ចេញ ដោយ​ហេតុតែ​សេចក្ដី​រឹងរូស​នៃ​រាស្ត្រ​របស់​យើង ដែល​នៅ​ភូមិ​ថមសុន និង​ការ​បះបោរ​ទាំង​ឡាយ​របស់​ពួក​គេ។

ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ នូវល ណៃត៍ ជា​អ្នក​បម្រើ​របស់​យើង​នៅ​ជាមួយ​ពួក​គេ​ចុះ ហើយ​មនុស្ស​ជា​ច្រើន​ណា​ដែល​អាច​ទៅ​បាន ដែល​មាន​ចិត្ត​ទន់​ទាប​នៅ​ចំពោះ​យើង នោះ​ត្រូវ​ឲ្យ​គាត់​នាំ​ទៅ​ដែនដី​ដែល​យើង​បាន​ចាត់​ទុក។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អែសរ៉ា ធេយ័រ ជា​អ្នក​បម្រើ​របស់​យើង ត្រូវ​ប្រែ​ចិត្ត​ពី​សេចក្ដី​ឆ្មើងឆ្មៃ​របស់​ខ្លួន និង​ពី​ការ​កំណាញ់​របស់​ខ្លួន ហើយ​គោរព​តាម​បញ្ញត្តិ​មុនៗ ដែល​យើង​បាន​ប្រទាន​ដល់​គាត់​អំពី​កន្លែង​ដែល​គាត់​រស់នៅ។

ហើយ​បើ​សិន​ជា​គាត់​នឹង​ធ្វើ​ការ​នេះ ព្រោះ​មិន​ត្រូវ​មាន​ការ​បែកខ្ញែក​នៅ​លើ​ដែនដី​ឡើយ នោះ​គាត់​នៅ​តែ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ឯ​ដែនដី​មិសសួរី​ដែរ

១០បើ​ពុំ​នោះ​សោត​ទេ គាត់​ត្រូវ​ទទួល​ប្រាក់​ដែល​គាត់​បាន​បង់ ហើយ​ត្រូវ​ចេញ​ពី​កន្លែង ហើយ​ត្រូវ​កាត់​ចេញ​ពី​សាសនាចក្រ​របស់​យើង ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ

១១ហើយ​ទោះ​ជា​ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ​ក៏​ដោយ គង់តែ​ពាក្យ​ទាំង​នេះ​នឹង​មិន​កន្លង​បាត់​ដែរ ប៉ុន្តែ​នឹង​បាន​សម្រេច​វិញ។

១២ហើយ​បើ​សិន​ជា យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​ត្រូវ​បង់​ប្រាក់ មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​នឹង​បង់​ឲ្យ​លោក​សារ​ថ្មី​នៅ​ឯ​ដែនដី​មិសសួរី ប្រយោជន៍​ឲ្យ​អស់​អ្នក​ណា​ដែល​លោក​បាន​ទទួល​អាច​បាន​រង្វាន់​សារ​ថ្មី តាម​អ្វី​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត

១៣ត្បិត​តាម​អ្វី​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត នោះ​ពួក​គេ​ត្រូវ​បាន​ទទួល ដូច​ជា​ដែនដី​ទុកជា​កេរ្តិ៍​អាករ​ដល់​ពួក​គេ។

១៤មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​រាស្ត្រ​យើង​ថា — អ្នក​មាន​ការណ៍​ជា​ច្រើន​ដែល​ត្រូវ​ប្រព្រឹត្ត និង​ត្រូវ​ប្រែ​ចិត្ត ត្បិត​មើល​ចុះ អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក​បាន​ឡើង​មក​ដល់​យើង ហើយ​ពុំ​បាន​អភ័យទោស​ឲ្យ​ទេ ពី​ព្រោះ​អ្នក​ស្វែងរក​ដំបូន្មាន​តាម​អំពើ​ចិត្ត​របស់​ខ្លួន។

១៥ហើយ​ចិត្ត​របស់​អ្នក​ទាំង​ឡាយ​ពុំ​បាន​ស្កប់​ស្កល់​ឡើយ។ ហើយ​អ្នក​រាល់​គ្នា​មិន​គោរព​តាម​សេចក្ដី​ពិត​ទេ ប៉ុន្តែ​បាន​ត្រេកអរ​ក្នុង​សេចក្ដី​មិន​សុចរិត​វិញ។

១៦វេទនា​ដល់​អ្នក​ដែល​មាន ដែល​មិន​ឲ្យ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដល់​មនុស្ស​ទាល់​ក្រ ត្បិត​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​ព្រលឹង​របស់​អ្នក​មាន​ដំបៅ ហើយ​នេះ​នឹង​ត្រូវ​ទៅ​ជា​ការ​ទួញ​សោក​របស់​អ្នក​នៅ​ថ្ងៃ​នៃ​ការ​ពិនិត្យពិច័យ និង​ការ​ជំនុំ​ជំរះ និង​ការ​ក្ដៅ​ក្រហាយ​ថា ៖ រដូវ​ច្រូត​បាន​ផុត​ទៅ រដូវ​ក្ដៅ​បាន​ចប់​ហើយ រីឯ​ព្រលឹង​របស់​ខ្ញុំ​ពុំ​បាន​សង្គ្រោះ​សោះ!

១៧វេទនា​ដល់​អ្នក​ដែល​ទាល់​ក្រ ដែល​មាន​ចិត្ត​ឥត​សង្រេង ដែល​មាន​វិញ្ញាណ​ឥត​ទន់​ទាប ហើយ​ដែល​មាន​ពោះ​ឥត​ឆ្អែត ហើយ​ដែល​មាន​ដៃ​ឥត​ទុកស្ងៀម​ពីការ​យក​របស់​អ្នក​ផ្សេង ដែល​មាន​ភ្នែក​ពោរ​ពេញ​ទៅ​ដោយ​ភាព​លោភលន់ ហើយ​ដែល​មិន​ព្រម​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្លួន​សោះ!

១៨ប៉ុន្តែ​មាន​ពរ​ហើយ​ដល់​ពួក​អ្នក​ទាល់​ក្រ ដែល​មាន​ចិត្ត​បរិសុទ្ធ ដែល​មាន​ចិត្ត​សង្រេង ហើយ​ដែល​មាន​វិញ្ញាណ​ទន់​ទាប ត្បិត​ពួក​គេ​នឹង​បាន​ឃើញ​នគរ​ព្រះ​មក​ដោយ​នូវ​អំណាច និង​សិរី​ល្អ​ដ៏​ធំ​ចំពោះ​សេចក្ដី​រំដោះ​របស់​ពួក​គេ ត្បិត​ផល​ពី​ផែនដី​នឹង​ត្រូវ​ជា​របស់​ផង​អ្នក​ទាំង​នោះ។

១៩ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​នឹង​យាង​មក ហើយ​នឹង​យក​រង្វាន់​របស់​ទ្រង់​មក​ជាមួយ​ផង ហើយ​ទ្រង់​នឹង​ចែក​ឲ្យ​គ្រប់​គ្នា ហើយ​ពួក​មនុស្ស​ទាល់​ក្រ​នឹង​បាន​ត្រេកអរ

២០ហើយ​តំណ​មនុស្ស​ទាំង​ឡាយ​របស់​ពួក​គេ នឹង​គ្រង​ផែនដី​ទុកជា​មរតក​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ជា​រៀង​រហូត​ត​ទៅ។ ហើយ​ឥឡូវ​នេះ យើង​បញ្ចប់​ការ​និយាយ​ដល់​អ្នក​សិន​ហើយ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕