ជំពូកទី ៨
(កុម្ភៈ ១៨៣១)
មធូសាឡាព្យាករ — ណូអេ និងពួកកូនប្រុសគាត់ផ្សាយដំណឹងល្អ — អំពើទុច្ចរិតដ៏ធំមានជ័យជម្នះ — ការហៅឲ្យប្រែចិត្តគ្មាននរណាស្ដាប់តាម — ព្រះទ្រង់ចេញបញ្ញត្តិឲ្យមានសេចក្ដីបំផ្លិចបំផ្លាញដល់អស់ទាំងសាច់ ដោយសារទឹកជន់។
១ហើយអាយុហេណុកទាំងអស់បាន៤៣០ឆ្នាំ។
២ហើយហេតុការណ៍បានកើតឡើងថា មធូសាឡា ជាកូនហេណុក ពុំបានយកទៅទេ ប្រយោជន៍ឲ្យសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់អាចបានសម្រេច ដែលទ្រង់បានធ្វើដល់ហេណុក ត្បិតទ្រង់ពិតជាបានធ្វើសេចក្ដីសញ្ញាជាមួយហេណុកថា ណូអេនឹងត្រូវជាផល ពីពោះគាត់។
៣ហើយហេតុការណ៍បានកើតឡើងថា មធូសាឡាបានព្យាករថា ចេញពីពោះគាត់ នោះនឹងផុសឡើងនូវនគរទាំងអស់នៃផែនដី (តាម រយៈណូអេ) ហើយគាត់បានយកសិរីល្អដល់ខ្លួន។
៤ហើយក៏កើតមានការអំណត់មួយដ៏ធំនៅលើដែនដី ហើយព្រះអម្ចាស់ទ្រង់បានដាក់បណ្ដាសាដល់ផែនដី ដោយពាក្យបណ្ដាសាដ៏ធ្ងន់ធ្ងរ ហើយបណ្ដាជនជាច្រើននៅទីនោះបានស្លាប់ទៅ។
៥ហើយហេតុការណ៍បានកើតឡើងថា មធូសាឡាអាយុបាន១៨៧ឆ្នាំ ហើយក៏បង្កើតបានឡាមេក
៦ហើយក្រោយពីគាត់បង្កើតបានឡាមេកមក នោះមធូសាឡារស់នៅបាន៧៨២ឆ្នាំ ហើយបង្កើតបានកូនប្រុសកូនស្រីទៀត
៧ហើយអាយុមធូសាឡាទាំងអស់បាន៩៦៩ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
៨ហើយឡាមេកអាយុបាន១៨២ឆ្នាំ ហើយបង្កើតបានកូនប្រុសមួយ
៩ហើយគាត់ឲ្យឈ្មោះថា ណូអេ ដោយនិយាយថា ៖ កូននេះនឹងកម្សាន្ដចិត្តយើងក្នុងការដែលយើងធ្វើ ហើយនិងសេចក្ដីនឿយហត់នៃដៃយើង ដោយព្រោះដីដែលព្រះអម្ចាស់ទ្រង់បានដាក់បណ្ដាសា។
១០ហើយក្រោយពីគាត់បង្កើតបានណូអេមក នោះឡាមេករស់នៅបាន៥៩៥ឆ្នាំ ហើយបង្កើតបានកូនប្រុសកូនស្រីទៀត
១១ហើយអាយុឡាមេកទាំងអស់បាន៧៧៧ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
១២ហើយណូអេអាយុបាន៤៥០ឆ្នាំ ហើយក៏បង្កើតបានយ៉ាផែត ហើយ៤២ឆ្នាំក្រោយមក នោះគាត់បង្កើតបានសិម ពីនាងដែលជាម្ដាយរបស់យ៉ាផែត ហើយកាលគាត់អាយុបាន៥០០ឆ្នាំ នោះគាត់បង្កើតបានហាំ។
១៣ហើយណូអេ និងពួកកូនប្រុសគាត់បានប្រុងស្ដាប់តាមព្រះអម្ចាស់ ហើយបានឮ ហើយពួកគេត្រូវបានហៅថាជា ពួកកូនប្រុសនៃព្រះ។
១៤ហើយកាលពួកបុរសទាំងនេះបានចាប់ផ្ដើមបង្កើតកូនជាច្រើននៅលើផ្ទៃផែនដី ហើយកូនស្រីៗបានកើតមក នោះពួកកូនប្រុសនៃមនុស្សបានឃើញពួកកូនស្រីទាំងនោះថាជាស្រស់ល្អ ហើយពួកគេក៏យកពួកកូនស្រីធ្វើជាប្រពន្ធ តាមតែចិត្តគេរើស។
១៥ហើយព្រះអម្ចាស់បានមានព្រះបន្ទូលទៅណូអេថា ៖ ពួកកូនស្រីនៃកូនប្រុសៗរបស់អ្នកបានលក់ខ្លួនហើយ ត្បិតមើលចុះ សេចក្ដីខ្ញាល់របស់យើងឆួលឡើងទាស់នឹងពួកកូនប្រុសនៃមនុស្ស ព្រោះពួកគេមិនព្រមស្ដាប់តាមសំឡេងរបស់យើងឡើយ។
១៦ហើយហេតុការណ៍បានកើតឡើងថា ណូអេបានព្យាករ ហើយបានបង្រៀនពីការណ៍ទាំងឡាយនៃព្រះ គឺដូចជាបានធ្វើមកតាំងពីដើមដំបូងម្ល៉េះ។
១៧ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅណូអេថា ៖ ព្រះវិញ្ញាណយើងនឹងពុំតស៊ូគង់នៅជាមួយនឹងមនុស្សជានិច្ចទេ ត្បិតគេនឹងដឹងថាសាច់ឈាមទាំងអស់នឹងត្រូវស្លាប់ ប៉ុន្តែអាយុគេនឹងបានត្រឹមតែ១២០ឆ្នាំ ហើយបើសិនជាមនុស្សលោកមិនប្រែចិត្តទេ នោះយើងនឹងចាត់ឲ្យទឹកជន់មកលើពួកគេ។
១៨ហើយនៅជំនាន់នោះ មានមនុស្សរូបធំសម្បើមនៅលើផែនដី ហើយពួកគេបានព្យាយាមតាមយកជីវិតណូអេ ដើម្បីផ្ដាច់ចោល ប៉ុន្តែព្រះអម្ចាស់ទ្រង់បានគង់នៅជាមួយនឹងណូអេ ហើយព្រះចេស្ដានៃព្រះអម្ចាស់បានស្ថិតនៅលើគាត់។
១៩ហើយព្រះអម្ចាស់ទ្រង់បានតែងតាំងណូអេ តាមរបៀបរបស់ទ្រង់ ហើយបានបញ្ជាគាត់ថា គាត់ត្រូវចេញទៅ ហើយប្រកាសប្រាប់ពីដំណឹងល្អរបស់ទ្រង់ដល់កូនចៅមនុស្ស គឺដូចដែលបានប្រទានដល់ហេណុកនោះ។
២០ហើយហេតុការណ៍បានកើតឡើងថា ណូអេបានហៅដល់កូនចៅមនុស្សថា ពួកគេត្រូវតែប្រែចិត្ត ប៉ុន្តែពួកគេមិនព្រមស្ដាប់តាមពាក្យសំដីគាត់ឡើយ
២១ហើយបន្ទាប់ពីពួកគេបានឮគាត់ នោះពួកគេក៏ឡើងមកចំពោះគាត់ដោយនិយាយថា ៖ មើលចុះ ពួកយើងជាកូនប្រុសនៃព្រះ តើពួកយើងពុំបានយកកូនស្រីមនុស្សធ្វើជាប្រពន្ធទេឬអី? ហើយតើពួកយើងពុំបានស៊ីផឹក ហើយរៀបការយកគ្នាទេឬអី? ហើយប្រពន្ធ យើងបានបង្កើតកូនឲ្យយើង ហើយពួកគេទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ ដែលដូចជាមនុស្សពីបុរាណ ជាមនុស្សមានល្បីឈ្មោះដ៏ធំ។ ហើយពួកគេពុំបានស្ដាប់តាមពាក្យសំដីរបស់ណូអេឡើយ។
២២ហើយព្រះទ្រង់បានទតឃើញថា អំពើទុច្ចរិតនៃមនុស្សបានក្លាយទៅកាន់តែធំឡើងនៅលើផែនដី ហើយមនុស្សគ្រប់រូបបានតម្កើងក្នុងគំនិតដែលមាននៅក្នុងចិត្តរបស់ពួកគេ ដែលសុទ្ធតែអាក្រក់ជានិច្ច។
២៣ហើយហេតុការណ៍បានកើតឡើងថា ណូអេចេះតែផ្សាយប្រាប់មនុស្សតទៅថា ៖ ចូរប្រុងស្ដាប់ ហើយឮពាក្យសំដីខ្ញុំចុះ
២៤ចូរជឿ ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ គឺដូចជាពួកអយ្យកោរបស់យើងចុះ ហើយអ្នករាល់គ្នានឹងបានទទួលព្រះវិញ្ញាណបរិសុទ្ធ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានគ្រប់ការណ៍ទាំងអស់ ដែលបានសម្ដែងមក ហើយបើសិនជាអ្នករាល់គ្នាមិនធ្វើដូច្នេះទេ នោះទឹកជន់នឹងមកលើអ្នក ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេមិនព្រមស្ដាប់តាមដែរ។
២៥ហើយណូអេស្ដាយ ហើយចិត្តគាត់ឈឺចាប់ ដែលព្រះអម្ចាស់បានធ្វើមនុស្សនៅលើផែនដី ហើយចិត្តគាត់សោកសៅជាខ្លាំង។
២៦ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា ៖ យើងនឹងបំផ្លាញមនុស្សដែលយើងបានបង្កើតមកឲ្យបាត់សូន្យចេញពីផែនដី ទាំងមនុស្ស ទាំងសត្វជើងបួន និងទាំងសត្វលូនវារ និងទាំងសត្វហើរលើអាកាសផង ត្បិតណូអេស្ដាយចិត្ត ដែលយើងបានបង្កើតរបស់ទាំងនោះ ហើយដែលយើងបានធ្វើរបស់ទាំងនោះមក ហើយគាត់បានទូលដល់យើង ត្បិតពួកគេបានព្យាយាមតាមយកជីវិតគាត់។
២៧ហើយណូអេបានប្រកបដោយគុណចំពោះព្រះនេត្រនៃព្រះអម្ចាស់យ៉ាងដូច្នោះហើយ ព្រោះណូអេជាមនុស្សសុចរិត ហើយល្អឥតខ្ចោះម្នាក់នៅក្នុងតំណវង្សគាត់ ហើយគាត់បានដើរជាមួយនឹងព្រះ ដូចជាកូនប្រុសគាត់បីនាក់ដែរ គឺសិម ហាំ និងយ៉ាផែត។
២៨ហើយផែនដីបានពុករលួយនៅចំពោះព្រះ ហើយបានពោរពេញទៅដោយសេចក្ដីកាចសហ័ស។
២៩ហើយព្រះទ្រង់បានទតមកលើផែនដី ហើយមើលចុះ ផែនដីបានពុករលួយ ត្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដីទៅហើយ។
៣០ហើយព្រះទ្រង់បានមានព្រះបន្ទូលទៅណូអេថា ៖ អស់ទាំងសាច់ត្រូវផុតពីមុខយើងទៅ ត្បិតផែនដីបានពោរពេញទៅដោយសេចក្ដីកាចសហ័ស ហើយមើលចុះ យើងនឹងបំផ្លាញគ្រប់ទាំងសាច់ឲ្យបាត់សូន្យចេញពីផែនដី ៕: ៚