ការផ្លាស់ប្តូរដួងចិត្តដ៏ធំ
សូមអរគុណដល់ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងមិនត្រឹមតែអាចបានស្អាតពីអំពើបាបប៉ុណ្ណោះទេ យើងក៏អាចបានជាសះស្បើយពីវាផងដែរ ។
ជាមួយនឹងការធ្លាក់របស់អ័ដាម ជំងឺ និងអំពើបាបត្រូវបាននាំចូលមកក្នុងពិភពលោកនេះ ។ ទាំងពីរអាចធ្វើឲ្យមានមហន្តរាយតាមបែបរៀងៗខ្លួនវា ។ គ្រប់ជំងឺទាំងអស់ ប្រហែលជាគ្មានណាមួយដែលរីករាលដាល ឬបំផ្លិចបំផ្លាញដូចជាជំងឺមហារីកនោះទេ ។ នៅក្នុងប្រទេសខ្លះ ច្រើនជាងមួយភាគបីនៃប្រជាជននឹងវិវត្តនូវទម្រង់មហារីកមួយចំនួន ហើយវាជាមូលហេតុស្ទើរតែមួយភាគបួននៃការស្លាប់ ។១ ជាញឹកញាប់ មហារីកចាប់ផ្ដើមជាមួយនឹងកោសិកាមួយ តូចណាស់ដែលវាអាចមើលឃើញដោយប្រើមីក្រូទស្សន៍តែប៉ុណ្ណោះ ។ ប៉ុន្តែវាមានលទ្ធភាពលូតលាស់ និងរីករាលដាលយ៉ាងលឿន ។
អ្នកជំងឺមហារីកទទួលការព្យាបាលដើម្បីបានធូរស្រាលពីមហារីក ។ ការធូរស្រាលទាំងស្រុងមានន័យថា ពុំមានភស្តុតាងដែលអាចរកឃើញពីមេរោគនៃជំងឺនេះទៀត ។ ទោះយ៉ាងណា អ្នកជំនាញចង្អុលបង្ហាញយ៉ាងរហ័សថា ទោះបីអ្នកជំងឺម្នាក់ស្ថិតក្នុងសភាពធូរស្រាលហើយក្ដី ក៏វាមិនមានន័យថាគាត់បានជាសះស្បើយដែរ ។២ ហេតុដូច្នោះហើយ ទោះបីការធូរស្រាលផ្ដល់នូវការធូរស្បើយ និងក្ដីសង្ឃឹម ក៏អ្នកជំងឺមហារីកតែងតែសង្ឃឹមចង់បានអ្វីដែលលើសពីការធូរស្រាល—ពួកគេចង់បានការជាសះស្បើយ ។ តាមរយៈប្រភពមួយ « ដើម្បីបង្ហាញថា មនុស្សម្នាក់ជាសះស្បើយពីមហារីក នោះមនុស្សម្នាក់ត្រូវតែរងចាំមើលថាតើមហារីកនោះត្រឡប់មកវិញឬទេ ដូច្នេះពេលវេលាគឺជាកត្តាសំខាន់ខ្លាំងណាស់ ។ ប្រសិនបើអ្នកជំងឺម្នាក់ស្ថិតនៅក្នុងការធូរស្រាលអស់រយៈពេលពីរបីឆ្នាំ នោះមហារីកប្រហែលជាបានជាសះស្បើយហើយ ។ មហារីកមួយចំនួនអាចកើតឡើងម្ដងទៀតបន្ទាប់ពីការធូរស្រាលអស់ជាច្រើនឆ្នាំ » ។៣
ជំងឺ និងអំពើបាប
ដូចជាជំងឺមហារីកបំផ្លិចបំផ្លាញរូបកាយដែរ អំពើបាបគឺកាន់តែបំផ្លិចបំផ្លាញដល់ព្រលឹងខ្លាំងជាងនោះទៀត ។ ជាធម្មតា អំពើបាបចាប់ផ្ដើមតូចៗ—ជួនកាលតូចស្ទើរតែស្មានមិនដល់—ប៉ុន្តែវាមានលទ្ធភាពលូតលាស់យ៉ាងឆាប់រហ័ស ។ វាធ្វើឲ្យព្រលឹងរលួយ បន្ទាប់មកពិការ ហើយស្លាប់ ។ វាជាបុព្វហេតុចម្បង—តាមពិតទៅ ជាបុព្វហេតុតែមួយគត់—នៃសេចក្ដីស្លាប់ខាងវិញ្ញាណនៅក្នុងការបង្កបង្កើតទាំងអស់ ។ ការព្យាបាលសម្រាប់អំពើបាបគឺការប្រែចិត្ត ។ ការប្រែចិត្តដ៏ពិតគឺមានប្រសិទ្ធភាព ១០០ ភាគរយក្នុងការធ្វើឲ្យអ្នកមានបាបបានធូរស្រាល ឬនាំមកនូវការផ្ដាច់បាប ។ ការធូរស្រាលនេះផ្ដល់នូវការធូរស្បើយ និងអំណរដល់ព្រលឹង ។ ទោះយ៉ាងណា ការទទួលការធូរស្រាលពីអំពើបាប និងបានរួចពីរោគសញ្ញា និងឥទ្ធិពលរបស់វា ពុំចាំបាច់តែមានន័យថា អ្នកធ្វើអំពើបាបបានជាសះស្បើយទាំងស្រុងឡើយ ។ មានអ្វីមួយអំពីមនុស្សដែលធ្លាក់ ដែលអនុញ្ញាត ឬងាយទទួលរងអំពើបាប ។ ហេតុដូច្នោះហើយ អំពើបាបអាចកើតឡើង សូម្បីតែបន្ទាប់ពីការធូរស្រាលអស់ជាច្រើនឆ្នាំក្ដី ។ ការបន្តនៅក្នុងការធូរស្រាល ឬនិយាយម្យ៉ាងទៀត ការបន្តមានការផ្ដាច់បាប គឺសំខាន់ខ្លាំងណាស់ដល់ការបានជាសះស្បើយទាំងស្រុង ។
បានសម្អាត និងជាសះស្បើយ
ការប្រៀបធៀបនេះជួយយើងឲ្យយល់ថា ខាងវិញ្ញាណ យើងមិនត្រឹមតែត្រូវបានសម្អាតពីអំពើបាបប៉ុណ្ណោះទេ តែយើងក៏ត្រូវតែបានព្យាបាលឲ្យជាសះស្បើយពីអំពើបាបផងដែរ ។ សង្គ្រាមដែលដាក់បំណងប្រាថ្នារបស់យើងដើម្បីធ្វើល្អ ទាស់នឹងធម្មជាតិរបស់យើងដែលធ្វើអាក្រក់ អាចធ្វើឲ្យហត់នឿយណាស់ ។ ប្រសិនបើស្មោះត្រង់ យើងនឹងទទួលជ័យជំនះ មិនមែនដោយសារតែយើងបានដាក់បំណងប្រាថ្នារបស់យើងលើធម្មជាតិរបស់យើងនោះទេ ប៉ុន្ដែដោយសារតែយើងបានបន្ទន់បំណងប្រាថ្នារបស់យើងទៅនឹងព្រះ ហើយទ្រង់បានផ្លាស់ប្ដូរធម្មជាតិរបស់យើង ។
ស្ដេចបេនយ៉ាមីនបានបង្រៀនថា « ព្រោះមនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ ហើយមានមកតាំងពីការធ្លាក់នៃលោកអ័ដាមម្ល៉េះ ហើយនឹងនៅយ៉ាងនេះជារៀងដរាបតទៅ លើកលែងតែគេព្រមធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រាតភាពខាងសាច់ឈាមចេញ…តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ( ម៉ូសាយ ៣:១៩ ) ។ នៅក្នុងការឆ្លើយតបចំពោះការបង្រៀននេះ និងការបង្រៀនផ្សេងទៀត ប្រជាជនរបស់ស្ដេចបេយ៉ាមីនបានអធិស្ឋានថា « ឱសូមមេត្តាផង ហើយសូមប្រទាននូវព្រះលោហិតដ៏ធួននៃព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបានទទួលនូវការអភ័យទោសចំពោះអំពើបាបទាំងឡាយរបស់យើង ហើយដើម្បីឲ្យចិត្តយើងអាចបានជ្រះបរិសុទ្ធផងចុះ » ( ម៉ូសាយ ៤:២ ការសង្កត់ន័យត្រូវបានបន្ថែម ) ។ បន្ទាប់ពីពួកគេបានអធិស្ឋានហើយ ព្រះអម្ចាស់បានឆ្លើយតបចំពោះសំណើរពីរផ្នែករបស់ពួកគេ ។ ទីមួយ « នោះព្រះវិញ្ញាណនៃព្រះអម្ចាស់ ក៏បានចុះមកសណ្ឋិតលើពួកគេ ហើយពួកគេក៏ពោរពេញទៅដោយសេចក្ដីអំណរដោយបានទទួលការផ្ដាច់បាបទាំងឡាយរបស់គេ ហើយដោយមានសេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ » ( ម៉ូសាយ ៤:៣ ) ។
ដោយឃើញថា ប្រជាជនរបស់ទ្រង់ស្ថិតនៅក្នុងស្ថានភាព « ការផ្ដាច់បាប » នោះស្ដេចបេនយ៉ាមីនបានអញ្ជើញពួកគេឲ្យឆ្ពោះទៅរកការជាសះស្បើយទាំងស្រុង ដោយបង្រៀនពួកគេពីរបៀបដើម្បីបន្តនៅក្នុងស្ថានភាពនៃការផ្ដាច់បាប ( សូមមើល ម៉ូសាយ ៤:១១–៣០ ) ។ ទ្រង់បានសន្យាថា « បើសិនជាអ្នករាល់គ្នាធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងបានអររីករាយជានិច្ច ហើយបានពោរពេញទៅដោយកសេចក្ដីស្រឡាញ់នៃព្រះ ហើយបានទទួលការផ្ដាច់បាបទាំងឡាយរបស់អ្នកជានិច្ច » ( ម៉ូសាយ ៤:១២ ) ។
ប្រជាជនបានជឿ ហើយបានភ្ជាប់ខ្លួនពួកគេទៅនឹងព្រះបន្ទូលរបស់ស្ដេចបេយ៉ាមីន ខណៈនោះព្រះអម្ចាស់បានឆ្លើយតបផ្នែកទីពីរនៃការអធិស្ឋានរបស់ពួកគេ—ដែល « ចិត្ត [ ពួកគេ ] អាចបានជ្រះបរិសុទ្ធ » ។ ដោយការដឹងគុណ និងការសរសើរតម្កើង នោះប្រជាជនបានស្រែកឡើងថា « ព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា … បាននាំមកនូវការផ្លាស់ប្ដូរយ៉ាងធំដល់ពួកយើង ឬក៏នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » ( ម៉ូសាយ ៥:២ ) ។ ស្ដេចបេនយ៉ាមីនបានពន្យល់ថា ការផ្លាស់ប្ដូរដ៏ធំនេះមានន័យថា ពួកគេបានកើតមកពីព្រះ ( សូមមើល ម៉ូសាយ ៥:៧ ) ។
« តើការណ៍នេះបានធ្វើយ៉ាងណាទៅ ? »
ព្យាការីអាលម៉ាបានបង្រៀនថា យើងត្រូវតែប្រែចិត្ត និងកើតម្ដងទៀត—កើតពីព្រះ ផ្លាស់ប្ដូរក្នុងដួងចិត្តយើង ( សូមមើល អាលម៉ា ៥:៤៩ ) ។ កាលដែលយើងប្រែចិត្តជាបន្តបន្ទាប់ នោះព្រះអម្ចាស់នឹងដកយកអំពើបាបរបស់យើងចេញ ហើយទ្រង់នឹងដកចេញនូវអ្វីដែលបណ្ដាល ឬអនុញ្ញាតឲ្យមានអំពើបាបនៅក្នុងខ្លួនយើង ។ ប៉ុន្តែតាមពាក្យសម្ដីរបស់អេណុស « ឱព្រះអម្ចាស់អើយ ចុះតើការណ៍នេះបានធ្វើយ៉ាងណាទៅ ? » ( អេណុស ១:៧ ) ។ ចម្លើយគឺសាមញ្ញ ប៉ុន្ដែជ្រាលជ្រៅ ហើយអស់កល្ប ។ ចំពោះពួកអ្នកដែលបានជាសះស្បើយពីស្ថានភាពណាក៏ដោយ ខាងរូបកាយ ឬខាងវិញ្ញាណ ព្រះអម្ចាស់បានប្រកាសថា « សេចក្ដីជំនឿរបស់អ្នកបានជួយសង្គ្រោះអ្នកហើយ » ( សូមមើល ម៉ាកុស ៥:៣៤; អេណុស ១:៨ ) ។
ការផ្លាស់ប្តូរដួងចិត្តដ៏ធំ ដែលអាលម៉ាបានដកពិសោធន៍បានកើតឡើង « ដោយសារសេចក្ដីជំនឿរបស់លោក » និងដួងចិត្តរបស់អ្នកតាមលោកត្រូវបានផ្លាស់ប្ដូរ កាលដែលពួកគេ « បានដាក់ទីទុកចិត្តរបស់គេទៅលើព្រះដ៏ពិត ហើយមានព្រះជន្មរស់នៅ » ( អាលម៉ា ៥:១២, ១៣ ) ។ ដួងចិត្តរបស់ប្រជាជនស្ដេចបេនយ៉ាមីនត្រូវបាន « ផ្លាស់ប្ដូរ តាមរយៈសេចក្ដីជំនឿជឿដល់ព្រះនាម [ របស់ព្រះអង្គសង្គ្រោះ ] » ( ម៉ូសាយ ៥:៧ ) ។
ប្រសិនបើយើងនឹងមានសេចក្ដីជំនឿបែបនេះ ដើម្បីយើងអាចទុកចិត្តលើព្រះអម្ចាស់ដោយអស់ពីដួងចិត្តយើង នោះយើងត្រូវតែធ្វើអ្វីដែលដឹកនាំទៅកាន់សេចក្ដីជំនឿ ហើយបន្ទាប់មកធ្វើអ្វីដែលសេចក្ដីជំនឿដឹកនាំឲ្យធ្វើ ។ ក្នុងចំណោមអ្វីៗជាច្រើនដែលដឹកនាំទៅរកសេចក្ដីជំនឿ នៅក្នុងបរិបទនៃការផ្លាស់ប្ដូរដួងចិត្តនេះ ព្រះអម្ចាស់បានសង្កត់ធ្ងន់លើការតមអាហារ ការអធិស្ឋាន និងព្រះបន្ទូលនៃព្រះ ។ ហើយទោះបីជាសេចក្ដីជំនឿដឹកនាំទៅកាន់ការណ៍ជាច្រើនក្តី ក៏ការប្រែចិត្តគឺជាផលផ្លែទីមួយរបស់វា ។
សូមពិចារណាពីខទាំងពីខាងក្រោមនេះចេញពីគម្ពីរហេលេមិនដែលគូសបញ្ជាក់ពីគោលការណ៍នេះ ។ ទីមួយ យើងអានពីប្រជាជនដែល « បានតមអាហារ ហើយបានអធិស្ឋានជាញឹកញាប់ដែរ ហើយបានមុតមាំខ្លាំងឡើងៗ … ហើយបានរឹងប៉ឹងឡើងៗនៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ… រហូតដល់ធ្វើឲ្យចិត្តគេបរិសុទ្ធ ហើយញែកចិត្តគេចេញជាបរិសុទ្ធ រីឯការញែកចិត្តចេញបរិសុទ្ធបានមក ដោយសារពួកគេបានប្រគល់ចិត្តដល់ព្រះ » ( ហេលេមិន ៣:៣៥ ) ។ បន្ទាប់មក ចេញពីសាំយូអែលជាព្យាការីសាសន៍លេមិន យើងរៀនថា « ព្រះគម្ពីរបរិសុទ្ធទាំងឡាយ មែនហើយ សេចក្ដីព្យាករណ៍ទាំងឡាយនៃពួកព្យាការីដ៏បរិសុទ្ធ … បាននាំ … ឲ្យមានសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ និងដល់ការប្រែចិត្ត គឺជាសេចក្ដីជំនឿ និងការប្រែចិត្ត ដែលនាំមកឲ្យគេនូវការកផ្លាស់ប្ដូរនៅក្នុងចិត្តគេ » ( ហេលេមិន ១៥:៧ ) ។
ពឹងផ្អែកលើព្រះ
នៅទីនេះ យើងគួរតែផ្អាក ហើយទទួលស្គាល់ថា ការផ្លាស់ប្ដូរដ៏ធំនេះដែលយើងនិយាយដល់គឺរំជួលក្នុងចិត្តយើង វាមិនមែនរំជួលដោយយើងនោះទេ ។ យើងអាចមានលទ្ធភាពប្រែចិត្ត ផ្លាស់ប្ដូរការប្រព្រឹត្តិរបស់យើង ឥរិយាបថរបស់យើង សូម្បីតែបំណងប្រាថ្នារបស់យើង និងការជឿរបស់យើង ប៉ុន្តែវាលើសពីអំណាច និងសមត្ថភាពរបស់យើងដើម្បីផ្លាស់ប្ដូរធម្មជាតិរបស់យើង ។ សម្រាប់ការផ្លាស់ប្ដូរដ៏ធំនេះ យើងពឹងផ្អែកទាំងស្រុងទៅលើព្រះដ៏មានមហិទ្ធិឫទ្ធិ ។ គឺជាទ្រង់ដែលបន្សុទ្ធដួងចិត្តយើង និងផ្លាស់ប្ដូរធម្មជាតិយើងដោយក្ដីមេត្តា « បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន » ( នីហ្វៃទី ២ ២៥:២៣ ) ។ ការអញ្ជើញរបស់ទ្រង់គឺខ្ជាប់ខ្ជួន ហើយពិតប្រាកដ ៖ « ប្រែចិត្ត ហើយមករកយើងដោយអស់ពីដួងចិត្ត ហើយយើងនឹងប្រោសឲ្យ [ អ្នក ] បានជា » ( នីហ្វៃទី៣ ១៨:៣២ ការសង្កត់ន័យត្រូវបានបន្ថែម ) ។
ផលនៃការបានប្រោសឲ្យជាពីអំពើបាប គឺថាយើង « ផ្លាស់ប្រែពីស្ថានភាពខាងរូបកាយ និងខាងការធ្លាក់ [ របស់យើង ] ទៅកាន់ស្ថានភាពនៃសេចក្ដីសុចរិតវិញ…ក្លាយទៅជាបុត្រាបុត្រីរបស់ទ្រង់ ម្ល៉ោះហើយ [ យើង ] ក្លាយទៅជាសត្វលោកថ្មី » ( ម៉ូសាយ ២៧:២៥, ២៦ ) ។ ផ្ទៃមុខរបស់យើងបញ្ចេញពន្លឺនៃព្រះគ្រីស្ទ ។ ជាងនោះទៀត ព្រះគម្ពីរប្រាប់យើងថា « អ្នកណាដែលកើតពីព្រះមក នោះមិនចេះធ្វើបាបទេ » ( យ៉ូហាន ទី១ ៥:១៨ ) ។ នេះមិនមែនដោយសារតែយើងអសមត្ថភាពក្នុងការធ្វើបាបនោះទេ តែដោយសារវាជាធម្មជាតិរបស់យើងឥឡូវនេះគឺមិនធ្វើអំពើបាប ។ ពិតណាស់ នោះជាការផ្លាស់ប្ដូរដ៏ធំ ។
វាគួរតែត្រូវបានចងចាំថា ការដកពិសោធន៍នូវការផ្លាស់ប្តូរដួងចិត្តដ៏ធំមួយ គឺជាដំណើរការមួយ មិនមែនកើតឡើងក្នុងពេលតែមួយនោះទេ ។ ជាធម្មតា ការផ្លាស់ប្ដូរនោះគឺកើតឡើងបន្តិចម្ដងៗ ជួនកាលវាតិចពេកដែលយើងមិនអាចមើលឃើញពីការផ្លាស់ប្ដូរនោះ ប៉ុន្តែវាពិតមែន វាមានអានុភាព ហើយវាចាំបាច់ ។
ប្រសិនបើអ្នកមិនទាន់បានដកពិសោធន៍នូវការផ្លាស់ប្ដូរដ៏ធំបែបនោះទេ ខ្ញុំសូមសួរដល់អ្នក ៖ តើអ្នកបានប្រែចិត្ត ហើយទទួលបានការផ្ដាច់បាបហើយឬនៅ ? តើអ្នកបានសិក្សាព្រះគម្ពីរដ៏បរិសុទ្ធទាំងឡាយទេ ? តើអ្នកតមអាហារ និងអធិស្ឋានជាញឹកញាប់ទេ ដើម្បីឲ្យអ្នកអាចបានមុតមាំខ្លាំងឡើងៗ ហើយបានរឹងប៉ឹងឡើងៗនៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ? តើអ្នកមានសេចក្ដីជំនឿគ្រប់គ្រាន់ដើម្បីដាក់ការទុកចិត្តលើព្រះអម្ចាស់ដោយអស់ពីដួងចិត្តរបស់អ្នកឬទេ ? តើអ្នកកំពុងឈរយ៉ាងខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿនោះដែរឬទេ ? តើអ្នកឃ្លាំមើលគំនិត ពាក្យសម្ដី និងទង្វើរបស់អ្នក ហើយគោរពតាមព្រះបញ្ញត្តិរបស់ព្រះដែរឬទេ ? ប្រសិនបើអ្នកធ្វើកិច្ចការទាំងនេះ អ្នកនឹងបានអរសប្បាយជានិច្ច ហើយបានពោរពេញទៅដោយសេចក្ដីស្រឡាញ់នៃព្រះ ហើយបានទទួលការផ្ដាច់បាបទាំងឡាយរបស់អ្នកជានិច្ច ។ ហើយប្រសិនបើអ្នកបន្តនៅក្នុងស្ថានភាពនៃការផ្ដាច់បាប អ្នកនឹងបានព្យាបាល ជាសះស្បើយ និងបានផ្លាស់ប្ដូរ !
ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាដើម្បីសម្អាតយើងពីអំពើបាប ហើយក៏ប្រោសយើងឲ្យជាសះស្បើយពីអំពើបាបផងដែរ ។ ទ្រង់មានឥទ្ធិឫទ្ធិដើម្បីសង្គ្រោះ ហើយដើម្បីសម្រេចការណ៍នោះ ទ្រង់មានឥទ្ធិឫទ្ធិដើម្បីផ្លាស់ប្ដូរ ។ ប្រសិនបើយើងនឹងថ្វាយដួងចិត្តយើងចំពោះទ្រង់ ដោយអនុវត្តសេចក្ដីជំនឿដោយការធ្វើការផ្លាស់ប្ដូរទាំងអស់ដែលយើងមានសមត្ថភាពនឹងធ្វើ នោះទ្រង់នឹងអនុវត្តព្រះចេស្ដារបស់ទ្រង់នៅក្នុងយើង ដើម្បីនាំមកនូវការផ្លាស់ប្ដូរដួងចិត្តដ៏ធំនេះ ( សូមមើល អាលម៉ា ៥:១៤ ) ។