ឆ្នាំ ២០២០
អនាគត​របស់​សាសនាចក្រ ៖ ការរៀបចំ​ពិភពលោក​​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ
ខែ មេសា ឆ្នាំ ២០២០


អនាគត​របស់​សាសនាចក្រ ៖ ការរៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​កំពុង​តែ​រៀបចំ​ពិភពលោក​សម្រាប់​ថ្ងៃ​ដែល « គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះយេហូវ៉ា នៅ​ពេញពាស​លើ​ផែនដី » ( អេសាយ ១១:៩ ) ។

painting of the Savior’s hand

នៅក្នុង​កណ្ដាប់ដៃ​របស់​យើង ដោយ ជេ ប្រាយអិន វួដ ហាម​ថត​ចម្លង

អ្នក និង​ខ្ញុំ​បាន​ចូលរួម​នៅក្នុង​ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ វា​អស្ចារ្យ​ណាស់ ! វាមិន​មែន​បង្កើត​ឡើង​ដោយ​មនុស្ស​ទេ ។ វា​មក​ពី​ព្រះអម្ចាស់ ដែល​មាន​បន្ទូល​ថា « យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៧៣ ) ។ កិច្ចការ​នេះ​ត្រូវបាន​ផ្ដល់​អំណាច​ឲ្យ​ដោយ​ការប្រកាស​ដ៏​ទេវភាព​មួយ​កាល​ពី ២០០ ឆ្នាំ​មុន ។ ការប្រកាស​នោះ​មាន​តែ​ដប់ពីរ​ពាក្យ​ប៉ុណ្ណោះ ៖ « នេះ​ជា​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! » ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។

ការប្រកាស​នោះ​ត្រូវបាន​បន្លឺ​ឡើង​ដោយ​ព្រះ​ដ៏​ប្រកប​ដោយ​មហិទ្ធិឫទ្ធិ បាន​នាំ​យ៉ូសែប ស្ម៊ីធ ដ៏​ក្មេង​ខ្ចី​មក​កាន់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ដប់ពីរ​ពាក្យ​នោះ​បាន​បើក​ផ្លូវ​ដល់​ការស្ដារ​ឡើង​វិញ​របស់​ដំណឹងល្អ​របស់​ទ្រង់ ។ ហេតុអ្វី ? ដ្បិត​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​របស់​យើង​គឺ​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ! ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​ទ្រង់​ទទួល​បាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ! កិច្ចការ​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​ចុងក្រោយ ដែល​យើង​ជា​ផ្នែក​មួយ​ដែរ​នោះ​ត្រូវបាន​ស្ថាបនា​ហើយ តាម​កាលកំណត់ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ពិភពលោក​ដែល​កំពុង​រង់ចាំ និង​ដែល​ពោរពេញ​ទៅដោយ​សោកនាដកម្ម និង​ភាពសោកសៅ ។

ខ្ញុំ​ពុំ​អាច​និយាយ​ពី​ការស្ដារឡើងវិញ​ដោយ​មិន​រំភើប​នោះ​ទេ ។ ការពិត​នៃ​ប្រវត្តិសាស្ត្រ​នេះ​គឺ​ពិតជា​អស្ចារ្យ​ណាស់ ! វា​គួរ​ឲ្យ​ស្ងើច​ណាស់ ! វា​គួរ​ឲ្យ​រំភើប​ណាស់ ! តើ​វា​អស្ចារ្យ​យ៉ាង​ណា​ដែល​សារទូត​ពី​ស្ថានសួគ៌​បាន​មក​ដើម្បី​ផ្ដល់​សិទ្ធិអំណាច និង​អំណាច​ដល់​កិច្ចការ​នេះ​នោះ ?

សព្វថ្ងៃ​នេះ កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​កំពុង​តែ​បោះជំហាន​ទៅ​មុខ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ ។ សាសនាចក្រ​នឹង​មាន​អនាគត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និងមិន​អាច​ប្រៀប​ផ្ទឹម​បាន ។ « សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ…គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ » ( កូរិនថូស ទី១ ២:៩ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:១០ ) ។

សូម​ចាំ​ថា ភាពពេញលេញ​នៃ​ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ​គឺ​ស្ថិត​នៅ​ពេល​អនាគត ។ ការព្យាករ​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់​ពុំ​ទាន់​បាន​បំពេញ​នៅ​ឡើយ​ទេ ។ យើង​គ្រាន់តែ​រៀបចំ​ឲ្យ​ដល់​កម្រិត​ខ្ពស់បំផុត​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ​ប៉ុណ្ណោះ—ជា​ពេល​ដែល​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ក្លាយ​ជា​ការពិត​ជាក់ស្តែង ។

ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅសងខាង​នៃ​វាំងនន

ការចាប់ផ្ដើម​ជាមុន​ដ៏​ចាំបាច់​មុន​ការយាង​មក​ជា​លើក​ទីពីរ​នោះ គឺ​ការប្រមូលផ្ដុំ​វង្ស​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ព្រាត់​ដែល​បាន​រង់ចាំ​ជា​យូរ​អង្វែង​មកហើយ ( សូមមើល នីហ្វៃទី១ ១៥:១៨ សូមមើល​ផងដែរ ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន ) ។ គោលលទ្ធិ​នៃ​ការប្រមូល​ផ្ដុំ​នេះ គឺជា​ការបង្រៀន​មួយ​ដ៏​សំខាន់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ព្រះអម្ចាស់​បាន​ប្រកាស ៖ « យើង​ឲ្យ​ដល់​អ្នករាល់គ្នា​នូវ​ទីសម្គាល់​មួយ. …គឺ​យើង​នឹង​ប្រមូល​រាស្ត្រ​យើង​មកវិញ បន្ទាប់ពី​គេ​ត្រូវ​បាន​ខ្ចាត់ព្រាត់​អស់​ពេល​ដ៏យូរ ឱ​វង្ស​អ៊ីស្រាអែល​អើយ ហើយ​នឹង​តាំងក្រុង​ស៊ីយ៉ូនរបស់​យើង » ( នីហ្វៃទី៣ ២១:១ ) ។

យើង​មិន​គ្រាន់តែ​បង្រៀន​ពី​គោលលទ្ធិ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ចូល​រួម​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ​ដែរ ។ យើង​ធ្វើ​ដូច្នេះ នៅពេល​យើង​ជួយ​ប្រមូល​អ្នក​រើសតាំង​របស់​ព្រះអម្ចាស់​នៅ​ផ្នែក​ទាំង​សង្ខាង​នៃ​វាំងនន ។ ដោយ​ជា​ផ្នែក​នៃ​ជោគវាសនា​ដែល​បាន​រៀបចំ​ទុក​នៃ​ផែនដី​នេះ និង​ប្រជាជន​របស់​ផែនដី នោះ​សាច់ញាតិ​ដែល​បាន​ទទួល​មរណភាព​ទៅហើយ​របស់​យើង​គឺ​ត្រូវតែ​ត្រូវបាន​សង្គ្រោះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៥ ) ។ ដោយ​ក្តីមេត្តា នោះ​ការអញ្ជើញ​ឲ្យ « មករក​ព្រះគ្រីស្ទ » ( យ៉ាកុប ១:៧; មរ៉ូណៃ ១០:៣២; គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៩ ) ក៏​អាច​អញ្ជើញ​ទៅ​ដល់​ពួក​អ្នក​បាន​ទទួល​មរណភាព​ទៅ​ហើយ​ដោយ​ពុំ​មាន​ការចេះដឹង​ពី​ដំណឹងល្អ​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៦–៨ ) ។ ទោះ​យ៉ាងណា ផ្នែក​នៃ​ការរៀបចំ​របស់​ពួកគេ​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​របស់​អ្នក​ផ្សេង​ទៀត​នៅលើ​ផែនដី ។ « យើង​ប្រមូល​បញ្ជី​ពង្សាវលី បង្កើត​តារាង​ក្រុម​គ្រួសារ ហើយ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ជំនួស ដើម្បី​ប្រមូល​បុគ្គល​ទាំងឡាយ​ទៅ​រក​ព្រះអម្ចាស់ និង រួបរួម​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ( សូមមើល កូរិនថូស ទី១ ១៥:២៩; ពេត្រុស ទី១ ៤:៦ ) ។

painting of Salt Lake Temple

ភាពបរិសុទ្ធ​ចំពោះ​ព្រះអម្ចាស់ ដោយ ជេ ប្រាយអិន វួដ ហាម​ថត​ចម្លង

ក្រុមគ្រួសារ​គឺ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​គ្នា​អស់កល្ប​ជានិច្ច ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២:២–៣; ៤៩:១៧; ១៣៨:៤៨; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៩ ) ។ តំណរ​នៃ​ការផ្សាភ្ជាប់​គ្នា​គឺ​ត្រូវបាន​បង្កើត​ឡើង​រវាង​បុព្វការីជន និង​កូនចៅ ។ នៅក្នុង​ជំនាន់​របស់​យើង ការរួបរួម​ទាំងមូល ​ដ៏​ពេញលេញ និង​ឥតខ្ចោះ​នៃ​គ្រាកាន់កាប់​ត្រួតត្រា កូនសោ និង​អំណាច​ទាំងអស់ គឺ​ត្រូវ​ផ្សារ​ភ្ជាប់​គ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៨ ) ។ ដោយសារ​តែ​គោលបំណង​ដ៏​ពិសិដ្ឋ​ទាំងនេះ នោះ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ​ទាំងឡាយ​ត្រូវបាន​សាងសង់​នៅ​ទូទាំង​ផែនដី​នេះ ។ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ថា ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ទាំង​នេះ​ប្រហែល​ជា​ពុំ​អាច​ផ្លាស់​ប្ដូរ​ជីវិត​បងប្អូន​បាន​ទេ ប៉ុន្តែ​ពេលវេលា​ដែល​បងប្អូន​ចំណាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្លាស់​ប្ដូរ​ជីវិត​របស់​បងប្អូន ។

ពេលវេលា​គឺ​មកដល់​ហើយ ពេល​ដែល​ពួកអ្នក​មិន​គោរព​តាម​ព្រះអម្ចាស់​នឹង​ត្រូវបាន​បំបែក​ចេញ​ពី​ពួក​អ្នក​ដែល​គោរព ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៦:១–៧ ) ។ ការធានា​រ៉ាប់រង​ដ៏​មាន​សុវត្ថិភាព​បំផុត​របស់​យើង គឺ​ដើម្បី​បន្ត​មាន​ភាពសក្ដិសម​ដើម្បី​បាន​ចូល​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​អាច​ថ្វាយ​ដល់​ព្រះអម្ចាស់ គឺ​ដើម្បី​រក្សា​ខ្លួនអ្នក​កុំ​ឲ្យ​ប្រឡាក់​នឹង​លោកិយ មាន​ភាពសក្ដិសម​ដើម្បី​ចូលរួម​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ អំណោយ​របស់​ទ្រង់​ដល់​យើង​នោះ​គឺជា​សេចក្តី​សុខសាន្ត​ពី​ការដឹង​ថា យើង​ត្រូវ​បាន​រៀបចំ​ដើម្បី​ជួប​ទ្រង់​នៅ​ពេល​ដែល​ពេល​វេលា​មក​ដល់ ។

បន្ថែម​លើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​គឺ​ជា​ទីសម្គាល់​មួយ​ដល់​ពិភពលោក​ថា ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ប្រមូល​វង្ស​អ៊ីស្រាអែល ហើយ​បំពេញ​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ( សូមមើល លោកុប្បត្តិ ១២:២–៣; នីហ្វៃទី៣ ២១; ២៩ ) ។ ព្រះគម្ពីរ​មរមន​ប្រកាស​ពី​គោលលទ្ធិ​នៃ​ការប្រមូល​ផ្ដុំ ( ជា​ឧទាហរណ៏ សូមមើល នីហ្វៃទី១ ១០:១៤ ) ។ វា​ធ្វើ​ឲ្យ​មនុស្ស​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ជឿ​លើ​ដំណឹងល្អ​ទ្រង់ ហើយ​ចូល​រួម​នឹង​សាសនាចក្រ​ទ្រង់ ។ តាមពិត បើគ្មាន​ព្រះគម្ពីរមរមន​ទេ នោះ​ការ​ប្រមូល​ផ្ដុំ​នៃ​វង្សអ៉ីស្រាអែល​ដែលបាន​សន្យា​ទុក​ក៏​មិន​កើត​មាន​ឡើង​ដែរ ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ក៏​សំខាន់​ខ្លាំង​ផងដែរ​ចំពោះ​ការប្រមូល​ផ្ដុំ​នេះ ។ អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ឈាន​ទៅ​មុខ​ប្រកាស​ពី​ការស្ដារ​ឡើង​វិញ ។ នៅក្នុង​ប្រទេស​ជា​ច្រើន សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង បាន​ស្រាវជ្រាវ​រក​វង្ស​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ព្រាត់ ពួកគេ​បាន​ប្រមាញ់​រក​វង្ស​អ៊ីស្រាអែល​ចេញ​ពី « ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង » ( យេរាមា ១៦:១៦ ) ហើយ​ពួកគេ​បាន​នេសាទ​ពួកគេ ដូច​នៅក្នុង​ជំនាន់​បុរាណ ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ភ្ចាប់​មនុស្ស​ទៅ​នឹង​សេចក្ដី​សញ្ញា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​នឹង​អ័ប្រាហាំ​ពី​បុរាណ ៖

« អ្នក​នឹង​ទៅ​ជា​ពរ​ដល់​ពូជ​អ្នក​ជា​បន្តបន្ទាប់​ទៅ ដើម្បី​ឲ្យ​ពួក​គេ​បាន​កាន់​ការងារ​បម្រើ និងបព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍

« ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ​តាម​រយៈ​ឈ្មោះ​អ្នក ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​ទទួល​ដំណឹង​ល្អ​នេះ នោះ​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​អ្នក ហើយ​នឹង​ត្រូវ​បាន​រាប់​ថា​ជា​ពូជ​អ្នក ហើយ​នឹង​ក្រោក​ឡើង ហើយ​ជូនពរ​ដល់​អ្នក​ជា​ឪពុក​របស់​គេ » ( អ័ប្រាហាំ ២:៩–១០ ) ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​នៃ​ពរជ័យ​នេះ​ប៉ុណ្ណោះ ។ ការបំពេញ ការធ្វើ​ឲ្យ​ចប់​សព្វគ្រប់​នៃ​ពរជ័យ​ទាំងនោះ​នឹង​មក​នៅពេល​ដែល​ពួកអ្នក​ដែល​បាន​ចូល​ក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជ​ទឹក ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​បាន​ល្អ​ប្រសើរ​រហូត​ដល់​ចំណុច​មួយ​ដែល​ពួកគេ​អាច​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ។ ការទទួល​អំណោយទាន​ពិសិដ្ឋ​នៅ​ទីនោះ ផ្សារភ្ជាប់​សមាជិក​នៃ​សាសនាចក្រ​ទៅនឹង​សេចក្ដី​សញ្ញា​អ័ប្រាហាំ ។

ជម្រើស​ដើម្បី​មករក​ព្រះគ្រីស្ទ មិនមែន​ជា​បញ្ហា​នៃ​ទីតាំង​រាងកាយ​នោះទេ វា​ជា​បញ្ហា​នៃ​ការតាំងចិត្ត​របស់​បុគ្គល ។ សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​អាច​ទទួល​បាន​គោលលទ្ធិ ពិធីបរិសុទ្ធ កូនសោ​បព្វជិតភាព និង​ពរជ័យ​នៃ​ដំណឹងល្អ មិនថា​ពួកគេ​នៅ​ទីណា​ឡើយ ។ មនុស្ស​អាច « ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​ព្រះ​អម្ចាស់ » ( នីហ្វៃទី៣ ២០:១៣ ) ដោយ​មិន​ចាំបាច់​ចាកចេញ​ពី​ស្រុក​កំណើត​របស់​ពួកគេ ។

ពិតហើយ កាលពី​ដើម​ដំបូង​នៃ​សាសនាចក្រ ការប្រែ​ចិត្ត​ជឿ​ជាញឹកញាប់​មានន័យ​ថាជា​ការធ្វើ​ចំណាក​ស្រុក​ផងដែរ ។ ប៉ុន្តែ ឥឡូវនេះ ការប្រមូល​ផ្ដុំ​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​នីមួយៗ ។ ព្រះអម្ចាស់​បាន​ចេញ​ព្រះរាជក្រិត​ឲ្យ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៦; ១១:៦ ) នៅក្នុង​តំបន់​នីមួយៗ​ដែល​ទ្រង់​បាន​ប្រទាន​កំណើត និង​ជាតិសាសន៍​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ ។ ទីកន្លែង​នៃ​ការប្រមូល​ផ្ដុំ​របស់​ពួក​បរិសុទ្ធ​ប្រេស៊ីល គឺ​នៅក្នុង​ប្រទេស​ប្រេស៊ីល ទីកន្លែង​នៃ​ការប្រមូល​ផ្ដុំ​របស់​ពួក​បរិសុទ្ធនីហ្សេរីយ៉ា គឺ​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា ទីកន្លែង​នៃ​ការប្រមូល​ផ្ដុំ​របស់​ពួក​បរិសុទ្ធ​កូរ៉េ គឺ​នៅ​ប្រទេស​កូរ៉េ ។ ទីក្រុង​ស៊ីយ៉ូន​គឺ « ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៧:២១ ) ។ វា​គឺជា​កន្លែង​ណា​ដែល​មាន​ពួក​បរិសុទ្ធ​ដ៏​សុចរិត ។

សុវត្ថិភាព​ខាង​វិញ្ញាណ​នឹង​តែងតែ​ពឹង​ផ្អែក​ទៅ​លើ របៀប​ ដែល​យើង​រស់​នៅ​ជា​និច្ច ពុំ​មែន​ជា ទី​កន្លែង​ ដែល​យើង​រស់​នៅ​នោះ​ទេ ។ ខ្ញុំ​សន្យា​ថា ប្រសិនបើ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចូល​ទៅកាន់​អំណាច​នៃ​ដង្វាយធួន​របស់​ទ្រង់ តាមរយៈ​ការប្រែចិត្ត នោះ​យើង​នឹង​មាន​ចំណេះដឹង និង​ព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​ជួយ​យើង​នាំ​យក​ពរជ័យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ទៅ​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ហើយ​ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

ការយាងមក​ជា​លើក​ទីពីរ

ព្រះអម្ចាស់​នឹង​យាង​ត្រឡប់​មក​ដែនដី​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ​ដោយ​បេសកកម្ម​របស់​ទ្រង់​នៅទី​នោះ​នៅក្នុង​ជីវិត​រមែង​ស្លាប់​វិញ ។ ដោយ​ជ័យជំនះ ទ្រង់​នឹង​យាង​មក​ម្ដងទៀត​មកកាន់​យេរូសាឡិម ។ ទ្រង់​នឹង​យាង​ត្រឡប់​មក​ទីក្រុង​ដ៏​បរិសុទ្ធ​វិញ ដោយ​គ្រង​ព្រះ​ពស្ត្រ ពណ៌​ក្រហម​ដើម្បី​តំណាង​ឲ្យ​ព្រះលោហិត​ទ្រង់ ដែល​បាន​ហូរ​ចេញ​ពី​គ្រប់​រន្ធញើស ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៤៦–៤៨ ) ។ នៅ​ទីនោះ និង​នៅ​កន្លែង​ផ្សេង​ទៀត « សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំងឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា » ( អេសាយ ៤០:៥ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០១:២៣ ) ។ « គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព » ( អេសាយ ៩:៦ ) ។

ទ្រង់​នឹង​គ្រប់គ្រង​ចេញ​ពី​រាជធានី​ពី​របស់​ពិភពលោក ៖ មួយ​គឺ​នៅក្នុង​ក្រុង​យេរូសាឡិម​ចាស់ ( សូមមើល សាការី ១៤ ) និង​មួយ​ទៀត​នៅក្នុង​ក្រុង​យេរូសាឡិម​ថ្មី « នឹង​ត្រូវ​បាន​ស្ថាបនា​នៅ​លើ​ទ្វីប​អាមេរិក » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១០ ) ។ ចេញ​ពី​មណ្ឌល​ទាំងនេះ ទ្រង់​នឹង​ដឹកនាំ​កិច្ចការ​នៃ​សាសនាចក្រ និង​ព្រះនគរ​របស់​ទ្រង់ ។ ព្រះវិហារ​បរិសុទ្ធ​មួយ​ទៀត​នឹង​ត្រូវបាន​សាងសង់​នៅ​ទីក្រុង​យេរូសាឡិម ។ ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​នោះ ទ្រង់​នឹង​គ្រងរាជ​ជា​រៀងរហូត​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ ។ ទឹក​នឹង​ហូរចេញ​ពី​ខាងក្រោម​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ទឹក​នៃ​សមុទ្រ​មរណៈ​នឹង​ត្រូវបាន​ជា​វិញ ។ ( សូមមើល អេសេគាល ៤៧:១–៨ ) ។

នៅ​ថ្ងៃ​នោះ ទ្រង់​នឹង​មាន​ព្រះនាម​ថ្មីៗ ហើយ​ហ៊ុមព័ទ្ធ​ដោយ​ពួកបរិសុទ្ធ​ដ៏ពិសេស ។ ទ្រង់​នឹង​ត្រូវបាន​ស្គាល់​ថា​ជា « ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល [ នឹង​នៅ ] ជា​មួយ​នឹង​ទ្រង់ [ នឹង​ជា​អ្នក​ដែល ] ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះត្រង់​ទាំង​អស់​គ្នា » ( វិវរណៈ ១៧:១៤ ) ដោយសារ​ការទុកចិត្ត​របស់​ពួកគេ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នោះ ។ បន្ទាប់​មក​ទ្រង់ « នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ » ( វិវរណៈ ១១:១៥ ) ។

ផែនដី​នឹង​ត្រឡប់​ទៅ​ជា​ស្ថានភាព​ដូច​ស្ថានសួគ៌​របស់​វា​វិញ ហើយ​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​ថ្មី​ឡើង​វិញ ។ នឹង​មាន​ស្ថានសួគ៌​ថ្មី​មួយ និង​ផែនដី​ថ្មី​មួយ ( សូមមើល វិវរណៈ ២១:១; អេធើរ ១៣:៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៩:២៣–២៤ ) ។

វា​ជា​ការទទួល​ខុសត្រូវ​របស់​យើង​—វា​ជា​ឯកសិទ្ធ​របស់​យើង​—​ដើម្បី​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ថ្ងៃ​នោះ ។

Jesus with little boy

ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង ដោយ ជេ ប្រាយអិន វួដ ហាម​ថត​ចម្លង

ប្រឈម​នឹង​អនាគត​ដោយ​សេចក្ដី​ជំនឿ

ខណៈ​នេះ នៅទី​នេះ និង​ឥឡូវ​នេះ យើង​រស់នៅ​ក្នុង​គ្រា​ដ៏​វឹកវរ​មួយ ។ ការរញ្ជួយ​ផែនដី និង​ព្យុះ​ស៊ូណាមិ ធ្វើ​ឲ្យ​មាន​ការបំផ្លិចបំផ្លាញ រដ្ឋាភិបាល​ធ្លាក់ចុះ ភាពតានតឹង​ខាង​សេដ្ឋកិច្ច​គឺ​ធ្ងន់ធ្ងរ ក្រុមគ្រួសារ​ស្ថិត​នៅក្រោម​ការគំរាម​កំហែង ហើយ​អាត្រា​នៃ​ការលែងលះ​កើនឡើង ។ យើង​មាន​បុព្វហេតុ​ដ៏​ធំ​សម្រាប់​ការខ្វល់ខ្វាយ ។ ប៉ុន្តែ យើង​ពុំ​ត្រូវ​បណ្ដោយ​ឲ្យ​ការភ័យខ្លាច​របស់​យើង​ផ្លាស់ប្ដូរ​ជំនឿ​របស់​យើង​នោះទេ ។ យើង​អាច​តតាំង​នឹង​ការភ័យខ្លាច​ទាំងនោះ ដោយ​ការពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង ។

ហេតុអ្វី​បានជា​យើង​ត្រូវការ​សេចក្ដីជំនឿ​ដ៏​ក្លៀវក្លា​បែប​នោះ ? ដោយសារ​ថ្ងៃ​ដ៏​លំបាក​នៅ​ខាង​មុខ ។ វា​កម្រ​នៅក្នុង​ពេល​អនាគត ថា​វា​នឹង​ងាយស្រួល ឬ មាន​ប្រជាប្រិយភាព​ក្នុង​ការធ្វើជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​ម្នាក់ ។ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​សាកល្បង ។ សាវក ប៉ុល បាន​ព្រមាន​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ អ្នកដែល​ធ្វើតាម​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម « នឹង​ត្រូវ​មាន​សេចក្ដីបៀតបៀន​ដែរ » ( ធីម៉ូថេទី២ ៣:១២ ) ។ ការធ្វើ​ទុក្ខ​បុកម្នេញ​នោះ​អាច​សង្កត់​អ្នក​ទៅ​ក្នុង​ភាពខ្សោយ​ដោយ​ស្ងៀមស្ងាត់ ឬ​ក៏​អាច​ជម្រុញ​អ្នក​ឲ្យ​ក្លាយ​ជា​គំរូ និង មាន​កម្លាំង​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

របៀប​​ដែល​អ្នក​ដោះស្រាយ​ឧបសគ្គ​នៅក្នុង​ជីវិត គឺជា​ផ្នែក​នៃ​ការអភិវឌ្ឍ​សេចក្ដី​ជំនឿ​របស់​អ្នក ។ កម្លាំង​បាន​មក​ពេល​អ្នក​ចាំ​ថា អ្នក​មាន​ធម្មជាតិ​ដ៏​ទេវភាព ជា​មរតក​នៃ​តម្លៃ​គ្មាន​ដែន​កំណត់​ ។ ព្រះអម្ចាស់​បាន​រំឭក​អ្នក កូនៗ​របស់​អ្នក និង​ចៅៗ​របស់​អ្នក​ថា អ្នក​ជា​អ្នកទទួល​មរតក​ស្របច្បាប់ ថា​អ្នក​ត្រូវបាន​បម្រុង​ទុក​នៅ​ស្ថានសួគ៌​ដើម្បី​កើតមក​នៅ​ពេល​វេលា និង​កន្លែង​ជាក់លាក់ ដើម្បី​លូតលាស់ និង​ក្លាយ​ជា​អ្នក​កាន់​បទដ្ឋាន និង​ជា​ប្រជារាស្រ្ត​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ កាល​ដែល​អ្នក​ដើរ​នៅលើ​ផ្លូវ​សុចរិត​របស់​ព្រះអម្ចាស់ អ្នក​នឹង​ត្រូវបាន​ប្រទានពរ​ឲ្យ​បន្ត​ក្នុង​សេចក្ដី​ល្អ​របស់​ទ្រង់ និង​ធ្វើជា​ពន្លឺ និង​អ្នកសង្គ្រោះ​ម្នាក់​ដល់​ប្រជារាស្រ្ត​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:៨–១១ ) ។

សូម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការបង្កើន​ការយល់ដឹង​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង​សាសនាចក្រ​ទ្រង់​ដែល​បាន​ស្ដារឡើងវិញ និង​ការស្វែងរក​សេចក្ដីពិត​ដោយ​ឥត​ស្រាកស្រាន្ត ។ បោះ​យុថ្កា​នៅក្នុង​គោលលទ្ធិ​ដ៏​បរិសុទ្ធ នោះ​អ្នក​នឹង​អាច​ឈាន​ឆ្ពោះ​ទៅមុខ​ជាមួយ​នឹង​សេចក្ដី​ជំនឿ ហើយតស៊ូ​យ៉ាង​ជាប់លាប់ ព្រមទាំង​ធ្វើ​អ្វីៗ​ទាំងអស់​ដោយ​រីករាយ​នៅក្នុង​អំណាច​របស់​អ្នក ដើម្បី​បំពេញ​គោលបំណង​របស់​ព្រះអម្ចាស់ ។

អ្នក​នឹង​មាន​ថ្ងៃ​ទាំងឡាយ​ដែល​អ្នក​នឹង​បាក់ទឹកចិត្ត​ទាំងស្រុង ។ ដូច្នេះ សូម​អធិស្ឋាន​ដើម្បី​មាន​ភាពក្លាហាន​ដើម្បី​កុំ​ចុះចាញ់​ឡើយ ! ជា​អកុសល បុគ្គល​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​ជា​មិត្ត​របស់​អ្នក​នោះ នឹង​ក្បត់​អ្នក ។ ហើយ​រឿង​ខ្លះ​នឹង​ហាក់ដូចជា​ពុំ​យុត្តិធម៌​ឡើយ ។

យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សូម​សន្យា​ថា ពេល​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ អ្នក​នឹង​រកឃើញ​ភាពសុខសាន្ត និង អំណរ​ពិត ។ ពេល​អ្នក​រក្សា​សេចក្ដីសញ្ញា​ដោយ​មាន​ភាពប្រាកដប្រជា​កាន់តែ​ខ្ពស់ ហើយ​ពេល​អ្នក​ការពារ​សាសនាចក្រ និង​នគរព្រះ​នៅ​លើ​ផែនដី​នេះ​សព្វថ្ងៃ​នេះ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​អ្នក​ដោយ​នូវ​កម្លាំង និង​ប្រាជ្ញា​ដើម្បី​សម្រេច​បាន​នូវ​អ្វីៗ​ដែល​មាន​តែ​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​បាន ។

យើង​ត្រូវ​ធ្វើ​ជា​អ្នក​កសាង​សេចក្ដី​ជំនឿ​ដោយ​ផ្ទាល់ខ្លួន​ទៅលើ​ព្រះ សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីជំនឿ​លើ​សាសនាចក្រ​របស់​ទ្រង់ ។ យើង​ត្រូវ​ស្ថាបនា​​ក្រុមគ្រួសារ ហើយ​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​បរិសុទ្ធ ។ យើង​ត្រូវ​ស្ថាបនា​សាសនាចក្រ និង​នគរ​នៃ​ព្រះ​នៅលើ​ផែនដី​នេះ ( សូមមើល ម៉ាថាយ ៦:៣៣ ) ។ យើង​ត្រូវ​រៀបចំ​សម្រាប់​ជោគវាសនា​ដ៏​ទេវភាព​របស់​យើង​ផ្ទាល់ ៖ សិរីល្អ អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូមមើល រ៉ុម ២:៧; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៥:៥ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​រាបទាប—ដូច​ជា​ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា—ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ « នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង​ឯករាជ្យ​រហូត​ទាល់តែ​វា​បាន​ដល់​គ្រប់​ទាំងទ្វីប គ្រប់តំបន់ គ្រប់​ប្រទេស និង បាន​ឮ​ដល់​គ្រប់​ត្រចៀក រហូតដល់​គោលបំណង​នៃ​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វគ្រប់​ហើយ » ( ប្រវត្តិសាស្ត្រ​សាសនាចក្រ ៤:៥៤០ ) ។

យើង​ប្រឡូក​ចូល​ក្នុង​កិច្ចការ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ពរជ័យ​របស់​ទ្រង់​មាន​ដល់​អ្នក​គ្រប់​គ្នា ។